ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណានៅ​រដ្ឋ​​ញូវយ៉ក​អាច​កើន​ឡើង​ដល់​ចំនួន​ច្រើន​បំផុត​នៅ​ដើម​ខែ​មេសា​


អ្នកបម្រើការម្នាក់ដើរកាត់កន្លែងដាក់សាកសពបណ្តោះអាសន្នអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពិថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
អ្នកបម្រើការម្នាក់ដើរកាត់កន្លែងដាក់សាកសពបណ្តោះអាសន្នអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពិថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

អភិបាល​រដ្ឋ​ញូវយ៉ក​របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ដែល​បង្កជា​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រដ្ឋ​របស់​លោក​ដែល​មាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ​ជិត​២០​លាន​នាក់ អាច​មាន​ការ​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ដើម​ខែ​មេសា គឺ​លឿន​ជាង​អ្វី​ដែល​គេ​បាន​រំពឹង​ទុក​ពី​មុន មុន​នឹង​អត្រា​ឆ្លងនេះ​អាច​នៅ​ទ្រឹង​ឬ​ធ្លាក់​ចុះ​វិញ។

លោក​អភិបាល​រដ្ឋ​ Andrew Cuomo បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ពេល​នេះ អត្រា​នៃ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ដែល​នេះ​ជា​អត្រា​កំណើន​ការ​ឆ្លង​យ៉ាង​គំហុក។

បច្ចុប្បន្ន​នេះ​រដ្ឋ​ញូវយ៉កមាន​ការ​ឆ្លងជាង​ ២៥.០០០ ​(២ម៉ឺន​៥ពាន់) ករណី​នៃ​ជំងឺ​កូវីដ១៩ ដែល​ជា​ជំងឺ​ផ្លូវ​ដង្ហើម​បង្ក​ឡើង​ដោយ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ ដែល​ចំនួន​នេះស្មើ​នឹង​ជាង​ពាក់​កណ្តាល​នៃ​ករណី​ការ​ឆ្លង​ទាំង​អស់​នៅ​សហរដ្ឋ​អាមេរិក។

លោក Cuomo បញ្ជាក់​ថា បើ​ទោះ​បី​ជា​រដ្ឋ​លោក​បាន​ចាត់​វិធានការ​តឹងតែង​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​នេះ​ក្តី ដោយ​រួម​មាន​ទាំង​ការ​បិទ​សកម្មភាព​នានា​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​ក្តី ក៏ឆ្លង​មិន​បាន​ថយ​ចុះ​ទេ ហើយ​ថែម​ទាំង​កើន​ឡើង​ទៀត​ផង។

លោកអភិបាល​រដ្ឋ​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​សាលសន្និបាត Jacob Javits ក្នុង​បូរី​ញូវយ៉ក ដែល​ពេល​នេះត្រូវ​បាន​កងទ័ព​វិស្វកម្មសហរដ្ឋ​អាមេរិក ​ប្រែក្លាយ​ឲ្យ​ទៅ​ជា​មន្ទីរ​ពេទ្យ​បណ្តោះអាសន្ន​មួយដែល​មាន​គ្រែ​២៥០។

អភិបាល​រដ្ឋ​ញូវយ៉ក​រូប​នេះ​បាន​អំពាវនាវ​នូវ​ជំនួយ​ថែម​ទៀត​ពី​រដ្ឋាភិបាល​សហព័ន្ធ​ដែល​លោក​ថា ​មាន​ការ​យឺត​យ៉ាវ ហើយវិធានការ​នៅ​រដ្ឋ​ញូវយ៉ក​នឹង​ជា​មេរៀន​សម្រាប់​សរអា​ទាំង​មូល។

បច្ចុប្បន្នមន្ទីរពេទ្យ​នានា​នៅ​រដ្ឋ​ញូវយ៉ក​មាន​គ្រែ​សម្រាក​ព្យាបាល​ធម្មតា​សរុប​៥៣.០០០​ និង​គ្រែ​សម្រាប់​ផ្នែក​សង្គ្រោះ​បន្ទាន់​ចំនួន​៣.០០០។ ​លោក​អភិបាល​រដ្ឋបាន​បង្កើន​ការ​ទស្សន៍​ទាយ​ចំនួន​គ្រែ​មន្ទីរពេទ្យ​ដែល​រដ្ឋ​លោក​ត្រូវ​ការ​រហូត​ដល់​១៤០.០០០​ធម្មតា និងផ្នែក​សង្គ្រោះ​បន្ទាន់ ដល់ប្រមាន​៤០.០០០​គ្រែ ដែលមាន​បំពាក់​ដោយ​ ឧករណ៍​បញ្ចូល​ខ្យល់​ដង្ហើម៕

XS
SM
MD
LG