ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ប្រុស​​របស់​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ឃុំ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​​ខ្លួន​ត្រូវ​បាន​សង្ស័យ​ថា​«ញុះ​ញង់​បង្ក​ភាព​វឹក​វរ​ក្នុង​សង្គម»


យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)
យុវជន កាក់ សុវណ្ណឆ័យ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ (រូបភាពផ្តល់ដោយអ្នកស្រី ព្រំ ចាន់ថា ម្តាយរបស់យុវជន)

យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់ ដែល​ជា​កូន​ប្រុស​របស់​សកម្ម​ជន​បក្ស​ប្រឆាំង​ម្នាក់​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ព្រៃ​ស ត្រូវ​បាន​កម្លាំង​ប៉ូលិស​រាជ​ធានី​ភ្នំពេញ ឃាត់​ខ្លួនកាល​ពី​យប់​ថ្ងៃ​ព្រហស្ប​តិ៍ ដោយ​ត្រូវ​បាន​សង្ស័យ​ថា​«ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ នេះ​បើ​យោង​តាម​ក្រុម​គ្រួសារ និង​អ្នក​នាំ​ពាក្យ​របស់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ​។

កាល​ពី​យប់​ម៉ោង​ប្រមាណ​៨​និង​៣០នា​ទី នា​ថ្ងៃ​ទី​២៤ ខែ​មិថុនា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ឃាត់​ខ្លួន​លោក កាក់ សុវណ្ណឆ័យ ជា​សិស្ស​ថ្នាក់​ទី​៩ និង​ជា​កូន​ប្រុស​របស់​លោក កាក់ កុម្ភារ អតីត​សមាជិក​ជាប់​ឆ្នោត​នៃ​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ប៉ូលិស​បាន​បញ្ជាក់​ថា​យុវជន​នោះ ត្រូវ​បាន​សង្ស័យ​ថា«ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ក្នុង​សង្គម​និង​ការ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ»។

លោក សាន​ សុខ​សីហា អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាន​នគរ​បា​លរាជ​ធានី​ភ្នំពេញ​ប្រាប់ VOA​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​ថា​សមត្ថកិច្ច​ពិ​តជា​បាន​ចាប់​ខ្លួន​យុវជន កាក់ សុវណ្ណ​ឆ័យ។

លោក​ថ្លែង​ថា​៖ «ពិត​ជា​មាន​ការ​ចាប់​ខ្លួន​មែន​នៅ​យប់​មិញ ប្រហែល​ម៉ោង​៨​កន្លះ នៅ​សង្កាត់​បឹង​ទំពុន២ ខណ្ឌ​មានជ័យ ទាក់​ទង​នឹង​ករណី​បទ​ល្មើស​ជាក់​ស្តែងញុះញង់​បង្ក​ឲ្យ​មាន​វឹក​វរក្នុង​សង្គម​ជាតិ និង​ការ​ប្រមាថ​លើ​មន្ត្រី​រាជ​ការ​សាធារណៈ»។ លោក​បន្ថែម​ថា​សមត្ថកិច្ច​កំពុង​សាកសួរ​យុវជន​រូប​នេះ។

​លោក កាក់ សុវណ្ណ​ឆ័យ ជា​កូន​ប្រុស​របស់​អ្នកស្រី ព្រុំ ចាន់ថា ដែល​ស្ថិត​ក្នុង​«ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ» ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​ស្វាមី​របស់​ពួកគេ ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស រង់​ចាំ​ការ​កាត់​ទោស។

អ្នក​ស្រី ព្រុំ ចាន់ថា អាយុ​៤៤​ឆ្នាំ ជា​ម្តាយ​បង្កើត​របស់​យុវជន កាក់ សុវណ្ណ​ឆ័យ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​នៅ​ពេល​ដែល​កម្លាំង​ប៉ូលិស​មាន​គ្នា​ប្រមាណ​២០​នាក់ ដែល​ក្នុង​នោះ មាន​៦​នាក់​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ ដើម្បី​ចាប់​ខ្លួន​កូន​ប្រុស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ អ្នកស្រី​បន្ថែម​ថា​កម្លាំង​ប៉ូលិស​មិន​បាន​បង្ហាញលិខិត​ស្នាម ឬ​ដីកា​អ្វី​ទាំង​អស់ ហើយថែម​ទាំង​ចាប់​ទាញ​អូស​អ្នក​ស្រី​ចេញ​ក្រៅ​ផ្ទះ​ទៀត​ផង។

រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី ព្រុំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និយាយជាមួយអ្នកសារព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ស្រី​ថ្លែង​ថា៖ «អត់​មាន​[ឯក​សារ​អ្វី]​ទាំង​អស់​ចូល​មក ចាប់​ដល់​ក្នុង​ផ្ទះ​[សមត្ថកិច្ច​]​គ្នា​៦​នាក់​ហើយ​ចាប់​គ្រៀក​ខ្ញុំ​២នាក់ចេញ​មក​ក្រៅ។ អញ្ចឹង​មិន​មានបង្ហាញ​ដី​កា​អ្វី​ទាំង​អស់​[ហើយ]និយាយ​ទៅ ខ្ញុំ​សួរ​គេ​ថា​ចាប់​មូលហេតុ​អ្វី កូន​ខ្ញុំ​មាន​កំហុស​អ្វី គេ​ថា​គេ​ចាប់​ហៅ​យក​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍»។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា​ពេល​ចាប់​ខ្លួន អ្នកស្រី ម្តាយ​ចាស់​ជរា​និង​កូន​២​នាក់​កំពុង​សម្រាក​ក្នុង​ផ្ទះ។ អ្នកស្រី​ថា​យុវជន កាក់ សុវណ្ណ​ឆ័យ​ ជា​កូន​ច្បង និង​មាន​ជំងឺ​អូទីស្សឹម។

បើ​តាម​អ្នកស្រី​ជា​ម្តាយ កូន​ប្រុស​មិន​ប្រើ​ប្រាស់ហ្វេស​ប៊ុក​នោះ​ទេ ប៉ុន្តែ​ប្រើប្រាស់​ប្រព័ន្ធ​ Telegram។

បើ​តាម​អ្នកស្រី កូន​ប្រុស​តែង​តែ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួនមើល​ងាយ និង​ប្រមាថ​ដែល​ធ្វើ​ឲ្យ​គាត់​ឆាប់​ខឹង និង​ប្រតិកម្ម​ទៅ​វិញ​យ៉ាង​រហ័ស។

អ្នកស្រី​បន្ថែម​ថា​៖ «កូន​របស់​ខ្ញុំមាន​ជំងឺ​អូទីស្សឹម ទីពីរ លក្ខណៈ​របស់​គាត់​អត់​ប្រក្រតី​ដូច​ក្មេង​ដទៃ​ដោយ​សារ​ខួរ​ក្បាល​គាត់​ខុស​គេ ខុស​ពី​ក្មេង​ដទៃ ដោយ​សារ​តែ​គាត់​និយាយ​មិន​សូវ​ដឹង​អី [ហើយ​មួយ​ទៀត​] ខួរ​ក្បាល​គាត់​មិន​សូវ​ប្រក្រតី​ហើយ​ការ​និយាយ​ស្តី​គាត់​អត់​សូវ​ដឹង​អីទេ។ និយាយ​ទៅ​មុខ​ទៅ​ក្រោយ​អញ្ចឹង។ ធម្មតា​តែ​គេ​ប្រមាថ​មើល​ងាយ​លោក​ពុក មើល​ងាយ​អ្នក​ម្តាយ​ថា​សុទ្ធ​តែ​អ្នក​ក្បត់​ជាតិ គាត់​ខឹង​ណាស់ ហើយ​ជេរ​តបត​ទៅ​វិញ។ អញ្ចឹង​ហើយ​ពួក​គាត់​ហ្នឹង គាត់​ចូល​មក​ឆ្លៀត​ឱកាសគឺ​ធ្វើ​ម៉េច​ឲ្យ​កូន​ខ្ញុំ​ជេរ ជេរ​ទៅ​ជេរ​មក​ទៅ វា​តែង​តែ​មាន​ការ​តប​ត​ទៅ​វិញ​ទៅ​មក​ហើយ​រឿង​ហ្នឹង គឺ​វា​អញ្ចឹង»។

អ្នកស្រី​ចាត់​ទុក​ថា​ការ​ចាប់​ខ្លួន​កូន​ប្រុស ជា​រឿង​«អយុត្តិធម៌ណាស់ ដោយ​សារ​កូន​នៅ​ក្មេង​និង​មិន​មាន​កំហុស​អ្វី​ទាល់​តែ​សោះ។

បើ​ទោះ​មាន​ការ​ចាប់​ខ្លួន​កូន​ប្រុស​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ អ្នកស្រី ព្រុំ ចាន់ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ក៏​បន្ត​តវ៉ា ដាក់​ញត្តិ​ទៅ​ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា។ អ្នកស្រី​អះអាង​ថា មាន​ការ​ប៉ះ​ទង្គិច​ផង​ដែរ​ជាមួយ​កម្លាំង​សមត្ថកិច្ច។

ការ​ដាក់​ញត្តិ​នេះធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់​គ្លេស​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដែល​លោក​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ញត្តិ​របស់​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​ដែល​បាន​ដាក់​ទៅ​ឯក​អគ្គ​រាជ​ទូត​អង់​គ្លេស​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ពួកគេ​បាន​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ ដោយ​សារ​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ហើយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ជីវភាព​របស់​ពួកគេ កាន់​តែ​លំបាក ដោយ​សារ​អវត្ត​មាន​ស្វាមី។

ការ​ចាប់​ខ្លួន​កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ កើត​ឡើង​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​៣​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ប្រមាថ​អង្គ​ព្រះ​មហាក្សត្រ​»និង​«រួម​គំនិត​ក្បត់»។

លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)
លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

អ្នកស្រី​ចក់​ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​ថាកន្លង​មក អាជ្ញាធរបាន​ចោទ​ប្រកាន់​ជា​ញឹក​ញាប់​លើសកម្ម​ជន​ផ្សេងៗ​ពី​បទ​ចោទស្រដៀង​គ្នា​នេះ ដែល​នាំ​ឲ្យ​មាន​ការព្រួយ​បារម្ភ​បន្ថែម​ទៀត​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និង​ការ​ចូលរួម​សកម្មភាព​សង្គម។

អ្នកស្រី​ថ្លែង​ថា៖ «យើង​ឃើញ​ថា​ជា​របត់​គួរ​ឲ្យ​ព្រួយ​បារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ដែលសង្គម​ស៊ីវិល​យើង​កន្លង​មក​យើង​ឃើញ​ថា​ប្រឈមរួច​ទៅ ហើយ​ប៉ុន្តែ​ចុង​ក្រោយ​នេះ​មិន​បាន​ប្រសើរ​ទេ​តែ​មាន​ការ​កើន​ឡើង​ការ​បង្ក្រាប​ថែម​ទៀត។ អញ្ចឹង​យើង​ឃើញ​ថា​ព្រឹត្តិ​ការណ៍​ចុង​ក្រោយ​នេះ​ជា​រូប​ភាព​មួយ​បង្ហាញ​ថែម​ទៀត​នូវ​ការ​រឹតត្បិត និង​បង្ហាញ​ថា​រាល់​មតិ​ជំទាស់​គឺ​មិនត្រូវ​បាន​អត់​ឱនទោះ​បី​ជា​ថា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ឬ​ក៏​ការ​មាន​ទស្សនៈ​យោបល់​នឹង​ត្រូវ​ធានា​ក្នុង​ច្បាប់​ជាតិ និង​អន្ត​រជាតិយ៉ាង​ក្តី»។

អ្នកស្រី​ជំរុញ​ឲ្យរដ្ឋា​ភិបាល​ផ្តល់​សិទ្ធិ​សេរី​ភាព​ពេញ​លេញ​ដល់​ប្រជាពល​រដ្ឋក្នុង​ការ​ចូល​រួមសកម្ម​ភាព​សង្គម​ដោយ​មិន​គួរគំរាម​កំហែង ចោទ​ប្រកាន់ ចាប់​ខ្លួន និង​រឹត​ត្បិត​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​នោះទេ។

អ្នកស្រី​ថ្លែង​ថា៖ «ប្រទេស​មួយ​ដែល​មាន​សន្តិ​ភាព​គួរ​តែ​ជា​ប្រទេស​មួយ​អនុញ្ញាត​ឲ្យ​មាន​លំហ សង្គម​ស៊ីវិល អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​មាន​សេរី​ភាព​ពេល​លេញ មិន​មែន​តាម​រយៈ​បង្កើន​នូវ​ការ​ចោទ​ប្រកាន់ ឬ​ការ​ប្រកាស ​ការ​គំរាម​កំហែង​ឬ​ក៏​រឹត​ត្បិត​ ដូច​យើង​បាន​ឃើញ​ដូច​បច្ចុប្បន្ន​នោះ​ទេ។ ហើយ​សន្តិភាព​ដែល​យើង​គួរ​តែ​ផ្តល់​លើ​នោះ​មិន​មែន​តែ​អវត្តមាន​តែ​សង្គ្រាម​ទេ តែ​គឺ[ថា]​ពលរដ្ឋ​គាត់​អាច​មាន​សិទ្ធិ​ពេញ​លេញ​ក្នុងការ​ចូល​រួម​ក្នុង​សង្គម»។

គួរ​បញ្ជាក់​ថា​លោក កាក់ កុម្ភារ ឪពុករបស់​យុវជន​កាក់ សុវណ្ណឆ័យ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស កាល​ពី​ចុង​ខែ​មិថុនា ឆ្នាំ​២០​២០ ក្រោម​ការ​ចោទ​ពី​បទ​«ប្រមាថ​និង​ញុះ​ញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​ជាតិ»។ លោក​និង​សកម្មជន​ផ្សេង​ទៀត​កំពុង​រង់​ចាំ​ការ​កាត់​ទោស ដែល​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​ជំងឺ​កូវីដ​១៩៕

XS
SM
MD
LG