ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ធ្វើតេស្ត​មនុស្ស​ជិត​៦០០នាក់​ពាក់ព័ន្ធ​នឹង​ករណី​​អ្នក​​ឆ្លង​វីរុសកូរ៉ូណា​ម្នាក់​ដែល​មិនដឹង​មូល​ហេតុ​ឆ្លង​ពិត​ប្រាកដ


រូបឯកសារ៖ បុរសម្នាក់ត្រូវបានយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ់ូណា នៅព្រលានយន្តហោះយោធា ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសម្នាក់ត្រូវបានយកសំណាកដើម្បីធ្វើតេស្តរកវីរុសកូរ់ូណា នៅព្រលានយន្តហោះយោធា ក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។

​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធថា​ ខ្លួន​បានធ្វើតេស្ត​មនុស្ស​ចំនួន​ជិត​៦០០នាក់ ដែល​ជា​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ឬ​នៅ​ជិតករណីអ្នក​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ស្រុក​លើក​ដំបូង​របស់​ប្រទេស​នេះ​ក្នុង​រយៈពេល​ជាង​បី​ខែ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ពុំ​ទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ទេ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

បុរស​ដែល​មាន​អាយុ​៣៧ឆ្នាំ​នោះធ្វើ​ការជា​ពិធីករ​ក្នុង​ក្លិបរាត្រី​៣​ផ្សេងៗគ្នាក្នុង​ទីក្រុង​បាងកកក្នុង​រយៈពេល២សប្តាហ៍ ​មុន​ពេល​គេ​ធ្វើ​តេស្ត​រក​ឃើញ​ថា​ មានឆ្លងវីរុសកូរ៉ូណា​ពេល​គេ​បញ្ជូន​គាត់​មក​ដល់​ពន្ធនាគារ ក្រោយ​ត្រូវ​បាន​កាត់ទោស​ពាក់​ព័ន្ធនឹងបទ​ល្មើស​គ្រឿង​ញៀន។

ក្រសួង​សុខភាព​សាធារណៈ​របស់​ថៃ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន៥៦៩នាក់ដែល​អាច​ប្រឈម​នឹង​ហានិភ័យខ្ពស់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ​១៩ ដោយ​សារ​ជាប់ពាក់ព័ន្ធ​និង​បុរស​ពិធីកររូប​នោះ​ ក្នុងទីកន្លែងចំនួន​១២​ ដែល​ក្នុង​នោះ​មាន​ក្លិប​រាត្រី ផ្សារទំនើប​ និង​កន្លែងតុលាកា​រផង​ដែរ​ ដែល​បុរស​រូប​នេះ​បាន​បង្ហាញ​ខ្លូន។

រហូត​មក​ដល់​ពេល​នេះ​ ការ​ធ្វើ​តេស្ត​នេះពុំ​ទាន់​រក​ឃើញ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ​ ហើយ​គេ​នៅ​រង់​ចាំ​លទ្ធផល​តេស្ត​ពី​មនុស្ស៣២​នាក់ផ្សេងទៀត។ អាជ្ញាធរ​ថៃ​ក៏​បាន​ស្នើ​ឲ្យ​មនុស្ស​ចំនួន​៤០០​នាក់​ផ្សេង​ទៀត​ ដែល​មាន​ហានិភ័យតិច​តួច​ ស្ថិត​នៅ​ដាច់​ពី​គេ​ចំនួន​១៤​ថ្ងៃសិន។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើបុរស​នោះ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ដោយ​របៀប​ណានោះទេ។​ រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​សរុម​ប្រមាណ​៣.៤៤៧​នាក់ និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន​៥៨​នាក់។ ប្រទេស​នេះបាន​បន្ធូបន្ថយ​ការរឹតបន្តឹងនៅក្នុង​ប្រទេស៕​

XS
SM
MD
LG