ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​អ្នក​ស្រាវជ្រាវ​រកឃើញ​ឱសថ​និង​គ្រឿង​ផ្សំថ្នាំ​៦៩​ ដែល​អាច​ជួយ​ប្រយុទ្ធ​នឹង​មេរោគ​កូរ៉ូណា​


រូបឯកសារ៖ ក្រុមអ្នកស្រាវជ្រាវស្វែងរកវ៉ាក់ស៊ាំងប្រឆាំងនឹងវីរុសកូរ៉ូណានៅមហាវិទ្យាល័យក្រុងកូប៉ិនហាក ក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ក្រុមអ្នក​ស្រាវជ្រាវ​និយាយ​ថា​ ជាង​មួយ​ភាគបី​នៃ​ឱសថ​ទទួល​បាន​ការ​យល់ព្រម​ពី​មន្ទីរ​រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​ស.រ.អា.​រួចស្រេច​ហើយ ហើយ​កំពុង​ត្រូវ​បាន​ប្រើ​សម្រាប់ព្យាបាល​ជំងឺ​មួយ​ចំនួន​ដែល​មិន​ទាក់ទិន​នឹង​ជំងឺ COVID ​ទេ​ ដោយ​មាន​រួម​បញ្ចូល​ជំងឺ​ទឹកនោម​ផ្អែម ​មហារីក​និង​ជំងឺ​លើស​ឈាម​ជា​ដើម។ ​ ពួក​គេថ្លែង​ថា​ ការ​សិក្សា​អំពី​ឱសថទាំង​នេះ​ដែល​គេ​ដឹង​ហើយ​នោះ​ ប្រហែល​ជា​វិធី​លឿន​ជាង​ក្នុង​ការរក​ការ​ព្យាបាល​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ជា​ជាង​ខិត​ខំព្យាយាម​បង្កើត​ឱសថ​ប្រឆាំង​នឹងវីរុស​ថ្មី​នេះ​ដោយ​ចាប់ផ្តើម​ពី​ដៃ​ទទេ។​

ការ​សិក្សា​ស្រាវជ្រាវ​នេះដែល​មាន​សហ​អ្នក​និពន្ធ​ជិត​១០០​នាក់​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​គេហ​ទំព័រមុនការ​បោះ​ពុម្ព​ផ្សាយ​ការ​សិក្សា​ខាង​ជីវវិទ្យា​ឈ្មោះ​bioRxiv។ ក្រុម​អ្នក​ស្រាវជ្រាវនិយាយ​ថា​ ពួក​គេ​បាន​ដាក់​ស្នើការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ពួក​គេ​ឱ្យ​ទស្សនាវដ្តី​មួយ​ដើម្បី​បោះ​ពុម្ពផ្សាយ។​ ដើម្បី​បង្កើត​បញ្ជី​ឱសថ​មាន​សក្តានុពល​ទាំង​នេះ ក្រុមអ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​អំពី​ព័ន្ធុ​នៃ​មេរោគកូរ៉ូណា​ហើយ​ពិនិត្យ​មើល​ ជា​ពិសេស​ថា​តើ​មេរោគ​នេះឆ្លង​បែប​ណា​ចូល​កោសិកា​មនុស្ស។​ពួក​គេ​រក​ឃើញ​ថា​ វីរុស​នេះ​ភ្ជាប់​ខ្លួន​ជាមួយប្រូតេអ៊ីន​ ​មនុស្ស​ដើម្បី​បង្កើន​ចំនួន​ ​ហើយ​ពួក​គេ​ក៏​បាន​រក​ឃើញ​ប្រូតេអ៊ីន ​មនុស្ស​៣៣២​ប្រភេទ​ដែល​វីរុស​នេះ​ប្រើ​ជា​ប៉ារ៉ាស៊ីត។​

បន្ទាប់មក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ទាំង​នេះស្វែងរក​ឱសថ​និង​គ្រឿង​ផ្សំ​ថ្នាំ​ទាំង​ឡាយ​ណា​ដែល​ភ្ជាប់​ជា​មួយ​ប្រូតេអ៊ីនមនុស្ស​នេះ​ដែរ។ មធ្យោបាយ​នេះ​គឺ​ថា​ ប្រសិន​បើ​ឱសថ​ទាំង​នេះ​ភ្ជាប់​ជាមួយ​ប្រូតេអ៊ីនមនុស្ស​នោះ ​នោះ​ថ្នាំ​ទាំង​នេះ​អាច​ការពារ​កុំ​ឱ្យ​មេរោគ​កូរ៉ូណា​ប្រើប្រូតេអ៊ីនជា​ប៉ារ៉ាស៊ីត​ ហើយ​បញ្ឈប់​មិន​ឱ្យ​វីរុស​ចូលក្នុង​កោសិកា​មនុស្ស​ហើយ​បង្កើន​ចំនួន​របស់​វា។​

ក្រុម​អ្នក​ស្រាវជ្រាវ​ទាំង​នេះ​ឲ្យ​ដឹង​ថា ​ ឱសថ​មាន​លទ្ធភាព​ផ្សេងៗគ្នា​ក្នុងការ
ទប់ទល់​ការ​បង្កើន​ចំនួន​មេរោគ​កូរ៉ូណា​ក្នុង​កោសិកា​មនុស្ស។​ ឱសថ​ទាំង​នេះ
រួមមាន Metformin ​ដែល​មនុស្ស​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២​ប្រើប្រាស់ ​និង​ថ្នាំ​ Haloperidol សម្រាប់​អ្នក​មាន​ជំងឺ​ Schizophrenia ​និង​ថ្នាំ ​Chloroquine ​ដែល​ជាឱសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងសម្រាប់​ប្រឆាំង​មេរោគ​កូរ៉ូណា។​

