ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​បង្ហាញ​ថា មេរោគ​កូរ៉ូណា​ថ្មី​អាច​រស់​ក្នុង​ខ្យល់​បាន​ច្រើន​ម៉ោង និង​លើ​ផ្ទៃ​នានា​បាន​ច្រើន​ថ្ងៃ


រូបភាពវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខាភិបាលជាតិអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២០។
រូបភាពវីរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងមន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខាភិបាលជាតិអាមេរិក កាលពីខែកុម្ភៈ ឆ្នាំ២០២០។

មេរោគ​កូរ៉ូណា​ថ្មី​ដែល​បាន​ឆ្លង​រាលដាល​នៅ​ទូទាំង​ពិភពលោក គឺ​ជា​មេរោគ​ដែល​ឆ្លង​តាម​ទឹក​មាត់ ឬ​ក៏​វត្ថុរាវ​របស់​អ្នក​ជំងឺ ដែល​អាច​រស់នៅ​ក្នុង​ខ្យល់​អាកាស​បាន​ជា​ច្រើន​ម៉ោង និង​រស់នៅ​លើ​ផ្ទៃ​ណា​មួយ​បាន​ជា​ច្រើន​ថ្ងៃ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ដែល​អាច​ផ្ដល់​ជា​ការ​ណែនាំ​ជួយ​ដល់​មនុស្ស​ឲ្យ​ជៀសវាង​ការ​ឆ្លង​មេរោគ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ COVID-19 នេះ។

អ្នក​វិទ្យាសាស្ត្រ​មក​ពី​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង ដែល​ជា​ផ្នែក​មួយ​នៃ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​សហរដ្ឋ​អាមេរិក បាន​យក​វត្ថុរាវ​ដែល​ជាប់​មេរោគ​នេះ​ពី​អ្នក​ជំងឺ​ទៅ​ដាក់​លើ​ផ្ទៃ​នានា​ដែល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​តាម​ផ្ទះ ឬ​ក៏​មន្ទីរពេទ្យ។

ពួកគេ​បាន​ប្រើ​ឧបករណ៍​មួយ​ដើម្បី​បំបែក​វត្ថុរាវ​នោះ​ឲ្យ​ទៅ​ជា​ឧស្ម័ន​នៅ​ក្នុង​ខ្យល់ ដូច​ទៅ​នឹង​កម្ទេចកម្ទី​ទឹក​មាត់​តូចៗ​ដែល​បាន​មក​ពី​ការ​កណ្ដាស់ ឬ​ក៏​ក្អក​ដូច្នេះ​ដែរ។

បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្រ​តាមដាន​មើល​ថា​តើ​មេរោគ​នេះ​អាច​នៅ​មាន​សមត្ថភាព​រស់នៅ​លើ​ផ្ទៃ​នានា​បាន​យូរ​ប៉ុណ្ណា។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ក្នុង​ព្រឹត្តិប័ត្រ New England Journal of Medicine ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ការ​ធ្វើ​តេស្ដ​បាន​បង្ហាញ​ថា មេរោគ​នេះ​អាច​រស់នៅ​ក្នុង​ខ្យល់​បាន​យ៉ាង​តិច ៣ ម៉ោង ហើយ​អាច​ឆ្លង​ដល់​មនុស្ស​បាន។ នៅ​លើ​របស់របរ​ធ្វើ​ពី​ជ័រ ឬ​ធ្វើ​ពី​ដែក​ដែល​មិន​ច្រេះ មេរោគ​នេះ​អាច​រស់បាន​យ៉ាង​តិច ៣ ថ្ងៃ។ នៅ​លើ​ក្រដាស់​កាតុង មេរោគ​នេះ​អាច​រស់បាន​មិន​លើស​ពី ២៤ ម៉ោង។ ហើយ​នៅ​លើ​របស់របរ​ធ្វើ​ពី​ស្ពាន់ មេរោគ​នេះ​អាច​រស់បាន​តែ ៤ ម៉ោង​ប៉ុណ្ណោះ៕

XS
SM
MD
LG