ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​ធំបំផុត​ទីពីរ​របស់​អូស្ត្រាលី បើក​ឲ្យមាន​សកម្មភាព​ឡើងវិញ​ក្រោយពី​បិទ​អស់​៣ខែ​ដោយសារ​វិធានការ​កូវីដ១៩


រូបឯកសារ៖ អ្នកនាង Gina Cimarosti អ្នកគ្រប់គ្រង​សណ្ឋាគារ London Tavern ឈរ​នៅ​កន្លែង​លក់ស្រា​របស់​អ្នកនាង ដែល​គ្មាន​ភ្ញៀវ​នៅ​ទីក្រុង Melbourne ដែល​ត្រូវបាន​បិទ​សកម្មភាព​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ប្រទេស​អូស្រ្តាលី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកនាង Gina Cimarosti អ្នកគ្រប់គ្រង​សណ្ឋាគារ London Tavern ឈរ​នៅ​កន្លែង​លក់ស្រា​របស់​អ្នកនាង ដែល​គ្មាន​ភ្ញៀវ​នៅ​ទីក្រុង Melbourne ដែល​ត្រូវបាន​បិទ​សកម្មភាព​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ប្រទេស​អូស្រ្តាលី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

បន្ទាប់​ពី​រយៈ​ពេល​បី​ខែ​នៃ​ការ​រឹត​បន្តឹង​សកម្មភាព​ប្រឆាំងនឹងការ​ផ្ទុះ​រាតត្បាត​ជា​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នោះ​ សកម្មភាព​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​ទី​ក្រុង Melbourne រដ្ឋ Victoria ដែល​ជា​ទី​ក្រុងធំ​បំផុត​ទី​២​របស់​ប្រទេសអូស្ត្រាលី បាន​ត្រឡប់​ទៅ​រក​សភាពធម្មតា​វិញក្នុង​លក្ខណៈ​យឺតៗ។​

អភិបាល​រដ្ឋ​ Victoria លោក Daniel Andrews​ បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា​ ពលរដ្ឋ​ទីក្រុង Melbourne​ដែល​មាន​ចំនួន​៥លាន​នាក់​នោះ​ អាច​ចាក​ចេញពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ ចាប់​ពី​ក្រោយ​ពាក់​កណ្តាលយប់​ថ្ងៃ​អង្គារ ហើយ​ហាង​កាហ្វេ​ ភោជនីយដ្ឋាន​ បារ​ ហាង​ទំនិញ​ផ្សេងៗ និង​សណ្ឋាគារ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ។​

សេចក្តី​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទី​ក្រុង Melbourne និង​តំបន់​ជុំវិញ​នោះ​ក្នុងរដ្ឋ Victoria​ ពុំ​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩ ក្នុង​រយៈពេល​២៤​ម៉ោងកន្លង​ទៅ​ ចាប់​តាំង​ពីថ្ងៃទី៩​ ខែ​មិថុនាមក។ រដ្ឋ​មួយ​នេះ​ មាន​ការ​កើន​ឡើង​វិញ​ខ្លាំងនូវ​ការឆ្លងជំងឺ​កូវីដ១៩​ កាល​ពីខែសីហា​ ដោយ​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​កើន​ឡើង​រហូត​៧០០​នាក់​ ក្នុងមួយ​ថ្ងៃ។ សន្ទុះ​នៃ​ការ​កើន​ឡើង​ជា​ថ្មី​នេះ​ ត្រូវ​បានស្តី​បន្ទោស​ទៅ​លើភាព​ធូររលុង​នៃ​វិធានការ​សន្តិសុខនៅ​តាម​បណ្តា​សណ្ឋាគារ​ ដែល​ជា​កន្លែងធ្វើ​ចត្តាឡីស័ក​ សម្រាប់​អ្នក​ដែល​បានធ្វើ​ដំណើរពី​ក្រៅ​ប្រទេស​នោះ។​

ដោយ​គេ​រក​មិន​ឃើញ​ករណីឆ្លង​ថ្មីថែម​ទៀត​នោះ​ អភិបាល​រដ្ឋ Victoria លោក​ Andrews បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ «យើង​មាន​លទ្ធភាពនិយាយ​ថា​ នេះ​ជា​ពេល​វេលា​នៃ​ការ​បើកដំណើរការ​ឡើង​វិញ។ ​នេះ​ជា​ពេល​វេលា​ដែល​យើង​ត្រូវ​អបអរ​ដល់​ពលរដ្ឋ​ក្នុង​រដ្ឋ Victoria ដែល​បានអនុវត្ត​នូវ​វិធានការ​ដែល​ដាក់​ចេញ»។​

លោក​អភិបាល​រដ្ឋ​រូប​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការដាក់​បម្រាម​ដល់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ​ហួស​ចម្ងាយ​២៥​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គេ​នោះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ខាង​មុខនេះ ហើយ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​និងតំបន់​ជន​បទ​ក្នុង​រដ្ឋ​ Victoria ក្រោយ​ថ្ងៃលើក​បម្រាម​នេះ​ផង​ដែរ៕

XS
SM
MD
LG