ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ស្នើ​តុលាការ​ទម្លាក់​ចោល​ដីកា​ចាប់​ខ្លួន​អ្នក​វិភាគ លោក សេង សារី


រូប​ឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។
រូប​ឯកសារ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅ​ក្នុង​​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់ តភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​នរា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី ២៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ផ្លាស់​ប្តូរ​ចិត្ត​របស់​លោក ដោយ​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​ចោល​ដីកា​តាម​ចាប់​ខ្លួន​លោក សេង សារី អ្នក​វិភាគ​នយោ​បាយ​មួយ​រូប។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក ហ៊ុន សែន បាន​អះអាង​ថា​តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​អ្នក​អត្ថាធិប្បាយ​នយោបាយ និង​សង្គម ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ ទាក់​ទង​នឹង​ការ​វិភាគ​របស់​អំពី​«រដ្ឋា​ភិបាល​បង្រួប​បង្រួម​ជាតិ» ដែល​ប្រកាស​បង្កើត​ដោយ​លោក សម រង្ស៊ី មេដឹក​នាំ​បក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋមន្រ្តី​ចាត់​ទុក​ការ​វិភាគ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​កាល​ពី​ខែ​កក្កដា​នោះ មាន​ចរិត​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើត​ចលនា​នោះ ហើយ​លោក​ថា​ការ​វិភាគ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​បទ​ល្មើស​ជាក់​ស្តែង​ដែល​ត្រូវ​ចាប់​ខ្លួន ទោះ​កណ្តាល​យប់​ក៏​ដោយ។

៣​ថ្ងៃ​ក្រោយ​ការ​អះអាង​របស់​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​ថា​លោក​បាន​ស្តាប់«ដោយ​យក​ចិត្ត​ទុក​ដាក់»​អំពី​កិច្ច​សម្ភាសន៍​របស់​លោក សេង សារី ជាមួយ​សារ​ព័ត៌មាន​អនឡាញ​The Cambodia Daily កាល​ពី​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ​២០២១ អំពី​ការ​ព្រមាន​របស់​នាយករដ្ឋមន្រ្តី។ លោក ហ៊ុន សែន បញ្ជាក់​ថា​ការ​វិភាគ​របស់​លោក សេង សារី អំពី​សេនារី​យោ​៦​ចំណុច កាល​ពីថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០២១ ថា«ជាការ​វិភាគ​បែប​សេនារីយោ» ហើយ​«ការបក​ស្រា​យនេះ​មាន​លក្ខណៈ​សម​ហេតុ​ផលនិ​ង​អាច​ទទួល​យក​បាន»។

លោក​បញ្ជាក់​ថា៖ «ក្នុង​នាម​ប្រមុខ​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលា​ការ​ពិនិត្យ​ពិចារណា​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​លោក បណ្ឌិត សេង សារី»។

លោក ហ៊ុន សែន បន្ថែម​ថា​លោកលើក​ទឹក​ចិត្តឲ្យ​លោក សេង សារី បន្ត​កិច្ចការ​ស្រាវជ្រាវ​និង​វិភាគ​បញ្ហា​សង្គម​បន្ត​ទៀត ដើម្បី​ជា​ប្រយោ​ជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​ក៏​អំពាវនាវ​ឲ្យ​ភរិយា កូន​និង​ឪពុក​ម្តាយ​របស់​បណ្ឌិត សេង សារី កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ»។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​អនឡាញ​ The Cambodia Daily កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ លោក សេង សារី​បាន​ថ្លែង​ថា​អាច​មាន​«ការ​ភ័ន្ត​ច្រឡំ»ទៅ​លើ​សំណេរ​របស់​លោក ហើយ​លោក​បដិសេធ​ថា​លោក​មិន​បាន​គាំទ្រ​ចលនា​នៃ​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ឡើយ។

លោក​ប្រាប់​សារព័ត៌មាន​The Cambodia Daily​ថា៖ «ជា​ការ​វិភាគ​បែប​សេនារីយោ មាន​ន័យ​ថា​វា​កើត​ឡើង លុះ​ត្រា​តែ​មាន​លក្ខខណ្ឌ​មួយ​ពីរ​បី​បួន​ប្រាំ​អញ្ចឹង​ទៅ អញ្ចឹង​ហើយ​ការ​សរសេរ​របស់​ខ្ញុំ​មិន​មាន​ឃ្លា​ណា​មួយ​ដែល​បង្ហាញ​ថា​ខ្ញុំ​គាំទ្រទៅ​លើ​ចលនា​ណាមួយ​ទេ»។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ លោក សេង សារី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកដោយ​លើក​ឡើង​ថា​«ការ​ផ្តួច​ផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ អាច​ទៅ​រួច ឬ​មិន​រួច?

