ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខរដ្ឋស្តីទីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ «ច្បាប់​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន»


ស្ត្រីម្នាក់អានច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃពុធ ដោយប្រមុខរដ្ឋស្តីទី កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
ស្ត្រីម្នាក់អានច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃពុធ ដោយប្រមុខរដ្ឋស្តីទី កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ប្រមុខ​រដ្ឋ​ស្តី​ទី​លោក ​សាយ ឈុំ ​ជា​ប្រធាន​ព្រឹទ្ធសភា​ជំនួស​ឲ្យ​ព្រះ​មហាក្សត្រ​ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ចិន​បាន​ប្រកាស​ កាលពីថ្ងៃពុធ​ថា ​សេចក្តី​ស្នើ​ច្បាប់ស្តីពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ បាន​ក្លាយ​ជា​ច្បាប់​ជា​ធរមាន។​

ច្បាប់​នេះ​មាន​ ១២ ​មាត្រា​និង​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ស្នើ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​លោក​ថា​ រដ្ឋាភិបាល​ត្រូវ​ការ​ច្បាប់​នេះ​ដើម្បី​ត្រៀម​ក្នុង​ដៃ​ ពេល​ប្រទេស​ត្រូវ​ការ​ដាក់​ក្នុង​ភាព​អាសន្ន។​ លោក​ថា​ ការ​ធ្វើ​ច្បាប់​នេះ ​គឺ​ដើម្បី​ត្រៀម​សម្រាប់​ការ​រាតត្បាត​វីរុស​កូរ៉ូណា​កាន់​តែ​ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ហាម​ឃាត់​ពលរដ្ឋ​ធ្វើ​ដំណើរ និង​រក​ស៊ី។​

បើ​តាម​ព្រះរាជក្រមច្បាប់​នេះ ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់។​

​ច្បាប់​នេះ​ត្រូវ​បាន​រិះគន់​ដោយ​មន្រ្តី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ផ្សេង​ទៀត។​ ក្រុម​អ្នក​ជំនាញ​ អ.ស.ប.​ បាន​លើក​ឡើង​ថា ច្បាប់​នេះ​ «រំលោភ​សិទ្ធិ​ឯកជន​រឹតត្បិត​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ និង​ដាក់​ជា​បទ​ព្រហ្មទណ្ឌ​ចំពោះ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល ​និង​សាធារណ​ជន​ដើម្បី​ចូលរួម​ផ្តល់​យោបល់​នោះ​ទេ។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ រដ្ឋាភិបាល​អាច​ហាម​ឃាត់​ ឬ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ដូច​ជា​ការ​ដើរ​ហើរ ការ​ជួប​ជុំ​ប្រមូល​ផ្ដុំ​ ការ​ប្រកប​មុខ​របរ​ ការ​ចែក​ចាយ​ព័ត៌មាន​ដែល​បង្ក​«ចលាចល​ ឬ​ដែល​នាំ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ»​ និង​បើក​សិទ្ធិ​អំណាច​ឲ្យ​រដ្ឋាភិបាល​តាម​ដាន​ឃ្លាំ​មើល ​«ប្រព័ន្ធ​ទំនាក់​ទំនង​ទូរគមនាគមន៍​គ្រប់​រូបភាព»។​

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ​ដូច​ជា​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​ ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​គ្រោះ​អាសន្ន​បន្ទាន់​ ចំពោះ​សុខភាព​សាធារណៈ​ បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ដែល​គំរាម​កំហែង ​ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស៕

XS
SM
MD
LG