កាលពីថ្ងៃសៅរ៍ មេរោគវីរុសកូរ៉ូណាបន្តរាលដាលតទៅទៀតនៅពេលមានកង្វល់ខ្លាំងឡើងៗអំពីលទ្ធភាពដែលវាអាចបង្កើតឱ្យមានដំណើរសេដ្ឋកិច្ចមិនទៅមុខនៅលើសាកលលោក ហើយអង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានសម្រេចបង្កើនគ្រោះថ្នាក់នៃផលប៉ះពាល់ដោយសារការរាលដាលនេះដល់កម្រិត «ខ្ពស់ណាស់»។
ប្រទេសចិនបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា សកម្មភាពផលិតប្រដាប់ប្រដាប្រើប្រាស់បានចុះថយច្រើនកាលពីខែកុម្ភៈនៅពេលដែលមេរោគវីរុសនេះបានធ្វើឱ្យសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកនៃប្រទេសនេះមានដំណើរយឺតយ៉ាវ។
កាលពីថ្ងៃសុក្រ តម្លៃភាគហ៊ុនសាកលក៏ចុះថយច្រើនដោយបញ្ចប់សប្តាហ៍មួយក្នុងបណ្តាសប្តាហ៍អាក្រក់បំផុតសម្រាប់ផ្សារជួញដូរភាគហ៊ុនពិភពលោកចាប់តាំងពីវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨មក។
ប្រទេសកាតាបានរាយការណ៍អំពីករណីមនុស្សទីមួយមានផ្ទុកមេរោគវីរុសនេះកាលពីថ្ងៃសៅរ៍ បួនថ្ងៃក្រោយពី Emir Sheaikh Tamim binHamad al-Thani មេដឹកនាំនៃប្រទេសនេះបានបញ្ជាឱ្យជម្លៀសពលរដ្ឋកាតា ពីប្រទេសអ៊ីរ៉ង់ដែលជាមជ្ឈមណ្ឌលនៃការរាលដាលជំងឺនេះនៅក្នុងភូមិភាគមជ្ឈមបូព៌ា។
ប្រទេសបារាំងបានប្រកាសកាលពីថ្ងៃសៅរ៍អំពីករណីមេរោគវីរុសកូរ៉ូណាថ្មី១៦ហើយអាជ្ញាធរនៃប្រទេសនេះក៏បានហាមប្រាមមិនឱ្យមានការប្រមូលផ្តុំសាធារណៈដែលមានមនុស្សជាង៥ពាន់នាក់គឺមួយថ្ងៃក្រោយពីប្រទេសម៉ិកស៊ិក, នីហ្សេរីយ៉ា, នូវែលសេឡង់, លីទុយអានី, បេឡារុស, អាហ្សែបៃហ្សង់ និងប្រទេសអ៊ីស្លង់ បានរាយការណ៍អំពីករណីទីមួយរបស់ពួកគេ។
នៅក្នុងប្រទេសអ៊ីតាលី ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថាអ្នកជំងឺ៨នាក់ថែមទៀតបានស្លាប់ហើយចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺនេះកើនឡើងដល់២៩នាក់ហើយ៕