នៅថ្ងៃអង្គារនេះ អ្នកធ្វើការក្នុងអង្គការសង្គមស៊ីវិលនិងអ្នកគាំទ្រលោក កែម ឡី អ្នកវិភាគដ៏លេចធ្លោ បានប្រារព្ធនិងចងចាំខួបទីពីរឆ្នាំនៃការបាញ់ប្រហារលើរូបលោកនៅតាមកន្លែងរៀងៗខ្លួន មានការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនិងនៅកន្លែងដែលលោកត្រូវបានឃាតករបាញ់ប្រហារកាលពី២ឆ្នាំមុនក្នុងរាជធានីភ្នំពេញ។
ក្នុងថ្ងៃនេះដែរ អ្នកគាំទ្រលោក កែម ឡី ក៏បានរំឭកពីស្នាដៃ វីរភាពរបស់លោកក្នុងការជួយសេរីភាពនៃការបញ្ចេញមតិនិងសង្គម។ ហើយពួកគេក៏បានអំពាវនាវរកយុត្តិធម៌សម្រាប់រូបលោកនិងក្រុមគ្រួសារ ដោយដាក់មន្ទិលសង្ស័យទៅលើជនឈ្មោះ ជួប សម្លាប់ ដែលត្រូវតុលាការកាត់ទោសអស់មួយជីវិត។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្សហៅកាត់ថា Central ដែលបានចូលរួមរំឭកខួបនៃការបាញ់ប្រហារលោក កែម ឡី នៅក្នុងការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញបានប្រាប់ VOA ថា សន្ទុះនៃការគាំទ្រនិងការសោកសង្រេងក្នុងការបាត់បង់លោក កែម ឡី នៅតែខ្លាំងក្លា ដែលនេះបង្ហាញពីការចង់បានយុត្តិធម៌សម្រាប់លោក កែម ឡី និងសង្គម។ លើសពីនេះទៀត វីរភាពនិងការហ៊ានតស៊ូមតិរបស់ លោក កែម ឡី នៅតែទទួលការគោរពកោតសរសើរពីពលរដ្ឋខ្មែរ។
លោក មឿន តុលា បានបញ្ជាក់ថា៖
«លោកបណ្ឌិតស្លាប់បាត់បង់ជីវិតពីរឆ្នាំទៅហើយក៏ដោយ ក៏ប៉ុន្តែសន្ទុះមហាជនដែលគោរពស្រឡាញ់ ឬក៏គាំទ្រគាត់ហ្នឹង ឬក៏គោរពស្រឡាញ់យោបល់របស់គាត់ហ្នឹងនៅតែមាន មនោសញ្ចេតនាហ្នឹងនៅតែមានដដែល។ ជាក់ស្តែងមានអ្នកប្រារព្ធការអុជធូបដល់លោកបណ្ឌិតហ្នឹងគឺនៅមានច្រើននាក់»។
ប្រធានអង្គការការពារសិទ្ធិកម្មកររូបនេះបានបន្តថា៖
«លោកបណ្ឌិត កែម ឡី ស្លាប់បាត់បង់ជីវិតរយៈពេល២ឆ្នាំទៅហើយ បើយើងប្រៀបធៀបទៅឥស្សរៈជននយោបាយមួយចំនួន ក៏អីចឹងដែរ បានស្លាប់បាត់បង់ជីវិតជាច្រើនឆ្នាំទៅហើយ ក៏មិនស៊ូវមាននរណាម្នាក់នៅចងចាំដូចលោកបណ្ឌិតកែម ឡី ដែរ។ នេះជាចំណុចមួយឱ្យសាធារណជនទូទៅ ឬក៏ពលរដ្ឋខ្មែរទូទៅដឹងថា យើងរក្សានូវអំពើល្អ។ យើងរក្សានូវគុណតម្លៃមួយសម្រាប់សង្គម ទោះបីយើងស្លាប់បាត់ តែកេរ្តិ៍ឈ្មោះរបស់យើងគឺអត់បាត់ទេ បាទ»!
