ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​បារាំង​ម្នាក់​នាំ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​និង​ការ​រិះគន់​ការ​ស្រាវជ្រាវ​របស់់​លោក​អំពី​វីរុស​កូរ៉ូណា


រូបឯកសារ៖ វេជ្ជបណ្ឌិត​បារាំងឈ្មោះ ​Didier Raoult អង្គុយឲ្យគេថតរូបនៅមន្ទីរពេទ្យ La Timone ក្នុងក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ វេជ្ជបណ្ឌិត​បារាំងឈ្មោះ ​Didier Raoult អង្គុយឲ្យគេថតរូបនៅមន្ទីរពេទ្យ La Timone ក្នុងក្រុង Marseille ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

កាលពី​ខែកុម្ភៈ ​វេជ្ជបណ្ឌិត​បារាំងឈ្មោះ ​Didier Raoult ​អ្នក​ជំនាញ​ខាងការ​សិក្សាអំពី​ប្រព័ន្ធ​ខាង​ការពារ​រាង​កាយ​និង​ការ​បង្កើត​ភាព​ស៊ាំមិនមានគណនី​ Twitter​ ទេ។​ នៅ​ពេល​នេះ​លោក​មានអ្នក​គាំទ្រ​ជាង​២​សែន​៥​ម៉ឺន​នាក់​ ហើយ​នឹង​មាន​ច្រើន​ថែម​ទៀត។​

វេជ្ជបណ្ឌិត​បារាំង​អាយុ​៦៨​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​មនុស្ស​ល្បី​ដែល​មាន​គេ​ផ្សព្វផ្សាយ​ច្រើន ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ច្រើន​ផង​ដែរ​នៅ​ពេល​មាន​វិបត្តិ​មេរោគ​កូរ៉ូណា​ចាប់​តាំង​ពី​លោក​បាន​អះអាងថា​ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​លោក​បង្ហាញ​ថា ឱសថ​ប្រឆាំង​នឹងជំងឺ​គ្រុន​ចាញ់​អាចជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ COVID-19។​

នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យនៃ​សាកល​វិទ្យាល័យ​ក្រុង Marseille ​ជា កន្លែង​ដែល​លោក​ធ្វើការ​នោះ​ ​ មនុស្សឈឺ​និង​ភ័យ​ខ្លាចឈរ​ជា​ជួរ​យ៉ាង​វែងរង់ចាំ​ធ្វើតេស្ត​ជា​រៀង​រាល់​ថ្ងៃ​រក​មេរោគ ​COVID-19។​

អ្នក​ជំងឺ​ទាំង​នេះ​ទទួល​ការ​ព្យាបាល​ពិសោធន៍​គឺ​ ការ​ប្រើ​ផ្សំ​គ្នា​នូវ​ថ្នាំ​ hydroxychloroquine ​ដែល​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​និង​ថ្នាំ​អង់ទីប៊ីយោទិក​ ​ឈ្មោះ ​azithromycin​ ដែល​បាន​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​កម្រិត​តូច​ដ៏​ប្រញ៉ាប់​ពីរ​ដែល​លោក​ Raoult ​បាន​ដឹកនាំ​ ហើយ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​ខែ​មីនា។​

លោក​ Raoult​ និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​លោកអះអាង​ថាការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ពី ​ប្រសិទ្ធ​ភាព​របស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ​ ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ហើយ​ការ​ផ្សំ​គ្នា​រវាង​ឱសថ​ទាំង​ពីរ​នេះ​ក៏​បាន​ផល​ល្អ​ដោយ​បន្ថែម​ជា​មួយ​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយោទិក។​

លោក ​Renault Muselier ​ជា​ប្រធាន​នៃ​តំបន់ ​Provence-Alpes-Cote d’Azur ​និង​ជា​មិត្ត​ភក្តិ​របស់​លោក ​Raoult។​ លោកបាន​និយាយប្រាប់​កាសែត ​Le Journal du Dimanche​ ថា៖​

«លោក​Raoult ​ជា​អ្នក​មាន​ទស្សនៈ​វិស័យ។​ហើយ​នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​មាន​កម្លាំង​នៅ​ពេល​សព្វ​ថ្ងៃ​នេះ»។​

ក៏ប៉ុន្តែ​ពួក​អ្នក​រិះគន់​លោក​និយាយ​ថា​ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​របស់​លោក​ Raoult ​មិន​បាន​ធ្វើ​តាម​ទម្រង់ការ​យ៉ាង​ហ្មត់ចត់​ទេ​ គឺ​គ្មាន​ក្រុមអ្នក​ត្រួត​ពិនិត្យហើយ​ទាញ​លទ្ធផល​ដោយ​ផ្អែក​លើ​លទ្ធផល​សិក្សា​អំពី​ចំនួន​មនុស្ស​តិចតួច​ និង​មាន​ចន្លោះ​ប្រហោង​ឯ​ទៀតៗ។​

លោក​ Gilles Pialoux ​ជា​ប្រធានផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ ​Tenon ​នៅ​ក្នុង​ក្រុង​ប៉ារីស។​លោក​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ BFMTV ​ថា​«វិធី​សិក្សា​ស្រាវជ្រាវ​នេះ​មិន​ច្បាស់លាស់​ទេ។​ លទ្ធផល​នៃ​ការស្រាវជ្រាវ​មិន​គួរ​ជាអ្វី​ដែល​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​មាន​សេចក្តី​សង្ឃឹម​ដោយ​ផ្អែក​លើការ​សាកល្បងស្មានៗ​នោះ​ទេ»។​

មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​លោក ​Raoult ប្រធានផ្នែក​ទប់ទល់​នឹង​ជំងឺឆ្លង​នៅ​ឯ​មន្ទីរ​ពេទ្យ​ La Timone ​នៅ​ក្នុង​ក្រុង​Marseille ​ មាន​រឿង​ចម្រូង​ចម្រាសឬ​មាន​គេ​សរសើរ​នោះ។ ​លោក​បាន​កើត​នៅ​ក្នុង​ក្រុង ​Dakar ​ប្រទេស សេណេហ្កាល់ ​ក្នុង​ទ្វីប​ អាហ្វ្រិក។​ លោក​មិន​បាន​រៀន​ចប់​វិទ្យាល័យ​ទេនៅ​ពេល​លោក​មាន​វ័យ​ក្មេងហើយ​លោក​បាន​បម្រើការក្នុង​នាវា​ជំនួញ​បារាំង​ពីរ​បី​ឆ្នាំនៅ​មុន​លោក​ទៅ​រៀន​នៅ​ឯ​មហា​វិទ្យាល័យ​វេជ្ជ​សាស្ត្រ។​

កាល​ពី​ពីរ​បី​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បាន​ទុក​សក់​ពណ៌​សក់​ពោត​យ៉ាង​វែងបាន​ទុកពុក​មាត់​និង​ពុក​ចង្កា​ហើយ​គេ​បាន​រាយ​ការណ៍​ថា​ លោក​បាន​និយាយ​ថា​ លោក​ធ្វើ​ដូច្នេះ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​មួរម៉ៅ។​

ការ​ស្រាវជ្រាវ​របស់​លោក​ដែល​ធ្វើ​ឱ្យ​លោក​បាន​ទទួល​បាន​រង្វាន់ ​រួម​មាន​ការ​រក​ឃើញ​មេរោគ​ធំៗ​និង​បាក់​តេរី​ថ្មីៗ។​ លោក​បាន​បោះ​ពុម្ព​ផ្សាយ​អត្ថបទ​ស្រាវជ្រាវ​ជា​ច្រើន​ ទោះ​ណា​ជា​ការ​ស្រាវជ្រាវ​ទាំង​នេះ​បាន​នាំ​ឱ្យ​មាន​ការ​រិះគន់​ថា មិនមាន​ភាព​ហ្មត់ចត់​ក៏​ដោយ។​

