ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ពាក់ព័ន្ធ​ជំរុញ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ ខណៈ​មិន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ​ដោយសារ​វីរុស​កូរ៉ូណា


រូបឯកសារ៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែង​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។​ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែង​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​តាម​បណ្តោយ​មាត់​ទន្លេ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។​ (កាន់ វិច្ឆិកា/VOA)

ក្រុម​សហជីព​ និង​អ្នក​ធ្វើ​ការ​លើ​វិស័យ​ការងារ​ផ្សេងៗ​បាន​សម្រេច​ចិត្ត​មិន​ប្រមូល​ផ្តុំ ​និង​មិន​ជួប​ជុំ​គ្នា​លើ​បដា​ទាមទារ​សិទ្ធិ​ការងារ​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី​១​ខែ​ឧសភា ​ខាង​មុខទេ​ដោយ​បារម្ភ​ពី​ការ​ឆ្លង​វីរុស​កូរ៉ូណា។​ ប៉ុន្តែ​ពួក​គេ​បន្ត​ជំរុញ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ​របស់​កម្មករ​ និង​អ្នក​ធ្វើ​ការ​ផ្សេង​ទៀត​ដែល​កំពុង​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩។​

លោក​ អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​បានថ្លែង​ប្រាប់ ​VOA ​ថា លោក​និង​អ្នក​តំណាង​ក្រុម​សហជីព​នៅ​តែ​ដាក់​ញត្តិ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ដូច​ដែល​លោក​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​មិន​មាន​ការ​ជួប​ជុំ​គ្នា​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​រៀបចំ​របស់​យើង​គឺ​យើង​អត់មាន​ការ​ជួប​ជុំគ្នា​ទេ។​ យើង​អញ្ជើញ​តែ​តំណាង​ហើយ​មក​ធ្វើ​សន្និសីទ​កាសែត​ហើយ​ហៅ​តំណាង​ទាំង​អស់​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​ខាង​រដ្ឋាភិបាល​តែ​ម្តង»។​

លោក​បន្ត​ថា​តំណាង​សហព័ន្ធ​ដែល​ធ្វើ​ការ​លើ​វិស័យ​ចំនួន​៨ ​ដូច​ជា​វិស័យ​កាត់ដេរ​ សំណង់ សេវា​កម្ម​ ទេសចរណ៍ ​ដឹក​ជញ្ជូន​ កសិកម្ម ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​និង​ឧស្សាហ​កម្ម​ជា​ដើម ​នឹង​មក​ចូល​រួម​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​អនឡាញ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែ​ឧសភា។ ការ​ជួប​ជុំ​នេះ​មាន​ប្រធាន​បទ​«រួម​លើក​កម្ពស់​សិទ្ធិ​ការងារ​និង​ទប់​ស្កាត់​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩»។​

បើ​តាម​លោក ​អាត់ ធន់ ​ ញត្តិ​ដែល​សហជីព​នឹង​ដាក់​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៤​នេះ​មាន​១៨​ចំណុច ​ក្នុង​នោះ​មាន​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាលជួយ​ដល់​អ្នក​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ស្នើ​ស្រដៀង​នឹង​ឆ្នាំ​ទៅ ​គ្រាន់​តែ​ថា​យើង​ដាក់​ចំណុច​អាទិភាព​ ឬ​ក៏​បន្ទាន់​ទាក់​ទង​នឹង​កូវីដ១៩​ ប្រហែល​ជា​បី​ឬ​បួន​ចំណុច ​ដែល​យើង​បាន​ធ្វើ​នៅ​ពេល​បច្ចុប្បន្ន​ហ្នឹង​បាទ»។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​ លោក​ ហេង សួរ ​កាល​ពី​ថ្ងៃ​ច័ន្ទ ​បាន​ថ្លែង​ថា​រោងចក្រ​ជាង​១៣០​បាន​ព្យួរ​ការងារ ​ដែល​ប៉ះពាល់​ដល់​កម្មករ​កាត់​ដេរ​ប្រមាណ​១០​ម៉ឺន​នាក់។​ ចំណែក​ពលករ​ខ្មែរ​ប្រមាណ​៩​ម៉ឺន​នាក់ ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ក៏​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ហើយ​ពួកគេ​ប្រឈម​អត់​ការងារ​ធ្វើ ​និង​ជំពាក់​បំណុល​គេ។​

លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​បាន​ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា ជំនួស​ឲ្យ​ការ​ជួប​ជុំ​គ្នា​លោក​នឹង​អញ្ជើញ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ផ្ទាល់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​មក​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​ពួក​គាត់​វិញ​ ហើយ​ផ្សាយផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

យោង​តាម​លោក​ វន់ ពៅ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​ដូចជា​អ្នក​រត់​តាក់​ស៊ី ​ម៉ូតូ​ឌុប​ អ្នក​លក់ដូរ​តាម​ដង​ផ្លូវ​ជាដើម​ កំពុង​រងផល​ប៉ះពាល់​ផ្ទាល់​យ៉ាង​ខ្លាំង​ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​នេះ។​

«ដោយ​យើង​នឹង​មាន​ការ​អញ្ជើញ​ផ្នែក​សំខាន់ៗ​ដូចជា​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ អ្នក​រត់​រ៉ឺម៉ក​ទេសចរ​ អ្នក​ធ្វើការ​តាម​ផ្ទះ​ ឲ្យ​គាត់​និយាយ​តាម​ប្រព័ន្ធ​អនឡាញ​តាម​បណ្តាញ​សង្គម​ ដើម្បី​ផ្សព្វ​ផ្សាយ​ជូន​សាធារណ​ជន​ក៏ដូចជា​ផ្ញើ​សារ​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង»។​

លោក ​វន់​ ពៅ ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​ ដើម្បី​ឧបត្ថម្ភ​ជា​ថវិកា​ ​ស្បៀង​អាហារ​ និង​សម្ភារៈ​អនាម័យ​ ដើម្បី​ការពារ​ខ្លួន​ដូច​ជា​អាល់កុល​ ឬ​ម៉ាស​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​រងគ្រោះ។ ​ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​ព្យួរ​ទាំង​ស្រុង​នូវ​ការ​បង់សង​បំណុល​ទៅ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​មាន​ធនាគារ ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ​រយៈ​ពេល​ពី​៣​ទៅ​៦ខែ។​

អ្នក​ស្រី ​អ៊ូ ទេពផល្លីន ​នាយិកា​ប្រតិបត្តិ​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវា​កម្ម​កម្ពុជា ​តែង​តែ​ដឹកនាំ​កម្មករ​និយោជិត​រាប់រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​អំឡុង​ទិវា​ពលកម្ម​អន្តរជាតិ​ជា​រៀង​រាល់ឆ្នាំ ​ដើម្បី​ទាមទារ​សិទ្ធិ​និង​អត្ថ​ប្រយោជន៍​ផ្សេងៗ​សម្រាប់​កម្មករ​និយោជិត។​ អ្នកស្រី​សាទរ​ចំពោះ​អន្តរាគមន៍​ពី​ខាង​រដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះក្នុង​ការ​ជួយ​ដល់​កម្មករ​ ប៉ុន្តែ​អ្នកស្រី​ថា​ វា​នៅ​មាន​កម្រិត​នៅ​ឡើយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«ការ​យកចិត្ត​ទុកដាក់​នៅ​មាន​កម្រិត​ហើយ​តិច​តួច​នៅ​ឡើយ​សម្រាប់​វិស័យ​នេះ​មាន​ន័យ​ថា​ការ​ផ្តោត​ទៅ​លើ​វិស័យ​ណា​មួយ​អត់​ទាន់​បាន​ទូទាំង​ប្រទេស»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក ​ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

តំណាង​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​នៃ​តំបន់​ជនបទ ​និង​តំបន់​ក្រីក្រ​ជាង​១៤០​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ឲ្យ​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គាត់​ដែល​កំពុង​បាត់បង់​ចំណូល​បាត់បង់​ការងារ​និង​កង្វះ​ស្បៀង​អាហារ។ ក្នុង​ញត្តិ​មួយ​ច្បាប់​ដែល ​VOA ​ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ ​ ពួកគេ​បាន​ស្នើ​ឲ្យ​ជួយ​គាំទ្រ​ផ្នែក​សុខាភិបាល ​ពន្យារ​ការ​បង់​ថ្លៃ​ជួល​ទីតាំង​ប្រកប​អាជីវកម្ម ​ផ្អាក​យក​តម្លៃ​ទឹក ​ភ្លើង ​និង​បញ្ហា​តម្លៃ​គ្រឿង​បរិភោគ។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​សុខុមាលភាព​របស់​កម្មករ​និយោជិត។​

លោក​មាន​ប្រសាសន៍​ថា៖​ «កម្មករ​គឺ​ជា​កម្មករ​មិនមែន​ជា​អ្នក​ស៊ី​ឈ្នួល​គេ​ទេ។​ អាស្រ័យ​ហេតុ​ដូច្នេះ ​ជ្រុង​ហ្នឹង​ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ មិនមែន​ជាជ្រុង​នៃ​ការ​ជួប​គ្នា​សម្តែង​មតិ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ទេ។​ រាជ​រដ្ឋា​ភិបាល​ចាប់​អារម្មណ៍​មុន​មួយ​ជំហាន​ពីរ​ជំហាន​មុន ដូច​ជា​ការ​រក្សា​ប្រក្រតីភាព​នៃ​ការងារ​ពួក​គេ រក្សា​ចំណូល​របស់​គេ​ត្រឹម​ត្រូវ​ រក្សា​ជីវភាព​របស់​គេ»។​

កាល​ពីថ្ងៃ​អង្គារ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​ថ្លែង​តាម​សារ​លិខិត​មួយ​ដើម្បី​ចូល​រួម​អបអរ​ទិវា​ពល​កម្ម​អន្តរជាតិ​ ដោយ​លោក​បាន​បង្ហាញ​វិធានការ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​កូវីដ១៩ ​ដូច​ជា​វគ្គ​បណ្តុះ​បណ្តាល​បន្ថែម​ដល់​កម្មករ​និយោ​ជិត​វិស័យ​ទេសចរណ៍​ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំពោះ​កម្មករ​និយោជិត​វិស័យ​វាយនភណ្ឌ ​ពន្យារ​ពេល​ការ​បង់​រំលស់ ​ការ​សង​បំណុល​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ជាដើម។​

លោក ​ហ៊ុន សែន​ បន្ត​ថា​ កម្ពុជា​មាន​អត្រា​ការងារ​ធ្វើ​ដល់​ទៅ​៩៩,៧​ភាគ​រយ​នៃ​កម្លាំង​ពលកម្ម​សរុបប្រមាណ​១០​លាន​នាក់ ​ដែល​ក្នុង​នោះ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ជាង​១លាន​នាក់ ​និង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​មាន​២,២​លាន​នាក់។​

លោក​នាយក​រដ្ឋមន្រ្តី​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​ដាក់​ចេញ​វិធានការ​ថ្មីៗ​បន្ថែម​ទៀត ​ក្នុង​ករណី​ដែល​ស្ថានភាព​សេដ្ឋកិច្ច​រង​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ ដោយសារ​វីរុស​កូរ៉ូណា។​

ក្នុង​កិច្ច​ប្រជុំ​កាលពី​សប្តាហ៍​មុន ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ​លោក ​ស ខេង​ បាន​បញ្ជាក់​ថា​ ដោយសារ​ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​អាច​កើន​ឡើង ​ក្រោយ​ជំងឺ​ដែល​កំពុង​រាត​ត្បាត​ជា​សាកល​នេះ​បាត់​ទៅ​វិញ៕

XS
SM
MD
LG