ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ កម្ពុជា​បាត់ប​ង់គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ


សកម្មភាពអាជីវកម្មឈើខ្នាតធំនៅកម្ពុជា។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)
សកម្មភាពអាជីវកម្មឈើខ្នាតធំនៅកម្ពុជា។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)

អង្គការ​គំនិតផ្តួចផ្តើម​សាកល​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដែល​មានអង្គការ​ចាត់​តាំង ​(Global Intiative Against Transnational Organized Crime) បាន​រក​ឃើញ​ការ​បាត់​បង់​គម្របដើម​ឈើ​ក្នុងទំហំ​ ៥៥៧.០០០ ​ហិកតា ​ដែល​ស្មើ​នឹង​ប្រមាណ​ ១១,៧%​ នៃ​តំបន់​ការ​ពារ​ធម្មជាតិ​របស់​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​ ២០០១ ​និង​ឆ្នាំ ២០១៨។

ក្នុង​របាយការណ៍​ ដែលមាន​ចំណង​ជើង​ថា​ «បទ​ល្មើស​ព្រៃឈើ​ក្នុងប្រទេសកម្ពុជា​៖ ក្រុម​មិន​គោរព​ច្បាប់​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់» ចេញផ្សាយ​កាល​ពី​សប្តាហ៍​មុន អង្គការ​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុ​ងហ្សឺ​ណែវ ប្រទេស​ស្វីស បាន​កត់​សម្គាល់ថា ​តំបន់​ការពារ​មួយចំនួន​ត្រូវបាន​បំផ្លិចបំផ្លាញ​ទៅដល់​កម្រិត​មួយ​ដែល​សឹង​តែ​លែង​មានព្រៃ​ទៅ​ហើយ​។ ការ​បាត់​បង់​នេះ​បាន​បង្កផល​ប៉ះពាល់​ដល់​ការអភិរក្ស​ធនធាន​ជីវៈ​ចម្រុះ​ និង​បង្កផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ដល់​ពលរដ្ឋ​ជាជនជាតិ​ដើម​ភាគតិច​ដែល​ពឹង​ផ្អែក​លើ​ព្រៃឈើ។

អង្គការ​នេះ​បាន​ដាក់​ការ​ស្តីបន្ទោស​ចំពោះការ​បាត់​បង់គម្រប​ឈើ​នេះ​ ទៅ​លើ​ការ​ផ្លាស់​ប្តូរ​តំបន់​ព្រៃទៅជា​ទី​តាំង​ផលិតកម្ម​នៃការ​ដាំដុះដំណាំ​ដែល​អាច​លក់បាន​។ ការ​ធ្វើយ៉ាង​ដូច្នេះ​ទៅបាន ​ដោយសារ​រដ្ឋាភិបាល​បាន​សម្រប​សម្រួល​តាមរយៈការ​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ (ELCs)​ ដីសម្បទាន​សង្គមកិច្ច​(SLCs)​។

​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​ គឺ​តាមរយៈគម្រោង​ស្តាធនធាន​ព្រៃ​ឈើ ដែល​ត្រូវបាន​ផ្តល់​ជូន​អ្នកវិនិយោគ​ក្នុងស្រុក​និង​បរទេស​ ក្នុង​គោលបំណង​នៃ​ការ​ «ការអភិវឌ្ឍ​ជាតិ​បង្កើតការងារក្នុង​តំបន់​ដាច់​ស្រយាល​និង​ស្តាដី​ដែល​ទុក​ចោល​មិនប្រើប្រាស់» ដោយប្តូរ​មកដាំ​ដំណាំដែល​អាច​ទាញ​បាន​ផល​ចំណេញ​មកវិញ។

របាយ​ការណ៍ជាភាសា​អង់គ្លេស​កម្រាស់​ ៥៦​ ទំព័រ​អធិប្បាយ​ថា៖ «ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដាំដំណាំបែបនេះ​បំផ្លាញ​អេកូឡូស៊ី​របស់​ព្រៃឈើ​ ព្រមទាំង​ប៉ះពាល់​ប្រជាពលរដ្ឋ​មូលដ្ឋាន។ ជាងនេះ​ទៀត ​អ្នកកាន់​កាប់​ដីសម្បទាន​ជាច្រើន​មិន​បាន​ព្យាយាម​អភិវឌ្ឍដី ​ដើម្បី​គោលដៅ​សេដ្ឋកិច្ច​យោងតាម​ការ​ព្រម​ព្រៀង​នៃ​ដីសម្បទាន​សេដ្ឋកិច្ច​ទេ ​ប៉ុន្តែ​គេគ្រាន់​តែ​កាប់​ឈើរួចទុក​ដីចោល»។

កាល​ពី​ឆ្នាំ​ ២០១២ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ជាតិ​និង​អន្តរ​ជាតិ​នានា ដោយសារ​មាន​បញ្ហា​ជម្លោះ​ដី​ធ្លី​កើត​ឡើង​ជា​បន្ត​បន្ទាប់។ រដ្ឋាភិបាល​ក៏​បាន​សម្រេច​បន្ថយ​រយៈ​ពេល​នៃ​ការ​កាន់កាប់​ដី​ពី​ ៩៩ ​ឆ្នាំ មក​ត្រឹម ​៥០ ​ឆ្នាំ​តែ​ប៉ុណ្ណោះ។

លោក​ អេង ហ៊ី​ អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​និងបង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាតិ​បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ ដោយ​បង្វែរ​សំណួ​រទៅ​ក្រសួងបរិស្ថាន។

«សួរ​ទៅខាង​ក្រសួង​បរិស្ថាន​ព្រោះ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ងារអា​ហ្នឹង ខ្ញុំ​វាយ​តម្លៃ​ព្រៃ​ឈើ​ម៉េច​កើត​។ គណៈ​កម្មការ​ជាតិជាអ្នក​ដែល​បង្ក្រាប​ព្រៃ​ឈើ​តើ! ដល់​វាយតម្លៃ​អត់មាន​ជាអ្នក​វាយ​តម្លៃ​ទេ»។​

រូបថតពីឆ្នាំ ២០១៨ និង ២០១៩ បង្ហាញឈើធំដែលត្រូវបានកាប់ កំពុងត្រូវបានដឹកជញ្ជូនតាមរថយន្តពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ទៅកាន់រោងចក្រអារឈើសុវណ្ណ។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)
រូបថតពីឆ្នាំ ២០១៨ និង ២០១៩ បង្ហាញឈើធំដែលត្រូវបានកាប់ កំពុងត្រូវបានដឹកជញ្ជូនតាមរថយន្តពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ទៅកាន់រោងចក្រអារឈើសុវណ្ណ។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍​ថា ​ក្រសួង​មិន​ផ្តល់​ការ​អធិប្បាយ​លើ​របាយការណ៍​របស់​អង្គការ​នេះទេ។

«យើង​អត់​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​របាយការណ៍​របស់​ភាគី​ទី​ ៣ ​ណាមួយ​ទេ​។ យើង​មិន​ធ្វើអត្ថា​ធិប្បាយ​ទេ​ ហើយ​សម្រាប់​ក្រសួង​បរិស្ថាន​ដែល​ទទួល​បន្ទុក​ទៅលើ​ការ​ការ​ពារ​ និង​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ​នៅប្រទេស​កម្ពុជា​ ដែល​គ្រប់​គ្រង​លើ​ផ្ទៃដី ​៧,៣​ លាន​ហិកតានេះ ​គឺយើង​បន្តធ្វើ​កិច្ច​ការ​ងារ​របស់​យើង​អនុវត្តនូវ​ផែនការ​យុទ្ធ​សាស្ត្រ​ សម្រាប់​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ដែល​យើង​មាន​ដើម្បី​ឲ្យ​គង់​វង្ស​សម្រាប់​មនុស្ស​ជំនាន់​ទៅ​មុខ​ទៀត»។

