ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ១៩​បណ្តាល​ឱ្យ​មាន​ការ​ស្រេក​ឃ្លាន​នៅ​កូរ៉េខាង​ជើង​


​ប្រជាជន​មើល​ព័ត៌មាន​ដែល​ពន្យល់ពី​វីរុស​កូរ៉ូណា ឬ​ជំងឺកូវីដ១៩ នៅ​មន្ទីរពេទ្យប្រជាជន​ក្នុងស្រុក Phyongchon រដ្ឋធានី​ព្យុងយ៉ាង​ ប្រទេស​កូរ៉េខាងជើង​កាល​ពី​ថ្ងៃទី ០១ មេសា ២០២០។
​ប្រជាជន​មើល​ព័ត៌មាន​ដែល​ពន្យល់ពី​វីរុស​កូរ៉ូណា ឬ​ជំងឺកូវីដ១៩ នៅ​មន្ទីរពេទ្យប្រជាជន​ក្នុងស្រុក Phyongchon រដ្ឋធានី​ព្យុងយ៉ាង​ ប្រទេស​កូរ៉េខាងជើង​កាល​ពី​ថ្ងៃទី ០១ មេសា ២០២០។

​អ្នក​ជំនាញ​អ.ស.ប.​និយាយ​ថា​​ការ​រាតត្បាត ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​បាន​ធ្វើ​ឱ្យ​ការ​ខ្វះ​ខាត​ម្ហូប​អាហារ​និង​កង្វះ​អាហា​រូបត្ថម្ភ​រឹត​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ហើយ​បណ្តាល​ឱ្យ​មាន​ការ​ស្រេក​ឃ្លាន​និង​ជំងឺ​ច្រើន​ជាង​មុន​ផង​ដែរ។​

ស្ថានភាព​មនុស្ស​ធម៌​និង​អាហារូបត្ថម្ភ​នៃ​ប្រជារាស្ត្រ​កូរ៉េ​ខាង​ជើង​រាប់​លាន​នាក់​មាន​ភាព​អាប់​អួរ​ នៅ​មុន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​World Food Program ​ហៅ​កាត់​ថា​ WFP​ និយាយ​ថា ​មនុស្ស​ជាង​ ១០​ លាន​នាក់ ​ឬ​ជិត​ ៤០​ភាគ​រយ​ នៃ​ចំនួន​ប្រជារាស្ត្រ​កូរ៉េខាង​ជើង ​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌។​

អ្នក​ស្រី​ ​Elisabeth Byrs​ ជា​អ្នក​នាំ​ពាក្យ​នៃ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក។ ​អ្នក​ស្រី​និយាយ​ថា ​មនុស្ស​កាន់​តែ​ច្រើន​ឡើង​មិន​បាន​ទទួល​សេវា​ខាង​សុខភាព ​ទឹក​ស្អាត ​និង​អនាម័យ​ទេ។ ​

អ្នក​ស្រី ​Byrs ​និយាយ​ថា៖​ «មាន​កុមារ ​១ ​លាន ​៧​ សែន​នាក់ ​អាយុ​តិច​ជាង ​៥ ​ឆ្នាំ ​រស់​នៅ​ក្រោម​ការ​គំរាម​កំហែង​នៃ​មហន្តរាយ​ធម្មជាតិ ហើយ​នៅ​ពេល​នេះ​ មាន​ការ​គំរាម​កំហែង​នៃ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ថែម​ទៀត។ ការ​ទទួល​បាន​អាហារ​មិន​គ្រប់គ្រាន់មាន​ជា​ប្រចាំ​ ហើយ​វា​បាន​រាល​ដាល​ដែល​ក្នុង​រយៈពេល​យូរ ​វា​នាំ​ឱ្យ​មាន​ការ​ខូច​ខាតដល់​សុខភាព​ និង​ការ​លូតលាស់​របស់​ក្រុម​កុមារ​ ព្រម​ទាំង​ស្រ្តី​មាន​ផ្ទៃ​ពោះ ​និង​ស្រ្តី​មាន​ទារក​ផង​ដែរ»។​

អ្នក​ស្រី​ Byrs ​ថ្លែង​ថា ​កុមារ​ម្នាក់​ក្នុង​បណ្តាកុមារ​ ១០​ នាក់​ អាយុ​តិច​ជាង​ ៥ ​ឆ្នាំ​ មាន​ទម្ងន់​ស្រាល​ក្រោម​កម្រិត​លូតលាស់​ធម្មតា ​ហើយ​កុមារ​ម្នាក់​ក្នុង​បណ្តា​ក្មេង​ ៥ ​នាក់​ក្រិន។ ​អ្នក​ស្រី​កត់​សម្គាល់​ថា ការ​ខ្វះ​អាហា​រូបត្ថម្ភ​កម្រិត​នេះ ​នឹង​នាំ​ឱ្យ​មាន​ការ​ខូចខាត​សុខភាព​កុមារ​រាប់​សែន​នាក់ ​មិន​អាច​កែខៃ​បាន។​

