ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផលិតករ​ភាពយន្ដ​​ប្រារព្ធ​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​លើក​ទី ៨ នៅ​អាមេរិក តាម​អនឡាញ អំឡុងពេល​មាន​កូវីដ១៩


ខ្សែភាពយន្តមួយចំនួនដែលផលិតដោយផលិតករឯករាជ្យនានា នឹងត្រូវចាក់បញ្ចាំងតាមអនឡាននៅក្នុងកម្មវិធីមហោស្រពភាពយន្ដក្រុងខ្មែរ (Cambodia Town Film Festival) លើកទី ៨ រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកញ្ញានេះ។
ខ្សែភាពយន្តមួយចំនួនដែលផលិតដោយផលិតករឯករាជ្យនានា នឹងត្រូវចាក់បញ្ចាំងតាមអនឡាននៅក្នុងកម្មវិធីមហោស្រពភាពយន្ដក្រុងខ្មែរ (Cambodia Town Film Festival) លើកទី ៨ រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែកញ្ញានេះ។

ផលិតករ​ភាពយន្ដ​ ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ រួម​គ្នា​បំពេញ​បេសកកម្ម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន តាមរយៈ​ការ​ប្រារព្ធ​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​លើក​ទី ៨ នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ ឬ​ជា​ភាសា​អង់គ្លេស Cambodia Town Film Festival ​មាន​រយៈពេល​ ៥ ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២០ ខែ​កញ្ញា​នេះ។ កម្មវិធី​ឆ្នាំ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​តាម​អនឡាញ​ទាំងស្រុង ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​រាប់​សែន​នាក់​នៅ​ទូទាំង​ពិភពលោក។​

កម្មវិធី​ឆ្នាំ​នេះ​គឺ​ជា​កម្មវិធី​លើក​ទី ៨ ក្រោយ​ពី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ​២០១២ ដោយ​ស្ថាបនិក​ពីរ​នាក់ គឺ​អ្នកស្រី Caylee So និង​លោក ប្រាជ្ញ លី ដែល​អ្នក​ទាំង​ពីរ​គឺ​ជា​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​ខ្មែរ រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់​ឱកាស​ដល់​ផលិតករ​ភាពយន្ដទាំង​ជើងចាស់ និង​ជំនាន់​ក្រោយ​ ឲ្យ​អាច​ដាក់​បង្ហាញ​ភាពយន្ដ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​បាន។

ភាពយន្ដ​ដែល​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ដ​នេះ​ មាន​ជាច្រើន​ប្រភេទ ដូចជា​ភាពយន្ដ​ឯកសារ ភាពយន្ដ​ខ្លី និង​ភាពយន្ដ​បែប​គំនូរ​ជីវចល​ជាដើម។ ​

រូបឯកសារ៖ ផលិតករ​ភាពយន្ដ​ និង​ក្រុមការងារ​នាំ​គ្នា​ថតរូប​នៅ​មុខ​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​ឆ្នាំ ២០១៩​ នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ (រូបថត​ពី​ហ្វេសប៊ុក​មហោស្រពភាពយន្ដ​ក្រុង​ខ្មែរ)
រូបឯកសារ៖ ផលិតករ​ភាពយន្ដ​ និង​ក្រុមការងារ​នាំ​គ្នា​ថតរូប​នៅ​មុខ​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​ឆ្នាំ ២០១៩​ នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ (រូបថត​ពី​ហ្វេសប៊ុក​មហោស្រពភាពយន្ដ​ក្រុង​ខ្មែរ)

ឆ្នាំ​នេះ មាន​ភាពយន្ដ​ចំនួន ៣៦ ដែល​នឹង​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​ សម្រាប់​ទស្សនិកជន​ដែល​នៅ​ទូទាំង​សហរដ្ឋអាមេរិក ប៉ុន្តែ​ក្នុង​នោះ​មាន​ភាពយន្ដ​មួយ​ចំនួន​គឺ​សម្រាប់​តែ​ទស្សនិកជន​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​តែ​ប៉ុណ្ណោះ។

​ភាពយន្ដ​ដែល​មាន​ចំណងជើង​ថា «ស្នេហា​ក្មេងៗ» ដែល​និពន្ធ​ឡើង​ដោយ​ផលិតករ​វ័យក្មេង​នៅ​កម្ពុជា​ គឺ​កញ្ញា រិទ្ធី លំអរពេជ្រ នឹង​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ដ​ក្នុង​ឆ្នាំ​ ២០២០​ នេះ។ ភាពយន្ដ​នេះឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​ស្នេហា​រវាង​យុវវ័យ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។ ភាពយន្ដ​នេះ​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ដ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ ២០១៩ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវជន។

