ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្រ្ត​​និង​​សមាជិក​​ព្រឹទ្ធ​សភា​​មួយ​​ចំនួន​​ថា​ ប្រមុខរដ្ឋ​​ស្តីទី​​អាច​​ប្រកាស​​ដាក់​​ប្រទេស​​ក្នុង​​ភាព​​អាសន្ន


រូបឯកសារ៖ តំណាងរាស្រ្តចំនួន១២៥នាក់​ ចូលរួមក្នុងការបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ តំណាងរាស្រ្តចំនួន១២៥នាក់​ ចូលរួមក្នុងការបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ (នៅ វណ្ណារិន/VOA)

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​តំណាង​រាស្រ្ត​ និង​សមាជិក​ព្រឹទ្ធ​សភា​អះអាង​ថា ​ ប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ក្នុង​លក្ខខណ្ឌ​ដែល​ព្រះ​មហា​ក្សត្រ​អវត្តមាន។​

ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​ទាំង​នោះ​ ធ្វើ​ឡើង​ខណៈ​មាន​ការ​លើក​ឡើង​ពី​ភាព​មិន​ដាច់​ស្រេច​ថា​ តើ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ត្រូវ​តែ​ជា​ព្រះ​មហា​ក្សត្រ ​ឬប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ជំនួស​បាន។​

ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ក្នុង​ភាព​អាសន្ន ​ដែល​ត្រូវ​បាន​រដ្ឋសភា​និង​ព្រឹទ្ធសភា​អនុម័ត​ដោយ​មិន​មាន​ការ​កែ​ប្រែ​កាល​ពី​ពេល​ថ្មីៗ​នេះចែង​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ត្រូវ​ធ្វើ​ឡើង​ក្នុង​ព្រះ​រាជ​ក្រឹត្យ។ កន្លង​ទៅ​ព្រះ​រាជ​ក្រឹត្យ​ក៏​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី ​លោក​សាយ ឈុំ ​ដែល​ជា​ប្រធាន​ព្រឹទ្ធ​សភា។​

មាត្រា​២២​នៃ​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ ​អម​ជាមួយ​មតិ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី ​ប្រធាន​រដ្ឋ​សភា ​និង​ប្រធាន​ព្រឹទ្ធ​សភា។​

លោក ​ឈាង វុន ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​បាត់ដំបង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ប្រមុខ​រដ្ឋ​ស្តីទី​ជា​អ្នក​អនុវត្ត​ការងារ​ជំនួស​ព្រះ​មហា​ក្សត្រ​នៅ​ពេល​ព្រះអង្គ​អវត្តមាន។​ លោក​បន្ត​ថា​ សម្រាប់​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដែល​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា​ ព្រះ​មហា​ក្សត្រ​ជា​អ្នក​ប្រកាស​នោះ​ ប្រមុខ​រដ្ឋ​ស្តីទីនឹង​ប្រកាស​ជំនួស​បាន​ក្នុង​ពេល​ដែល​អវត្ត​មាន​ព្រះ​មហា​ក្សត្រ។​

«ព្រះ​មហា​ក្សត្រ​លោក​ជាប់​កិច្ច​ការ​អី​ផ្សេងៗ​ដែល​មិន​អាច​ធ្វើ​កិច្ចការ​ហ្នឹង​បាន​ ដូច​ជា​លោក​យាង​ទៅ​ខាង​ក្រៅ​ទៅ​អី​ហ្នឹង​ យើង​តែង​តាំង​ប្រមុខ​រដ្ឋ​ស្តីទី​មួយ​ ហើយ​ប្រមុខ​រដ្ឋ​ស្តីទី​ហ្នឹង​លោក​ធ្វើ​ការ​អី​ទាំង​អស់​ជំនួស​ព្រះ​មហា​ក្សត្រ»។​

មាត្រា​២៨​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា៖​ «ក្នុង​ពេល​ដែល​ព្រះ​មហា​ក្សត្រ​ប្រឈួន​ ហើយ​ត្រូវ​ព្យាបាល​ព្រះ​រោគ​នៅ​បរទេស​ក្នុង​ពេល​នោះ​ព្រះ​មហា​ក្សត្រ​មាន​សិទ្ធិ​ផ្ទេរ​អំណាច​ឡាយ​ព្រះ​ហស្តលេខា​នៅ​លើ​ព្រះ​រាជ​ក្រម​ ឬ​ព្រះ​រាជ​ក្រឹត្យ​ខាង​លើ​នេះ​ទៅ​ប្រមុខ​រដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​ជំនួស​ដោយ​ព្រះ​រាជសារ​ប្រគល់​សិទ្ធិ»។​

ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​មិន​បាន​ចែង​លម្អិត​អំពី​អវត្ត​មាន​របស់​ព្រះ​មហា​ក្សត្រ ​ដោយ​សារ​កិច្ច​ការងារ​ផ្សេង​ក្រៅ​ពី​ប្រឈួន​នោះ​ទេ។​

ស្រដៀង​គ្នា​នេះ ​លោក ​ម៉ម ប៊ុននាង ​អ្នក​នាំ​ពាក្យ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា ​លើក​ឡើង​ដែរ​ថា ប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន ​នៅ​ពេល​ដែល​ទទួល​បាន​លិខិត​ផ្ទេរ​សិទ្ធិ​ពី​ព្រះ​មហា​ក្សត្រ។​

«ក្នុង​រដ្ឋ​ធម្មនុញ្ញ​ គឺ​ការ​តាក់​តែង​ច្បាប់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក៏​ដោយ ​ក្នុង​ច្បាប់​ក៏​ដោយ ​គឺ​គេ​មិន​អាច​ឲ្យ​ចាំ​តែ​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​ឯង​អ៊ីចឹង​ទេ ​ពីព្រោះ​ថា​ ព្រះ​អង្គ​លោក​ស្តេច​យាង​ទៅ​ណា ​ឬ​ក៏​លោក​មាន​ប្រឈួន​ឬក៏​លោក​យាង​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ក្រៅ​អី គឺ​លោក​នឹង​ធ្វើ​លិខិត​ប្រទាន​សិទ្ធិ​ឲ្យ​ប្រមុខ​រដ្ឋ​ស្តីទី​ហ្នឹង​ចុះ​ហត្ថលេខា​ គឺ​មិន​ឲ្យ​ប្រទេស​ជាតិ​ហ្នឹង​ស្ថិត​នៅ​រង់ចាំ​អ៊ីចឹង​ទេ»។

ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ យល់​ថា​ មាន​តែ​ព្រះ​មហា​ក្សត្រ​ទេ ​ដែល​អាច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន។

ក្នុង​សន្និសីទ​មួយ​នៅ​វិមាន​សន្តិភាព ​កាល​ពីថ្ងៃ​ទី​៧ ​ខែ​មេសា ​លោក​ ហ៊ុន សែន​ថ្លែង​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ​តាម​រយៈ​ព្រះ​រាជ​ក្រឹត្យ។ ​លោក​ទុក​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ជា​អ្នក​បក​ស្រាយ​លើ​ករណី​នេះ។​

«គេ​ចែង​ថា​នៅ​ពេល​ដែល​ប្រទេស​ជាតិ​ជួប​គ្រោះ​អាសន្ន ​ព្រះ​មហា​ក្សត្រ​ទ្រង់​ជូន​ដំណឹង​ជា​សាធារណៈ​អំពី​ការ​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​អាសន្ន​ ដោយ​មាន​ការ​ឯកភាព​ពី​នាយក​រដ្ឋមន្រ្តី ​ពី​ប្រធាន​រដ្ឋសភា​ ពី​ប្រធាន​ព្រឹទ្ធ​សភា។​ បើ​ដូច្នោះ​ប្រធាន​ព្រឹទ្ធ​សភា​ដែល​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នេះ​គឺ​មិន​មាន​សិទ្ធិ​ដើម្បី​នឹង​ប្រកាស​ទេ។​ នេះ​តាម​ការ​យល់»។