អ្នកវិភាគខ្មែរ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់កាហ្វេមួយកន្លែង កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ខែ កក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានគេស្គាល់ថា តែងតែរិះគន់មិនសំចៃមាត់ ចំពោះរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សជំទាស់ផងដែរ។
ក្នុងថ្ងៃខួបពីរឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃអង្គារនេះ ក៏មានការដាក់កម្រងផ្កានិងការគោរពបូជានៅមុខហាងកាហ្វេដែលលោកត្រូវបានឃាតកបាញ់សម្លាប់ក្នុងថ្លុកឃាមផងដែរ។
លោក សឹង សែនករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលចូលរួមដាក់កម្រងផ្កាជាលក្ខណៈឯកជន និងការប្រារព្ធខួបពីរឆ្នាំ នៅមុខទីដែលលោក កែម ឡី ត្រូវបានបាញ់សម្លាប់ បានប្រាប់ VOA ថា ការរំឭកខួបពីរឆ្នាំនេះគឺមិនមានការណាត់ទុកនោះទេ ហើយការទៅរំឭកទៀតសោតក៏ក្នុងនាមផ្ទាល់ខ្លួន ដែលធ្លាប់ធ្វើការរួមជាមួយលោក កែម ឡី ឬក៏គោរពដល់វីរភាពរបស់លោក។
«នៅពេលដែលយើងទៅដល់ទីនោះគឺយើងនឹកឃើញ និងសោកស្តាយអំពីការដែលឃាតករ ដែលបានលើកដៃបាញ់ប្រហារលោកនៅទីកន្លែងហ្នឹង! យើងនឹកឃើញនិងបានធ្វើឱ្យអារម្មណ៍អ្នកដែលបានចូលរួមហ្នឹង មានអារម្មណ៍ក្តុកក្តួលនៅពេលហ្នឹង»។
លោក សឹង សែនករុណា ក៏បានបញ្ជាក់ពីការចង់ចាំវីរភាពនិងការពុះពាររបស់លោកបណ្ឌិត កែម ឡី ក្នុងការបង្ហាញការណ៍ពិតក្នុងសង្គមដល់ពលរដ្ឋខ្មែរ។ លោកបន្តថា លោក កែម ឡី ក៏ជាជនមួយរូបដែលជំរុញឱ្យលោក និងយុវជនជំនាន់ក្រោយហ៊ានបញ្ចេញការតស៊ូមតិដើម្បីប្រយោជន៍សង្គម។
«ទាំងអស់នេះគឺកើតចេញពីភាពឈឺចាប់នៃការបាត់បង់គាត់ហ្នឹង! ហើយយើងយល់ថា គាត់គឺជាអ្នកដែលមានវីរភាព និងបណ្តុះនូវស្មារតី និងភាពក្លាហានដល់អ្នកជំនាន់ក្រោយ»។
ប៉ុន្មានម៉ោងក្រោយការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពី២ឆ្នាំមុន បុរសម្នាក់ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានឃាត់ខ្លួន និងបានអះអាងថា ខ្លួនជាឃាតកសម្លាប់លោក កែម ឡី ដោយសារលោក កែម ឡី ជំពាក់លុយជាង៣ពាន់ដុល្លារមិនព្រមសង។ ក្រោយមក ជនឈ្មោះ ជួប សម្លាប់ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោស កាលពីចុងខែមីនា ឆ្នាំ២០១៧ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន បើទោះជាមានមន្ទិលពីក្រុមគ្រួសារ និងសាធារណជនថា ជួប សម្លាប់ ជាឃាតកសិប្បនិម្មិតក៏ដោយ។
បន្ទាប់ពីការកាត់ទោស ជួប សំលាប់ ក្រុមអង្គការសង្គមស៊ីវិលជាតិចំនួន៦៥បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយលើកឡើងថា ការស៊ើបអង្កេត និងសវនាការរបស់តុលាការដំណើរការទៅដោយមិនពេញលេញ និងខ្វះតម្លាភាព។ពួកគេបានទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យទាក់ទងឃាតកម្មលើអ្នកវិភាគដ៏ល្បីល្បាញរូបនេះ។
