ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​លើក​លែង​ការ​ចោទ​ប្រកាន់​លោក​ មឿន តុលា​ក្នុង​សំណុំ​រឿង​បច្ច័យ​បុណ្យ​សព​លោក​ កែម ឡី


រូបឯកសារ៖ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)
រូបឯកសារ៖ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)

ស្រប​ពេល​ដែល​ក្រុម​មន្ត្រី​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​បញ្ចប់​បេសកកម្ម​​​ស្វែង​យល់​ការណ៍​ពិត​ពី​ដំណើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នោះ​​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ចេញ​ដីកា​លើកលែង​បទ​ចោទ​ប្រកាន់​លើ​លោក​ មឿន តុលា​ មេដឹកនាំ​អង្គការដែលធ្វើការ​ក្នុង​វិស័យ​ការងារ​ ​ពាក់​ព័ន្ធ​នឹង​បច្ច័យ​បុណ្យសព​លោក​ កែម ឡី​ ដែល​ត្រូវ​បាន​គេបាញ់​​ស្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​លែងការ​ចោទ​ប្រកាន់​លោក ​មឿន​ តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​សង់ត្រាល់​ ​ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត​ ​ក្នុង​តួនាទី​លោកជា​អតីត​សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក ​កែម ឡី​ ដែលជា​អ្នក​វិភាគ​នយោបាយ។​ ​នេះ​បើ​យោងតាម​ដីកា​លើក​លែង​ការ​ចោទ​ប្រកាន់​ដែល​ ​VOA​ ​បាន​ទទួល​និង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អង្គការ​សង់​ត្រាល់។

ដីកា​លើក​លែង​បទចោទ​នេះ​កើត​មាន​ឡើង​ នៅ​ក្រោយ​ពេល​លោក​ មឿន តុលា​បានចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​មិថុនា​ ​អំពី​ទំនាក់​ទំនង​របស់​លោក​ជា​មួយ​លោក​ ប៉ា ងួនទៀង​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM) ​និង​ព្រះ​តេជ​ព្រះ​គុណ​ ប៊ុត ប៊ុនតិញ​ ​ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ។​ ការ​បំភ្លឺ​នោះ​ពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់​អ្នក​នយោបាយ​មួយរូប​ ដែល​បាន​ប្តឹង​ថា​ លោក​ មឿន តុលា ​និង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់​ផ្សេង​ទៀតបាន​ធ្វើ​ឲ្យ​បាត់​បច្ច័យ​បុណ្យ​សព​លោក​ កែម​ ឡី។​

ដីកា​លើកលែង​ការ​ចោទ​ប្រកាន់​របស់​លោក​ អ៊ី ឋាវរៈ​ ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ពី​ដំណើរ​រឿង​នៃ​ការ​ប្តឹង​ផ្តល់​របស់​លោក​ ពេជ្រ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ដែល​ចោទ​ថា​ ​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក​ កែម ឡី ​បាន​ធ្វើ​ឲ្យបាត់​បច្ច័យ​បុណ្យ​ចំនួន​ប្រហែល​៣០​ម៉ឺន​ដុល្លារ។ ​បច្ច័យ​បុណ្យ​នេះ​គឺ​បាន​មក​ទាំងពី​ក្នុង​ស្រុកនិង​ក្រៅ​ប្រទេស។​ ​លោក​ចៅក្រម​ អ៊ី ឋាវរៈ​ បាន​លើក​ឡើង​ពី​សំអាង​ហេតុក្នុង​ដីកា​លើក​លែង​បទ​ចោទ​ប្រកាន់​របស់លោក​ ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ចម្លើយ​ដែល​មាន​ភាព​ស៊ី​សង្វាក់​គ្នា​រវាង​លោក ​មឿន តុលា​ ​និង​លោក ​កែម រិទិ្ធ​សិត​ ​ដែល​បាន​ឆ្លើយ​ថា៖​

«ផ្អែក​តាម​លិខិត​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ ​ចុះ​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៦​ ឃើញ​ថា​ ព្រះតេជ​គុណ​ ប៊ុត ប៊ុនតិញ​ លោក​ ប៉ា ងួន​ទៀត​ និង​លោក មឿន តុលា​ ជា​គណៈកម្មការ​ក្នុង​ការ​រៀបចំ​បុណ្យ​១០០​ថ្ងៃ​ ​ប៉ុន្តែ​ពេល​បុណ្យ​ នៅ​ខេត្តតាកែវ​ ខ្លួន​បាន​ឃើញ​តែ​ពីរ​នាក់​ទេ​ គឺ​ព្រះ​តេជគុណ​ ប៊ុត ប៊ុនតិញ​ ​និង​លោក​ប៉ា ងួនទៀង​ ចំណែក​លោក ​មឿន តុលា​ ខ្លួន​អត់​បាន​ឃើញ​ទេ​ គឺ​អាច​ឲ្យតុលាការ​ជឿ​បាន​ថា​ ជនត្រូវ​ចោទ​ឈ្មោះ​ មឿន តុលា​ ពិត​ជា​មិន​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​ទំនុក​ចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៦​ ប្រាកដ​មែន»។​

ជាសេចក្តី​សន្និដ្ឋាន​ ​ដីកា​លើកលែង​ការ​ចោទ​ប្រកាន់​របស់​លោក ​អ៊ី ឋាវរៈ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ហេតុ​ដូច្នេះ​សម្រេច ​លើក​លែង​ចោទ​ប្រកាន់​លើ​ឈ្មោះ​ មឿន តុលា​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត​ប្រព្រឹត្ត​នៅ ​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​ ២០១៦​ តាម​បញ្ញត្តិ​មាត្រា​៣៩១​ និង​មាត្រា​៣៩២​នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។​

នៅ​មុន​ពេល​មាន​ការ​លើក​លែង​ការចោទ​ប្រកាន់​លើ​លោក ​មឿន តុលា​នេះ​ មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ជាង​៣០​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក ​មឿន តុលា​ និងអតីត​គណៈ​កម្មាការ​រៀបចំ​បុណ្យ​សព​លោក ​កែម ឡី​ ពីរ​រូប​ទៀត​ ដោយ​ក្រុម​អង្គការ​ទាំង​នោះលើក​ឡើង​ថា​ ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិលនិង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ចំណែក​ក្រុម​ហ៊ុន​សមាគម​ឧស្សាហ​កម្ម​កាត់​ដេរ​សម្លៀកបំពាក់​ស្បែក​ជើង​ ​និង​សមាគម​ផ្សេង​ទៀត​របស់​សហ​រដ្ឋ​អាមេរិក​និង​អង់គ្លេស​ ​ព្រម​ទាំង​សហភាព​អឺរ៉ុប​បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ចាត់​វិធាន​ការ​កែ​ទម្រង់​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម។​

លោក​ ឃុន ថារ៉ូ​ ដែល​ជា​សហការី​របស់​លោក​ ​មឿន តុលា​ និង​ជា​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​អង្គការ​សង់​ត្រាល់ ​បានប្រាប់​ ​VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​នេះ​នឹង​បើក​ផ្លូវ​ឲ្យលោក​ មឿន តុលា​ អាច​បំពេញ​ការងារ​ ដោយមិន​មាន​ការ​យាយី​ខាង​ច្បាប់។​

«យើង​ស្វាគមន៍​ទៅនឹង​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ ពីព្រោះ​ថា​ វាអាចធ្វើ​ឲ្យគាត់​ ​បន្ត​នៅក្នុង​ការ​អនុវត្តនូវ​ផែនការ​ការងារ​ និង​ទស្សន​វិស័យ​របស់​ស្ថាប័ន​ របស់​អង្គការ​សង់ត្រាល់​ទៅ​បន្ត​ទៀត»។​

មន្ត្រី​ខាង​ការងាររូប​នេះ​ថ្លែង​បន្ថែម​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​នេះបាន​ធ្វើ​ឡើងក្នុង​ពេល​មាន​ការ​ធ្វើ​បេសក​កម្ម​របស់​ក្រុម​មន្ត្រី​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​ ដែល​កំពុងស្វែង​រក​ការណ៍​ពិតទាក់ទិន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​ក្រោម​ក្របខណ្ឌ​ «អ្វីៗ​ទាំង​អស់​វៀរ​លែង​តែ​អាវុធ»​ ឬ​ Everything But Arms​ ហៅកាត់​ថា​ EBA។ ​ក្របខណ្ឌ​ EBA ​នេះ​គឺ​ជាគម្រោង​ ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា​ ដែល​នាំចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប។​

លោក​ ​ឃុន ថារ៉ូ​ ​បន្ថែម​ថា ​សាលាដំបូង​រាជធានី​ភ្នំពេញ​គួរ​ពិចារណា​ទម្លាក់​ចោល​បទចោទ​ប្រឆាំង​នឹង​បុគ្គល​ពីរ​នាក់​ទៀត​ ក្នុង​សំណុំ​រឿង​ដដែល​នេះ​ ដោយ​ពួក​គេក៏​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ដែរ ​ក្នុង​ការ​ចាត់​ចែង​ពិធី​បុណ្យ​សព​លោក​កែម ឡី​នោះ។​

យ៉ាងណាក្តី ​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​តាម​សារ​ឆ្លើយ​ឆ្លង​ទូរស័ព្ទ​ចល័ត​ថា ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​លើក​លែង​ចោទ​ប្រកាន់​លើ​លោក​មឿន តុលា​ ហើយ​បំបែក​សំណុំ​រឿង​ដើម្បី​ស៊ើបសួរបន្ត​លើ​ជន​ត្រូវ​ចោទ​ដទៃ​ទៀត។​

លោក​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​ «ការ​សម្រេច​នេះ​ជា​សិទ្ធិ​អំណាច​ និង​ឯករាជ្យ​ភាព​របស់​តុលាការ​ ក្រោយពី​បាន​ស៊ើបសួរ​យ៉ាង​ត្រឹមត្រូវ​ តាម​នីតិវិធី​ទៅ​លើ​បុគ្គល​ពាក់​ព័ន្ធ​ និង​ការ​ពិនិត្យ​លើ​ភស្តុតាង​នានា​នៅក្នុង​សំណុំ​រឿង»។​

រឿង​ក្តី​របស់​លោក​ ​មឿន តុលា​ ​ក៏​ទទួល​បាន​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ ដែល​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ពី​ចេតនា​ចង់​បញ្ចប់​រឿង​លោក ​មឿន តុលា​តាម​នីតិ​វិធី​របស់​តុលាការ។​ ​ក្រសួងការ​ងារ​អះអាង​ថា​ ការ​ធ្វើ​ដូច​នេះនឹង​ធានា​បានសិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ​មឿន តុលា ​មាន​ប្រសាសន៍​ថា នេះ​ជា​យុត្តិធម៌​មួយ​សម្រាប់​រូប​លោក​ នៅពេល​ដែល​តុលាការ​សម្រេច​ទម្លាក់​បទចោទ​ប្រកាន់​នេះ​ ហើយ​ថា​ លោក​ក៏មាន​ក្តី​រីករាយ​នឹងសេចក្តី​សម្រេច​របស់​តុលាការ​យ៉ាង​ដូច្នេះ​ផង​ដែរ។​

លោក​បាន​បន្ថែម​ថា​ លោក​នឹង​មិន​ធ្វើ​ការ​តប​ត​ណាមួយ​ជាមួយ​នឹង​បណ្តឹងរបស់​លោក ​ពេជ្រ ស្រស់​ នោះ​ឡើយ​ ដោយ​លោក​មិន​ចង់​ឃើញ​ការ​បែកបាក់​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ។​

«ទោះយ៉ាងណាក៏​ដោយ​ ទោះបី​យើង​មាន​និន្នាការ​ខុស​គ្នា​ លោក​ ពេជ្រ​ ស្រស់​គាត់​មាន​ និន្នាការ​នយោបាយ​ខាង​ណា​ ខាងណី​ គាត់​ជា​មេគណបក្ស​អី​ក៏​ដោយ​ ក៏ប៉ុន្តែ​ទី​បំផុត​ យើង​នៅ​តែ​ខ្មែរ​ដូច​គ្នា។ ​ហើយ​ខ្ញុំគិតថា​ ធ្វើជា​គំរូ​មួយ​សម្រាប់សង្គម​ខ្មែរ​ ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ ឲ្យ​ចេះ​រួបរួម​សាមគ្គី​គ្នា​ ដើម្បី​ជាតិ​យើង។​ កុំ​គិត​តែពី​ឈ្លោះ​គ្នា។​ យើង​អត់​ អត់​ចប់​ទេ​ ហើយ​ប្រទេស​ជិត​ខាង​គេ​រីកចម្រើន​ តាំងពី​ក្រោម​យើង​រហូតដល់​ហួស​យើង​ ហើយ​យើង​នៅតែ​ឈ្លោះ​គ្នា​អីចឹង។​ ថ្ងៃណាបាន​យើង​ចប់​ឈ្លោះគ្នា​ ហើយ​យើង​ចាប់​ដៃគ្នា​កសាង​ប្រទេស?»​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សលីកាដូ​ ​ដែលឃ្លាំ​មើល​រឿង​ក្តី​របស់​លោក ​មឿន តុលា បាន​ថ្លែង​កាល​ពីពេល​កន្លង​មក​ថា​ ​សម្ពាធពី​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​របស់​កម្ពុជា​ក៏អាច​រួម​ចំណែក​ធ្វើ​ឲ្យ​រឿង​ក្តី​ប្រធាន​អង្គការ​ធ្វើការ​ក្នុងការ​លើក​ស្ទួយ​សិទ្ធិ​កម្មករ​នេះ អស់​ភាព​ស្មុគស្មាញ​ និង​អាច​រក​ដំ​ណោះ​ស្រាយ​បាន​ឆាប់​ផង​ដែរ៕

XS
SM
MD
LG