លោក​បាន​សរសេរ​ថា៖«ខ្ញុំ​សូម​សាកល្បង​វិភាគ​ថា​តើ​កម្លាំង​៦ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​អាច​ងើប​ឡើង​តាម​ការ​អំពាវ​នាវ​របស់ លោក សម រង្ស៊ី ដែរ​ឬទេ? ហើយ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ បើ​លោក សម រង្ស៊ី អំពាវ​នាវ? លោក​បន្ថែម​ថា កម្លាំង​ដែល​អាច​ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ប្រែប្រួល​មាន​ចំនួន​៦​ធំៗ រួម​មាន​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង កម្លាំង​មហាជន កម្លាំង​យុវជន កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច កម្លាំង​ប្រដាប់​អាវុធ និង​កម្លាំង​អន្តរ​ជាតិ និង​ប្រទេស​ជិត​ខាង។

នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់​ពី​៦​ឆ្នាំ​ឡើង​ទៅ នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ សុក្រ​សប្តាហ៍​មុន លោក ហ៊ុន សែន បាន​ថ្លែង​ថា​ការ​វិភាគ​នេះ​មិន​មែន​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ ហើយ​មាន​ចរិត​បទ​ល្មើស។

លោក​ថ្លែង​ថា៖ «មាន​អា​បណ្ឌិត​មួយ​ទៀត មាន​ដីកា​ចាប់​ខ្លួន​រួច​ហើយ ព្រោះ​អ្ហែង​គាំទ្រ​អា​លក្ខខណ្ឌ​៦​ចំណុច​ដែល​អាច​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​បាន តុលាការ​ចេញ​ដីកា​បាត់​ហើយ។ បើ​រត់​ រត់​ឲ្យ​បាន​ឆ្ងាយ​បន្តិច រត់​ក្បែរៗ​ហ្នឹង រត់​មិន​រួច​ទេ»។

លោក ហ៊ុន សែន បាន​ព្រមាន​អ្នក​អត្ថាធិប្បាយ​កុំ​ឲ្យ​វិភាគ​អ្វី​ដែល​បន្សល់​ទុក​បទ​ល្មើស ដែល​ត្រូវ​ផ្តន្ទា​ទោស។

លោក​បញ្ជាក់​ថា៖ «អានេះ​ខ្ញុំ​គ្រាន់​តែ​ដាស់​តឿន​ចំពោះ​អ្នក​វិភាគ កុំ​ឲ្យ​វិភាគ​ជ្រុល​ហើយ ហើយ​កុំ​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​ហ៊ាន​ទៅ​វាយ​ខ្នោះ​អស់​លោក។ ឲ្យ​តែហ៊ាន​ចូល​ទៅ​ក្នុង​ហ្វេសប៊ុក ហើយ​មិន​បាន​ដក​ចេញ​ហើយ វា​នៅ​ហ្នឹង​ហើយ ចាត់​ទុក​បទ​ល្មើស​ជាក់​ស្តែង​ម៉ោង​១២​យប់ ក៏​ចាប់​ដែរ»។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិ​ធម៌ ថ្លែង​ថា​ការ​សម្រេច​យ៉ាងណា អាស្រ័យ​លើ​តុលាការ​ថា​តើ​មាន​បទ​ល្មើស​ឬ​យ៉ាង​ណា ហើយ​លោក​មិន​ទាន់​ដឹង​ថា​តើ​នីតិវិធី​របស់​តុលាការ​ស្ថិត​ក្នុង​ដំណាក់​កាល​ណា​បន្ត​ទៀត។ លោកស្នើ​ឲ្យ​ទាក់​ទង​ទៅ​តុលាការ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​នីតិវិធី​របស់​តុលាការ។

លោក​ប្រាប់​វីអូអេ​ថា៖ «ប្រមុខ​នីតិ​ប្រតិបត្តិ​គាត់​អាច​ស្នើ​បាន ប៉ុន្តែ​ការ​សម្រេច​យ៉ាងម៉េច​នៅ​លើ​តុលាការ​ទេ បើ​សិន​ជា​គេចេញដីកា​ចោទ​ប្រកាន់​អី​ហើយៗ ឈាន​ទៅ​ដល់​ការ​ស៊ើប​សួរ​អីហ្នឹង អាហ្នឹង​គឺ​ចៅ​ក្រម​ស៊ើប​សួរ​គេអាច​ទម្លាក់​ចោល​បទ​ចោទ​ហ្នឹង​បាន ហើយ​បញ្ឈប់​ដីកា​ចាប់​ខ្លួន តាម​ចាប់​ខ្លួន​អី​ហ្នឹង»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល និង​លោក អ៊ី រិន្ទ បាន​នៅ​ឡើយ​ទេ។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា​លោក​សង្ឃឹម​ថា​តុលាការ​នឹង​ពិចារណា​ទម្លាក់​ចោល​ដីកា​ចាប់ខ្លួន​លោក សេង សារី ដើម្បី​ឲ្យ​លោក​អាច​ចូល​រួម​វិភាគ​លើ​បញ្ហា​សង្គម​បន្ត​ទៀត។

ក្រោយការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​នាយក​រដ្ឋមន្រ្តី​លោក​ សេង សារី ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ម្តាយ​របស់​លោក​អាច​ទៅ​វត្តវិញ​ហើយ​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ខាង​មុខ​នេះ។ លោក​បញ្ជាក់​ថា៖ «ម៉ែ​មិន​បាច់​បារម្ភ​ពី​អ្នក​ណា​ថា​ឲ្យ​ម៉ែ​មាន​កូន​ជា​ជន​ក្បត់​ជាតិ​ទេ!»៕

XS
SM
MD
LG