អង្គការ​កម្ម​វិធី​ស្បៀង​អាហារ​ពិភពលោក​ព្រមាន​ថា វិធាន​ការបញ្ចៀស​មិន​ឱ្យ​មាន​ជំងឺ​ ដូច​ជា​ការ​ដាក់​មនុស្ស​ឱ្យ​នៅ​ដាច់​ពី​គេ​ជា​ដើម ​អាច​ធ្វើ​ឱ្យ​ក្រុមមនុស្ស​ដែល​ងាយ​រង​គ្រោះ ​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព ​និង​អាហារូបត្ថម្ភ​ ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ។​

រដ្ឋាភិបាល​កូរ៉េខាង​ជើង​របស់​លោក ​គីម ជុងអ៊ុន មិន​បាន​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​ចំនួន​ករណី​អ្នក​ជំងឺ​កូវីដ១៩​ទេ។ ​ក៏​ប៉ុន្តែ​ ​កាល​ពី​ចុង​ខែ​មករា ​កូរ៉េ​ខាងជើង​បាន​បិទ​ព្រំដែន​ខ្លួន​ជា​មួយ​ប្រទេស​ចិន​ ហើយ​បាន​បញ្ឈប់​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ Tomas Ojea Quintana​ ជា​អ្នក​រាយ​ការណ៍​ពិសេស ​អ.ស.ប.​ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។ ​លោក​និយាយ​ថា សកម្ម​ភាព​នេះ​បាន​បង្កើន​វិបត្តិ​ម្ហូប​អាហារ​ ហើយ​បង្កើន​ការ​ពិបាក​ខាង​សេដ្ឋកិច្ច​ ដែល​ប្រជារាស្ត្រ​កូរ៉េខាង​ជើង​កំពុង​ប្រឈម។​

លោក​ Quintana​ និយាយ​ថា មាន​គ្រួសារ​ច្រើន​ឡើងៗបរិភោគ​អាហារ​តែ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ​ហើយ​គ្រួសារ​ខ្លះ​គ្មាន​អាហារ​បរិភោគ​ទេ។​ លោក​ថ្លែង​ថា​ ​គេ​រាយ​ការណ៍​ថា ​ពួក​ទាហាន​ក៏​រង​គ្រោះ​ដោយសារ​ការ​ខ្វះម្ហូប​អាហារ​ដែរ។ ​

ក៏​ប៉ុន្តែ​លោក​បាន​សម្តែង​កង្វល់​ជា​ពិសេសចំពោះ​មនុស្ស​រាប់​ម៉ឺន​នាក់ ​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរំ​គុក​នយោបាយ​សម្ងាត់។​ លោក​ថ្លែង​ថា គេ​រាយ​ការណ៍​ថា អ្នក​ជាប់​ឃុំឃាំង​នៅ​ក្នុង​ជំរំ​គុក​ទាំង​នេះ​ជា​ច្រើន​បាន​ស្លាប់​ ដោយសារ​ការ​ធ្វើការ​ធ្ងន់​ និង​ការ​ខ្វះ​ម្ហូប​អាហារ ជំងឺ​ឆ្លង​ និង​មាន​មនុស្ស​ណែន​ក្តន់​នៅ​ក្នុង​កន្លែង​ទាំង​នោះ។​

អ្នក​ស៊ើប​អង្កេត​របស់ ​អ.ស.ប.​ រូប​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នក​ទោស​ ដែល​មាន​ស្ថានភាព​ប្រកប​ដោយ​ហានិភ័យ​ ជា​ពិសេស​ដោយ​សារ​ការ​ឆ្លង​ជំងឺ​ និង​ការ​ស្លាប់ដោយ​ជំងឺ​កូវីដ១៩។​

លោក​ Quintana​ ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស.ប.​ ពិចារណា​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ ​និង​កម្មវិធី​កាំជ្រួច​មីស៊ីល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​ លោក​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជារាស្ត្រ​កូរ៉េខាង​ជើង ​និង​សមត្ថភាព​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការរបស់​ប្រជារាស្ត្រ​ថែម​ទៀត​ផង៕​

ប្រែសម្រួល​ដោយ​ លោក​ឈឹម សុមេធ​

XS
SM
MD
LG