លោក សឹង សែនករុណា នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) នៅថ្ងៃអង្គារនេះ ក៏បានបង្ហាញក្តីមន្ទិលពីការរកឃើញនេះផងដែរ។ លោកបន្តថាតុលាការគួរបង្ហាញតម្លាភាពនៃការស៊ើបអង្អេតលើករណីឃាតកម្មលើលោក កែម ឡី ដើម្បីឲ្យសារធារណជនអស់ក្តីចម្ងល់។
អ្នកចូលរួមម្នាក់ទៀត ដែលបានដាក់កម្រងផ្កា និងរំឭកវីរភាពរបស់លោក កែម ឡី គឺ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគ.ជ.ប. បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា យុត្តិធម៌នៅតែមិនទាន់មានសម្រាប់លោក កែម ឡី និងក្រុមគ្រួសារលោក ដែលភៀសខ្លួនទៅក្រៅប្រទេស។ ហើយលោកក៏ជឿជាក់ផងដែរថា ជួប សម្លាប់ នៅតែមិនមែនជាឃាតកពិតប្រាកដផងដែរ។
លោក រ៉ុង ឈុន បន្តយ៉ាងដូច្នេះ៖
«ខ្ញុំ ក្នុងនាមសហភាពសហជីពកម្ពុជា យើងបានអំពាវនាវឱ្យអាជ្ញាធរបើកការស៊ើបអង្កេតឡើងវិញ ដើម្បីវែកមុខរកឃាតករពិត និងអ្នកនៅពីក្រោយឃាតកម្មហ្នឹងបាទ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា មិនបានផ្តល់អត្ថាធិប្បាយណាមួយ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននោះទេ រហូតមកដល់ល្ងាចថ្ងៃអង្គារនេះ។
នៅថ្ងៃនៃការរំឭកខួបពីរឆ្នាំនៃការសម្លាប់លោក កែម ឡី គេសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទូទាំងពិភពលោក ក៏បានបង្ហោះសារនិងរូបភាពដើម្បីរំឭក និងគោរពចំពោះលោក កែម ឡី ដែលជាអ្នកវិភាគដ៏មានប្រជាប្រិយភាពផងដែរ។
ជាមួយគ្នានោះដែរ ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា ដែលរស់នៅនិរទេសខ្លួនក្នុងប្រទេសអូស្ត្រាលី ជាមួយកូន៥រូប បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកស្រីថា ទោះជាស្វាមីរបស់លោកស្រីបានលាចាកលោកពីរឆ្នាំហើយក៏ដោយ តែ «សេចក្តីស្រឡាញ់ សុភមង្គល និងភាពរីករាយ» ដែលលោក កែម ឡី ធ្លាប់ផ្តល់ជូនគ្រួសារនៅតែស្ថិតក្នុងអារម្មណ៍របស់លោកស្រីជានិច្ច។
លោកស្រី ប៊ូ រចនា បានសរសរក្នុងន័យដើមថា៖
«ពីរឆ្នាំកន្លងផុតទៅ សេចក្តីស្រឡាញ់ សុភមង្គល និងភាពរីករាយបានត្រឹមឲ្យនាងខ្ញុំ ត្រឹមការឱបក្រសោបនូវរាល់ការចង់ចាំរបស់ប្តីនាងខ្ញុំ។ នៅក្នុងចិត្តនាងខ្ញុំ ក៏ប្រហែលជាមិនខុសពីក្នុងចិត្ត លោកអ៊ំ អ្នកមីង លោកពូ និងបងស្រីបងប្រុស ដែលស្រឡាញ់គាត់ដែរ ទោះបីយើងមិននិយាយចេញ តែគ្រប់គ្នាដឹងថា មានអ្វីបានកើតចំពោះស្វាមីនាងខ្ញុំ។ ពួកយើងស្ងៀមស្ងាត់មែន ប៉ុន្តែក្នុងចិត្ត ពួកយើងដឹង និងយល់ច្បាស់ពីទង្វើព្រៃផ្សៃនេះ»។
យ៉ាងណាក៏ដោយ លោកស្រី ប៊ូ រចនា «ជឿជាក់ថា នឹងមានថ្ងៃមួយមកដល់ ដែលឃាតករពិត នឹងសងនូវរាល់អ្វីៗដែលគេបានធ្វើ»លើរូបលោក កែម ឡី និងគ្រួសារលោកស្រី៕