ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​ជន​ភៀសខ្លួន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​អំពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩


បុគ្គលិក​សុខាភិបាល​ម្នាក់​មក​ពី​អង្គការ​ផ្ដល់​ជំនួយ​មនុស្សធម៌​មួយ​ពាក់​ប្រដាប់ប្រដា​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ នៅ​ឯ​ជំរំ​ជនភៀសខ្លួន Kutupalong របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០។
បុគ្គលិក​សុខាភិបាល​ម្នាក់​មក​ពី​អង្គការ​ផ្ដល់​ជំនួយ​មនុស្សធម៌​មួយ​ពាក់​ប្រដាប់ប្រដា​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ១៩ នៅ​ឯ​ជំរំ​ជនភៀសខ្លួន Kutupalong របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០។

ក្នុង​ឱកាស​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក មន្ត្រី​អង្គការ​សហប្រជាជាតិ​បាន​ក្រើនរំឭកថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង​បន្ថែម​លើ​ជន​ភៀស​ខ្លួន និង​ជន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​រាប់​លាន​នាក់ ក្នុង​ចំណោម​ជន​ងាយ​រងគ្រោះ​បំផុត​ក្នុង​ពិភពលោក។

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​រស់នៅ​ក្នុង​សភាព​និរទេស​ខ្លួន​ដោយ​បង្ខំ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន UNHCR បញ្ជាក់​ថា ជន​ភៀសខ្លួន​មាន​ចំនួន​ជិត ៣០ លាន​នាក់ ក្នុង​ចំណោម​មនុស្ស ៧៩ លាន ៥ សែន​នាក់ ដែល​បាន​ចាកចេញពី​លំនៅដ្ឋាន​ដោយសារ​សង្គ្រាម និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ ដែលជា​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន។ ភាគ​ច្រើន​នៃ​ក្រុម​ជន​ទាំង​នេះ​រស់នៅ​ក្នុង​ប្រទេស​ក្រីក្រ​ដែល​មាន​សេដ្ឋកិច្ច និង​ប្រព័ន្ធ​សុខាភិបាល​អន់ថយ។

លោក Tedros Adhanom Ghebreyesus អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក WHO បាន​និយាយ​ថា ស្ថានភាព​រស់នៅ​របស់​ជន​ភៀសខ្លួន​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក Tedros និយាយ​ដូច្នេះ​ថា៖ «ជា​រឿយៗ ជន​ភៀស​ខ្លួន​ទាំង​នេះ​មាន​លទ្ធភាព​មាន​កំណត់​ក្នុង​ការ​ទទួល​បាន​កន្លែង​ស្នាក់នៅ​សមរម្យ ទឹក​បរិភោគ អាហារូបត្ថម្ភ អនាម័យ និង​សេវា​ថែទាំ​សុខភាព។ ...អង្គការ WHO មាន​ការ​ខ្វាល់​ខ្វាយ​យ៉ាង​ខ្លាំង​អំពី​គ្រោះថ្នាក់​ពិត​ប្រាកដ​នៅ​ពេល​បច្ចុប្បន្ន​នេះ ទាក់ទិន​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ជំរំ​ជន​ភៀសខ្លួន»។

លោក Filippo Grandi ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន យល់ស្រប​ជាមួយ​នឹង​ការ​វាយ​តម្លៃ​នេះ។ ក៏​ប៉ុន្តែ លោក​បាន​កត់​សម្គាល់​ថា ជន​ភៀសខ្លួន​ភាគ​ច្រើន​មិន​រស់នៅ​នៅ​ក្នុង​ជំរំ​ទេ ក៏​ប៉ុន្តែ​រស់នៅ​ក្នុង​សហគមន៍​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ លោក​បាន​ថ្លែង​ថា នៅ​តាម​កន្លែង​ខ្លះ សហគមន៍​ទាំង​នោះ​ត្រូវ​បាន​ញាំញី​ដោយសារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ១៩។

លោក Grandi និយាយ​ថា៖ «ខ្ញុំ​ចង់​និយាយ​អំពី​ទ្វីប​អាមេរិក​ឡាទីន ដែល​នៅ​ទី​នោះ ប្រទេស​ចំនួន ១៧ ឬ​ក៏ ១៨ បាន​ទទួល​ជន​ភៀសខ្លួន​វេណេហ្សុយអេឡា​ជាង ៤ លាន​នាក់ ដែល​បានចាក​ចេញ​ពី​ប្រទេស​របស់​ពួកគេ។ ខ្ញុំ​ចង់​និយាយ​អំពី​តំបន់​ទីក្រុង​ជា​ច្រើន​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​បាន​ទទួល​ជន​ភៀសខ្លួន​ច្រើន​នាក់​ឱ្យ​រស់នៅក្នុង​ទី​ទាំង​នោះ។ ខ្ញុំ​ចង់​និយាយ​អំពី​ជនជាតិ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ប្រទេស​អ៊ីរ៉ង់ ដែល​រស់នៅ​រួម​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ១៩»។

លោក Grandi និយាយ​ថា លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ផង​ដែរ​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩ លើ​ជីវភាព​រស់នៅ​របស់​មនុស្ស។ លោក​បាន​ថ្លែង​ថា ជន​ភៀសខ្លួន​ភាគ​ច្រើន​បាន​បាត់បង់​ការងារ​របស់​ខ្លួន ដោយសារ​ការ​បិទ​សកម្មភាព​សង្គម និង​វិធានការ​ផ្សេង​ទៀត។

លោក​ថ្លែង​ថា ជនភៀស​ខ្លួន​ដែល​បាត់​បង់​ប្រាក់​ចំណូល មិន​អាច​បង់​ថ្លៃ​ថែទាំ​សុខភាព​បាន​ទេ។លោក​លើក​ឡើង​ថា វា​ជា​ការ​សំខាន់​ណាស់​ដែល​រដ្ឋាភិបាល​គួរ​បញ្ចូល​ជន​ភៀសខ្លួន មនុស្ស​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង និង​ក្រុម​មនុស្ស​ផ្លាស់ទី​ផ្សេង​ទៀត ទៅ​ក្នុង​វិធានការ​ឆ្លើយតប​ថ្នាក់​ជាតិ​ផ្នែក​សុខាភិបាល​ចំពោះ​ការ​ឆ្លង​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក Grandi បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​គន្លឹះ​សំខាន់​នៅ​ក្នុង​ការ​បញ្ឈប់​ការ​រាតត្បាត​ជំងឺ​នេះ ដោយ​លោក​បាន​កត់សម្គាល់​ថា វីរុស​កូរ៉ូណា​អាច​ចម្លង​ទៅ​គ្រប់​មនុស្ស​ទាំង​អស់ ទាំង​ពលរដ្ឋ​មូលដ្ឋាន និង​ជន​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញពី​ផ្ទះ​សម្បែង​ពួកគេ ហើយ​រស់នៅ​រួម​គ្នា​ជាមួយ​នឹង​ពលរដ្ឋ​មូលដ្ឋាន​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG