សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាលពីថ្ងៃចន្ទ អនុញ្ញាតឱ្យអតីតសកម្មជនរបស់អតីតគណបក្សជំទាស់ម្នាក់គឺលោក អៀ ចាន់ណា បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីមានការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អៀ ចាន់ណា គឺជាអតីតសកម្មជននយោបាយនៃអតីតគណបក្សសង្គ្រោះជាតិប្រទេសន័រវែស (Norway) ហើយនៅមុនពេលលោកត្រូវចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០២២ លោកជាសមាជិកម្នាក់ក្នុងចំណោមក្រុមការងារបណ្តោះអាសន្នរបស់គណបក្សភ្លើងទៀនប្រចាំខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក។
បើតាមឃ្លីបវីដេអូពីរដាច់ដោយឡែកពីគ្នារបស់លោក អៀ ចាន់ណា ដែលត្រូវចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ គេឃើញអ្នកនយោបាយគណបក្សជំទាស់រូបនេះ បានថ្លែងសារសុំអភ័យទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះទោសកំហុសដែលលោកបានប្រព្រឹត្តកន្លងមក ដើម្បីឱ្យលោកបានស្ថិតនៅឃុំជាបណ្តោះអាសន្ន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកការសុំទោសនេះ ហើយបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ ដើម្បីសុំធានាឱ្យមានការដោះលែងលោក អៀ ចាន់ណា។ តុលាការក៏បានសម្រេចដោះលែងលោក អៀ ចាន់ណា។
ទាំងអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់ឱ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែងកាលពីថ្ងៃចន្ទ ទី ១ ខែឧសភានេះ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា តុលាការអាចសម្រេចឱ្យជនជាប់ចោទស្ថិតនៅក្រៅឃុំបាន ប្រសិនបើជនជាប់ចោទទទួលនិងដឹងកំហុស។
លោកបញ្ជាក់ថា៖ «បាទ ជាគោលការណ៍ច្បាប់ចៅក្រមស៊ើបសួរអាចសម្រេចឱ្យនៅក្រៅឃុំបាន នៅពេលដែលជនជាប់ឃុំគាត់ធ្វើការសារភាព គាត់ធ្វើការសហការជាមួយសមត្ថកិច្ច និងនៅតែបន្តចូលរួមជាមួយដំណើរការនីតិវិធីរបស់តុលាការ ហើយមិនបង្កបញ្ហា ឬហានិភ័យអីផ្សេងទៀតបាទ ជានីតិវិធីច្បាប់ មានអីទាស់ខុសទេអាហ្នឹង»។
នាយកឃ្លាំមើលកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការសម្រួលរបស់ស្ថាប័ននីតិប្រតិបត្តិឱ្យមានការដោះលែងសកម្មជននយោបាយនាពេលថ្មីៗនេះ ទំនងជាផ្នែកមួយនៃការសម្របសម្រួលខាងនយោបាយ។ លោកបញ្ជាក់បន្ថែមថា ការណ៍នេះអាចទទួលរងការរិះគន់ថា ស្ថាប័ននីតិប្រតិបត្តិមានឥទ្ធិពលលើតុលាការដែលជាស្ថាប័នឯករាជ្យ។
លោកប្រាប់វីអូអេថា៖ «វាជាដំណោះស្រាយល្អទាក់ទងនឹងការសម្របសម្រួលផ្នែកនយោបាយ។ ក៏ប៉ុន្តែវាក៏ធ្វើឱ្យមានគុណវិបត្តិមួយក្នុងការរិះគន់ទាក់ទងនឹងឥទ្ធិពលនៃនីតិប្រតិបត្តិទៅលើអំណាចតុលាកាបាទ។ អ៊ីចឹងហើយបានជាកន្លងមកហ្នឹង យើងឃើញថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិ គេសុំឱ្យកម្ពុជាយើងធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ធ្វើយ៉ាងមេចឱ្យមានឯករាជ្យភាព ដើម្បីធានានូវយុត្តិធម៌ក្នុងសង្គម ក៏ដូចជាយុត្តិធម៌សម្រាប់ជនដែលទទួលរងគ្រោះនោះ»។
បន្ទាប់ពីចាកចេញពីពន្ធនាគារគឺតែប៉ុន្មានម៉ោង ក្រោយការចេញសារសុំទោសកាលពីថ្ងៃទី ១ ខែឧសភានោះ លោក អៀ ចាន់ណា ត្រូវបានគេឃើញថ្លែងក្នុងឃ្លីបវីដេអូមួយមានរយៈពេលជិតមួយនាទី សម្តែងការដឹងគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះកិច្ចអន្តរាគមន៍ឱ្យលោកបានចេញពីពន្ធនាគារមកជួបជុំក្រុមគ្រួសារ។
លោកថ្លែងថា៖ «សូមគោរពជម្រាបសួរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ ថ្ងៃនេះ ខ្ញុំបាទ អៀ ចាន់ណា បានទទួលនូវអន្តរាគមន៍យ៉ាងខ្ពង់ខ្ពស់ពីសម្តេច បានចាកចេញពីពន្ធនាគារមកដល់ផ្ទះរបស់បង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់បានជួបជាមួយបង ជួបជាមួយនឹងចៅ ជួបជាមួយនឹងក្មួយ ជួបជាមួយនឹងក្រុមគ្រួសារ ខ្ញុំសូមគោរពថ្លែងអំណរគុណសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់ ដ៏ជ្រាលជ្រៅជាទីបំផុត»។
លោក អៀ ចាន់ណា ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃចន្ទទី ៣០ ខែឧសភា ឆ្នាំ ២០២២ តាមដីការបស់តុលាការរាជធានីភ្នំពេញដែលចេញកាលពីឆ្នាំ ២០២០ ទាក់ទងនឹងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលអាចបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ បទចោទនេះពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំងកាលពីបីឆ្នាំមុន។
ការចាប់ខ្លួនលោក អៀ ចាន់ណា កើតឡើងតែប៉ុន្មានថ្ងៃក្រោយលោកវិលត្រឡប់មកពីប្រទេសន័រវែស ចូលមកប្រទេសកម្ពុជា និងចំពេលលោកធ្វើសកម្មភាពនយោបាយរកសំឡេងគំាទ្រឱ្យគណបក្សភ្លើងទៀន មុនការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃអង្គារនេះថា ឱ្យតែជិតពេលបោះឆ្នោត ការចេញចូលរបស់មនុស្សមួយចំនួនចេញពីបក្សប្រឆាំងទៅបក្សកាន់អំណាច ឬបក្សណាទៅបក្សណា វាតែងតែកើតមានរៀងរាល់លើក។ ប៉ុន្តែករណីលោក អៀ ចាន់ណា ជារឿងដោយឡែក ព្រោះលោកមិនបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
លោកថ្លែងថា៖ «ខ្ញុំគិតថា លោក អៀ ចាន់ណា អត់មានបានទៅចុះចូលទេ បើតាមខ្ញុំមើលទៅ គ្រាន់តែគាត់ទទួលស្គាល់ គាត់មានកំហុសគាត់សុំការលើកលែងទោសពីសម្តេចនាយក [លោក ហ៊ុន សែន] ថា គាត់បានជ្រុលជ្រួសក្នុងការប្រើពាក្យសម្តីរិះគន់អីអ៊ីចឹងហូរហែ។ គាត់ចង់ឱ្យមានការលើកលែងទោសដើម្បីឱ្យគាត់ទៅជួបជុំគ្រួសារគាត់នៅឯបរទេស ក៏ជាបញ្ហាសិទ្ធិបុគ្គលដែរ ព្រោះជួនកាលមនុស្សយើងធ្វើខុសអាចដឹងកំហុស ហើយសារភាព ហើយប្រសិនបើមានការយោគយល់អធ្យាស្រ័យគ្នាគឺល្អហើយ»។
លោកបានបញ្ជាក់ទៀតថា បើទោះបីជាមានការចាកចេញរបស់សកម្មជន ឬអ្នកគាំទ្រពីបក្សប្រឆាំងទៅបក្សកាន់អំណាច ឬបក្សណាទៅបក្សណាក៏ដោយ សម្រាប់គណបក្សភ្លើងទៀននៅតែមិនខ្វះអ្នកដែលមានឆន្ទៈតស៊ូដើរទៅមុខ ក្នុងការកសាងគ្រឹះប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះទេ។
អ្នកស្រាវជ្រាវអំពីកិច្ចការសង្គមនិងវិភាគនយោបាយ លោក មាស នី លើកឡើងថា បើកាលណាធនធានមនុស្សល្អៗរបស់គណបក្សប្រឆាំង ចាកចេញពីបក្សកាន់តែច្រើននោះ វានឹងធ្វើឱ្យមានការបាត់បង់កម្លាំងគាំទ្ររបស់គណបក្សក្នុងពេលបោះឆ្នោត។
លោកលើកឡើងថា៖ «ប្រសិនបើមនុស្សចាកចេញនេះគ្រាន់តែជាមនុស្សដែលគិតតែពីរឿងលាភសក្ការៈ អាហ្នឹងទៅជាល្អសម្រាប់គណបក្សរបស់គេវិញ។ តែបើសិនជាការចាកចេញនោះសុទ្ធតែធនធានមនុស្សដែលល្អៗចាកចេញនោះ វាចៀសមិនរួចពីការបាត់បង់នូវកម្លាំងគាំទ្រទេបាទ»។
គួររំឭកថា អំឡុងពេលលោក អៀ ចាន់ណា ធ្វើការជាមួយអតីតគណបក្សសង្គ្រោះជាតិ ក្រៅតែពីផ្តោតលើកិច្ចការនយោបាយ លោកក៏ធា្លប់ចូលរួមឃ្លាំមើលបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ជាពិសេសគឺកម្ពុជា និងវៀតណាម ដែលជាបញ្ហារសើបមួយក្នុងនយោបាយរបស់កម្ពុជារាប់ទសវត្សរ៍មកហើយ៕