កាលពី​សប្តាហ៍​ទីបី​នៃ​ខែមីនា ប្រធានាធិបតី​ស.រ.អា. លោក​ Donald Trump បាន​ហៅ​ថ្នាំ​ Chloroquine ​ថា​ ជា​ថ្នាំ «ដែល​មាន​ប្រសិទ្ធ​ភាព»​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ជំងឺ ​COVID-19។​ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​លោក ​Anthony Fauci ​នាយក​នៃ​វិទ្យាស្ថាន​ស.រ.អា.ខាង​ប្រតិកម្ម​ថ្នាំ ​Allergy ​និង​ជំងឺ​ឆ្លង ​បាន​និយាយ​ដោយ​ប្រុង​ប្រយ័ត្ន​ថា​ ភ័ស្តុតាង​ដែល​ថា​ថ្នាំ​ Chloroquine ​អាចជួយ​ព្យាបាល​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណាទើប​តែ​ឋិត​ក្នុង​តំណាក់​កាល«សន្និដ្ឋាន» ហើយ​លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​គេ​ត្រូវ​មាន​ការ​សាកល្បង​ខាងគ្លីនិក​ ដើម្បី​ឱ្យ​ដឹង​អំពី​ប្រសិទ្ធ​ភាព​របស់​ឱសថ​នេះ។​ រដ្ឋញូវយ៉ក ដែល​មាន​អ្នក​ជំងឺ​នេះ​ច្រើន​ បាន​និយាយ​ថា ​រដ្ឋ​នេះធ្វើ​ការ​សាកល្បង​ប្រើ​ឱសថ​នេះ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​មីនា។​

តាម​ពិត​គឺ​គេ​ដឹង​រួច​ហើយ​ពី​ផល​ប៉ះពាល់​ដោយ​សារ​ថ្នាំ​នេះ​ក្នុង​ការ​ព្យាបាល​ជំងឺគ្រុ​ន​ចាញ់ហើយវា​ជា​ហេតុផល​មួយ​ក្នុង​បណ្តា​ហេតុផល​ទាមទារ​ឲ្យ​ពិចារណា​ការ​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​ជំងឺ ​COVID -19។​

កាលពី​អាទិត្យ​ទី​៣​ខែ​មីនា​លោក​ Trump ​បាន​និយាយ​អំពីថ្នាំ​ Chloroquine ថា៖​ «ជារឿងល្អ ​ថ្នាំ​នេះ​បានត្រូវប្រើ​យូរ​មក​ហើយ ដូច្នេះ​យើង​ដឹង​ថា​បើ​មាន​វា​មិន​ដំណើរការ​ដូច​គ្រោង​ទុក​ ​ផលប៉ះពាល់​ពី​ថ្នាំ​នេះ​មិន​នាំ​ឱ្យ​នរណា​ម្នាក់​ស្លាប់​ទេ ព្រោះ​យើង​ដឹង​អំពី​ថ្នាំ​នេះ​ហើយ»។​

ឱសថ​ឯ​ទៀតៗ​ដែល​មន្ទីរ​រដ្ឋបាល​ម្ហូប​អាហារ​និង​ឱសថ​ស.រ.អា.​ បាន​យល់​ព្រម​ឱ្យ​ប្រើនៅ​ក្នុង​បញ្ជី​នៃ​ថ្នាំ​ដែល​មាន​សក្តានុពល​ក្នុង​ការ​ព្យាបាល​ជំងឺ​នេះ​ដែល​ឋិត​នៅ​ក្នុង​ការ​សិក្សា​ថ្មីៗ​បំផុត​នេះ រួម​មាន​ប្រភេទ​ថ្នាំអង់ទីប៊ីយ៉ូទិច ​ថ្នាំ​ anticoagulants ​កុំឱ្យឈាម​កក​ ​ឱសថ​ចាក់​ការពារ​សរីរាង្គ​ និង​ថ្នាំព្យាបាល​ការ​រលាក។​

នៅពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​ថ្នាំ​ព្យាបាល​ឬ​វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ទេ។​ ក៏ប៉ុន្តែ​ទោះ​ជាយ៉ាង​ណាក៏​ដោយក៏​ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ទូទាំង​ពិភពលោក​បាន​ចាប់​ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​ប្រភេទ​ថ្នាំ​ទាំង​ពីរ​នេះ។​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចាប់​ផ្តើម​ធ្វើ​សាកល្បង​ឱសថ​មួយ​ចំនួន​ដែល​ត្រូវ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ផ្សេងៗ​ដោយ​សង្ឃឹម​ថា ថ្នាំទាំង​នេះ​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​COVID-19 ​ដោយ​រួម​មាន​ថ្នាំ​ដែលត្រូវ​បាន​ផលិត​សម្រាប់​ព្យាបាល​ជំងឺ​ Ebola​ សម្រាប់​កម្ចាត់​មេរោគ​ HIV ​និង​សម្រាប់​ព្យាបាល​ជំងឺគ្រុន​ចាញ់។

ក្រុម​មន្ត្រី​ស.រ.អា.​បាន​ស្ទង់​ប្រមាណ​ថា គេ​ត្រូវ​ចំណាយ​ពេល​ពី​១២​ទៅ​១៨​ខែ​ទើប​មាន​ថ្នាំ​វ៉ាក់​សាំង​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​សម្រាប់ប្រជា​ពលរដ្ឋទូទៅ។ នៅ​ពេល​ជា​មួយ​គ្នា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​ខិតខំ​ព្យាយាម​អភិវឌ្ឍ​ការ​ព្យាបាល​ដែល​អាច​បន្ធូរ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​ឬ​កាត់​បន្ថយ​ការ​រាល​ដាល​នៃ​ជំងឺ​នេះ៕

ប្រែ​សម្រួល​ដោយ​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG