ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ​ឥណ្ឌា​និង​ប្រេហ្ស៊ីល​មាន​ករណីឆ្លង​និង​ស្លាប់​​ដោយសារ​​​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​ក្នុង​ពិភពលោក


បុរសម្នាក់ពាក់ម៉ាស់ ដើរកាត់ផ្ទាំងគំនូរគូរលើជញ្ជាំងអគារមួយ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
បុរសម្នាក់ពាក់ម៉ាស់ ដើរកាត់ផ្ទាំងគំនូរគូរលើជញ្ជាំងអគារមួយ ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

មនុស្ស​ជាង​ ៣៦ លាន ​៥ ​សែន​នាក់​ បាន​ឆ្លង​វីរុស​កូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមកូវីដ១៩​ នៅពេលដែលជំងឺនេះកំពុង​រាលដាល​នៅ​ជុំវិញ​ពិភពលោក។​ នេះតាម​ស្ថិតិ​ពី​សាកល​វិទ្យាល័យ​Johns Hopkins ​របស់​សហ​រដ្ឋ​អាមេរិក។​

សហរដ្ឋ​អាមេរិក​ ឥណ្ឌា​ និង​ប្រទេស​ប្រេហ្ស៊ីល​ មាន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ច្រើន​ជាង​គេ​។ ​ក្រសួង​សុខាភិបាល​ឥណ្ឌា​ បាន​រាយការណ៍​ថា ​មាន​ករណីឆ្លង​ថ្មី​ជាង​ ៧ ម៉ឺន​នាក់ ក្នុង​រយៈ​ពេល​ ២៤ ​ម៉ោង​កន្លង​មក​នេះ។​

សហរដ្ឋ​អាមេរិក ​មាន​ករណីឆ្លង​ជាង ​៧ លាន ​៦ សែន​នាក់ ​និង​មនុស្ស​ស្លាប់បាន​ឡើង​ដល់​ជាង​ ២ ​សែន​ ១ ​ម៉ឺន​ ២​ ពាន់​នាក់។ ​ឥណ្ឌា​មាន​ការឆ្លង​ជំងឺ​កូវីដ​១៩ ​ជិត ​៧ លាន​ករណី ដោយ​មាន​មនុស្ស​ស្លាប់​ជាង ​១ សែន ​៦ ​ពាន់​នាក់ ​រីឯ​ប្រទេស​ប្រេហ្ស៊ីល​មាន​ករណីឆ្លងជាង​ ៥ លាននាក់ ​និង​មនុស្ស​ស្លាប់​ទាំងអស់​ជិត ​១ សែន ​៤ ម៉ឺន ​៩ ពាន់​នាក់។​

ប្រទេស​រុស្ស៊ី​បាន​រាយការណ៍​ថា ​តួលេខ​ថ្មី​នៃ​ករណី​វីរុស​កូរ៉ូណា​កាលពី​ថ្ងៃ​ច័ន្ទ​ មាន​ ១ ​ម៉ឺន​ ២ ​ពាន់​ ១ រយ​ ២៦ ​នាក់ ដោយ​ធ្វើ​ឲ្យ​ចំនួន​សរុប​ទាំងអស់​មាន ​១ លាន ​២ សែន ​៧ ម៉ឺន ​២ ពាន់ ​២ រយ ​៣ ៨​នាក់។ ចំនួន​ឆ្លង​ច្រើន​បំផុតប្រចាំ​ថ្ងៃ​កាលពី​ពេល​មុន ​គឺ​នៅ​ក្នុង​ខែ​ឧសភា។ ​មន្ត្រី​ខ្លះ​ក្នុង​ប្រទេស​រុស្ស៊ី​និយាយ​ថា ​ការរឹតត្បិត​ថ្មី​អាច​ត្រូវ​ធ្វើ​ឡើង។​

ក្រសួង​សុខាភិបាល​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​រដ្ឋ​ Maryland ​និង​រដ្ឋ Virginia ​បាន​ផ្ញើលិខិតកាលពី​ថ្ងៃ​ព្រហស្បតិ៍ទៅកាន់​បុគ្គលិកដែល​ធ្វើការ​នៅ​សេតវិមាន ​ក្នុង​រយៈ​ពេល​ ២ ​សប្តាហ៍​កន្លង​មក​នេះ​ ឬ​បាន​ចូលរួម​ពិធី​នៅ​ថ្ងៃ​ទី ២៦ ​ខែ​កញ្ញា ​នៅ​ឧទ្យាន​ផ្កា​កុលាប​ក្នុង​សេតវិមាន ​សម្រាប់​ការតែង​តាំង​លោក​ស្រី​ Amy Coney Barrett ជា​ចៅក្រម​តុលាការ​កំពូល។ ​លិខិត​នេះ​ជំរុញ​ឲ្យ​ពួកគេ ​«ធ្វើ​ការទាក់ទង​ជាមួយ​មន្ត្រីសុខាភិបាល ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន ​ដើម្បី​សាកសួរ​ចំពោះ​តម្រូវការ​ឲ្យ​ពួកគេ​ធ្វើ​ចត្តាឡីស័ក»។​

សេតវិមាន​ហាក់ដូចជា​ក្លាយ​ជា​ប្រភព​នៃ​ករណី​ជំងឺ​កូវីដ១៩​ ជាច្រើន ​រួមមាន​ការឆ្លង​ជំងឺនេះដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​សមាជិក​សភា​មួយ​ចំនួន​ និង​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ Notre Dame University ​និង​បុគ្គលិកសេតវិមានផ្សេងៗ​ទៀត៕

XS
SM
MD
LG