ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ជួយ​លោក​ ​មឿន តុលា​ ក្នុង​បណ្ដឹង​រឿង​ប្រាក់​បុណ្យ​សព​លោក​ ​កែម ឡី


លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central)។ (រូបថតដកស្រង់ចេញពីគេហទំព័រ Central)
លោក​ មឿន តុលា​ នាយកប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធការងារ​ និងសិទ្ធិមនុស្ស​ហៅកាត់​ថា​ (Central)។ (រូបថតដកស្រង់ចេញពីគេហទំព័រ Central)

រដ្ឋាភិបាល​សម្រេច​ចាត់​វិធានការ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក​ ​មឿន តុលា អតីត​សមាជិក​មួយ​រូប​ក្នុង​ចំណោម​បី​រូប​នៃ​គណៈកម្មការ​បុណ្យ​សព​លោក​ ​កែម ឡី​ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត។

រាជ​រដ្ឋាភិបាល ​បាន​ចាត់​វិធានការ​តាម​នីតិវិធី​តុលាការ​ ​ក្នុង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក​ ​មឿន តុលា​ ​អតីត​សមាជិក​មួយ​រូប​ក្នុង​ចំណោម​បី​រូប​នៃ គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត​ ​កែម ឡី​ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ ​ដោយ​បញ្ជាក់​ថា​ ​ដើម្បី​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ ដែល​បាន​ចេញ​នៅ​ថ្ងៃ​សុក្រ​ទី​២៧​ ​ខែ​មេសា​ ​ឆ្នាំ​២០១៨។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​ងារ​ ដែល​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ធានា​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ ​រាជ​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​តាម​នីតិ​វិធីតុលាការ​ក្នុង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក​ ​មឿន តុលា​ ​ដែល​ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​ ៥៧៥០​ ​ចុះ​ថ្ងៃ​ទី៥ ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ ​កាលពី​អំឡុង​ឆ្នាំ​២០១៦»។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ថែម​ថា​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​អង្គការ​វិជ្ជាជីវៈ​ ​ស្រប​តាម​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​ធរមាន។

កាលពី​ថ្ងៃ​ទី២២​ ​ខែ​កញ្ញា​ ​ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺ​លោក​ ​គុជ ឡេង​ ​បាន​ចេញ​ដីកា​កោះ​ហៅ​អតីត​សមាជិក​គណៈកម្មការ​ចំនួន​៣រូប​ ​ដែល​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឲ្យ​ចូល​បំភ្លឺ​ ​ដើម្បី​សាកសួរ​ពាក់​ព័ន្ធនឹង​បទ​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ ​ទៅ​តាម​បណ្ដឹង​របស់​លោក​ ​ពេជ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា។

អ្នក​ទាំង​៣រូប​ ដែល​បាន​រង​បណ្ដឹង​របស់​អ្នក​នយោបាយ​ ​ពេជ្រ ស្រស់​ ​ថា​បាន​កេង​ប្រាក់​ពី​បុណ្យ​សព​លោក កែម ឡី រួម​មាន​ដូចជា​ ​លោក​ ​ប៉ា ងួនទៀង​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) និង​លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​ ​ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ។​ ​សកម្ម​ជន​ទាំង​បី​ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​រង​បណ្ដឹង​ ​ដែល​គេ​យល់​ថា ​មិន​សម​ហេតុផល​នេះ។​

ទោះ​យ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​នោះ​ មិន​មាន​បញ្ជាក់​លម្អិត​ពាក់​ព័ន្ធ​នឹង​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ក្រោម​រូបភាព​បែប​ណា​នោះ​ទេ។​សេចក្ដី​ប្រកាស​នោះ​ ក៏​មិន​មាន​បញ្ជាក់​ពី​ឈ្មោះ​របស់​លោក​ ​ប៉ា ងួនទៀង​ និង​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ​ ​នោះ​ដែរ។

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​ ​និង​ជា​អតីត​សមាជិក​មួយ​រូប​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត​ ​កែម ឡី​ ​ប្រាប់ VOA​ ​ថា ​លោក​រីករាយ​សម្រាប់​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក​ ​និង​រំពឹង​ថា ​នឹង​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​អតីត​គណៈកម្មការ​បុណ្យ​ពីរ​រូប​ទៀត​ ដែល​រង​ការ​ចោទ​ប្រកាន់​ក្នុង​ករណី​ដូច​គ្នា។

លោក​បន្ថែម​ថា​ ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​នេះ​ ​អាច​បណ្ដាល​មកពី​មាន​ការ​រក​ឃើញ​ការ​ពិត​ថា​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស ឬ​អាច​បណ្ដាល​មកពី​ការ​ដែល​រដ្ឋាភិបាល​ចង់​បង្ហាញ​ថា កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​អនុ​វត្ត​សិទ្ធិ​សេរីភាព​ ​ក្រោយ​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិមួយ​ចំនួន​នា​ពេល​កន្លង​មក​ ​បាន​ប្រតិកម្ម​លើ​ការ​ចោទ​ប្រកាន់​អតីត​គណៈកម្មការ​បុណ្យ​ទាំង​៣រូប។

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​ចោទ​ប្រកាន់​មក​លើ​រូប​ខ្ញុំ​វា​អត់​មាន​អី​ចំណេញ​ទេ​ ​ព្រោះ​ចង់​មិន​ចង់​វា​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អន្តរជាតិទាំង​អស់​ហ្នឹង​លោក​មិន​សប្បាយ​ចិត្ត។ យើង​ឃើញ​ហើយ​មាន​ចេញ​សេចក្ដីថ្លែងការណ៍​អី​កន្លង​មក​អញ្ចឹង។ អញ្ចឹង​ទៅ​ការ​ដែល​ទម្លាក់​បទ​ចោទ​លើ​រូប​ខ្ញុំ​ហ្នឹង​ ​ក៏​ជា​ការ​បង្ហាញ​មួយ​ទៅ​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ហ្នឹង ក៏​ដូចជា​ប្រទេស​ដែល​ទទួល​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ហ្នឹង​ថា រដ្ឋាភិបាល​ហ្នឹង​កាត់​បន្ថយ​ ​ឬ​ក៏​បន្ធូរ​បន្ថយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ទៅ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ឬ​ក៏​សកម្មជន​សិទ្ធិ​ការងារ​អី​ហ្នឹង»។

ទោះ​យ៉ាង​ណា​លោក​ថា​ ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​នេះ មិន​ទាន់​អាច​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​ ​លោក​នឹង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ ​ដោយ​លោក​ថា​ ​នេះ​ជា​ការ​សម្រេច​របស់​ក្រសួង មិន​មែន​ជា​សាល​ក្រម​របស់​តុលាការ។

VOA បាន​ព្យាយាម​ទាក់​ទង​ទៅ​មន្ត្រី​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​ ​លោក ហេង សួរ​ និង​លោក​ ​ឡៅ ហ៊ីម តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ណាមួយ​នៅ​ឡើយ។​

​ចំណែក​លោក​ ​លី សុផាណា​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​មិន​ទាន់​បានឆ្លើយតប​នឹង​សំណួរ​របស់ VOA ​តាម​បណ្ដាញ​សង្គម Telegram ដែរ ។

លោក​ ​កែម ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ស្លាប់​ទាំង​កណ្ដាល​ថ្ងៃ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០១៦។​ ​មុន​ការ​ដង្ហែសព​លោក​ ​កែម ឡី​ ​ទៅ​កាន់​ផ្ទះ​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ ​គណៈកម្មការ​រៀបចំ​បុណ្យ​សព ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឲ្យ​បាន​អធិកអធម​ក្នុង​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ។

ប៉ុន្មាន​ខែ​ក្រោយ​មក​ ​គ្រួសារ​របស់​លោក​ ​កែម ឡី​ ​បាន​ប្រារព្ធ​ខួប​បុណ្យ​សព​នៃ​ការ​ស្លាប់​របស់​លោក​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​ ​និង​មាន​ព័ត៌មាន​ថា​ ​ពួក​គេ​ខ្វះខាត​ថវិកា​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នោះ។

ភ្លាមៗ​ ​បណ្ដឹង​មួយ​បាន​កើត​ឡើង​រហូត​ឈាន​ដល់​មាន​ការ​ចោទ​ប្រកាន់​អតីត​សមាជិក​ទាំង​៣រូប​នៃ​គណៈកម្មការ​រៀបចំ​បុណ្យសព ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត។

ក្រោយ​ការ​ចោទ​ប្រកាន់​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​សំខាន់​៣​រូប​នេះ ​គេ​ឃើញ​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ជាង​៣០​ ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំង៣​ដោយ​ថា ការ​ចោទ​ប្រកាន់​របស់តុលាការ បាន​បង្ហាញ​ពី​ការ​គំរាម​កំហែង​ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ី​វិល​ ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចំណែក​ក្រុម​ហ៊ុន​សមាគម​ឧស្សាហកម្ម​កាត់​ដេរ​សំលៀកបំពាក់​ ​ស្បែក​ជើង​ ​និង​សមាគម​ផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក ​និង​អង់គ្លេស​ ​ព្រម​ទាំង​សហភាព​អឺរ៉ុប​ ​បាន​ទទូច​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាត់​វិធានការ​កែ​ទម្រង់​ស្ថានភាព​សិទ្ធិ​មនុស្ស​ ​និង​ពលកម្ម។

ពួក​គេ​ ក៏​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ​ការ​រឹតត្បិត​លើ​សកម្មភាព​សហជីព និង​ស្ថាប័ន​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ​ការ​បង្ក្រាប​លើ​គណបក្ស​ជំទាស់​ ​និង​សង្គម​ស៊ី​វិល​ឯករាជ្យ ហើយ​នឹង​ការ​យាយី​លើ​មេ​ដឹក​នាំ​សហជីព​មួយ​ចំនួន​ទៀត​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG