ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​មនុស្ស​ទី​មួយ​ស្លាប់​ដោយសារ​មេរោគ​វីរុស​កូរ៉ូណា​​នៅ​ក្នុង​ទ្វីប​អឺរ៉ុប


ពលរដ្ឋ​បារាំង​ឡើង​ជិះ​យន្ត​ហោះ​ដែល​ជម្លៀស​ពួក​គេ​​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង ដោយ​ចាក​ចេញ​ពី​ទីក្រុង​វូហាន ប្រទេស​ចិន ចាក​ចេញ​ពី​តំបន់​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូរ៉ូណា កាល​ពី​ចុង​ខែ​មករា។

ទេសចរ​ចិន​វ័យ​ចំណាស់់​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​បារាំង​ដោយសារ​មេរោគ​វីរុស​កូរ៉ូណា។ បុរស​អាយុ​៨០​ឆ្នាំ​រូប​នេះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ក្រុង​ប៉ារីស​ ជា​មនុស្ស​ទីមួយ​ក្នុង​ទ្វីប​អឺរ៉ុប​ដែល​បាន​ស្លាប់​ដោយសារ​មេរោគ​វីរុស​នេះ​ដែល​មាន​ប្រភព​ក្នុង​ប្រទេស​ចិន។

បន្ថែម​ពី​លើ​នេះ​ មាន​ការ​រាយការណ៍​ថា​ មាន​ការ​ឆ្លង​មេរោគ​នេះ​ទីមួយ​ក្នុងទ្វីប អាហ្វ្រិក គឺ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។

នៅ​ក្នុង​ក្រុង​ប៉េកាំង ​ពួក​មន្ត្រី​ក្រុង​នេះ​បាន​តម្រូវ​ដល់​ប្រជារាស្ត្រ​ទាំងអស់​ដែល​វិល​ត្រឡប់​មក​កាន់​រដ្ឋធានីវិញ​ឱ្យ​នៅ​ដាច់​ពី​គេ​ដោយ​ខ្លួន​ឯង​ចំនួន​១៤​ថ្ងៃ។នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​ខិតខំ​ព្យាយាម​បញ្ឈប់​ការ​រាល​ដាល​នៃ​មេរោគ

កូរ៉ូណា​ថ្មី​នេះ កាសែត​ Beijing Daily ​របស់​រដ្ឋ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​ជន​ទាំង​ឡាយ​ណា​ដែល​ប្រកែក​មិន​ព្រម​នៅ​ដាច់​ពី​គេ​ឬ​រំលោភ​លើ​បទបញ្ញត្តិ​ឯទៀតៗ​ក្នុង​ការ​ទប់​ទល់នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​«នឹង​ទទួល​ខុស​ត្រូវ​តាម​ច្បាប់»។

គណៈកម្មការ​សុខភាព​ជាតិ​នៃ​ប្រទេស​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​មាន​មនុស្ស​១៤៣​ថែម​ទៀត​បាន​ស្លាប់​ដោយសារ​មេរោគ​នេះ​ ហើយ​ចំនួន​មនុស្ស​បាត់​បង់​ជីវិត​ទាំង​អស់​កើន​ឡើង​ដល់​ជាង​១,៥០០​នាក់​ហើយ។​

គណៈកម្មការ​នេះ​ក៏​បានបញ្ជាក់​ដែរ​ថា​មាន​ករណីថ្មីៗ​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​២,៦៤១​នាក់​ទៀត។​

​គណៈកម្មការ​សុខភាព​ជាតិ​នៃ​ប្រទេស​ចិន​បាន​និយាយ​កាល​ពីថ្ងៃ​សៅរ៍​ថា ការ​ស្លាប់​នៃ​មនុស្ស​ភាគ​ច្រើន​កាល​ពី​ពេលថ្មីៗ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង Wuhan​ ដែល​ជា​ទីរួម​ខេត្ត Hubei​ ដែល​គេ​មាន​ជំនឿ​ថា​ការ​រាលដាល​នៃ​មេរោគ​វីរុស​កូរ៉ូណា​បាន​ចាប់​ផ្តើម​ពី​ទី​នោះ។

មក​ត្រឹម​យប់​ថ្ងៃ​សុក្រ​មាន​ករណី​អ្នក​មានជំងឺ​នេះ​ចំនួន​៦៦,៤៩២​នាក់ហើ​យ​មានអ្នក​ស្លាប់​ទាំង​អស់​ចំនួន​១,៥២៣​នាក់។

​បេសកកម្ម​រួម​គ្នា​មួយ​ជាមួយ​ប្រទេស​ចិន​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នឹង​បើក​ធ្វើការ​ស៊ើបអង្កេត​អំពី​មេរោគ​កូរ៉ូណា​វីរុស​នៅ​ដំណាច់​សប្តាហ៍​នេះ។ លោក​ Tedros Adhanom​ Ghebreyesus ​ប្រធានអង្គការ​ WHO ​បាននិយាយ​ប្រាប់​ពួក​អ្នកកាសែត​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ ថា​ លោក​រំពឹង​ថា​ក្រុម​មួយ​នឹង​ធ្វើ​ដំណើរ​ទោ​ដល់​ប្រទេស​ចិន​នៅ​ដំណាច់​សប្តាហ៍​នេះ​ហើយ​ថា «នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ឱ្យ​យល់​អំពី​ការ​ចម្លង​មេរោគវីរុស​នេះ, ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​និង​ផល​ប៉ះពាល់​ដោយ​វិធានការ​ដែល​កំពុ​ងមាន​ធ្វើ»។

កាលពី​ថ្ងៃ​សុក្រ​ប្រធានាធិបតី​ចិន​ Xi Jinping ​បាន​អំពាវនាវ​ឱ្យ​មានសេចក្តី​ព្រាង​ច្បាប់​ខាង​សាធារណៈ​សុខាភិបាល​ខ្លាំង​ជាង​មុន​នៅ​ពេល​ដែល​ប្រទេស​ចិន​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​រាតត្បាត​នៃ​មេរោគ​នេះ។ បើ​តាម​បណ្តាញ​ទូរទស្សន៍ ​China Global Television ថា​លោក​ Xi​ គូស​បញ្ជាក់​សេចក្តី​ត្រូវការ​ពង្រឹង​ផ្នែក​កម្សោយ​និង​បំបាត់​ចន្លោះ​ប្រហោង​ខាង​ផ្លូវ​ច្បាប់​ដែលបានត្រូវ​បញ្ចេញ​ឱ្យ​ឃើញដោយ​ការ​រាតត្បាត​ជំងឺ​នេះ​នៅ​ពេល​នេះ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG