ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន​ សែន ​ស្នើ​​ឲ្យ​មាន​ការ​បណ្តុះ​យុវជន​ជំនាន់​ថ្មី​ ដើម្បី​ត្រៀម​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែល​មាន​ចូលរួមពី​លោក​ Xi Jinping ប្រធានាធិបតី​ចិន។ (Facebook/Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក កាល​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដែល​មាន​ចូលរួមពី​លោក​ Xi Jinping ប្រធានាធិបតី​ចិន។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​យុទ្ធ​សាស្រ្ត​សំខាន់​ៗ​ចំនួន​៤ ​ចំណុច ​ក្នុង​នោះ​គឺការ​បើក​ឱកាស​ឲ្យមាន ការ​បណ្តុះ​បណ្តាល​យុវជន​ជំនាន់​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ស្តា​រវិស័យ​ទេសចរណ៍​ឡើង​វិញ​ ក្រោយ​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូវី​ដ-១៩។ នេះ​បើ​តាម​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗនេះ។

​ក្រោម​ប្រធានបទ​«ទេសចរណ៍​ដើម្បី​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន» ​លោក​ហ៊ុន សែន​លើកឡើង​ក្នុង​សារ​លិខិត​ចុះថ្ងៃទី​២២ខែកញ្ញា​ថា ខណៈ​ដែល​វិស័យ​ទេសចរណ៍​ជា​វិស័យ​ដ៏​ចម្បង​ ប្រៀប​បាន​ទៅ​នឹង​សសរ​ស្តម្ភ​ ​ក្នុងការទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ វិស័យ​នេះ​ បាននិងកំពុង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​អំឡុងពេលនៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លោក​នាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​មាន​ការ​បង្ហាត់​បង្រៀន​នូវ​ជំនាញ​បន្ថែម​ និង​ជំនាញ​ថ្មី​ៗ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​ក្នុង​វិស័យ​ទេសចរណ៍​ដែល​ត្រូវ​បានកំណត់ជាមុំ​យុទ្ធសាស្រ្ត​មួយ​សំខាន់ ក្នុង​ចំណោម​យុទ្ធសាស្រ្ត​អា​ទិ​ភាព​ទាំង​៤ ក្នុងនោះ គឺ​ការ​អនុវត្ត​នូ​វ​វិធាន​ការ​សុខាភិបាល​និង​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ដែល​ផ្តល់​អាទិភាព​ដល់​សុខភាព​ទេសចរជាតិ​ និង​ការ​គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ «​កម្ពុជា​សុវត្ថិភាព​ Cambodia​ Safe​» ​ ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្រោយ​ខ្សែរ​សង្វាក់​ផ្គត់​ផ្គង់​ទេសចរណ៍​គ្រប់​កម្រិត​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ស្ទើរ​ទាំង​ស្រុង​ បន្ទាប់​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​បាន​ដើរ​ចេញ​ពី​ការ​ងារ​ជា​បន្ត​បន្ទាប់​។

បើតាម​សារលិខិត​របស់​លោក​ហ៊ុន សែន​ ក្នុង​កម្រិត​ពិភពលោក ឆ្នាំ​២០២០​ ចំនួន​ភ្ញៀវ​ទេស​ចរអន្តរជាតិ​បាន​ធ្លាក់​ចុះ​រហូតដល់​៧៣​ភាគរយ​ ដែល​ធ្វើ​ឲ្យប៉ះពាល់​ការងារ​ផ្ទាល់​ពី​១០០ ទៅ​១២០​លាន និង​ការ​ងារ​មិន​ផ្ទាល់​ជា​ច្រើនរយ​លាន​នាក់​ថែម​ទៀត​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ក្នុង​ន័យ​ដើម​ថា​៖«ដោយ​ឡែក​នៅ​កម្ពុជា​ ចំនួន​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​រហូត​ដល់​៨០,២​ភាគរយ​ ប៉ះពាល់​ការងារ​ផ្ទាល់​ជាង​១១ម៉ឺន​នាក់​ និង​ការងារ​មិន​ផ្ទាល់​រាប់ម៉ឺន​នាក់​ទៀត​ ហើយ​និន្នា​ការ​នេះ​នឹង​បន្តធ្លាក់​ចុះ​តទៅ​ទៀត​ក្នុង​ឆ្នាំ​២០២១​នេះ​»។

