ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្តមណ្ឌលគិរី ឃុំខ្លួន​មន្រ្តីយោធា​និង​នគរបាល​ព្រំដែន​៩នាក់ ចោទពី​បទ​សមគំនិត​កាប់ឈើ​ទៅ​វៀតណាម


ជនសង្ស័យដែលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនពីបទចោទសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម។ (រូបថតពីទំព័រហ្វេសប៊ុក GRK News)
ជនសង្ស័យដែលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី បានឃាត់ខ្លួនពីបទចោទសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម។ (រូបថតពីទំព័រហ្វេសប៊ុក GRK News)

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន បាន​សម្រេច​ឃុំ​ខ្លួន​មន្រ្តី​យោធា និង​នគរបាលព្រំដែន​សរុប​ចំនួន​៩នាក់ ក្រោម​បទចោទ​សមគំនិតបើក​ដៃ​ឲ្យ​មាន​ការ​កាប់​ឈើ​នាំ​ទៅ​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាមដីកាឃុំ​ខ្លួន​របស់​ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌល​គិរី លោក ឈឺន មករា​ ​ដែល ​VOA ទទួល​បាន និង​មន្រ្តីពាក់ព័ន្ធ។

ការ​ឃុំខ្លួន​នេះ ធ្វើ​ឡើងក្រោយក្រុម​ការងាររបស់​គណៈកម្ម​ការ​ជាតិ ដើម្បី​ទប់​ស្កាត់ និង​បង្រ្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៃ​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស បាន​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ នៅ​តាម​បន្ទាត់​ព្រំដែន​(អូរហ៊ុច)​ ស្ថិត​ក្នុងភូមិ​អូរអាម​ ឃុំស្រែខ្ទុម ​ស្រុកកែវសីមា និង​បាន​កសាង​សំណុំរឿង​នេះ​ទៅ​តុលាការ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា។

បើ​តាមព័ត៌មាន​នោះ​ ពីដំបូង​ឡើយ កម្លាំង​ប្រតិ​បត្តិការ​បានឃាត់​ខ្លួនជន​សង្ស័យ​៤​នាក់«​ដែល​មានការ​សម​គំនិត​ ឃុប​ឃិត​គ្នាជាមួយ​ជនជាតិ​វៀតណាម» ដើម្បី​បើក​ផ្លូវ​ឲ្យ​ចូល​មក​កាប់​ឈើ​ក្នុង​តំបន់​អូរហ៊ុច ហើយដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។ កម្លាំង ​បាន​ដក​ហូត​វត្ថុតាង​ឈើ​មូល ប្រភេទ​ស្រឡៅ​និង​សុក្រម ​ចំនួន​២៥២​កំណាត់ គ្រឿង​ចក្រនិងត្រាក់​ទ័រ​២​គ្រឿង ម៉ូតូ​២​គ្រឿង និងរណារ​យន្ត​១​គ្រឿង។

ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (រូបថតពីទំព័រហ្វេសប៊ុក GRK News)
ក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានចុះស្រាវជ្រាវស៊ើបអង្កេត ករណីបទល្មើសព្រៃឈើបានកើតឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច) ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (រូបថតពីទំព័រហ្វេសប៊ុក GRK News)

បើ​តាម​កង​រាជ​អាវុធហត្ថ​ ជន​សង្ស័យ​ទាំង​៤​នាក់ ​រួមមាន​មេបញ្ជា​ការ​កង​អនុសេនា​ធំ​ការពារ​ព្រំដែន​លេខ​២ មេ​បញ្ជាការ​រង​កងអនុ​សេនាធំ ​ការពារ​ព្រំដែន​លេខ២ តំបន់អូរហ៊ុច មេ​បញ្ជាការ​កង​អនុសេនា​តូច​ការពារ​ព្រំដែន​លេខ២ ​ឈរ​ជើង​នៅ អូរហ៊ុច ​និង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​អូរហ៊ុច។

ប្រតិបត្តិ​ការ​ឃាត់​ខ្លួន​នេះ​ ​ត្រូវបាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ហើយ​តុលាការ​ ក៏​បាន​បន្ត​ការ​ស៊ើប​សង្កេត ​និង​ឃាត់​ខ្លួន​មនុស្ស​បន្ថែម​ទៀត។

លោក​ មាស ប្រុស​ អ្នកនាំពាក្យ​របស់​សាលា​ដំបូងខេត្តមណ្ឌលគិរី​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​បុរស​៩​នាក់​ ដែល​ជា​មន្រ្តី​យោធា ​និង​នគរបាល ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ខណៈ​ជនជាតិ​វៀត​ណាម​២នាក់ ​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេសវៀតណាម​វិញ។ លោក​បន្ថែម​ថា​នៅ​កន្លែង​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​ កម្លាំងចម្រុះបាន​ឃាត់​ខ្លួន​មនុស្ស​៤នាក់ និង​ក្រោយ​មក​ឃាត់​ខ្លួន​មនុស្ស​៥​នាក់​ទៀត ក្នុង​ពេល​បើក​ការ​ស៊ើប​អង្កេត។

អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្ត​មណ្ឌលគិរីរូប​នេះ​បានបញ្ជាក់​ថា​ តុលាការ​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​បន្ត​ទៀត។

បើ​តាម​ដីកា​ចំនួន​៩ ​ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ដូចគ្នា​ មន្រ្តី​យោធា​ និង​នគរបាល​ចំនួន​៨នាក់ ​រង​បទចោទចំនួន​៣​ដូចគ្នា ​រួម​មាន​រួម​គំនិតក្នុង​អំពើ​នាំ​ចេញ​ផល អនុ​ផល​ព្រៃឈើ​ដែល​គ្មាន​អាជ្ញាបណ្ណ ការ​អន្តរា​គមន៍ផ្តល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ​ឬ​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ តាម​ច្បាប់​ស្តីពី​ព្រៃឈើ ​ដែល​អាច​ផ្តន្ទា​ទោស​ពី​១​ឆ្នាំ​ទៅ​៥ឆ្នាំ។ មួយ​បទ​ចោទ​ទៀត​ទាក់​ទង​នឹង​ការ​ជួយ​សម្រួល​ឲ្យ​ជន​បរទេសចូល​មក​មក​កម្ពុជា​ ដោយ​លបលាក់ ​តាម​មាត្រា​២៩​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​។

អ្នកទាំង៨នោះ​មាន លោក លាង​ ភារ័ត្ន វរៈ​សេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៦២១ ​លោក​ ផន សុផល ជា​យោធា ​លោក​ វ៉ាន់ ចន្ធារី ​មន្រ្តី​យោធា ​លោក​ អ៊ុក ណាខៃ​ មន្រ្តី​យោធា ​លោក​ អ៊ាង ចាន់ឌី ​មន្រ្តីយោធា ​លោក ឡឹក ញែក មន្រ្តី​យោធា ​លោក​ ព្រំ វណ្ណៈ ​មន្រ្តី​នគរបាល​ និង​លោក ​ផាត សុខឡេង ​ជា​មន្រ្តី​នគរបាល។ ចំណែក​លោក ឌួង​ ចាន់​វីរៈ ជា​មន្រ្តី​យោធា ​ត្រូវបាន​ចោទ​ប្រកាន់​តែ​មួយ​បទ​ល្មើស​ប៉ុណ្ណោះ ​គឺ​រារាំង​ការ​អនុវត្តន៍​ច្បាប់ និង​មាន​ស្ថានទម្ងន់​ទោស​ តាម​ក្រម​ព្រហ្មទណ្ឌ ​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ពី​២ឆ្នាំ ​ទៅ​៥ឆ្នាំ​។ នេះ​បើតាម​ដីកា​របស់​តុលាការ។

អភិបាល​រង​ខេត្ត​មណ្ឌល​គិរី លោក​ ជាក់ ម៉េងហ៊ាង ​ថ្លែង​ថាមនុស្ស​៩នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ជា​អ្នក​ចូលរួម​កាប់​ឈើ​តាម​ព្រំដែន។

លោក​ប្រាប់ ​VOA ថា៖ «អញ្ចឹង​អ្នក​ដែល​ប្រព្រឹត្ត​ត្រូវតែ​មាន​ទោស»។

លោក​ សាន់ ម៉ាឡា មន្រ្តី​តស៊ូ​មតិ​នៃ​គម្រោង​ការ​ពារ​ព្រៃ​ឈើ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN) ថ្លែង​ថា ​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​បន្ថែម​ទៅ​លើ​អ្នក​ផ្សេង​ទៀត​ ដែលលោក​ថា បានបើក​ដៃ​ឲ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅតាម​ព្រំដែន ដើម្បី​ជា​ព្រមាន​ដល់​មន្រ្តី​ផ្សេង​ទៀត។ លោក​បន្ត​ថា ​អ្នក​ដែល​មាន​សមត្ថភាព​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ឈើ ​និង​ដឹក​ឈើ​ទៅ​ក្រៅ​ប្រទេស​ មិន​មែន​ជា​ប្រជាពលរដ្ឋ​សាមញ្ញនោះទេ​ គឺ​ពួកគេ​ជា​ឈ្មួញធំៗ​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ។