របាយ​ការណ៍​បាន​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​រក​ស៊ី​ឈើ​មួយ​ចំនួន ​រួមមាន​ក្រុមហ៊ុន Think Biotech Co. Ltd ក្រុម​ហ៊ុន​ Angkor Plywood ក្រុមហ៊ុន​ Sam Oeun Sovann Co. Ltd ក្រុមហ៊ុន ​PNT Co., Ltd. និង​ក្រុមហ៊ុន Thy Nga Development Co., Ltd។

បើតាម​របាយការណ៍​ក្រុម​ហ៊ុន​ Think Biotech Co. Ltd និង​ក្រុមហ៊ុន Angkor Plywood បានរួមគ្នា​ទាញ​យក​ធនធានព្រៃ​ឈើ​ពី​ព្រៃឡង់​ទាំងក្នុង និងក្រៅ​តំបន់​ដែល​ចាត់​ទុក​ជា​ទីតាំង​សម្បទានក្នុង​តំបន់​ព្រៃឡង់។ ក្រុម​ហ៊ុន​ Sam Oeun Sovann Co. Ltd បាន​កាប់​ឈើ​ចេញ​ពីតំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​និង​ព្រៃព្រះរការ។

ក្រុមហ៊ុន ​PNT Co., Ltd. និង​ក្រុមហ៊ុន Thy Nga Development Co., Ltd ដែល​ដើមឡើយ​កាន់​កាប់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ចំនួន​ ២ ទីតាំង​ជិតតំបន់​ព្រៃឡង់ បាន​ពាក់​ព័ន្ធការ​កាប់ឈើក្នុង​កន្លែង​ហាម​ឃាត់​នៃ​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់​។

ក្រុម​ហ៊ុន Think Biotech Co. Ltd ក្រុម​ហ៊ុន​ Angkor Plywood បាន​ធ្វើ​សកម្មភាព​ស្រដៀងនេះគិត​ចាប់​តាំង​ពីពាក់កណ្តាល​ឆ្នាំ​ ២០១៨។ ដំណាលគ្នា​នោះ​ ក្រុម​ហ៊ុន ​Angkor Plywood បាន​នាំ​ចេញ​មួយផ្នែក​នៃឈើដែល​ច្នៃ ដោយ​ក្រុម​ហ៊ុន​ Think Biotech ​ទៅកាន់​ប្រទេស​ចិន​តាម​កំពង់​ផែ​ភ្នំពេញ។ នេះ​បើតាម​របាយការណ៍។

ក្រុម​អ្នក​ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើនៃ​អង្គការ​គំនិតផ្តួចផ្តើម​សាកល​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​តំបន់​កាប់​ឈើ​សកម្ម​ចំនួន ​៥៤ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ហើយផ្លូវ​តែងតែ​កកស្ទះ​ជាមួយ​រថយន្តធំ​ៗ​ ដែល​គេស្គាល់​ថា​ «អារ៉េវ» ​ដែល​បាន​ដឹក​ឈើទៅ​កន្លែង​អារឈើ​ តាម​បណ្តញ​ផ្លូវ​លំ​ថ្មីៗ​ជាច្រើន។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​នេះ​ឲ្យ​ដឹងទៀតថា​ នៅចន្លោះ​ឆ្នាំ​ ២០១៣ ​និង​ដំណាច់​ឆ្នាំ​ ២០១៩ ​ក្រុម​ហ៊ុន​ Think​Biotech Co. Ltd. ត្រូវបាន​គេប៉ាន់​ស្មាន​ថា ​អាច​រក​បាន​ចំណូល​ចំនួន​ ៤០៦ ​លាន​ដុល្លារ​អាមេរិក​ចំណែក​ក្រុមហ៊ុន Sam Oeun Sovann Co. Ltd. ដែល​ហៅកាត់​ថា សុវណ្ណ (Sovan)​ រកបាន​ចំណូល​ពីឈើ​ក្នុងចំនួន​សរុប​ ៣៩ ​លាន​ដុល្លារ។

ក្រុមហ៊ុន​ PNT Co., Ltd. និង​ក្រុមហ៊ុន Thy Nga Development Co., Ltd. ដែល​គ្រប់គ្រង​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​គ្រប់ដណ្តប់​លើ​ផ្ទៃ​ដី ១៦.០០០ ​ហិកតា​នោះ​ បានប្រមូល​ឈើ​ក្នុងតំបន់​សម្បទាន​ទាំង​នេះ​ និង​រក​បាន​ចំណូល​បាន​យ៉ាងហោច​ណាស់ ​៨០០​ លាន​ដុល្លារ ​ពី​ដំណើរកា​របស់​ពួកគេ ​ដែល​ក្រោយ​មក​ផ្ទេរ​ទៅឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ​Macle Logistic Co. Ltd.។ ក្រុម​ហ៊ុន​ថ្មីនេះ​ត្រូវគេជឿថា​ បាន​ប្រមូល​ដើម​ឈើ​ក្នុងតំបន់​ព្រំប្រទល់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់។

របាយការណ៍​បញ្ជាក់​ថា៖ «ការកាប់ឈើ​បាន​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​ ២០២០​ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​រឹត​ត្បិត​លទ្ធភាព​នៃអង្គការ​ក្រៅរដ្ឋាភិបាល​ ដើម្បីឃ្លាំមើល​សកម្មភាព​កាប់ប្រមូល​និង​កែច្នៃ​ដើម​ឈើធំ​ៗ​ក្នុងព្រៃ​ឡង់ ​និងម្យ៉ាងទៀត​ គឺដោយ​សារ​តែ​មេរោគ​ឆ្លងរាត​ត្បាត​កូរ៉ូណា»។

របាយ​ការណ៍​បន្ថែមថា ​ក្រសួងបរិស្ថានបាន​ហាម​អ្នកល្បាត​ព្រៃក្នុង​មូលដ្ឋាន​មិន​ឲ្យ​ចូល​ក្នុង​ព្រៃ​ចាប់​តាំង​ពីខែ​កុម្ភៈ ឆ្នាំ​ ២០២០។ ការណ៍​នេះមិន​បាន​បង្អើល​ក្រុមអ្នកកាប់ឈើ​ខុស​ច្បាប់​ទេ​ ព្រោះពួក​គេ​មិន​ខ្វល់​ជាមួយ​នឹង​បទ​បញ្ជាផ្សេង​ៗរបស់​រដ្ឋា​ភិបាល​ ហើយ​ពួកគេ​ក៏មិននៅស្ងៀម​តែក្នុងផ្ទះ​ដែរ គឺពួក​គេ​អាច​ធ្វើ​សកម្មភាព​ដោយមិន​មាននរណា​ម្នាក់​មករំខាន។

សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ក្នុងអំឡុងឆ្នាំ ២០១៩។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)
សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ក្នុងអំឡុងឆ្នាំ ២០១៩។ (រូបដកស្រង់ពីរបាយការណ៍ Global Initiative)

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន ដែល​ត្រូវបាន​កត់​ត្រា​ក្នុង​របាយការណ៍​របស់អង្គការនេះ​ទេ។

មុន​ការ​ចេញ​របាយការណ៍​នេះ បណ្តាញ​យុវជន​កម្ពុជា ​(CYN)​ បាន​រកឃើញថា​ មានការ​ការកើត​ឡើង​បទល្មើស​កាប់​បំផ្លាញ​ឈើ​ចំនួន​ ១០០ ករណី​ ព្រម​ទាំង​ការ​លួច​ដុត​និង​ការកាប់​ឆ្ការព្រៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា​ ចាប់​តាំង​ពីមានការ​រារាំង​មិន​ឲ្យសហគមន៍​មូលដ្ឋាន ​អង្គការ​សមាគម​ និង​អ្នកការពារ​ព្រៃឈើ​ចូលរួម​ល្បាត​នៅក្នុងដែន​ជម្រកនេះមក។