លោក​ហ៊ុន​ សែន​បន្ថែម​ថា​៖ «​វិបត្តិ​កូវីដ១៩​ បាន​ឲ្យ​មាន​ការ​ចាក​ចេញ​ពីការងារ​ ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ទេសចរណ៍​គ្រប់​កម្រិត​ត្រូវ​ផ្អាក​ស្ទើរ​ទាំង​ស្រុង​ ដែល​ទាំងនេះ​ បាន​បង្ក​ជា​ឧបសគ្គ​នៃ​ដំណើរការ​ស្តារ​ឡើងវិញ​នៃ​វិស័យ​ទេស​ចរណ៍​នាពេល​ខាង​មុខ។ ក្នុងន័យ​នេះ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ ត្រូវ​សហការ​កាន់​តែ​សកម្ម​ថែម​ទៀត​ជាមួយ​ក្រសួង​ទេសចរណ៍​ ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែមម​និង​ជំនាញ​ថ្មី​ដល់​យុវជន​ស្រប​តាម​យន្តការ​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព»។ ​

រដ្ឋលេខាធិកា​រ​ក្រសួង​ទេសចរណ៍​លោក​ តុប​ សុភ័គ​ ប្រាប់​វីអូអេ​ថា សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​ដែល​រដ្ឋាភិបាល​បានត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវជន​ជំនាន់​ក្រោយ​ៗ​ក្នុ​ង​វិស័យ​ទេសចរណ៍​ និង​បាន​នឹង​កំពុងរួម​សហការ​ជា​មួយ​ស្ថាប័នពាក់​ព័ន្ធផ្សេង​ៗដោយ​ផ្តោត​ទៅ​លើការ​បណ្តុះ​បណ្តាល​បុគ្គ​លិក​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ក្នុង​នោះ​រួម​មាន​យុវជនផង​ដែរ​។

លោក​មានប្រសាសន៍​ថា​៖ « ចំពោះ​កិច្ច​ការ​នឹង​ [ការបណ្តុះ​បណ្តាល​យុវជន​ក្នុង​វិស័យ​ទេសចរណ៍​] គឺ​យើង​មាន​ចក្ខុវិស័យ​ ​ផែន​ការ​បណ្តុះ​បណ្តាល​របស់​យើង​ជាពិសេស​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យទេស​ចរណ៍​ដែល​យើង​អាច​ថា​ត្រូវ​ប្រើ​ពេល​យូរ​ដែរ​សម្រាប់​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ទាំងអស់​នឹង​រហូត​ទៅ​ដល់​ឆ្នាំ​២០៣៥ »។

ក្នុង​ការជំរុញ​ឲ្យវិស័យ​ទេសចរណ៍​កម្រើក​ឡើងវិញ​នា​ពេល​ខាង​មុខ​នោះ​ លោ​ក​បាន​បញ្ជាក់ថា​ រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធាន​ការ​សុខាភិបា​លតឹង​រ៉ឹង​នៅតាម​តំបន់​ទេសចរណ៍​នីមួយៗ​ និង​តម្រូវ​ឲ្យ​មាន​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់​សាំង​មុន​នឹង​អនុញ្ញាត​ទទួល​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ​ ចំណែកការបញ្ចុះ​តម្លៃស្នាក់​នៅ​តាម​សណ្ឋាគារ ​ភោជនីដ្ឋាន​វិញ​គឺមាន​ភោជនីដ្ឋាន​ សណ្ឋាគារ​មួយ​ចំនួន​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ពី​៥ ទៅ​១០% ​សម្រាប់​ពលរដ្ឋ​ដែលបានចាក់​វ៉ាក់​សាំង​រួច​អាស្រ័យ​ទៅ​លើ​គោលការណ៍ និងលក្ខខណ្ឌ​របស់​ម្ចាស់​សណ្ឋាគារ ​ភោជនីយ​ដ្ឋាន។ ​

ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី ឆាយ ស៊ីវលីន យល់​ថា​ការ​បណ្តុះ​បណ្តាល​ទៅ​ដល់​យុវជន​ក្រោយ​ៗ​ឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម​ក្នុង​វិស័យទេសចរណ៍​ពិត​ជា​មាន​សារៈសំខាន់ ស្រប​ពេល​ដែល​កំណើន​តម្រូវ​ការទេសចរណ៍​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ ខណៈ​ប្រព័ន្ធសេវាកម្ម​ឌីជីថល​នឹង​ចូល​មក​ជំនួស​របៀប​ធ្វើ​ការងារ​ចាស់ៗ​ក្នុងបរិបទ​ឧស្សាហកម្ម​៤.០ ដែល​នឹង​តម្រូវ​ឲ្យយុវជន​យល់​ដឹង​ពី​បច្ចេកវិទ្យាថ្មីៗ ដើម្បី​ជំនួយ​ដល់​កិច្ចការ​ងារ​របស់​ពួកគេ។ ​

លោក​ស្រី​បញ្ជាក់​ថា​៖ « សម្រាប់​ការ​ដាក់​ចេញ​នូវ​គោល​ការណ៍​ថ្មី​ៗ​ដើម្បី​បណ្តុះ​បណ្តាល​យុវជន​នឹង​គឺ​ជា​ការ​មួយ​ល្អ​មែនទែន ​ប្រសើរ​មែន​ទែន ​ព្រោះ​យើង​ត្រូវ​ការ​អ្នក​ជំនាញ​ថ្មី​ៗ​បន្ថែម​ទៀត​ ថ្វី​ត្បិត​តែ​អ្នក​ចាស់​យើង​ក៏​មាន​ដែរ ប៉ុន្តែ​ដោយសារ​តែ​កំណើន​តម្រូវ​ការ​កាន់​តែ​ច្រើន​ ហើយ​បរិបទ​ថ្មី​ៗ​ក៏​ចូល​មក​ចឹង​អ្វីៗ វា​មិន​ដូច​ពី​មុន​ទេ ។ ដូច​ក្នុង​វិស័យ​ទេសចរណ៍​ចឹង លើក​មុន​ការ​ផ្សព្វផ្សាយ​យើ​ង​ត្រូវ​ការ​ព្រីនជា​ទស្សនាវដ្តី​ យើង​ដឹក​ជញ្ជូន​យក​ទៅ​ទាំង​កេសៗ​ទៅ​ផ្សព្វផ្សាយ​នៅ​ឯ​ក្រៅ​ប្រទេស។ ប៉ុន្តែ​សម្រាប់​បច្ចុប្បន្ន​នេះ​គឺ​ជា​បរិប​ទ​ឧស្សាហកម្ម​ ៤.០ អញ្ចឹង​ត្រូវ​ការ​ការ​ Update [អភិវឌ្ឍ​ន៍​តាម​សម័យ​កាល​] ការ​ផ្សព្វផ្សាយ​ក៏​ដូច​ជា​ការ​រក​ដៃ​គូបែប​ប្រភេទ​ថ្មី​ អ្វី​ៗ​មក​តាម​នឹង» ។

សហ​ប្រធាន​ក្រុម​ការងារ​ទេសចរណ៍​ផ្នែក​ឯកជន​ លោក​ហូ​ វណ្ណឌី​ ថ្លែង​ថា​ ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​វិស័យ​ទេសចរណ៍​នេះ​ផ្តល់​ផល​វិជ្ជមានមិន​ថា​សម្រាប់​តែ​យុវជន​ដែល​ទើប​ប្រឡូក​ ក្នុង​វិស័យ​នេះ​ឬ​យុវជន​ជំនាន់​ថ្មីដែល​មាន​បំណង​បម្រើ​ការ​ងារ​ក្នុង​វិស័យ​នេះ​នោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋ​ដែ​ល​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួនពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ រួមជាមួ​យ​អ្នក​ដែល​មា​ន​ជំនាញ​ស្រាប់​ ក៏​អាច​ពង្រឹង​សមត្ថភាព​បន្ថែម ​និង​អាច​ធ្វើ​ការ​រក​ដៃ​គូអភិវឌ្ឍ​ន៍​បាន​ផង​ដែរ។