លោក​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ដូច្នេះ​ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​តុលាការ​ព្យាយាម​ស៊ើប​អង្កេត​បន្ថែម​ទៀត​រក​អ្នក​ដែល​ពាក់​ព័ន្ធ​។ មែន​ទែន​ទៅ មាន​មនុស្ស​ច្រើន​ណាស់​ដែល​បាន​ឃុបឃិត​គ្នា​កាប់​បំផ្លាញ​ព្រៃឈើ​យើង​ មិន​មែន​មាន​តែ​មន្រ្តី​យោធា​តែ​៩នាក់​ហ្នឹង​ទេ»។

លោក​ សាន់ ម៉ាឡា បន្ថែម​ថា ​ឈើ​របស់​កម្ពុជា​នៅ​តែ​ត្រូវបានបន្តនាំចេញ​ទៅ​ក្រៅ​ប្រទេស ដូច​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០២១​នេះ មាន​សេចក្តី​រាយការណ៍ពីរដ្ឋបាល​ក្រុងហុង​កុងថា​ មាន​ការ​នាំចូល​ឈើ​របស់​កម្ពុជា ​ប្រមាណ​២០០តោន​។

លោក​បន្ថែម​ថា៖ «យើង​ឃើញ​ថា​បទ​ល្មើស​នៃ​ការ​នាំចេញ​ឈើ​នេះ​នៅ​តែបន្ត​កើត​មាន​ ជាពិសេសតាម​រយៈ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ ជុំវិញ​តំបន់​ព្រៃឡង់»។

អ្នកនាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​និងជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ ​លោក​ អេង ហ៊ី ​ប្រាប់​ VOA ថា​គណៈ​កម្មការ​មាន«​ការ​ប្តេជ្ញាខ្ពស់»​ក្នុង​ការ​ទប់ស្កាត់​ និង​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​ ចាប់​តាំងពី​ឆ្នាំ​២០១៦ ​ដោយ​បាន​បង្រ្កាប​បទល្មើសឈើ​ទ្រង់ទ្រាយ​ធំៗ​ជា​ច្រើន។

លោក​បន្ថែម​ថា៖ «អ្វីដែល​ជា​ការ​លើក​ឡើង​របស់​គាត់ ​អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់។ តែ​បើ​សិន​ជា​មាន​បទ​ល្មើស​ក្នុង​ការ​នាំចេញ​ទៅ​ក្រៅប្រទេស ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​រក្សា​ទុក​នៅ​ក្នុង​ប្រទេស​ដែល​ខុស​ច្បាប់​ដែល​មិន​មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ​ពី​រដ្ឋបាល​ព្រៃឈើ គឺ​មាន​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​ហើយ»។

លោក ​បូរ៉េត កាំពី ​មន្រ្តី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី ប្រាប់​ VOA ​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​បន្ត​មានក្នុង​ខេត្ត​មណ្ឌល​គិរី​ ដោយ​មាន​ការ​នាំ​ឈើចេញ​ទៅប្រទេស​វៀតណាម។ លោក​បារម្ភ​អំពី«​ភាព​ហិនហោច​»ព្រៃឈើនៅ​ក្នុង​ខេត្តមួយ​នេះ​ ក្នុងពេល​អនាគត ខណៈ​ការកាប់​ដឹកឈើ​ដឹកតាម​ម៉ូតូ​ និង​រថយន្ត​ នា​ពេលយប់​ លក់​ឲ្យទៅ​ឈ្មួញវៀតណាម ក៏​បន្ត​កើត​មាន​ផង​ដែរ។

លោក​ថ្លែង​ថា៖ «វា​មិន​យូរ​ទេ វា​អាច​នឹង​រលាយ​ហិន​ហោ​ចឆាប់ៗ បើ​សិន​ជា​អត់​មាន​វិធាន​ការ​ទប់​ស្កាត់​ទាន់​ពេល​វេលា»។

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក កែវ អូម៉ាលីស្ស ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​នៅ​ឡើយ​ទេ។ VOA ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី​បាន​ដែរ។

លោក ​នេត្រ ភក្រ្តា ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​ថ្លែង​ថាការ​បង្រ្កាបជ​នល្មើស​ក្នុង​ខេត្តមណ្ឌលគិរី គឺជាការ​អនុវត្តន៍​ច្បាប់​ប្រឆាំង​បទល្មើស​ធនធាន​ធម្មជាតិ​ ដោយ​មិនលើ​កលែង​ចំពោះអ្នកប្រព្រឹត្ត​ល្មើស​ច្បាប់​ឡើយ។

លោក​ប្រាប់​ VOA ថា៖ «នេះជា​ការ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​ច្បាប់​ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​បរិស្ថាន​ និង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ឈរលើមូលដ្ឋាន​ច្បាប់​ ប្រកប​ដោយការ​ទទួល​ខុសត្រូវ​ និង​វិជ្ជាជីវៈ។ ជ​នល្មើស​ត្រូវ​ប្រឈម​មុខ​ច្បាប់»៕

XS
SM
MD
LG