បុរសម្នាក់កំពុងជិះម៉ូតូកាត់​អគារ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ លើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)
បុរសម្នាក់កំពុងជិះម៉ូតូកាត់​អគារ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ លើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA)

កាល​ពី​ថ្ងៃ​ច័ន្ទ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​ថា​ច្បាប់​ស្តី​អំពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​ យ៉ាង​ណាក្តី​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​បញ្ជាក់​ថា​ ក្នុង​ករណី​ដែល​ព្រះ​មហា​ក្សត្រ​អវត្តមាន​ តើ​ប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ជំនួស​បាន ឬ​យ៉ាង​ណា​នោះ​ទេ។​

លោក​ តាំង រតនា​ អគ្គលេខា​ធិការ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រាប់​VOA​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ច្បាប់​នេះ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទាំង​ស្រុង។​ លោក​បន្ត​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជូន​ច្បាប់​នេះ​ទៅ​រដ្ឋសភា​វិញ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ដដែល​នោះ។​ លោក​មិន​អាច​បញ្ជាក់​ថា​ តើ​មាន​តែ​ព្រះ​មហា​ក្សត្រ​ដែល​អាច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​បាន​ ឬ​ប្រមុខ​រដ្ឋ​ស្តីទី​អាច​ប្រកាស​ជំនួស​បាន​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ការ​បកស្រាយ​ចំណុច​ណា​មួយ​នៃ​ច្បាប់ ​ឬ​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​តែ​មាន​ការ​ស្នើ​ពី​ស្ថាប័ន​ព្រះ​មហាក្សត្រ​ ស្ថាប័ន​រដ្ឋ​សភា ​ឬ​ព្រឹទ្ធ​សភា។

«ទាល់​តែ​មាន​ការ​ស្នើ​សុំ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ។​អ៊ីចឹង​អ្វី​ដែល​ស្នើ​សុំ​ប៉ុណ្ណា ​គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ប៉ុណ្ណឹង។​ អ៊ីចឹង​ពាក់ព័ន្ធ​ជាមួយ​ច្បាប់​នេះ​គឺ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​ធម្មនុញ្ញ​ភាព​ មិនមែន​ការ​បកស្រាយ​ទេ»។​

លោក​ សុក សំអឿន ​ជា​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារ​ក្តី​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ដោយសារ​មាន​ការ​យល់​ឃើញ​ខុស​គ្នា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គួរ​តែ​បក​ស្រាយ​ឲ្យ​ច្បាស់​លើ​ចំណុច​នេះ។​

លោក ​ឡេង ប៉េងឡុង ​អ្នក​នាំពាក្យ​រដ្ឋសភា​ប្រាប់​VOA ​ថា ​ រដ្ឋសភា​ទើប​តែ​បញ្ជូន​ច្បាប់​ស្តីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ទៅ​ទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី​វិញ​ដើម្បី​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្តលេខា​ឬ​ប្រមុខ​រដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ។

បើ​តាម​ច្បាប់​នេះ ​ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ​អាច​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ ​រួម​មាន​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម ​ឬ​ការ​ឈ្លាន​ពាន​ពី​កម្លាំង​បរទេស​ គ្រោះ​អាសន្ន​បន្ទាន់​ចំពោះ​សុខភាព​សាធារណៈ ​បណ្តាល​មក​ពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធ្ងន់​ធ្ងរ​ ដែល​គំរាម​កំហែង​ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រីករាល​ដាល​ដល់​កម្រិត​ទូទាំង​ប្រទេស។​

ច្បាប់​នេះ​រង​ការ​រិះគន់​ថា​ នឹង​ត្បិត​ត្បៀត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ជាពិសេស​ឯកជន​ភាព៕​

XS
SM
MD
LG