លោក​បាន​បន្ថែម​ថា​៖«ការ​បើក​ប្រទេស​ឡើង​វិញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រកាស​ឲ្យ​បើក​ប្រទេស​ឡើង​វិញ​ជាមួយ​នឹង​ការ​ត្រៀម​ទេសចរ​ យើង​ជឿជាក់​ថា​ទាំង​ការ​ផ្គត់​ផ្គង់​ទេសចរណ៍​ ទាំង​ទេសចរ​ខ្លួន​ឯង​ អ្នក​ផ្គត់​ផ្គង់​សេវា​ទេសចរណ៍​ក៏​មិន​បាន​នឹង​ផ្តល់​សេវា​កម្ម​យ៉ាង​គំហុក​ ដូច​ទឹក​បាក់​ទំនប់​ដែរ​ ហើយ​ទេសចរ​ [ភ្ញៀវ​ទេសចរ] ខ្លួន​ឯ​ង​ក៏​មិន​ដើរ​ដូច​ទឹ​ក​បាក់​ទំនប់​ដែរ​ អញ្ចឹង​មាន​តែ​ថា​សន្សឹម​ៗ​ទាំង​អស់​គ្នា​» ។​

ប្រធាន​នាយកដ្ឋាន​ស្ថិតិ​និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍​លោក ​គង់ សុភារក្ស​មាន​ប្រសាសន៍ថា ការ​បណ្តុះ​បណ្តាល​ធនធាន​ជំនាន់​ក្រោយ​ខាង​ផ្នែក​វិស័យ​ទេសចរ​ណ៍តាម​ប្រព័ន្ធ​អនឡាញជា​កិច្ច​ការ​ចំបាច់​ ដោយ​លើក​ហេតុផល​ថា​ ​មាន​ការ​ខ្វះ​ខាត​នូវ​ធនធាន​មនុស្សក្នុង​ទ្រទ្រង់​ឲ្យវិស័យ​ទេស​ចរណ៍​រស់​រវើក​ឡើង​វិញ​ ស្របពេល​ដែល​វិបត្តិកូវីដ១៩​បានរុញ​ច្រាន​អ្នក​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​នេះ​ឲ្យ​ទៅ​ចាប់​យក​របរ​ផ្សេងៗ​ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ។ ​

លោក​បាន​ថ្លែង​ថា​៖ «យើង​ពង្រឹង​ជំនាញ​របស់​គាត់​ក្នុង​ការ​ត្រៀម​បើក​ទទួល​នូវ​ទេសចរ​ឡើ​ង​វិញ​...ទី​១ យើង​ត្រូវ​មាន​មនុស្ស​ដើម្បី​ទទួល​សេវា ទី​២ទៀត​យើង​ត្រូវ​ពង្រឹង​តាមសណ្ឋាគារ​ ឬ​ក៏​រមណីយដ្ឋាន​ ភោជនីយដ្ឋាន​មួយ​ចំនួន​ ក៏​យើង​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​សម្អាត​...ជាពិសេស​រឿង​ទេសចរ​ណ៍ក៏​យើង​គិត​ទាំងអស់​ពី​ SOP (នីតិវិធី​ប្រតិបត្តិ​ស្តង់​ដាអប្បបរមា​) ដើម្បី​ត្រៀម​លក្ខណៈ​បើក​ទេសចរ​ឡើង​វិញ​គឺ​យើង​ត្រូវ​គិត​ទាំង​អស់​ពី​បញ្ហា​បច្ចេកទេស​មួយ​ចំនួន ដើម្បី​ទប់​ស្កាត់​ចំនួន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»។

លោក ស្វា​យ ស៊ី​ធុល អតីត​អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ផ្នែក​បដិសណ្ឋារកិច្ច​ ​ជាង​១០​ឆ្នាំ​ មក​ហើយ​ ក្នុង​ខេត្ត​សៀមរាប​និយាយថា​ បន្ទាប់​ពី​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប​បាន​ដាំ​ក្បាល​ចុះ​ ដោយសារ​ការ​វាយ​ប្រហារ​របស់​ជំងឺ​កូវីដ​-១៩នោះ​ លោក​បាន​ដើរ​ចេញ​ពី​វិស័យ​ទេសចរណ៍​និង​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ការ​ងារ​ថ្មីធ្វើ​នៅ​ឡើយ​ទេ​។

លោកបន្ថែមថា​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ទេសចរណ៍​ដល់​យុវជន​ជំនាន់​ក្រោយ​ ជា​ការ​ល្អ​ប្រសើរ​សម្រាប់​យុវជ​ដែល​មិន​ទាន់​មាន​បទពិសោធន៍ ក្នុងការ​ត្រៀម​លក្ខណៈ​ចូលរួម​ជំរុញ​សកម្មភាពទេសចរណ៍​ឡើង​វិញ។ ប៉ុន្តែ ដោយ​ឡែក​សម្រាប់​លោក​ដែល​ឆ្អិនឆ្អៅ​នៅ​ក្នុងវិស័យ​ទេសចរណ៍​យល់​ថា​ វគ្គ​បណ្តុះ​បណ្តាល​នេះ​មិន​ជា​ចាំ​បាច់​នោះ​ទេ​ ។

លោក​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​ការងារ​ដែល​លោក​តែង​រក​ចំណូល​បាន​ប្រមាណ​៦០០ ទៅ​៧០០ ដុល្លារ​អាមេរិក​ ពី​វិស័យ​ទេសចរណ៍​ដែល​លោក​ធ្លាប់​តែ​ទទួល​បាន​ជា​មធ្យម​ក្នុង​មួយ​ខែ​ ក្រោម​ហេតុផល​ថា​ ​វិស័យ​មួយ​នេះ​មិនលែងផ្តល់​ចំណូល​ខ្ពស់​ដូចមុន​ ឬ​មិន​ទាន់​មាន​ការ​គាំពារ​ ក៏​ដូចជា​ការ​លើក​ស្ទួយ​ឲ្យ​បានខ្លាំងក្លាដូច​បណ្តា​ប្រទេស​មួយ​ចំនួននៅ​ឡើយទេ​ ។

លោក​បាន​បញ្ជាក់​ថា​៖ « និយាយ​រួម​ទៅ​ខ្ញុំ​ដូច​ជា​អត់​ចង់​ត្រឡប់​ទៅ​វិស័យ​នឹង​វិញ​ទេ​ ដោយសារ​តែ​បទ​ពិ​សោធន៍ដដែលៗ​ ហើយ​មើល​ទៅ​នៅ​ថ្ងៃអនាគត​បាន​តែ​ប៉ុណ្ណឹង​អត់​មាន​ការ​រីក​ចម្រើន​ជាង​នឹង។ ប៉ុន្តែ​ប្រសិន​បើ​រាជ​រដ្ឋាភិបាល​គាត់​ពង្រឹង​ឬ​ក៏​លើក​ស្ទួយ​វិស័យហ្នឹង​[វិស័យទេសចរណ៍​] ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ​ទៅ​តាម​ការ​រស់​នៅ​ជាក់​ស្តែង​សព្វ​ថ្ងៃ​របស់​ប្រជាជន​យើង​ ប្រហែល​ជា​ខ្ញុំ​ពិចារណា​ត្រឡប់​ទៅ​វិញ​» ។

គិត​ត្រឹ​ម​រយៈ​ពេល​៨​ ខែ​នៃ​ឆ្នាំ​២០២១នេះ​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេសប្រមាណ​ ១២ ម៉ឺន​នាក់​ ដែល​មាន​ការ​ថយ​ចុះ​៩០ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។ ចំណែក​ឯទេសចរ​ផ្ទៃ​ក្នុង សំដៅ​លើ​ទេសចរ​ជាតិ​ និងភ្ញៀវ​អន្តរជាតិ​ដែល​រស់​នៅ ឬធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​ជា​អចិន្ត្រៃយ៍ សរុប​ជាង​២​លាន​ ២​សែន​នាក់​ ថយ​ចុះ​៥១ភាគរយ​ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក​មាន​ប្រហែល​១៥ ម៉ឺន​នាក់ ថយ​ចុះ​៩១ភាគរយ​ ​។ នេះ​បើ​តាមលោក ​គង់ សុភារក្ស ប្រធាន​នាយកដ្ឋាន​ស្ថិតិ​និង​ព័ត៌មាន​នៃ​ក្រសួង​ទេសចរណ៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG