ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ អាច​ធ្វើ​ឲ្យ​មនុស្ស​ជិត ២០០លាន​នាក់បាត់បង់​ការងារ


រូបឯកសារ៖ កម្មករតម្លើងរថយន្តនៅរោងចកក្រមួយក្នុងក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។

អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​ឲ្យ​ដឹង​ថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​នៅក្នុង​វិស័យ​ការងារ ដោយ​មាន​អ្នកធ្វើការ​ពេញ​ម៉ោង​ជិត ២០០ លាន​នាក់ ត្រូវគេ​រំពឹងថា នឹង​បាត់បង់​ការងារ។

ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ធ្វើ​ឲ្យ​ការព្យាករណ៍​កាល​ពី​លើក​មុន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល​ថា អ្នកអត់ការងារ​ធ្វើ​នៅ​ទូទាំង​ពិភពលោក នឹង​មាន​ចំនួន ២៥ លាន​នាក់​នៅ​ចុង​ឆ្នាំ​នេះ មាន​ភាព​ខុសស្រឡះ។ ការវាយ​តំលៃ​ថ្មី​មួយ​របស់​អង្គការ​ ILO ព្រមាន​ថា តួលេខ​នៃ​អ្នក​អត់​មាន​ការងារ​ធ្វើ អាច​ខ្ពស់​ជាង​នោះ​ឆ្ងាយ​ណាស់​ ប្រសិនបើជំងឺ​កូវីដ១៩បន្ត​រាតត្បាត​ដល់​កម្រិត​ដែល​មិន​អាច​គ្រប់គ្រង​បាន​នោះ។

របាយការណ៍​របស់​អង្គការ ILO នេះ បាន​ឲ្យ​ដឹង​ថា ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​បាត់បង់​ម៉ោង​ធ្វើការ​ចំនួន ៦ កន្តក់សញ្ញា ៧ ភាគរយ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈ​ពេល ៣ ខែ​ខាងមុខ។ នោះ គឺ​ស្មើនឹង​ការបាត់បង់​អ្នក​ធ្វើ​ការងារ​ពេញ​ម៉ោង​ចំនួន ១៩៥ លាន​នាក់។

លោក Guy Ryder អគ្គ​នាយក​អង្គការ ILO បាន​ថ្លែង​ថា ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ គឺ​អាក្រក់​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ ២០០៨ ទៅ​ទៀត។

លោក​ថ្លែង​ទៀត​ថា គ្រប់តំបន់​ទាំងអស់​នៅ​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការបិទ​កន្លែង​ធ្វើ​ការ​មួយ​ផ្នែក ឬ​ក៏​ទាំង​ស្រុង ដែល​នេះជា​ស្ថានភាព​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាង ៨០ ភាគរយ​នៃ​អ្នក​ធ្វើ​ការ​ចំនួន ៣ពាន់៣រយ​លាន​នាក់ ក្នុង​ពិភពលោក។

លោក Guy Ryder បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«តួលេខ​ខ្ពស់​បំផុត​ដោយ​គិត​ជា​ចំនួន​ភាគរយ ឃើញ​ថា មាន​នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់ បន្ទាប់មក​អឺរ៉ុប និង​រហូត​មក​ដល់​ពេល​នេះ គឺ​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​បំផុត​គិត​ជា​សមាមាត្រ គឺ​នៅ​អាហ្វ្រិក។ ប្រសិនបើ​យើង​និយាយ​ចំនួន​ភាគរយ​នោះ ទៅ​ជា​ចំនួន​ជាក់លាក់​វិញ តំបន់​ដែល​នឹង​មាន​មនុស្ស​បាត់បង់​ការងារ​ច្រើន​បំផុត​នោះ គឺ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នេះ វា​មិនមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​ថា តំបន់​នោះ ក៏​មាន​មនុស្ស​ច្រើន​បំផុត​នៅ​ក្នុង​លើ​ពិភពលោក​ដែរ»។

នៅក្នុង​របាយការណ៍​របស់​អង្គការ ILO នោះ ក៏​បាន​រក​ឃើញ​ផងដែរ​ថា វិស័យ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​រួមមាន វិស័យ​ផ្តល់​ទីកន្លែង​ស្នាក់នៅ និង​សេវាកម្ម​ម្ហូប​អាហារ វិស័យ​ផលិតកម្ម ផ្នែក​លក់រាយ និង​សកម្មភាព​ពាណិជ្ជកម្ម និង​រដ្ឋបាល។

ក្នុង​ខណៈពេល​ដែល​សុខភាព​របស់​ពលរដ្ឋ​នៅ​ទូទាំង​សកលលោក និង​សេដ្ឋកិច្ច កំពុង​រង​ប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នោះ លោក Ryderបាន​និយាយ​ថា គ្មាន​វិធី​ខ្លាំងក្លា​ណា​មួយ ដែល​អាច​ត្រូវ​ធ្វើបាន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទេ។

លោក Ryder បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ទំហំ​ដ៏​ធំធេង​នៃ​បញ្ហា​សេដ្ឋកិច្ច និង​សង្គម​ដែល​យើង​កំពុង​ពិភាក្សា​សព្វថ្ងៃនេះ គឺ​ជា​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​នៃ​គោលនយោបាយ​ដោយ​ចេតនា​នៅក្នុង​វិស័យ​សុខាភិបាល។ ដូច្នេះ​យើង​ត្រូវរួម​បញ្ចូល​ការឆ្លើយតប ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងពីរ​នេះ​តាម​វិធី​រួម​មួយ​ដែល​មិន​អាច​បាន​មួយ​ចោល​មួយ ដូច​ការ​គិត​របស់​អ្នក​ខ្លះ​នោះ​ទេ។ បញ្ហា​នេះ វា​មិនមែន​ជា​បញ្ហា​ដែល​យើង​អាច​ជ្រើសរើស​បាន ថាតើ​ត្រូវ​យក​ការសង្គ្រោះ​ជីវិត​មនុស្ស ឬ សង្គ្រោះ​សេដ្ឋកិច្ច​នោះ​ទេ (គឺ​មាន​ន័យ​ថា យើង​ត្រូវ​សង្គ្រោះ​ទាំងពីរ)»។

ការសិក្សា​របស់​អង្គការ ILO បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នានា​ត្រូវតែ​គាំទ្រ​ដល់​សហគ្រាស ការ​ផ្តល់​ការងារ​ធ្វើ និង​ប្រាក់ចំណូល ហើយ​ស្រប​ពេល​នោះ​ដែរ លើក​ស្ទួយ​សេដ្ឋកិច្ច និង​ការងារ។ ការ​សិក្សា​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ធ្វើការ​នានា​ត្រូវតែ​ទទួល​បាន​ការ​គាំពារ​ក្នុង​សង្គម ដើម្បី​ជួយ​ពួកគេ​ឲ្យ​រួចផុត​ពី​វិបត្តិ​នេះ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG