ចៅក្រមស៊ើបអង្កេតភាគីអ.ស.ប.ក្នុងសាលាក្តីខ្មែរក្រហម បានបោះជំហានទៅមុខលើសំណុំរឿងបន្ថែម ០០៣ តែបញ្ហាខ្វែងគំនិតគ្នារវាងចៅក្រម អ.ស.ប. និងចៅក្រមកម្ពុជាអាចនឹងអូសបន្លាយពេល ហើយការបង្ហាញភាពស្រពិចស្រពិលចំពោះការចេញដីកាដំណោះស្រាយរួមគ្នា និងការមិនបានកាត់ទោសនោះ នាំឲ្យមានការបកស្រាយផ្សេងៗគ្នាក្នុងចំណោមអ្នកឃ្លាំមើលសាលាក្តីនេះ។
អ្នកតាមដានសាលាក្តីនេះ នៅតែអះអាងផ្សេងគ្នាចំពោះដំណើរការជំនុំជម្រះទោសនេះ។
ទោះជាគ្មានការចូលរួមពីភាគីចៅក្រមជាតិក្តី សហចៅក្រមស៊ើបអង្កេតភាគីអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានបញ្ចប់ដំណើរការស៊ើបអង្កេតសំណុំរឿង០០៣ ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់ជំទាស់នោះ។ តែការខ្វែងគំនិតគ្នារវាងសហចៅក្រមអន្តរជាតិនិងសហចៅក្រមជាតិក្នុងដំណើរការសំណុំរឿងបន្ថែមនេះ នាំឲ្យមានការបកស្រាយផ្សេងគ្នាចំពោះបញ្ហា ថាតើជនជាប់ចោទនៃសំណុំរឿង០០៣ និងសំណុំរឿងបន្ថែមផ្សេងទៀត អាចត្រូវនាំយកទៅកាត់ទោស ឬត្រូវទម្លាក់ចោលបទចោទដែរឬទេ?
សំណុំរឿង០០៣ ដែលនៅសល់តែអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ គឺលោកមាស មុត ក៏ដូចជាសំណុំរឿង០០៤ ដែលមានជនជាប់ចោទ៣នាក់ដែរគឺស្ថិតនៅក្រោមការបកស្រាយផ្សេងៗគ្នាថា សហចៅក្រមបរទេស និងសហព្រះរាជអាជ្ញាបរទេសនឹងមិនទទួលបានកិច្ចសហការពីសហព្រះរាជអាជ្ញា និងសហចៅក្រមស៊ើបអង្កេតភាគីកម្ពុជាទេ ក្នុងការចេញដីកាដំណោះស្រាយចុងក្រោយ ការនាំខ្លួនជនត្រូវចោទ ហើយនឹងការរួមគ្នាកោះឲ្យមានការបើកសវនាការ ដែលភាគីកម្ពុជា ជាប្រធានអង្គជំនុំជម្រះត្រូវផ្តួចផ្តើមនោះ បើទោះបីជានីតិវិធីអនុញ្ញាតឲ្យចៅក្រមអន្តរជាតិតែឯងអាចដំណើររឿងក្តីទៅមុខក្នុងការស៊ើបអង្កេត ឬនីតិវិធីផ្សេងទៀតក៏ពិតមែន។
សាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់គឺ លោក ភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) ដែលជា អ្នកនិពន្ធសៀវភៅ «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា (Facing Death in Cambodia)» បានថ្លែងថា លោកគ្មានជំនឿថា សំណុំរឿងទាំងនេះនឹងដំណើរការទៅមុខទេ។ រដ្ឋាភិបាលកម្ពុជានឹងមិនគាំទ្រការកាត់ទោសសំណុំរឿងទាំងនេះទេ ហើយអ.ស.ប.មិនត្រូវទទួលបានអ្វីដែលខ្លួនចង់បានខុសពីឆន្ទៈនយោបាយរបស់លោកហ៊ុន សែន ដែលមិនចង់ឲ្យមានការកាត់ទោសសំណុំរឿងបន្ថែមទៀតនោះ។
«ខ្ញុំគិតថា ជាថ្មីម្តងទៀត វាជាពេលវេលាដែលអ.ស.ប.ត្រូវបញ្ចប់ដំណើរការតុលាការនិងដើរចេញ»។
លោក Marguire ថា អ.ស.ប.បានធ្វើកិច្ចការច្រើនដែលលោកមិននឹកស្មានដល់គឺបានបញ្ចប់ការកាត់ទោសសំណុំរឿង០០១ និងសំណុំរឿង០០២ មួយវគ្គ ដោយបានចំណាយលុយច្រើន ពេលវេលាច្រើន និងទទួលបានមកវិញនូវលទ្ធផលចម្រុះគ្នា។
«ហើយអ.ស.ប.ត្រូវការធ្វើកិច្ចការបញ្ចប់សំណុំរឿង០០២ឲ្យបានឆាប់តាមដែលអាចធ្វើ ទៅបាន ហើយត្រូវអំពាវនាវឲ្យមានការបញ្ចប់ការកាត់ទោស ដោយសារកម្ពុជារឹងរូស ហើយអ.ស.ប.មិនត្រូវបន្តបាត់បង់កេរ្តិ៍ឈ្មោះ ដោយសារតែការព្យាយាមជម្នះក្នុងសំណុំរឿង០០៣ ដែលនឹងមិនអាចកើតឡើងនោះទេ»។
ក្នុងសំណុំរឿង០០៣និង០០៤ សហព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទាក់ទងនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរនៅតំបន់នានាក្នុងប្រទេសកម្ពុជា ទីដែលជនជាប់ចោទទាំងនេះបានកាន់កាប់ក្នុងទសវត្សរ៍១៩៧០។ ជនជាប់ចោទទាំងនោះត្រូវបានស៊ើបអង្កេតរយៈពេល៨ឆ្នាំហើយ តែមិនត្រូវបានឃុំខ្លួនដូចអតីតខ្មែរក្រហមដទៃទៀតទេ ក្នុងដំណាក់កាលស៊ើបអង្កេតដែលពេលខ្លះមេដឹកនាំរដ្ឋាភិបាលធ្លាប់គំរាមយូរៗម្តងថា សុខចិត្តឲ្យតុលាការរលាយ តែមិនអាចនាំខ្លួនជនជាប់ចោទបន្ថែមទៅកាត់ទោស ដែលធ្វើឲ្យខូចខាតសន្តិភាពដែលរកបានដោយលំបាកនោះ។
លោកស្រីនូស៊ីន សាការាទី (Nushin Sarkarati) អ្នកច្បាប់នៃមជ្ឈមណ្ឌលដើម្បីយុត្តិធម៌ និងការទទួលខុសត្រូវ (Center for Justice and Accountability (CJA)) បានយល់ឃើញផ្សេងថា ទោះបីជាមានការចោទប្រកាន់ថា មានការជ្រៀតជ្រែកផ្នែកនយោបាយ និងការមិនដើរទៅមុខនៃសំណុំរឿងបន្ថែមមែនក្តី តែសំណុំរឿង០០៣ដែលមានលោកមាស មុតសំណុំរឿង០០៤ ដែលមានជនជាប់ចោទពីរនាក់គឺអ្នកស្រីអ៊ឹម ចែម និងលោកអោ អានត្រូវបានស៊ើបអង្កេតបញ្ចប់។ ដោយឡែកជនទី៣គឺលោកយឹម ទិតតុលាការកំពុងបន្តការស៊ើបអង្កេត។
«សហចៅក្រមបានបញ្ចប់ការស៊ើបអង្កេតប្រឆាំងនឹងអ្នកស្រីអ៊ឹម ចែម លោកអោ អាន ហើយនឹងលោកមាស មុតហើយ។ ហើយនៅសល់តែការស៊ើបអង្កេតប្រឆាំងនឹងលោកយឹម ទិតទេ ដែលកំពុងបន្តធ្វើ។ ប៉ុន្តែរឿងនេះត្រូវគេដាក់គម្រោងការបិទបញ្ចប់ការស៊ើបអង្កេតមុនដំណាច់ខែមេសាឆ្នាំ២០១៧។ យើងមានជំនឿថា ប្រសិនបើប្រមូលបានភ័ស្តុតាងដ៏រឹងមាំគ្រប់គ្រាន់ក្នុងដំណើរការស៊ើបអង្កេតដើម្បីដាក់ឲ្យមានការកាត់ទោសនោះ នោះចៅក្រមនឹងកាត់ទោស»។
នៅពេលសួរអំពីលទ្ធភាពដែលជនជាប់ចោទអាចរួចទោស និងសួរអំពីកេដំណែលរបស់សាលាក្តី បើសិនជាជនជាប់ចោទត្រូវបានដាក់ឲ្យរួចខ្លួននោះ លោកស្រីនូស៊ីន សាការាទីបានបញ្ជាក់ថា៖
«កេរដំណែលរបស់សាលាក្តីខ្មែរក្រហម ECCC ហាក់ដូចជាមានការវាយតម្លៃច្រើនថា មានការកាត់ទោសដោយយុត្តិធម៌ ជាជាងចំនួនតួលេខនៃការកាត់ទោសដែលតុលាការនេះបានធ្វើ។ ជនជាប់ចោទទាំងឡាយនៅតែត្រូវចាត់ទុកថា ជាជនគ្មានទោស ហើយមានសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ក្នុងអំឡុងពេលដែលសហព្រះរាជអាជ្ញា និងក្រុមមេធាវីនាំមុខនៃដើមបណ្តឹងរដ្ឋប្បវេណីអាចបង្ហាញភ័ស្តុតាងដាក់បន្ទុកដើម្បីដាក់កំហុសពួកគេនៅចំពោះមុខចៅក្រមតុលាការខ្មែរក្រហម»។
សេចក្តីជូនដំណឹងថ្មីៗរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិគឺលោកម៉ៃខល បូឡែនឌ័រ (Michael Bohlander) បានបញ្ជាក់បិទបញ្ចប់ការស៊ើបសួរសំណុំរឿងលោកមាស មុតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ រីឯសហចៅក្រមជាតិគឺលោកយូ ប៊ុនឡេងបានបិទការស៊ើបអង្កេតសំណុំរឿងនេះតាំងពីឆ្នាំ២០១១។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានទុករយៈពេល៣០ថ្ងៃដល់ភាគីពាក់ព័ន្ធនានា ទាំងជនរងគ្រោះ និងដើមបណ្តឹងដើម្បីស្នើសុំស៊ើបសួរបន្ថែមទៀត។
តែសម្រាប់លោកឡាត់ គី មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ដែលធ្លាប់ឃ្លាំមើល សាលាក្តីខ្មែរក្រហម បានអះអាងថា បញ្ហាសំខាន់គឺអង្គការរបស់លោកមិនមានថវិកាដើម្បីជួយជនរងគ្រោះ និងឃ្លាំមើលដំណើរការតុលាការ និងជូនព័ត៌មាន ហើយនឹងបន្តគម្រោងឃ្លាំមើលដំណើរការសាលាក្តីទៀតទេ។
«ជាទូទៅគឺពួកគាត់ទន្ទឹងរង់ចាំមើលព័ត៌មាន ឬក៏ការផ្តល់ព័ត៌មានដូចពីមុន។ ប៉ុន្តែជា អកុសល ដោយសារតែកត្តាខ្វះខាតមូលនិធិនេះហើយដែលយើងខ្ញុំមិនបានបំពេញកាតព្វកិច្ចក្នុងការផ្តល់ព័ត៌មាននិងធ្វើបច្ចុប្បន្នភាពជូនពួកគាត់ផងដែរ»។
លោកថា ជនរងគ្រោះពឹងផ្អែកតែលើព័ត៌មានតាមវិទ្យុ ជាពិសេស។ តែលោកស្វាគមន៍ចំពោះការរីកចម្រើនទៅមុខនៃសំណុំបន្ថែមទាំងពីរ ដែលរងការចោទប្រកាន់ថា មានការជ្រៀតជ្រែកផ្នែកនយោបាយនោះ។
