ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​វិភាគ សេង សារី បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​នាយករដ្ឋមន្រ្តី


រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក សេង សារី អ្នក​វិភាគ​មួយ​រូប មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្នើ​សុំ​ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ផ្លាស់​ប្តូរ​ចិត្ត​មិន​ឲ្យ​មាន​ការ​ចាប់​ខ្លួនអ្នក​អត្ថា​ធិប្បាយ​នយោបាយ​រូប​នោះ។ នេះ​បើ​តាម​ដីកា​បញ្ឈប់​ឲ្យ​ចាប់​ខ្លួន​របស់​ចៅក្រម​ស៊ើប​សួរ លោក ញឹម ពិសាល ចុះ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១។

បើ​តាម​ដីកា​នោះ លោក សេង សារី ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៧ ទី​២០ និង​ទី​២១ ខែ​កក្កដា ឆ្នាំ២០២១ ដែល​ជា​បទ​ចោទ​ដែល​គេ​ឃើញ​ជា​ទូទៅ​កើត​ឡើង​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង។ បទ​ល្មើស​ដែល​ចោទ​ប្រកាន់នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហៅ​ថា​ជា​បទ​ល្មើស​ជាក់​ស្តែង ដែល​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក។

ចៅក្រម​បាន​បញ្ជាក់​ក្នុង​ដីកា​ថា​សម្រេច​លើក​លែង​ចោទ​ប្រកាន់​លើ​ជន​ត្រូវចោទ​ឈ្មោះ​ សេង សារី និង​«គប្បី​បញ្ឈប់​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​» ចុះ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។

លោក ​សេង សារី ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​លោក​ថ្លែង​អំណរ​គុណ​នាយក​រដ្ឋមន្រ្តី ដែល​«យោគយល់»​សំណេរ​របស់​លោក និង​ស្តាប់​ការ​បកស្រាយ​របស់​លោក។ លោក​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​បញ្ញវន្ត និង​អ្នក​វិភាគ​ផ្សេង​ទៀត នៅ​ក្នុង​ការ​ផ្តល់​ធាតុ​ចូល​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​នយោបាយ និង​សង្គម​កម្ពុជា។

គួរ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក ហ៊ុន សែន បាន​អះអាង​ថា​តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​អ្នក​អត្ថាធិប្បាយ​នយោបាយ និង​សង្គម ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ទាក់​ទង​នឹង​ការ​វិភាគ​របស់​អំពី​«រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ» ដែល​ប្រកាស​បង្កើត​ដោយ​លោក​សម រង្ស៊ី ​មេដឹក​នាំ​បក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្រ្តី​ចាត់​ទុក​ការ​វិភាគ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​កាល​ពី​ខែ​កក្កដា​នោះ មាន​ចរិត​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើត​ចលនា​នោះ ហើយ​លោក​ថា​ការ​វិភាគ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​បទ​ល្មើស​ជាក់​ស្តែង​ដែល​ត្រូវ​ចាប់​ខ្លួន ទោះ​កណ្តាល​យប់​ក៏​ដោយ៕

XS
SM
MD
LG