ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ពាក្យចចាមអារ៉ាម​ជាច្រើន តែ​ព័ត៌មាន​ពិត​មាន​តិចតួច​អំពី​សុខភាព​របស់​លោក គីម ជុងអ៊ុន


រូបឯកសារ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ជិះសេះស នៅតំបន់ Mouth Paektu កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩។

តើ​មេដឹកនាំ​កូរ៉េខាងជើង​ គីម ជុងអ៊ុន នៅ​ទីណា ហើយ​ហេតុអ្វី​បាន​ជា​លោក​មិន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍​មក​នេះ?

ទាំងនេះ គឺជា​សំណួរ​ដែល​មនុស្ស​គ្រប់គ្នា កំពុង​តែ​ចោទ​សួរ​ឡើង។ បញ្ហា​គឺ​ថា មនុស្ស​គ្រប់គ្នា​មាន​ចម្លើយ​ខុសៗ​គ្នា។

ក្នុងពេល​ឥឡូវ​នេះ មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​អំពី​មេដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ដូចជា​ថា លោក​បាត់ខ្លួន​ដោយសារតែ​លោក​បាន​គ្រេច​កជើង ការវះកាត់​បេះដូង​លោក​បាន​ទទួល​បរាជ័យ មាន​បញ្ហា​ខ្សោយ​តំរងនោម បាន​ស្នាក់នៅ​ក្នុង​លំនៅដ្ឋាន​មិន​ចេញ​ទៅ​ក្រៅ​ដើម្បី​ជៀសវាង​ការឆ្លង​វីរុស​កូរ៉ូណា ឬបាន​រងរបួស​ក្នុង​អំឡុង​ពេល​សាកល្បង​បាញ់​កាំជ្រួច​មីស៊ីល​ដែលបរាជ័យ ជាដើម។

ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ សារព័ត៌មាន​កូរ៉េ​ខាងត្បូង និង​បស្ចឹម​ប្រទេស បាន​ចុះ​ផ្សាយ​អំពី​ពាក្យចចាមអារ៉ាម​ផ្សេងៗ​គ្នា​ ទាក់ទងនឹង​សុខភាព​របស់​លោក គីម ដែល​គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ថា ពាក្យចចាមអារ៉ាម​មួយ​ណា​ពិត និង​មួយ​ណា​មិន​ពិត​នោះ។ ទោះបីជា​មាន​ពាក្យចចាមអារ៉ាម​ជាច្រើន​កើត​មាន​ជារៀងរាល់ថ្ងៃ​ក៏ដោយ ក៏​គ្មាន​នរណា​បាន​ដឹង​អំពី​ស្ថានភាព​ពិត​ប្រាកដ​របស់​លោក គីម ដែល​ត្រូវ​បាន​គេ​ឃើញ​លោក​លើក​ចុងក្រោយ​បង្អស់​នៅ​ថ្ងៃទី ១១ ខែមេសា​កន្លង​ទៅ​នេះ។

ពាក្យចចាមអារ៉ាម បាន​ចាប់ផ្តើម​មាន​ឡើង បន្ទាប់ពី​លោក គីម ខកខាន​មិន​បាន​ចូលរួម​នៅក្នុង​ពិធី​រំឭក​ខួបកំណើត​របស់​ជីតា​លោក គឺ​លោក គីម អ៊ីលស៊ុង ស្ថាបនិក​ប្រទេស​កូរ៉េ​ខាងជើង។ អ្នកវិភាគ លោក Frank Aum និយាយ​ថា អវត្តមាន​របស់​លោក គីម ជុងអ៊ុន ​នៅក្នុង​ពិធី​នោះ គឺ​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់។ លោក Frank Aum បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ថ្ងៃខួបកំណើត​របស់​លោក គីម អ៊ីលស៊ុង គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កូរ៉េ​ខាងជើង។ ដូច្នេះ វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ដែល​លោក គីម ជុងអ៊ុន ​មិន​មាន​វត្តមាន​នៅក្នុង​ពិធី​អបអរសាទរ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ»។

រូបឯកសារ៖ លោក គីម ជុងអ៊ុន និងប្អូនស្រី​របស់​លោក គឺ​នាង​គីម យ៉ូជុង ចូលរួមកិច្ចប្រជុំមួយជាមួយមេដឹកនាំកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក គីម ជុងអ៊ុន និងប្អូនស្រី​របស់​លោក គឺ​នាង​គីម យ៉ូជុង ចូលរួមកិច្ចប្រជុំមួយជាមួយមេដឹកនាំកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

កូរ៉េ​ខាងជើង មិន​បាន​ឆ្លើយតប​នឹង​ពាក្យចចាមអារ៉ាម​ទាំង​នេះ​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង បាន​ផ្តល់​ការចង្អុល​បង្ហាញ​ជាប្រយ៉ោល ដែល​មិនមែន​ជា​ភស្តុតាង​ជាក់ច្បាស់​បង្ហាញ​ថា លោក ​គីម​ នៅតែ​បំពេញ​កិច្ចការ​ជា​ផ្លូវការ​នោះ។

