«លាងដៃរបស់អ្នក» «លាងដៃរបស់អ្នក»។ ទោះអ្នកជាអ្នកណាក៏ដោយរស់នៅទីណាក៏ដោយ បើសិនជាអ្នកចង់ជួយបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩នេះ សូមលាងដៃរបស់អ្នក។ នេះគឺសាររបស់មេដឹកនាំ និងអ្នកជំនាញវេជ្ជសាស្ត្រនៅទូទាំងពិភពលោក ប្រាប់ទៅប្រជាពលរដ្ឋ។
ដូចលោកប្រធានាធិបតី Cyril Ramaphosa បានថ្លែងកត់សម្គាល់នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកថា វីរុសនេះ មិនរើសអើងទេ។ លោកបានថ្លែងក្នុងសម្តីដើមថា៖
«មនុស្សមួយចំនួនអាចគិតថា ជំងឺនេះ ជាអ្វីមួយដែលមិនទាក់ទងនឹងពួកគេ ហើយនឹងមិនប៉ះពាល់ដល់ពួកគេឡើយ។ នោះ គឺគ្រាន់តែជាអ្វីដែលពួកគេបានអានតែនៅក្នុងកាសែត ឬ ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ មើលការរាយការណ៍តាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។ ក៏ប៉ុន្តែជំងឺនេះ ពិតជាមានមែនហើយវាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់យើងគ្រប់គ្នា និងសង្គមជាតិទាំងមូល។ វាឆ្លងទៅអ្នកមាននិងអ្នកក្រ ទាំងក្មេងទាំងចាស់ទាំងខ្មៅនិងស ទាំងអ្នកដែលរស់នៅតាមទីក្រុង និងអ្នកនៅតាមភូមិ»។
ទាំងនេះ គឺជាពាក្យសម្តីដ៏ល្អ ប៉ុន្តែបញ្ហាប្រឈមធំបំផុតមួយនៅទ្វីបអាហ្វ្រិក គឺមានភាពសាមញ្ញបំផុត នោះគឺការទទួលបានទឹកស្អាតជាទូទៅ។ សូម្បីតែនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលមានការអភិវឌ្ឍល្អក៏ដោយ ក៏ប្រជាពលរដ្ឋរាប់លាននាក់ នៅតែខ្វះទឹកស្អាតប្រើប្រាស់នៅផ្ទះដែរ។
កិច្ចការដើម្បីឲ្យមនុស្សជាច្រើនទទួលបានទឹកស្អាត នឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីសម្រេចឲ្យបាន ដូច្នេះក្នុងពេលបច្ចុប្បន្ននេះ អង្គការសប្បុរសធម៌ដូចជាអង្គការទឹកស្អាតអន្តរជាតិ បានចំណាយប្រាក់លើសការកំណត់ ដើម្បីរៀបចំកន្លែងចែកចាយទឹក និងកន្លែងលាងដៃនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ហ្គាណា លីបេរីយ៉ា សៀរ៉ាឡេអូន ហ្សំប៊ី ហ្ស៊ីមបាវ៉េ កេនយ៉ា អ៊ូហ្គាន់ដា រវ៉ាន់ដា និងប៊ឺគីណាហ្វាសូ។
មន្ត្រីផ្នែកទឹក និងអនាម័យរបស់អង្គការទឹកស្អាតអន្តរជាតិ អ្នកស្រី Maitabel Achieng Okumu ថ្លែងថា ប្រជាពលរដ្ឋបានទទួលយកកម្មវិធីនេះ ដោយក្តីរីករាយ។
អ្នកស្រី បាននិយាយជាមួយVOAពីទីក្រុងណៃរ៉ូប៊ីតាមរយៈកម្មវិធីជជែកគ្នាតាមទូរស័ព្ទមួយដែលមានឈ្មោះថា Zoom។ អ្នកស្រី បានថ្លែងក្នុងសម្តីដើមថា៖
«សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដឹងពីសារៈសំខាន់នៃការលាងដៃ។ មនុស្សជាច្រើន បានឈានដល់កម្រិតមួយ ដែលសូម្បីតែអ្នកធ្វើដំណើរតាមយាន្ត boda-boda ឬ អ្នកជិះម៉ូតូ ក៏ពួកគេមានកន្លែងលាងដៃដែរ។ ដូច្នេះសារដែលថា «អ្នកត្រូវលាងដៃ» កំពុងត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងតាមរយៈអ្នកស្ម័គ្រចិត្តផ្នែកសុខភាពសហគមន៍។ ការឆ្លើយតបរបស់ប្រជាពលរដ្ឋទៅនឹងសារនោះ គឺប្រកបដោយភាពវិជ្ជមាន»។
សារនេះ រឹតតែមានសារៈសំខាន់ ជាពិសេសនៅក្នុងតំបន់ដែលមានដង់ស៊ីតេខ្ពស់រួមបញ្ចូលទាំង ជំរំសម្រាប់ជនផ្លាស់ទីលំនៅ និងជនភៀសខ្លួន។
នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសេវាកម្មផ្តល់ជំនួយសង្គ្រោះកាតូលិកនៅប្រទេសអ៊ូហ្គាន់ដា លោក Niek de Goeij បាននិយាយថា នៅកន្លែងទាំងនោះ ក្រុមអ្នកធ្វើការ ដូចជាទីភ្នាក់ងាររបស់លោក កំពុងតែបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកអនាម័យផងដែរ។ លោកបានថ្លែងបន្តក្នុងសម្តីដើមថា៖
«យើងអាចជួយមនុស្សនៅប្រទេសអ៊ូហ្គាន់ដាបានជាងមួយលាននាក់ តាមរយៈការផ្សព្វផ្សាយសារនានា ដូចជា លាងដៃ និងរក្សាអនាម័យទូទៅ។ ជាងនេះទៅទៀត ជាពិសេស គឺសំដៅទៅលើជំរំនានា ដូចជាជំរំជនភៀសខ្លួន Bidibidi ដែលនៅភាគពាយ័ព្យនៃប្រទេសនោះ យើងមានអ្នកស្ម័គ្រចិត្តដែលឈរនៅកន្លែងលាងដៃ ដែលជនភៀសទទួលទឹកផឹក។ ក្នុងពេលដែលពួកគេទទួលទឹកនោះ ពួកយើង ចំណាយពេលនិយាយជាមួយជនភៀសខ្លួនទាំងនោះ អំពីវីរុសកូវីដ១៩ និងវិធីការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេឲ្យកាន់តែប្រសើរឡើង និងដើម្បីឲ្យប្រាកដថា ពួកគេរក្សាទឹកស្អាតទាំងនោះឲ្យបានល្អ ហើយពួកគេ ត្រូវលាងដៃឲ្យបានញឹកញាប់»។
អ្នកជំនាញនិយាយថា ដើម្បីលាងដៃរបស់អ្នកឲ្យបានស្អាត និងត្រឹមត្រូវ គឺត្រូវការពេល ២០ វិនាទី។ ២០វិនាទី មិនយូរទេ ប៉ុន្តែវាអាចធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំង៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់