បណ្តាញ​យុវជន​នេះ​បា​ន​អង្កេត​ក្នុងចន្លោះពីថ្ងៃទី​ ១៩ ដល់​ថ្ងៃទី ​២១ ខែមីនា​ ឆ្នាំ​ ២០២១ នៅក្នុងស្រុក​ចំនួន​ ៣​ នៃ​ខេត្តព្រះវិហារ ​គឺស្រុក​ជាំក្សាន្ត​ ស្រុក​ត្បែង​មាន​ជ័យ​ និងស្រុក​ឆែប។

លោក ហេង គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែកស្រាវជ្រាវ​និង​តស៊ូមតិរបស់​បណ្តាញ​យុវជន​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រសួង​បរិស្ថាន​ត្រូវបើក​ច្រក​ឲ្យក្រុម​អ្នក​ស្រឡាញ់បរិស្ថានបាន​ចូល​ទៅ​ល្បាត​ព្រៃក្នុង​តំបន់​ព្រៃ​បាន។

«ក្នុងនាម​យើង​ខ្ញុំ​ជា​អ្នកស្រឡាញ់​បរិស្ថាន​ ជា​សមាគម​ ជា​ប្រជាពលរដ្ឋ​ ជា​សាធារណជនហ្នឹង ​យើង​ទទូចឲ្យ​រដ្ឋាភិបាល​ជា​ពិសេស​ក្រសួង​បរិស្ថានហ្នឹង គួរ​តែ​គាត់​ទទួល​យក​រាល់​របាយ​ការណ៍​ និង​ការ​រក​ឃើញ​ទាំង​អស់​របស់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ហ្នឹង​ទៅ​ធ្វើការ​ផ្ទៀង​ផ្ទាត់​ជាមុន​សិន​ មុន​នឹង​បដិ​សេធ​ដោយ​មិ​ន​បាន​ផ្ទៀង​ផ្ទាត់»។​

ក្នុង​ពេល​ធ្វើ​របាយ​ការណ៍​ស្តី​ពី​បទ​ល្មើស​ព្រៃឈើ ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​គំនិតផ្តួចផ្តើម​សាកល​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ដែល​មាន​អង្គការ​ចាត់តាំង​បាន​ចុះទៅ​ឃ្លាំ​មើល​ដោយ​ផ្ទាល់​ នៅ​ទី​កន្លែង​ដែល​មាន​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​ក្រុមហ៊ុន​ឈើ។

បើ​តាម​របាយការណ៍ ​ក្រុម​អ្នកស៊ើប​អង្កេត​បាន​ទៅ​ស្នាក់​នៅក្នុង​ព្រៃជា​ច្រើន​សប្តាហ៍​ក្នុងចន្លោះ​ឆ្នាំ​ ២០១៨ ​និង​ ២០២០។ ក្រុម​អ្នក​ស៊ើប​អង្កេត​បានប្រើប្រាស់​ចារកម្ម​ក្នុង​ស្រុក ​និង​ជជែក​ជាមួយ​អ្នកកាប់​ឈើ​ក្នុងមូលដ្ឋាន​ ដើម្បី​កំណត់​ទីតាំង​សង្ស័យ​ដែលមាន​ប្រតិបត្តិការ​កាប់​ឈើ​ទ្រង់​ទ្រាយ​ធំ និង​ឲ្យដឹង​ថា ​ទីតាំង​ទាំ​ង​អស់​នោះ​ស្រប​ច្បាប់​ឬយ៉ាង​ណា។

រូបភាព​ផ្តាយរណប​ក៏ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បញ្ជាក់​អំពីការ​បាត់បង់​ព្រៃ​។ ប្រព័ន្ធ​ GPS ត្រូវបាន​បង្កប់​នៅ​ទីតាំង​ដែល​ប្រមូល​ឈើ​ដើម្បីកត់ត្រា​ការកាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ និង​ព្រៃ​ព្រះ​រកា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG