ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​យល់​ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​រឿង​ក្តី​លោក​ ​មឿន តុលា


លោក​មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ ស្ថិត​ក្នុង​សាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨។​ (ហ៊ុល រស្មី/VOA)
លោក​មឿន តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ ស្ថិត​ក្នុង​សាលាដំបូងរាជធានីភ្នំពេញ​ កាលពីថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨។​ (ហ៊ុល រស្មី/VOA)

ក្រោយ​ក្រសួង​ការងារ​បាន​បង្ហាញ​កាយ​វិការ​ជួយ​លោក​ ​មឿន តុលា ​ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​ដែល​ថា​ ​សកម្មជន​ខាង​វិស័យ​ការងារ​រូប​នេះ​បាន​គៃបំបាត់​យក​បច្ច័យ​បុណ្យសព​អ្នក​វិភាគ​នយោបាយ​លោក​ ​កែម ឡី​ ​នោះ ​លោក​ ​មឿន តុលា​ ​បាន​ចូល​ខ្លួន​ម្តង​ទៀត​ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នៅ​មុខ​ចៅក្រម​ស៊ើបសួរ។​ ​ក្រោយ​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ចៅក្រម​មិន​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ​មឿន តុលា​ ​នោះទេ។​ ​ក្រុម​សកម្មជន​ផ្តល់​ទស្សនៈ​ផ្សេងៗ​គ្នា​ចំពោះ​រឿង​ក្តី​លោក​ ​មឿន តុលា​ ​ដែល​ពួកគេ​នៅ​ជឿជាក់​ថា​ ​មិនបាន​ប្រព្រឹត្ត​បទ​ល្មើស​​ដូចការ​ចោទ​ប្រកាន់​នោះ​ឡើយ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា សង់ត្រាល់​ ​និង​ជា​អតីត​សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត​ ​កែម ឡី​ អ្នក​វិភាគ​នយោបាយ​នោះ បាន​ចូល​ទៅបំភ្លឺ​នៅមុខ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចំពោះ​បទ​ចោទ​ដែល​ថា លោក​បាន​កិបកេង​លុយ​បច្ច័យ​បុណ្យ​សព​លោក​ ​កែម ឡី​ ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៦។​

បន្ទាប់​ពីលោក​ត្រូវ​បាន​សាកសួរ​ដោយ​លោក អ៊ី ឋាវរៈ ចៅក្រម​ស៊ើបសួរ​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង​ លោក​ មឿន តុលា​ បាន​ចាក​ចេញ​ពី​តុលាការ​ ដោយ​សុំ​មិន​ផ្តល់​ការ​អធិប្បាយ​ទៅលើ​រឿង​ក្តី​របស់​លោក។​

ប៉ុន្តែ​លោក ​ឃុន​ ថារ៉ូ ដែល​ជា​សហការី​របស់​លោក​ ​មឿន តុលា​ និង​ជា​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​អង្គការ​សង់​ត្រាល់​ បាន​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ថា​ ​ចៅក្រម​បាន​បន្ត​សួរ​សំណួរ​ស្រដៀង​គ្នា​នឹង​ដំណាក់​កាល​សាកសួរ​របស់​តំណាង​អយ្យការ​ ដែល​បាន​សួរ​លោក​អំពី​ទំនាក់​ទំនង​របស់​លោក​ជា​មួយ​លោក​ ប៉ា ងួនទៀង​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM) ​និង​ព្រះ​តេជ​ព្រះ​គុណ​ ប៊ុត ប៊ុនតិញ​ ​ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ​ ពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់​អ្នក​នយោបាយ​មួយរូប​ ដែល​បាន​ប្តឹង​លោក​ មឿន តុលា ​និង​អ្នក​ពាក់ព័ន្ធ​ពីរ​នាក់​ផ្សេង​ទៀត​នោះ​ថា បាន​ធ្វើ​ឲ្យបាត់​បច្ច័យ​បុណ្យ​សព​លោក​ កែម​ ឡី នោះ។​

ដោយ​ហេតុចៅ​ក្រម​ស៊ើប​សួរ​បាន​អនុញ្ញាត​ឲ្យ​លោក​ ​មឿន តុលា​ បន្ត​មាន​សេរីភាព​ បន្ទាប់​ពី​ការ​សាក​សួរ​នោះ​ លោក​ ឃុន​ ថារ៉ូ​ ​យល់ថា​ មាន​សញ្ញាណ​វិជ្ជមាន​ច្រើន​សម្រាប់​លោក​ មឿន តុលា ​ដើម្បី​បាន​រួចផុត​ពី​ការ​ចោទ​ប្រកាន់​ដែល​ផ្តើម​ចេញ​ពី​បណ្តឹង​របស់​ប្រធាន​គណបក្ស​នយោបាយ​ថ្មីថ្មោង​មួយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ជា​លក្ខណៈ​វិជ្ជមាន​ យើង​ឃើញ​ថា​ គាត់​បាន​អនុញ្ញាត​ឲ្យ​ចេញ​មក​ក្រៅ​តុលាការ​ហ្នឹង​ ពី​បន្ទប់​តុលាការ​ហ្នឹង ​ហើយ​វា​ជា​សញ្ញា​មួយ​ល្អ​ដែរ​ ដែល​ចៅក្រម​ស៊ើប​ហ្នឹង​ លោក​អាច​មាន​ដំណោះ​ស្រាយ​មួយ​នៅក្នុង​ការ​ធ្វើ​សេចក្តី​បញ្ចប់​នៅក្នុង​ដីកា​ដំណោះ​ស្រាយ​ណា​មួយ។​ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ យើង​អត់​ទាន់​មាន​ការ​ធានា​ថា​ លោក​ តុលា​ ហ្នឹង​ គាត់​ត្រូវ​បាន​ ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ ឬក៏​ទម្លាក់​ចោល​ករណី​របស់​គាត់​នៅ​ឡើយ​ទេ»។​

កាលពី​ថ្ងៃ​ទី២២​ ​ខែ​កញ្ញា​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺ​លោក​ ​គុជ ឡេង​ ​បាន​ចេញ​ដីកា​កោះ​ហៅ​អតីត​សមាជិក​គណៈ​កម្មការ​ចំនួន​៣​រូប​ ​ដែល​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឲ្យ​ចូល​បំភ្លឺ​ ​ដើម្បី​សាកសួរ​ពាក់​ព័ន្ធ​នឹង​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ ​ទៅ​តាម​បណ្ដឹង​របស់​លោក​ ​ពេជ្រ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា។​ ​ក្នុងនោះ​មាន​លោក ​មឿន តុលា​ ផង​ដែរ។​

រូបឯកសារ៖ ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គមនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​អុជធូប​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម ឡី​ អ្នកវិភាគ​កិច្ច​អភិវឌ្ឍន៍​សង្គមនៅស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែសីហា ឆ្នាំ​២០១៦​។​ (ឡេង ឡែន/VOA)

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេតរបស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ​ ​ដែល​បាន​តាម​អង្កេត​មើល​រឿងក្តី​របស់​លោក​ មឿន តុលា ​បាន​ថ្លែង​ថា​ សំណុំ​រឿងរបស់​សកម្មជន​ក្នុង​វិស័យ​ការងារ​នេះ​អាច​មាន​ភាព​ធូរស្រាល​ ដោយសារ​ក្រសួង​ការងារ​បាន​ចេញ​លិខិត​បញ្ជាក់​ពី​បំណង​របស់​ក្រសួង​ថា​ នឹង​ស្វែង​រក​លទ្ធភាព​ដើម្បី​ជួយ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​លោក​ មឿន តុលា​ តាម​នីតិវិធី​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។​ លោក​ថា​ សម្ពាធ​ពី​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​របស់​កម្ពុជា​ក៏អាច​រួម​ចំណែក​ធ្វើ​ឲ្យ​រឿង​ក្តី​លោក​ ​មឿន តុលា​ នេះ​ជួប​ផល​វិជ្ជមាន​ច្រើន​ផង​ដែរ។

«ខ្ញុំ​គិត​ថា​ បញ្ហា​ទាំងអស់​នេះ​ប្រហែល​ជា​ វា​អាច​នឹង​ធូរស្រាល​ ដោយសារ​តែ​ទាក់​ទង​នឹង​បញ្ហា​នៃការ​អនុគ្រោះ​ពន្ធ​ក្នុង​ការ​នាំ​សម្លៀក​បំពាក់​ វាយនភណ្ឌ​ចេញ។ ​ហើយ​ទាំងអស់​នេះ​យើង​ឃើញ​ថា​ ម្ចាស់​បញ្ជា​ទិញ​ ហើយ​និង​អ្នកទិញ​ក៏​គេ​សុទ្ធ​តែមាន​លក្ខខណ្ឌ ​ហើយ​ក៏​មាន​ការ​ទាមទារ​ដូចគ្នា​ដែរ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​បាន​ថ្លែង​បន្ត​ថា​ ការ​ចោទ​ដែល​ថា​ ​លោក ​មឿន តុលា បាន​បន្លំ​លួច​យក​លុយ​បុណ្យ​សព​លោក​ កែម ឡី នោះ​ក៏ត្រូវ​បាន​ក្រុម​គ្រួសារ​លោក​ កែម​ ឡី​បដិសេធ​ចោល​ផង​ដែរ។​ ​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​បន្ថែម​ថា​ មាន​តែរង់​ចាំមើល​ការ​សម្រេច​របស់​តុលាការ​តែ​ប៉ុណ្ណោះ។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ​ ដែល​បាន​បង្ហោះនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​កាលពី​ខែ​មេសា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ពី​ចេតនា​ចង់​បញ្ចប់​រឿង​លោក ​មឿន តុលា​តាម​នីតិ​វិធី​របស់​តុលាការ​ ​ដែល​នឹង​ធានា​អំពី​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​ប្រកាស​នោះ​ត្រូវ​បាន​សរសេរ​តាម​អត្ថន័យ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ ​រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តាម​នីតិ​វិធី​តុលាការ​ក្នុង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក​ ​មឿន តុលា​ ​ដែល​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៥៧៥០​ ​ចុះ​ថ្ងៃ​ទី៥ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​អំឡុង​ឆ្នាំ​២០១៦»។​

លោក​ ​ឃុន ថារ៉ូ​ ​ដែល​ជា​សហការី​របស់​លោក មឿន តុលា​ បាន​រំពឹង​ថា​ តុលាការ​នឹង​ធ្វើ​សុភវិនិច្ឆ័យ​ផ្តល់​យុត្តិធម៌​ដល់​លោក មឿន តុលា ​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​បាន​បំពេញ​ការងារ​វិជ្ជា​ជីវៈ​ឯករាជ្យ​របស់​លោក ដោយ​មិន​មាន​ការ​បៀតបៀន​តាម​ផ្លូវ​តុលាការ។​

«យើង​សង្ឃឹម​ថា​ តុលាការ​នឹង​ពិចារណា​នៅ​ក្នុង​ការ​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ចំពោះ​លោក​តុលា​ហ្នឹង​ហើយ​ ពីព្រោះ​ថា​ វាជា​រឿង​មួយ​ដែល​សំខាន់​ ពីព្រោះ​ថា​ បើ​សិន​ជា​...តុលាការ​មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ចំពោះ​គាត់​ទេ​ វា​អាច​ជា​បញ្ហា​មួយ​សម្រាប់​ស្ថាប័ន​ដែរ​ ដោយសារ​គាត់​ជា​នាយក​ប្រតិបត្តិ​ ​នៅ​កន្លែង​នេះ​ ហើយ​អីចឹង ​វាអាច​ប៉ះពាល់​ទៅ​នឹង​ដំណើរការ​នៃ​ការ​អនុវត្ត​ការងារ​ ប្រចាំ​ថ្ងៃ​របស់​ស្ថាប័ន»។​

VOA​ ​មិនទាន់​អាច​ទាក់​ទង​លោក អ៊ី ឋាវរៈ​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​នៅ​ឡើយ​ទេ​ មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ក្រោយ​មាន​ការ​ចោទ​ប្រកាន់​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​សំខាន់ៗ​៣​រូប​នេះ គេ​សង្កេត​ឃើញ​ថា​ អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ជាង​៣០ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំង​៣​ ដោយ​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ីវិល​ ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

ចំណែក​ក្រុម​ហ៊ុន​ សមាគម​ឧស្សាហ​កម្ម​កាត់​ដេរ​សំលៀកបំពាក់​ ​ស្បែក​ជើង​ ​និង​សមាគម​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក ​និង​អង់គ្លេស​ ​ព្រម​ទាំង​សហភាព​អឺរ៉ុប​ ​បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាត់​វិធានការ​កែ​ទម្រង់​ស្ថានភាព​សិទ្ធិ​មនុស្ស​ ​និង​ពលកម្ម៕

XS
SM
MD
LG