ភាពយន្ដ​មួយ​ទៀត​ដែល​មាន​ចំណងជើង​ថា «ស្ដេច​នំ​ដូណាត់» ឬ​ជា​ភាសា​អង់គ្លេស​ "Donut King” គឺ​ជា​ប្រភេទ​ភាពយន្ដ​ឯកសារ ដែល​និយាយ​អំពី​ដំណើរ​អាជីវកម្ម​លក់​នំ​ដូណាត់​ដ៏​ជោគជ័យ​របស់​លោក Ted Ngoy ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ។

លោក Ted Ngoy គឺ​ជា​ជនភៀសខ្លួន​ពី​សម័យ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដែល​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៧៥ និង​បាន​ចាប់​ផ្ដើម​បើក​អាជីវកម្ម​លក់​នំដូណាត់ ដែល​ជា​នំ​ពេញ​និយម​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង និង​មាន​ហាង​លក់​នំ​ដូណាត់​ជាច្រើន​កន្លែង លោក Ted Ngoy ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ឲ្យ​លោក​ថា «ស្ដេច​នំ​ដូណាត់»។

អ្នក​ដឹកនាំ​ភាពយន្ដ «ស្ដេច​នំ​ដូណាត់» នេះ គឺ​អ្នកស្រី Alice Gu ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន ត្រូវ​បាន​ដក​ស្រង់​សម្ដី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​ថា៖

«ខ្ញុំ​បាន​ដឹង​ថា មាន​ហាង​លក់​នំ​ដូណាត់​ចំនួន​ប្រមាណ ៥.០០០ កន្លែង​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ក្នុង​នោះ​ ៨០% គឺ​ជា​របស់​ជនជាតិ​ខ្មែរ។ ខ្ញុំ​ចាប់​ផ្ដើម​ចាប់អារម្មណ៍​នឹង​ការ​ពិត​ដែល​ថា នំ​ដូណាត់​ ដែល​ជា​នំ​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ធ្វើ​ដោយ​ជនជាតិ​ខ្មែរ​ស្ទើរ​តែ​ទាំងស្រុង។ ខ្ញុំ​បាន​ដឹង​ថា ស្ដេចនំ​ដូណាត់ [Ted Ngoy] កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ពីរ​ខែ​ក្រោយ​មក ខ្ញុំ​បាន​ទៅ​ទីនោះ​ដើម្បី​ថត​រឿង​នេះ»។

ភាពយន្ដ​ឯកសារ​ខ្លី​មួយ​ចំនួន​ទៀត​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម​ដែល​ស្ត្រី និង​កុមារ​ក្រីក្រ​នៅ​កម្ពុជា រួម​ទាំង​ជនជាតិ​ភាគតិច​ផង ​ជួប​ប្រទះ ដែល​រួមមាន​ភាពយន្ដ​ «ទំពាំង​ខ្វះ​ទឹក» ភាពយន្ដ​ «រសាត់» ភាពយន្ដ​ «កាណាប» ភាពយន្ដ«ប៉ា​នៅ​ណា» ភាពយន្ដ «បារម្ភ» ភាពយន្ដ​ «ស៊ូទ្រាំ» ភាពយន្ដ​ «កុំបោះបង់» និង​ភាពយន្ដ​ «សង្ឃឹម​ចុងក្រោយ»។

ភាពយន្ដ​ទាំងនេះ​ត្រូវ​បាន​និពន្ធ​ដោយ​ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង ក្រោម​គម្រោង «ការ​បន្លឺសំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច និង​ក្រុម​មនុស្ស​ត្រូវ​បាន​គេ​រើសអើង» របស់​មជ្ឈមណ្ឌល​បុប្ផាណា ដែល​គ្រប់គ្រង​ដោយ​លោក រិទ្ធី ប៉ាន់ ដែល​ជា​ផលិតករ​ភាពយន្ដ​ដ៏​ល្បីល្បាញ​មួយ​រូប។

ក្រៅ​ពី​នេះ​ ក៏​មាន​ភាពយន្ដ​មួយ​ចំនួន​ទៀត​ដូចជា ភាពយន្ដ​ឯកសារ «ក្បង់​ទឹក​ទន្លេ» ដែល​ដឹកនាំ​ដោយ​អ្នកស្រី ម៉ម កល្យាណី ភាពយន្ដ «កុំស្មាន​បងភ្លេច» ដែល​ដឹកនាំ​ដោយ​លោក John Pirozzi ភាពយន្ដ «ដុំហ្វីល​ចុងក្រោយ» ដែល​ដឹកនាំ​ដោយ​អ្នកស្រី Kulikar Sotho និង​ភាពយន្ដ "A Cambodian Spring" ដែល​ដឹកនាំ​ដោយ​លោក Chris Kelly ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG