ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទាក់ទាញមនុស្សរាប់ពាន់នាក់ឲ្យចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកនៅប្រលានយន្តហោះមួយក្នុងរដ្ឋ North Carolina កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ នៅចំពេលមានការរាតត្បាតជំងឺកូវីដ១៩។
លោក Trump បាននិយាយថា មានអ្នកចូលរួមទាំងអស់ចំនួន ១៥.០០០ នាក់ ដែលជាចំនួនដែលអ្នកយកព័ត៌មាននៅកន្លែងនោះ បាននិយាយថា ជាការបំភ្លើស។
មន្រ្តីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលរបស់លោក Trump ដែលបានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះប្រធានាធិបតី Air Force One នៅពេលហោះចេញពីរដ្ឋ North Carolina វិញ បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតនេះមានអ្នកចូលរួមចំនួន ១៤.៦០០ នាក់ ហើយអ្នកចង់ចូលរួម ឬស្ថិតនៅក្បែរកន្លែងជួបជុំនេះមានចំនួនរាប់ពាន់នាក់។
អ្នកកាសែតក៏បានកត់សម្គាល់ឃើញផងដែរថា មានការខ្វះការរក្សាគម្លាតពីគ្នាក្នុងចំណោមអ្នកដែលអង្គុយនិងឈរដែលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ហើយអ្នកចូលរួមជាច្រើនមិនបានពាក់ម៉ាស់ និងអ្នកខ្លះទៀតដែលបានពាក់ម៉ាស់គឺពាក់នៅត្រឹមក្រោមច្រមុះ។
ករណីនេះបង្ហាញឲ្យឃើញថា អ្នកចូលរួមទាំងនោះបានរំលោភយ៉ាងច្បាស់លើគោលការណ៍ណែនាំរបស់រដ្ឋ North Carolina ដែលដាក់កំហិតលើការប្រមូលផ្តុំគ្នានៅខាងក្រៅត្រឹមចំនួន ៥០ នាក់ និងតម្រូវឲ្យអនុវត្តការរក្សាគម្លាតពីគ្នានិងពាក់ម៉ាស់៕