ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​ជំរុញឲ្យ​អាជ្ញាធរ​រក​ឈ្មួញ​ដែលនាំ​ឈើ​ប្រភេទ​កម្រ​ចេញពី​កម្ពុជា​ទៅ​ហុងកុង


រូបថតដែលចេញផ្សាយដោយនាយកដ្ឋានគយរបស់រដ្ឋាភិបាលក្រុងហុងកុង បង្ហាញឲ្យឃើញកំណាត់ឈើដែលជិតផុតពូជនៅប្រទេសកម្ពុជា ដែលត្រូវបានរឹបអូសបាននៅក្នុងបវិវេណការិយា ល័យគយ Kwai Chung និងTsing Yi ក្នុងចន្លោះថ្ងៃទី២៩ ខែមេសា និងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។ (រូបថតនាយកដ្ឋានគយនិង​រដ្ឋាករ​ក្រុងហុងកុង)
រូបថតដែលចេញផ្សាយដោយនាយកដ្ឋានគយរបស់រដ្ឋាភិបាលក្រុងហុងកុង បង្ហាញឲ្យឃើញកំណាត់ឈើដែលជិតផុតពូជនៅប្រទេសកម្ពុជា ដែលត្រូវបានរឹបអូសបាននៅក្នុងបវិវេណការិយា ល័យគយ Kwai Chung និងTsing Yi ក្នុងចន្លោះថ្ងៃទី២៩ ខែមេសា និងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។ (រូបថតនាយកដ្ឋានគយនិង​រដ្ឋាករ​ក្រុងហុងកុង)

សកម្មជន​ការពារ​ព្រៃ​ឈើ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​និង​មន្ត្រី​ជំនាញ​បង្រ្កាប​បទ​លើ្មស​ព្រៃ​ឈើ ស្រាវជ្រាវ​រក​ក្រុម​ឬ​បុគ្គល ​ដែល​បើក​ផ្លូវ​ឲ្យ​ឈ្មួញ​នាំ​ប្រភេទ​ឈើ​កម្រ​ទៅ​កាន់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ក្រោយ​អាជ្ញាធរ​គយ​របស់​ទីក្រុង​ស្វយ័ត​មួយ​នេះ​ បាន​រឹបអូស​កំណាត់​ឈើ​ប្រភេទ​ជិត​ផុតពូជ​ជាង​ ២០០​ តោន​ កាល​ពី​សប្តាហ៍​មុន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​នៃ​រដ្ឋាភិបាល​របស់​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​ ​ឲ្យដឹង​ថា​ កំណាត់​ឈើ​ដែល​ជា​ប្រភេទ​ជិត​បាត់បង់​ចំនួន​ ២១១​ តោន​នោះ​ ត្រូវគេ​ប៉ាន់​ស្មាន​ថា​ មាន​តម្លៃ​ប្រមាណ ​១,១ លាន​ដុល្លារ​ហុងកុង ​ឬ​ស្មើនឹង​ ១៤ ​ម៉ឺន​ដុល្លារ​អាមេរិក។​

អ្នក​ការពារ​ព្រៃឈើ​លោក​ ហេង ​ស្រស់​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ក្រុមមន្ត្រី​ឬ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​មាន​ការ​ទទួល​ត្រូវ​រក្សា​ធនធាន​ព្រៃឈើ​កម្រ​របស់​កម្ពុជា ​កំពុង​ប្រកែក​គ្នា​យក​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ ​ក្រោយ​មាន​សេចក្តី​រាយ​ការណ៍​អំពី​វត្តមាន​ឈើ​កម្រ​នៅ​កម្ពុជា​ត្រូវ​បាន​រឹបអូស​នៅ​ទីក្រុង​ហុងកុង។​ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់ ​ដើម្បី​កំណត់​ច្រក​ដែល​ឈើ​ជាង​ ២០០​ តោន​នោះ ​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​ទីក្រុង​ហុងកុង។​

«យើង​ចង់​ទាមទារ​ឲ្យ​ក្រសួង​ទាំង​អស់​ហ្នឹង​ឲ្យ​ធ្វើ​យ៉ាងណា ធ្វើ​ការ​ឲ្យ​វា​តម្លាភាព​កុំ​ម្តង​ថា ​អីចេះ​ម្តង​ថា ​អីចុះ»។​

កំណាត់​ឈើ​ដែល​ត្រូវ​បាន​រឹបអូស​ដោយ​មន្ត្រីគយ​ហុងកុង​ស្ថិត​នៅ​ក្នុង​កុងទឺន័រ​ចំនួន​ ៧ ​ដែល​ត្រូវ​គេ​ទម្លាក់​នៅ​កន្លែង​ដាក់​ទំនិញ​ក្នុង​បវិវេណ​ការិយាល័យ​គយ​ Kwai Chung​ និង​ Tsing Yi​ ក្នុង​ចន្លោះ​ថ្ងៃទី ​២៩ ​ខែ​មេសា​និង​ថ្ងៃ​ទី ៥​ ខែ​ឧសភា​ ឆ្នាំ ២០២១ ហើយ​ត្រូវ​គេ​សង្ស័យ​ថា​ ជា​កំណាត់​ឈើ​ដែល​គេបាន​គ្រោង​ពេល​វេលា​ទុក​ជាមុន​ សម្រាប់​ការ​លក់ដូរ​នៅ​ពេល​ទៅ​ដល់​ទីក្រុង​ហុងកុង។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​នៃ​រដ្ឋាភិបាល​របស់​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង ​ចុះ​ថ្ងៃទី​ ៥ ខែ​ឧសភា។​

នាយកដ្ឋាន​គយ​ហុងកុង​ចាត់​ទុក​ថា​ ការ​រឹបអូស​បាន​កំណាត់​ឈើ​ដែល​ជា​ប្រភេទ​រុក្ខជាតិ​ជិត​ផុត​ពូជ​នាំ​ចេញ​ពី​កម្ពុជា​នោះ ​គឺជា​សកម្មភាព​រឹបអូស​ដ៏​ធំ​បំផុត​របស់​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​របស់​ទីក្រុង​ហុងកុង​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​កន្លង​មក​នេះ។​

សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា៖​ «តាម​រយៈ​ការ​ធ្វើ​វិភាគ​ស្ថានភាព​ហានិភ័យ​របស់​ទំនិញមន្ត្រីគយ​បាន​ជ្រើសរើស​កុងទឺន័រ​ចំនួន​ ៧ ​ដែលនាំ​ចេញ​ពី​កម្ពុជា​មក​កាន់​ទីក្រុង​ហុងកុង​ សម្រាប់​ការ​ត្រួត​ពិនិត្យ​ក្នុង​អំឡុង​ពេល​ដូច​លើក​ឡើង​ខាងលើ។ តាម​ការ​ពិនិត្យ កំណាត់​ឈើ​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​កុងទឺន័រ​ទាំង​ ៧​ នោះ»។​

នៅ​ក្រោម​ច្បាប់​ទី​ក្រុងហុង​ បុគ្គល​ណាមួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​កំហុស​ចំពោះ​ការ​នាំចូល​ឬ​នាំចេញ​ធនធាន​ធម្មជាតិ​ដែល​ប្រឈម​នឹង​ការ​បាត់​បង់​ ដោយ​មិន​មាន​ការ​អនុញ្ញាត​តាម​ច្បាប់​នោះ​ បុគ្គល​នោះ​នឹង​ទទួល​ពិន័យ​ជា​ប្រាក់ ​១០ លាន​ដុល្លារ​ហុងកុង ​ឬ​ស្មើនឹង​ ១,២ លាន​ដុល្លារ​អាមេរិក​ និង​ជាប់​ពន្ធនាគារ​ចំនួន​ ១០ ​ឆ្នាំ។​

នាយកដ្ឋាន​គយ​និង​រដ្ឋាករ​របស់​ទីក្រុង​ហុងកុង​មិន​បាន​បញ្ជាក់​ឈ្មោះ​ឈើ​ដែល​រឹបអូស​បាន​ទេ។ ​ប៉ុន្តែ​សកម្មជន​ការពារ​ព្រៃឈើ ​គឺ​លោក​ ហេង ស្រស់ ​បាន​ឲ្យ​ដឹង​ថា​ ឈើ​ដែល​កម្រ​ហើយ​ដែល​ភាគច្រើន​នាំចេញ​ពី​កម្ពុជា​ គឺ​ជា​ប្រភេទ​ឈើ​ធ្នង់​និង​សុក្រំ។​

សកម្មជន​ការពារ​បរិស្ថាន​រូបនោះ​ជឿ​ថា​ ឈើ​ដែល​បាន​នាំចេញ​ទៅ​ទីក្រុង​ហុងកុង​នោះ​ គឺ​អាច​ភាគច្រើន​ចេញ​ពី​តំបន់​ព្រៃការពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្រោម​ហេតុផល​ថា ​កម្ពុជា​មិន​មាន​តំបន់​ព្រៃឈើ​ជាក់លាក់​ដែល​បើក​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម​ សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

«នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ទៀត​សោត ​គឺ​មិន​ទាន់​មាន​តំបន់​ណាមួយ ​ដើម្បី​រក្សា​ទុក​ឲ្យ​ឧកញ៉ា ​ឬក៏​ក្រុម​ឧក្រិដ្ឋ​ជន​ទាំង​អស់​ហ្នឹង​ ដើម្បី​ធ្វើ​ការ​រក​ស៊ីដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ​ដើម្បី​យក​ទៅលក់​នៅ​ក្រៅ​ប្រទេស​ទេ ព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​តំបន់​អភិរក្ស​មាន​តែ​តំបន់​ការពារ​មាន​តែ​តំបន់​ឧទ្យាន​ជាតិ​អី​ជា​ដើម​នោះ»។​

លោក​ ហេង ​គឹមហុង ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​និង​តស៊ូ​មតិ​របស់​បណ្តាញ​យុវជន​កម្ពុជា ​ដែល​ឃ្លាំមើល​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា​ និយាយ​ថា ​បើ​មន្ត្រី​ជំនាញ​ខាង​បង្ក្រាប​ការ​ជួញដូរ​ឈើ​មាន​ឆន្ទៈ​រក​ជន​នៅ​ពី​ក្រោយ​ការ​នាំ​ឈើចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ នោះ​សាធារណជន​ទូទៅ​នឹង​បាន​ដឹង​ច្បាស់​ថា​ ឈើ​នោះ​ចេញ​ពី​ប្រភព​ណា​ ហើយ​នរណា​ជាអ្នក​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​នាំឈើ​ចេញពី​កម្ពុជា​ទៅដល់​ហុងកុង​ ឬ​ប្រទេស​ផ្សេង​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «ស្វែង​រក​អ្នក​ទទួល​ខុសត្រូវ​ជា​ពិសេស​អ្នក​ដែល​ស៊ុមគ្រលុំ​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​សន្ធឹក​សន្ធាប់ ​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​ និង​មាន​ការ​នាំ​ឈើ​ប្រណិត​ចេញ​ដោយ​ខុសច្បាប់​នេះ»។​

វីអូអេ​មិន​អាច​សុំការ​អធិប្បាយ​ពីលោក​ អេង ហ៊ី ​អ្នក​នាំពាក្យ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក ​នេត្រ ភក្ត្រា​ រដ្ឋ​លេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​បដិសេធ​ មិន​ផ្តល់​ការ​អធិប្បាយ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​វិញ។​

វីអូអេ​ក៏​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​លោក ​កែវ អូ​ម៉ាលីស្ស​ បាន​ដែរ​ នៅ​ថ្ងៃសុក្រ​នេះ។​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក ​វេង​ សាខុន​ មិន​ឆ្លើយ​សំណួរ​ដែល​បាន​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​ទេ។​ ទោះជាយ៉ាងណា​ក៏​ដោយ​ លោក​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់តាំង​ពីលោក​ដឹកនាំ​ក្រសួង​កសិកម្ម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​លោក​បាន​ហាម​ឃាត់​មិន​ឲ្យមាន​ការ​លក់​ដូរ​ ឬ​នាំចេញ​ប្រភេទ​ឈើប្រណិត​និង​កម្រ​របស់​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​ទេ។​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ក៏ធ្លាប់​បាន​ចេញ​បញ្ជា​ហាម​មិន​ឲ្យមាន​ការ​នាំឈើ​ប្រណិត​ចេញ​ពីកម្ពុជា ​ប៉ុន្តែ​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​នៅតែ​សង្កេត​ឃើញ​មាន​ការ​នាំចេញ​ទៅក្រៅ​ប្រទេស​ តាម​ច្រក​ព្រំដែន​មួយ​ចំនួន ​ដូច​ជា​ច្រក​ក្អមសំណ​នៃ​ខេត្តកណ្តាល​ ជាប់​នឹង​ប្រទេស​វៀតណាម។​

នាយកដ្ឋាន​គយ​និង​រដ្ឋាករ​របស់​ទីក្រុង​ហុងកុង​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ ដែល​ផ្ញើ​តាម​សារ​អុ៊ីមែល​នៅ​ថ្ងៃសុក្រ​នេះ​ទេ ​តែ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លួន​ថា​ ករណី​ [រឹបអូស​បាន​ឈើ​កម្រ​ពី​កម្ពុជា]​ នេះ​«ត្រូវ​បាន​ផ្ទេរ​ឲ្យ​ទៅ​នាយកដ្ឋាន​អភិរក្ស​កសិកម្ម​និង​នេសាទ​របស់​ទីក្រុង​ហុងកុង ​ដើម្បី​បន្តការស៊ើប​អង្កេត»៕

XS
SM
MD
LG