ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស២៥៤នាក់​បន្ថែម​ទៀត​បាន​ស្លាប់​នៅ​ខេត្ត Hubei ​ដោយសារ​កូរ៉ូណាវីរុស


រូបឯកសារ៖ អ្នកថ្មើរជើងធ្វើដំណើរដោយពាក់ម៉ាសនៅអំឡុងពេលចូលឆ្នាំចិន នៅក្រុងហុងកុង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ក្រុមអាជ្ញាធរ​នៅក្នុង​ខេត្ត Hubei ប្រទេសចិន​បាន​និយាយ​ថា​ មនុស្ស២៥៤នាក់​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​មេរោគកូរ៉ូណាវីរុស​ប្រភេទថ្មី​ ដែល​តួលេខ​សរុប​មក​ទល់​នឹង​ពេល​នេះ​កើន​ដល់​ជាង១៣៦៧នាក់ហើយ​ ចាប់តាំង​ពី​មេរោគ​នេះ​បាន​ចាប់ផ្តើម​រាត​ត្បាត​ចាប់តាំង​ពី​ខែ​ធ្នូ​មក។

ការប្រកាស​ពី​ចំនួន​អ្នកស្លាប់​ថ្មី​នេះ​បាន​កើតឡើង ​បន្ទាប់ពី​អាជ្ញាធរចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃពុធ​ថា ​ចំនួន​ករណី​ឆ្លង​ថ្មីៗ​បាន​ធ្លាក់ចុះ​ពីរ​ថ្ងៃ​ជាប់​គ្នា។ ក្រុមមន្រ្តី​សុខាភិបាល​នៅ​ក្នុងខេត្ត Hubei ​ជា​កន្លែង​ផ្ទុះមេរោគ​នេះ​ឡើង​បាន​និយាយ​ថា​ ពួកគេ​បាន​ប្តូរ​វិធីសាស្ត្រ​ស្វែងរក​មេរោគ​ដែល​បាន​មក​ពី​ការធ្វើតេស្ត​នៅក្នុង​មន្ទីពិសោធន៍​ដើម្បី​ស្កេនតួ​ខ្លួន​មនុស្ស​ដោយ​កុំព្យូទ័រ។ ការផ្លាស់ប្តូរ​វិធីសាស្រ្ត​នេះ​ក៏​បាន​ធ្វើឲ្យ​ពួកគេ​រក​ឃើញ​ករណី​ឆ្លង​សរុប​នៅទូទាំង​ប្រទេសចិន​កើនឡើង​ប្រហែល៦០០០០ករណី។

នាយកអង្គការ​សុខភាព​ពិភពលោក WHO លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus កាល​ពី​ថ្ងៃពុធ​បាន​សាទរ​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ដំណឹង​នៃ​ធ្លាក់ចុះ​ករណី​ឆ្លង​មេរោគនេះ​ និង​បាន​និយាយ​ថា ​ការឆ្លងរាតត្បាត​នេះ​អាច​តែ​អាច​កើត​ឡើង​បាន​តាមវិធី​ផ្សេងៗ។ ការឆ្លងរាតត្បាត​មេរោគកូរ៉ណាវីរុស​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការបណ្តេញ​លោក Jiang Chaoliang ប្រធាន​បក្សកុម្មុយនិស្ត​ប្រចាំ​ខេត្ត Hubei ​ចេញ​តំណែង គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មន្រ្តីសុខាភិបាល​កំពូល​ពីរនាក់​ប្រចាំ​ក្នុង​ខេត្តហ៊ូពៃ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង។ ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិនហួរ​បាន​រាយការណ៍​ថា​អតីត​ចៅ​ហ្វាយក្រុង​សៀងហៃ​លោក Ying Yong នឹង​ចូល​កាន់​តំណែង​ជំនួស​លោក Jiang។

គិតត្រឹម​ថ្ងៃព្រហស្បតិ៍​នេះ​ មនុស្ស ៤៤នាក់ទៀត​នៅ​លើ​នា​វាកម្សាន្ត Diamond Princess ដែល​បាន​ចត​នៅ​កំពង់ផែ​ក្នុង​ប្រទេសជប៉ុន​ត្រូវ​បាន​រកឃើញ​ថា ​បាន​ឆ្លងមេរោគ​កូរ៉ូណាវីរុស។ តួលេខសរុប​នៃ​ចំនួន​មនុស្ស​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅក្នុង​នាវាកំសាន្ត​នេះ​បានកើតឡើង​ដល់២១៨នាក់។

ស្របពេលជាមួយគ្នា​នេះ​ នា​វាកម្សាន្ត​មួយទៀត​ដែល​មាន​ឈ្មោះ​ថា Westerdam ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលចត​នៅ​កំពង់ផែ​ក្នុង​ប្រទេសកម្ពុជា​នៅថ្ងៃព្រហស្បតិ៍​នេះ បន្ទាប់​ពី​នាវានេះ​បាន​បើក​នៅ​លើ​សមុទ្រ​ជិត​ពីរសប្តាហ៍។ នាវាកំសាន្តនេះ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូលចត​ដោយ​អាជ្ញាធរ​ជប៉ុន​ ថៃ​ កោះតៃវ៉ាន់​ និង​ហ្វីលីពីន ព្រម​ទំាង​កោះ Guam ផងដែរ៕

XS
SM
MD
LG