លោកនេត្រ ភក្រ្តា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ទោះជាមានការវាយតម្លៃថា សំណុំរឿងនេះមានឧបសគ្គ តែសំណុំរឿងទាំងនេះចេះតែវិវត្តទៅមុខ ហើយបើទោះបីជាសហចៅក្រមមានការខ្វែងគំនិតគ្នាតាមនីតិវិធី តែពួកគាត់នៅតែសហការគ្នា ធ្វើការរួមគ្នាលើសំណុំរឿងទាំងពីរ។
«កំណត់ហេតុនៃការខ្វែងយោបល់គ្នារបស់ចៅក្រមជាតិនិងចៅក្រមអន្តរជាតិទៅលើ ដំណើរការនីតិវិធីនេះគឺត្រូវបានចាត់ទុកថា ជាកិច្ចការសម្ងាត់។ អញ្ចឹងនៅពេលនេះ យើងមិនទាន់អាចបង្ហាញទៅដល់សាធារណជនឲ្យបានដឹងទេ ហើយខ្ញុំសង្ឃឹមថា នៅពេលដំណើរការនីតិវិធីបញ្ចប់ទាំងស្រុង នៅពេលដែលឈានទៅដល់ការចេញដីកាដំណោះស្រាយគឺអាចនឹងបង្ហាញអំពីចំណុចខ្វែងយោបល់គ្នាទៅលើដំណើរការ នីតិវិធីនេះ»។
ទោះជាគ្មានការបញ្ជាក់ឲ្យដឹងពីមូលហេតុក៏ពិតមែន តែការខ្វែងគំនិតគ្នាលើបញ្ហាថា តើជនត្រូវចោទនឹងត្រូវកាត់ទោស ឬយ៉ាងណានោះគឺជាបញ្ហា ព្រោះតាមយុត្តាធិការរបស់សាលាក្តី ដែលអ.ស.ប.បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលកម្ពុជានោះ គឺមានតែជនចាប់ចោទតែពីរជំពូកទេត្រូវកាត់ទោស។ ការបកស្រាយពីភាគីកម្ពុជា ទាំងសហព្រះរាជអាជ្ញាជាតិ និងសហចៅក្រមជាតិទំនងជានឹងថា ជនជាប់ចោទក្នុងសំណុំរឿងបន្ថែម០០៣ និង០០៤មិនមែនជាមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុត ឬជនដែលទទួលខុសត្រូវខ្ពស់បំផុត ដែលត្រូវនាំមកកាត់ទោសនោះទេ ខណៈដែលសហចៅក្រមនិងព្រះរាជអាជ្ញាអន្តរជាតិយល់ថា ពួកគេជាជនទទួលខុសត្រូវខ្ពស់បំផុតដែលត្រូវនាំមកកាត់ទោសនោះ។ ការមិនចុះសម្រុងគ្នារវាងចៅក្រមទាំងពីរភាគីនេះបានអូសបន្លាយពេលវែងក្នុងដំណើរការទៅកាន់អង្គបុរេ ឬក៏អាចត្រូវគេគិតថា នាំឲ្យជនជាប់ចោទត្រូវគេទម្លាក់បទចោទបានដោយងាយ។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប.បានចំណាយទឹកប្រាក់ជាង២៦០លាន ដុល្លារ តែសាលាក្តីនេះបានកាត់ទោសមេដឹកនាំខ្មែរក្រហមតែ៣នាក់ ពីបទពាក់ព័ន្ធនឹងការសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែនក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។ ជនទាំងបីនាក់នោះគឺកាំង ហ្កេចអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែងឬស-២១ ខៀវ សំផន ប្រមុខរដ្ឋ និងនួន ជាបងធំទី២នៃរបបខ្មែរក្រហម៕