សម្រាប់​អ្នកវិភាគ​ដូចជា​លោក Aum ព័ត៌មាន​ប៉ុណ្ណឹង គឺ​មិន​គ្រប់គ្រាន់​ទេ។ លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖

«ពាក្យចចាមអារ៉ាម​ទាំងនេះ មិន​មែន​ចេះ​តែ​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផងដែរ ព័ត៌មាន​លម្អិត អាច​មិនមាន​ភាពជាក់លាក់។ ដូច្នេះ ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​ដឹង​នៅ​ពេល​នេះ​គឺ​ថា លោក គីម ជុងអ៊ុន កំពុងមានបញ្ហា​សុខភាព​មួយ​ចំនួន ... ប៉ុន្តែក្រៅ​ពី​នេះ សម្រាប់​ព័ត៌មាន​លម្អិត យើង​មិន​អាច​ប្រាកដ​បាន​ទេ»។

នេះ​មិនមែន​ជា​លើក​ទី១​ទេ​ដែល​លោក គីម ដែល​មាន​វ័យ ៣៦ ឆ្នាំ ជា​មនុស្ស​ធាត់​ហើយ​ជា​អ្នកជក់បារី​រូបនេះ បាន​បាត់ខ្លួន ដោយ​គេ​គិត​ថា លោក​មាន​បញ្ហា​សុខភាព​នោះ។ នៅ​ឆ្នាំ ២០១៤ លោក​មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​អស់រយៈពេល ៤១ ថ្ងៃ មុន​ពេល​លោក​បង្ហាញ​ខ្លួន​ជាថ្មី ដោយ​មាន​កាន់​ឈើច្រត់។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​បាន​ជួប​លោក គីម ចំនួន​បីដង​ក្នុង​ពេល​កន្លង​មក​នេះ មិនដឹងពីស្ថានភាពច្បាស់លាស់​អំពី​ស្ថានភាព​របស់​លោក​ គីម។ កាលពី​ថ្ងៃចន្ទទី២៧ ខែមេសា កន្លង​ទៅ​នេះ លោក ត្រាំ ត្រូវ​បាន​គេ​សួរ​ថា តើ​លោក​មាន​ព័ត៌មាន​ថ្មីៗ​អំពី​លោក​ គីម​ ដែរ ឬទេ? លោក ត្រាំ បាន​ឆ្លើយ​ថា៖
«បាទ ខ្ញុំ​មាន​ការ​ប៉ាន់​ស្មាន​មួយ។ ក៏ប៉ុន្តែ ក្នុង​ពេល​ឥឡូវនេះ ខ្ញុំ​មិន​ទាន់​អាចនិយាយបាន​ទេ។ ខ្ញុំ គ្រាន់តែ​ជូនពរ​ឲ្យ​លោក​សុខសប្បាយ​ទៅ​ចុះ។ ខ្ញុំធ្លាប់​មាន​ទំនាក់ទំនង​យ៉ាងល្អ​មួយ ជាមួយ​លោក គីម ជុងអ៊ុន»។

កាលពី​ថ្ងៃអង្គារទី ២៨ ខែមេសា កូរ៉េខាងត្បូង បាន​ហៅ​ពាក្យចចាមអារ៉ាម​ទាំងនោះ​ថា ជា «ព័ត៌មានក្លែងក្លាយ» ដោយ​និយាយ​ថា គ្មាន​ហេតុផល​ណា​មួយ ដែល​ត្រូវ​ជឿ​ថា លោក គីម មាន​បញ្ហា​សុខភាព​នោះ​ទេ។

ក៏ប៉ុន្តែ ប្រសិនបើ​ក្នុង​ករណី​ដែល​លោក គីម មិន​អាច​ដឹកនាំ​ប្រទេស​បាន វា​មិន​មាន​ភាព​ច្បាស់​លាស់​ទេ​ថា តើ​អ្នកណា​នឹង​ដឹកនាំ​ប្រទេស​ជំនួស​លោក​នោះ។ លោក​ត្រូវបាន​គេ​គិត​ថា​មាន​កូន ប៉ុន្តែ​កូនៗ​ទាំងនោះ នៅ​ក្មេង​ពេក។ ប្អូនប្រុស​របស់​លោក​មិនមែន​ជា​អ្នកនយោបាយ​ទេ។ ប្អូនស្រី​របស់​លោក គឺ​នាង​ គីម យ៉ូជុង ប្រហែល​ជា​មិន​អាច​ទទួល​បាន​ការគាំទ្រគ្រប់​គ្រាន់នៅក្នុង​សង្គម​កូរ៉េ​ខាងជើង ដែល​គ្រប់គ្រង​ដោយ​បុរសឡើយ។

បញ្ហា​នេះ វា​អាច​ធ្វើ​ឲ្យ​រឿង​មួយ​ទៅ​រួច​បាន គឺ​ថា ជាលើក​ដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ​ខាងជើង​ដែល​អ្នក​គ្រប់គ្រង​ប្រទេស មិនមែន​ជា​សមាជិក​នៅ​ក្នុង​ត្រកូល ​គីម។

នេះបើសិនជាពាក្យចចាមអរ៉ាម​អំពី​សុខភាព​របស់​លោក​គីម ជុងអ៊ុន ជា​ការណ៍ពិត៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG