ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជីវិត​បង្រៀន​កូន​ផង​ធ្វើការ​ពី​ផ្ទះ​ផង​ក្នុង​ស្ថានការណ៍​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា


រូបឯកសារ​៖ ម្តាយម្នាក់កំពុងបង្រៀនកូនៗនៅផ្ទះ ក្នុងក្រុង St. Charles រដ្ឋ Iowa កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១។
រូបឯកសារ​៖ ម្តាយម្នាក់កំពុងបង្រៀនកូនៗនៅផ្ទះ ក្នុងក្រុង St. Charles រដ្ឋ Iowa កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១។

ដំបូង​ឡើយ​នៅពេល​ដែល​ការ​រាតត្បាល​វីរុស​កូរ៉ូណា​ធ្វើ​ឲ្យ​សាលារៀន​បិទ​ សិស្សានុសិស្ស​នាំ​គ្នា​សប្បាយចិត្ត។

កូនស្រី​របស់អ្នកស្រី Preeti Nathan ចំនួនពីរ​នាក់​ដែល​ម្នាក់​អាយុ៦ឆ្នាំ​ ហើយម្នាក់ទៀត​អាយុ១១ឆ្នាំ​ ក៏​សប្បាយ​ចិត្ត​ផង​ដែរ។

អ្នកស្រី Preeti Nathan ថ្លែងថា៖«ដំបូង​ខ្ញុំគិត​ថា​វា​សប្បាយ ព្រោះ​យើង​គិត​ថា​វា​ជា​កិច្ចការ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ត្រូវ​ធ្វើ​តែ​ពីរ​ បីថ្ងៃ»។

ប៉ុន្តែ​កន្លង​ផុត​ទៅ​មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត​ អ្នកស្រី​យល់​ថា មិន​ដឹង​ពេល​ណា​ទើប​ចប់​នោះ​ទេ​ ដូច្នេះ​អ្នកស្រី​ឥឡូវ​នេះ​គិតថា​វា​ពិបាក​បន្តិច​ហើយ។

ខណៈ​ពេល​ធ្វើ​ការងារ​ពី​ផ្ទះ​ អ្នកស្រី​ក៏​ហត់​នឹង​ព្យាយាម​ប្រាប់​ឲ្យ​កូន​រៀន​ផង​ដែរ។

អ្នកស្រី​ថ្លែងថា សម្រាប់​កូន​អាយុ៦ឆ្នាំ​របស់​អ្នកស្រី​ វា​ពិបាក​ធ្វើ​នូវ​អ្វី​ដែល​សាលារៀន​ចង់បាន​និង​ធ្វើ​នូវ​អ្វី​ដែល​អ្នកស្រី​និង​ស្វាមី​ចង់​បាន​ផង​ក្នុង​ពេល​តែ​មួយ។ វាពិបាក​ណាស់​ដែល​អ្នកស្រី​ធ្វើការ​ផង​និង​នៅ​ជាមួយ​កូនៗ​គ្រប់ពេលយ៉ាង​ដូច្នេះ។

ចំណែក​អ្នកស្រី Robin Leffert គឺ​ជា​គិលានុបដ្ឋយិការ​នៅទីក្រុងOakland មួយរូប។ អ្នកស្រីមាន​កូនស្រី​អាយុ៨​ឆ្នាំ​ម្នាក់។ អ្នកស្រី​ក៏​មាន​អារម្មណ៍​ស្ត្រេស (តប់ប្រមល់) ផង​ដែរ​ចំពោះ​ទំនួលខុសត្រូវ​បន្ថែម​នៅពេល​ដែល​សាលារៀន​បិទ។

អ្នកស្រី Leffert​ ថ្លែងថា វា​មាន​ភាព​តានតឹង​ណាស់ ហើយ​គួរ​ឲ្យ​តប់​ប្រមល់។ ឥឡូវ​នេះ​ដោយសារ​តែ​ក្មេងៗ​ត្រូវ​រៀន​នៅ​ផ្ទះ អ្នកស្រី​ត្រូវ​បង្រៀន​កូន​មុន​ទៅ​ធ្វើការ​ បន្ទាប់​មកអ្នកស្រី​ត្រូវ​ទៅ​ធ្វើការ​ ហើយ​ពេល​ចប់​ការងារ​ អ្នកស្រី​ត្រូវ​មក​ផ្ទះ​ហើយ​ចាប់​ផ្តើម​សកម្មភាព​ដូច​នេះ​ម្ដង​ទៀត។ ដូច្នេះ​អ្នកស្រី​មិនមាន​ពេល​ទំនេរ​នោះ​ទេ។ គ្រូ​របស់​កូន​ស្រី​អ្នកស្រី​បាន​ចាប់​ផ្តើម​ប្រាស្រ័យ​ទាក់ទង​តាម​កម្មវិធី​ Zoom ដើម្បី​ពិនិត្យមើល​កិច្ចការ​កូន​សិស្ស​ណា​ដែល​អាច​ចូលរួម​បាន។

ខណៈស្ថិតក្នុង​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​ស្ត្រេស (តប់​ប្រមល់) នេះ អ្នកស្រី Leffert ក៏​សប្បាយ​ចិត្ត​ដែរដែល​អ្នកស្រី​នៅ​មាន​ការងារ​ធ្វើ។ អ្នកស្រី​គិត​ថា​វា​មាន​ភាព​ស្ថិតស្ថេរ​ជាង​មុន ហើយ​អ្នកស្រី​ក៏​សប្បាយ​ចិត្ត​ដែល​កូន​អ្នកស្រី​អាច​អត់ធន់​នឹង​ស្ថានការណ៍​ដូច​នេះ​បាន​ល្អ​ក្នុង​ពេល​កន្លង​មក។

អ្នកស្រី Preeti Nathan ក៏​មើល​ឃើញ​ពី​ចំណុច​វិជ្ជមាន​ពេល​ធ្វើការ​ងារ​ពី​ផ្ទះ​ផង​ដែរ។​ អ្នកស្រី​ថ្លែងថា៖«ខ្ញុំ​មាន​ពេល​ច្រើន​ជាងមុន​ជាមួយ​គ្រួសារ។ យើង​ហូប​បាយ​ជាមួយ​គ្នា​ជុំ​គ្រួសារ។ យើង​មាន​ភាពស្និតស្នាល​ជាង​មុន»។

ឪពុក​ម្តាយ​ជាច្រើន​កំពុង​ព្យាយាម​ផ្តោត​ទៅលើ​ចំណុច​វិជ្ជមាន​និង​ព្យាយាម​ធ្វើ​ចិត្ត​កុំ​ឲ្យ​ស្ត្រេស​ជ្រុល (តប់​ប្រមល់​ជ្រុល) អំពី​ការ​បង្រៀន​កូន​នៅ​ផ្ទះ​ផង ធ្វើការ​ពីផ្ទះ​ផង ទោះ​បី​ជា​កិច្ចការ​ទាំង​នេះ​ស្រួល​និយាយ​ជាង​អនុវត្ត​ក៏​ដោយ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG