ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា មានមនុស្សស្លាប់១២១នាក់ថែមទៀតដោយសារមេរោគវីរុសកូរ៉ូណាហើយចំនួនមនុស្សបាត់បង់ជីវិតបានកើនឡើងដល់ជិត១៤០០នាក់ហើយ។ ម្យ៉ាងវិញទៀតមានមនុស្ស៥,០៩០នាក់បានឆ្លងមេរោគនេះ។
ក្រៅពីនេះពួកពេទ្យ១,៧១៦នាក់ក៏បានឆ្លងមេរោគនេះដែរ ហើយ៦នាក់បានស្លាប់ទៅហើយ។ រហូតមកដល់យប់ថ្ងៃព្រហស្បតិ៍មានមនុស្ស៦៣,៨៥១នាក់បានឆ្លងមេរោគនេះនៅក្នុងប្រទេសចិន។
បេសកកម្មរួមគ្នាមួយជាមួយប្រទេសចិនដឹកនាំដោយអង្គការសុខភាពពិភពលោកនឹងបើកធ្វើការស៊ើបអង្កេតអំពីមេរោគកូរ៉ូណានៅដំណាច់សប្តាហ៍នេះ។លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃសុក្រនៅក្នុងក្រុងហ្សឺណែវ ថាលោករំពឹងថា ក្រុមមួយនឹងធ្វើដំណើរទៅដល់ប្រទេសចិននៅដំណាច់សប្តាហ៍នេះហើយថា «នឹងមានការយកចិត្តទុកដាក់ជាពិសេសឱ្យយល់អំពីការចម្លងមេរោគនេះ, ភាពធ្ងន់ធ្ងរនៃជំងឺនេះ និងផលប៉ះពាល់ដោយវិធានការដែលកំពុងមានធ្វើ»។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីចិន Xi Jinping បានអំពាវនាវឱ្យមានសេចក្តីព្រាងច្បាប់ខាងសាធារណៈសុខាភិបាលខ្លាំងជាងមុននៅពេលដែលប្រទេសចិនរកមធ្យោបាយដោះស្រាយបញ្ហារាតត្បាតនៃមេរោគនេះ។ បើតាមបណ្តាញទូរទស្សន៍ China Global Television ថា លោក Xi «គូសបញ្ជាក់សេចក្តីត្រូវការពង្រឹងផ្នែកកម្សោយនិងបំបាត់ចន្លោះប្រហោងខាងផ្លូវច្បាប់ដែលបានត្រូវបញ្ចេញឱ្យឃើញដោយការរាតត្បាតជំងឺនេះនៅពេលនេះ»។
នៅក្នុងក្រុងប៉េកាំង ពួកមន្ត្រីក្រុងនេះបានតម្រូវដល់ប្រជារាស្ត្រទាំងអស់ដែលវិលត្រឡប់មកកាន់រដ្ឋធានីវិញឱ្យនៅដាច់ពីគេដោយខ្លួនឯងចំនួន១៤ថ្ងៃ។
កាសែត Beijing Daily របស់រដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា ពួកជនទាំងឡាយណាដែលប្រកែកមិនព្រមនៅដាច់ពីគេឬរំលោភលើបទបញ្ញត្តិឯទៀតៗក្នុងការទប់ទល់នឹងការរាតត្បាតនៃជំងឺនេះ «នឹងទទួលខុសត្រូវតាមច្បាប់»។
ការរាតត្បាតនៃជំងឺនេះបានបណ្តាលឱ្យមានការដកលោក Jiang Chaoliang ពីតំណែងប្រធានគណបក្សកុម្មុយនិស្តក្នុងខេត្ត Hubei ក្នុងពេលតែប៉ុន្មានថ្ងៃក្រោយពីមន្ត្រីខាងសុខាភិបាលជាន់ខ្ពស់ពីរនាក់របស់ខេត្តនេះបានត្រូវដកហូតតំណែង។ ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការរបស់ប្រទេសចិនបាននិយាយថា លោក Ying Yong អតីតអភិបាលក្រុង Shanghai នឹងកាន់តំណែងជំនួសលោក Jiang ដែលសាធារណជនបានរិះគន់ដល់របៀបដោះស្រាយបញ្ហារាតត្បាតនៃមេរោគវីរុស COVID19 នេះ៕