ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ក្រោយ​ត្រឡប់​ពី​ប្រទេស​ន័រវែស


លោក អៀ ចាន់​ណា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ។ (រូបថត​ពី Facebook/Ir Channa)
លោក អៀ ចាន់​ណា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ។ (រូបថត​ពី Facebook/Ir Channa)

មន្រ្តី​ជាន់​ខ្ពស់​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់ គឺ​លោក អៀ ចាន់​ណា ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ ក្រោយ​ត្រឡប់​មក​ពី​ប្រទេស​ន័រ​វែស។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថាលោក អៀ ចាន់​ណា ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ តាម​ដីកា​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​ចេញ​កាល​ពី​ឆ្នាំ​២០២០ ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​«រួម​គំនិត​ក្បត់» និងបង្ក​ឲ្យ​មាន​អ​សន្តិសុខ​សង្គម។

លោក អៀ ចាន់ណា ដែល​ជា​សមាជិក​មួយ​រូប​នៃក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ធ្លាប់​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក បង្ហាញ​ការ​គាំទ្រ​ដល់​គណបក្ស​ភ្លើង​ទៀន ដែល​នឹង​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អាទិត្យ ទី​៥ ខែមិថុនា ខាង​មុខ​នេះ។

ប្អូន​ប្រុស​របស់​លោក អៀ ចាន់ណា ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​បង​ប្រុស​របស់​លោក​បាន​ត្រឡប់​ពី​ប្រទេស​ន័រវែស កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ប៉ុន្តែ​មិន​បាន​ដឹង​ថា​មាន​ដីកា​ចាប់​ខ្លួន​ឡើយ។ លោក​បន្ថែម​ថា​បង​ប្រុស​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ក្រោយ​អាជ្ញាធរ​ចាប់​ខ្លួន។

លោក​ចាត់​ទុក​ការ​ចាប់​ខ្លួន​បង​ប្រុស​របស់​លោក​នេះ ជា​រឿង​នយោបាយ ហើយ​ជា​រឿង​អយុត្តិធម៌​មួយ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​អត់​ដែល​ឃើញ​គាត់​ទៅ​ធ្វើ​អី​ឲ្យ​មាន​ទោស​កម្រិត​ធ្ងន់ធ្ងរ និយាយ​រួម ទោស​ឧក្រិដ្ឋ គាត់​អត់​បាន​ធ្វើ​អី​ផង»។

គួរ​បញ្ជាក់​ថា​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជាង​១០០​នាក់ រង​ការ​ចោទ​ប្រកាន់​របស់​តុលាការ ទាក់​ទង​នឹង​សំណុំ​រឿង​ក្បត់​ជាតិ និង​ញុះញង់៕

XS
SM
MD
LG