លោក​ Raoult ​ក៏​បាន​សាកសួរ​អំពី​ការ​ប្រែប្រួល​ធាតុ​អាកាស​ដែរ។​ កាល​ពី​ខែ​មករា លោក​បាន​បដិសេធ​ការ​រាលដាល​ដំបូង​នៃ​មេរោគ​កូរ៉ូណា​នៅ​ក្នុង​ក្រុង​ Wuhan ​ប្រទេស​ចោន​ដោយ​និយាយ​ថា​ វា​ជា​ការ​បំផ្លើស​ហួស​ការណ៍​ពិត ​ហើយ​នៅ​ពេល​ដែល​លោក​បាន​ត្រូវ​បញ្ចូល​ក្នុងក្រុម​របស់​រដ្ឋាភិបាល​នៃ​ពួក​អ្នក​ជំនាញ​ខាង​សុខាភិបាលប្រឆាំង​នឹង​មេរោគ​កូរ៉ូណា គេ​រាយ​ការណ៍​ថា​ លោក​ឋិត​នៅ​ឆ្ងាយ​ពី​ក្រុម​នេះដោយ​មិន​បាន​ចូល​រួម​ក្នុង​ការ​ប្រជុំ​របស់​ក្រុម​នេះ​ទេកាល​ពី​ពេល​ថ្មីៗ​នេះ។​

លោក ​Raoult​ បាន​និយាយ​ប្រាប់​សារ​ព័ត៌មាន​ La Provence ​ថា៖

«ខ្ញុំមិន​រវល់​នឹង​អ្នក​ឯ​ទៀត​និយាយ​អំពី​ខ្ញុំ​ទេ។​ ខ្ញុំ​មិន​មែន​ជា​អ្នក​ខាង​ក្រៅ​ទេ។ ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​ជឿនលឿន​ជាង​គេ»។​

ក្រោយ​ការ​រក​ឃើញ​ដំបូងៗ​របស់​លោក​ Raoult ​បាន​ត្រូវ​បោះ​ពុម្ធផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​International Journal of Antimicrobial Agent ​កាលពី​ពាក់​កណ្តាល​ខែ​មីនា ​ ​លោក ​Trump ​បាន​និយាយ​តាម​ tweet ​ថា ការ​ប្រើ​ផ្សំ​គ្នា​នៃ​ឱសថ​ទាំង​ពីរ​ដែល​លោក​ Raoult ​បាន​សាកល្បង​អាច​ក្លាយ​ជា​«ទម្រង់​ការ​ធំ​បំផុត​ក្នុង​ការ​ប្តូរ​របៀប​ព្យាបាល»​ក្នុង​ប្រវត្តិ​វេជ្ជសាស្ត្រ។​

ចាប់តាំង​ពី​ពេល​នោះ​មក​ស.រ.អា.​និង​ប្រទេស​បារាំង​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រើថ្នាំ​hydroxychloroquine ​និង ​chloroquine ​ដោយ​មាន​កម្រិត​និង​នៅ​ពេល​មាន​អាសន្នក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​បំផុត​នៃ​ជំងឺ ​COVID-19។​ កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មីនា​ ​ទី​ភ្នាក់ងារ​ម្ហូប​អាហារ​បារាំង​បាន​ព្រមាន​អំពី​ផល​អាក្រក់​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ថ្នាំ​ទាំង​ពីរ​នេះ។​

ក៏​ប៉ុន្តែ​ពួក​សាធារណ​ជន​បាន​បដិសេធ​ការ​រឹតត្បិត​បែប​នេះ។​ ឱសថដ្ឋាន​នានា​បាន​រាយ​ការណ៍​អំពី​ការ​ប្រញ៉ាប់​ប្រញ៉ាល់​ទិញ​ថ្នាំ​ Plaquenil ​ដែល​ជា​ឈ្មោះ​ម្យ៉ាង​ទៀត​នៃ​ថ្នាំ ​hydroxychloroquine ​ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ឯទៀតៗ​ដែល​អាស្រ័យ​លើ​ថ្នាំ​នេះ​យូរ​មក​ហើយ​នោះ​ ​មាន​ការ​បារម្ភ។

ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​និង​ធំ​ជាង​មុន​កំពុង​មាន​ធ្វើ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​និង​នៅ​ស.រ.អា.​ដើម្បី​ឱ្យ​ដឹង​ថា​តើ​ការ​រក​ឃើញ​របស់​លោក​Raoult ​ក្នុង​ចំណោម​ការ​រក​ឃើញ​ឯ​ទៀតៗ​ អាច​ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​ទេ។

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ ​លោក​បាន​ល្បី​ឈ្មោះ​ដូច​តារា​តន្ត្រី​រ៉ុកដែរ។​ ពួក​អ្នក​គាំទ្រ​លោក​ច្រើន​នាក់​រួម​បញ្ចូល​លោក​ Dieudonne​ អ្នក​កំប្លែក​បារាំងដ៏​ចម្រូង​ចម្រាស ពួក​អ្នក​ទ្រទ្រង់​នយោបាយ​ស្តាំ​ជ្រុល​ លោក​ Eric Cantona​ អតីត​ជើង​ឯកកីឡា​បាល់​ទាត់​និង​អ្នក​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​ដែល​ខ្លះ​បាន​ទទួល​ការ​ព្យាបាលសាក​ល្បង​របស់​លោក ​Raoult​ នៅ​ក្រោយ​មាន​ជំងឺ ​COVID-19។​

លោក​ Christian Estrosi ​ដែល​ជា​អភិបាល​ក្រុង ​Nice​ បាន​និយាយ​តាម​ tweet​ ថា៖

«សូម​អបអរសាទរ​លោក​ Raoult Didier ​និង​ក្រុម​របស់​លោក។ ​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​រួម​ប្រយុទ្ធ​ជាមួយ​លោក»។​

ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្ត្រ​មួយ​ចំនួន​ដែល​មិន​សូវ​រំភើប​ ដោយ​បាន​សាកសួរ​អំពី​ភាពគួរ​ឱ្យ​ជឿ​ទុកចិត្ត​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ​Raoult​ ដែល​លើ​ដំបូង​មាន​ទាក់ទិន​នឹង​អ្នក​ជំងឺ​តែ​២០​នាក់​ប៉ុណ្ណោះ។​

នៅ​ក្នុង​ការ​ឆ្លើយ​តប​នឹង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​លើក​ទី​ពីរ​របស់​លោក ​Raoult​ ដែល​មាន​ទាក់ទិន​នឹង​អ្នក​ជំងឺ​៨០​នាក់ ​ ​លោក​ Francois Balloux ​នៃ​សាកល​វិទ្យាល័យ​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​បាន​សរសេរ​តាម ​tweet ​ថា៖

«ខ្ញុំ​បារម្ភ​ថា​ការណ៍​នេះ​មិន​ធំដុំ​ទេ»។​

ដោយ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​២៧​ ខែ​មីនា​ ​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​អះអាង​ថា ​ ភាគ​ច្រើន​នៃ​ពួក​អ្នក​ជំងឺ​ដែល​បាន​ទទួល​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ផ្សំ​គ្នា​នៃ​ឱសថ​ទាំង​នេះ​ បាន​ទទួល​លទ្ធ​ផល​ល្អ។

ក៏​ប៉ុន្តែ​លោក ​ Balloux ​បាន​កត់​សម្គាល់​ថា​ ពួក​អ្នក​ជំងឺ​ដែល​បាន​ទទួល​ការ​ព្យាបាល​សាកល្បង​នេះ​មាន​រោគ​សញ្ញា​តិច​តួច​នៃ​មេរោគកូរ៉ូណា​ ហើយ​ទំនង​ជា​នឹង​ធូរស្រាល​ឡើង​វិញ​ជា​មិន​ខាន៕​

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG