ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះរាជអាជ្ញា​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ខ្វែង​គំនិត​គ្នា​លើ​ការ​នាំ​ខ្លួន​លោកស្រី អ៊ឹម ចែម ទៅ​ជំនុំ​ជម្រះ​ទោស


​រូបឯកសារ៖ អ្នក​ស្រី​ អ៊ឹម​ ចែម​ គឺ​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះ​នេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរក្រហម។ តុលាការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម​ ចែម កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៥ ពី​បទ​មនុស្ស​ឃាត​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។
​រូបឯកសារ៖ អ្នក​ស្រី​ អ៊ឹម​ ចែម​ គឺ​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះ​នេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរក្រហម។ តុលាការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម​ ចែម កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៥ ពី​បទ​មនុស្ស​ឃាត​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

អ្នក​ស្រី​ អ៊ឹម​ ចែម​ គឺ​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះ​នេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរក្រហម។ តុលាការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម​ ចែម កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៥ ពី​បទ​មនុស្ស​ឃាត​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​ និង​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​ សាលា​ក្ដី​ខ្មែរក្រហម​ បាន​ផ្ដល់​ការ​យល់​ឃើញ​ខុស​គ្នា​ចំពោះ​ការ​ដាក់​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ​ អ៊ឹម​ ចែម​ ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាក្ដី​ ដើម្បី​បើក​ការ​ជំនុំ​ជម្រះ​ទោស។

​អ្នក​ស្រី​ អ៊ឹម​ ចែម​ គឺ​ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះ​នេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរក្រហម។ តុលាការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់​អ្នកស្រី អ៊ឹម​ ចែម កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៥ ពី​បទ​មនុស្ស​ឃាត​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ចុះ​ថ្ងៃ​ទី៦​ ខែ​ធ្នូ​នេះ សហ​ព្រះ​រាជអាជ្ញា​ បាន​បង្ហាញ​ពីដីកា​សន្និដ្ឋាន​ស្ថាពរ​ពាក់ព័ន្ធ​នឹង​កិច្ច​ស៊ើប​សួរ​លើ​អ្នកស្រី​ អ៊ឹម​ ចែម​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​សំណុំ​រឿង​០០៤​/០១។​

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​បាន​ពិនិត្យ​ និង​បញ្ជាក់​ជំហរ​របស់​ខ្លួន​ ដោយ​យោង​តាម​លទ្ធផល​តាំងពី​ដំបូង​នៃ​ការ​ស៊ើប​អង្កេត​បឋម​ និង​រហូត​មក​ដល់​ការ​បិទ​កិច្ច​ស៊ើប​សួរ​របស់​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ថា​ មាន​តែ​ជន​ជាប់​ចោទ​ ដែល​មាន​ស្រាប់​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ​បន្ត​ថា​ យោង​តាម​ច្បាប់​សាលាក្ដី​ខ្មែរ​ក្រហម​ និង​កិច្ច​ព្រមព្រៀង​ដែល​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ទទួល​ស្គាល់​ ការ​ព្រួយ​បារម្ភ​ពេញ​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ ការ​បង្រួបបង្រួម​ជាតិ​ ស្ថិរភាព​ សន្តិភាព​ និង​សន្តិសុខ​នោះ​ បាន​តម្រូវ​ឲ្យ​សហ​ព្រះ​រាជ​អាជ្ញា​ជ្រើស​រើស​យក​បុគ្គល​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ មក​ធ្វើ​ការ​វិនិច្ឆ័យ​សេចក្ដី​ គឺ​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជន​ទាំងឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ។

នៅ​ក្នុង​ការ​សន្និដ្ឋាន​របស់​ខ្លួន​ សហ​ព្រះរាជអាជ្ញា​ជាតិ​ ប្រកាន់​ជំហរ​ថា៖

«ឈ្មោះ​ អ៊ឹម​ ចែម​ ដែល​ស្ថិត​នៅ​ក្នុង​សំណុំ​រឿង​លេខ​ ០០៤/០១​ មិន​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ដែល​ត្រូវ​យក​មក​ធ្វើ​ការ​កាត់​សេចក្ដី​ឡើយ»។

សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​ បាន​ចាត់​ទុក​ថា​ អ្នកស្រី ​អ៊ឹម ចែម មិនមែន​ជា​«មេដឹកនាំ​ជាន់​ខ្ពស់»​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ព្រោះ​អ្នកស្រី​មិន​ធ្លាប់​កាន់​មុខ​តំណែង​ជា​សមាជិក​នៃ​គណៈ​អចិន្ត្រៃយ៍​ ឬ​គណៈ​មជ្ឈិម​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទេ​ ហើយ​ក៏​មិនមែន​ជា​លេខា​ភូមិ​ភាគ​ ឬ​លេខា​តំបន់​នៅ​ក្នុង​ឋានានុក្រម​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​នោះ​ទេ​ ហើយ​ក៏​មិនមែន​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​កង​កម្លាំង​យោធា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ពិត​មែន។

ក៏​ប៉ុន្តែ​ សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​សន្និដ្ឋាន​ថា​ អ្នក​ស្រី​ អ៊ឹម​ ចែម​ ត្រូវ​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ​ទីពីរ​សម្រាប់​ដាក់​បញ្ចូល​ទៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ ដោយ​សារ​តែ​គាត់​នៅ​ក្នុង​ចំណោម​«អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត»​ ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេលកម្ពុជា​ប្រជាធិបតេយ្យ។

អ្នក​តាម​ដាន​ដំណើរការ​ក្ដី​របស់​សាលាក្ដី​ខ្មែរក្រហម ស្នើ​ឲ្យ​សាលាក្ដី​បន្ត​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​អ្នក​ស្រី​ អ៊ឹម​ ចែម ហើយក៏​ទទូច​ឲ្យ​សាលាក្ដី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​របស់​អង្គការ​សហ​ប្រជាជាតិ​ ក្នុង​ការ​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ពី​របប​ខ្មែរក្រហម​ ពង្រីក​វិសាល​ភាព​នៃ​ការ​នាំ​យក​ជន​ដែល​បង្ក​ឲ្យ​មាន​ការ​កាប់​សម្លាប់​មក​កាត់​ទោស​បន្ថែម​ទៀត។

រីឯ​អ្នក​ដែល​បាន​រួច​ផុត​ពី​របប​ខោអាវ​ខ្មៅ​ដ៏​ឃោរឃៅ​នេះ​ លើក​ឡើង​ថា​ សេរីភាព​របស់​តុលាការ​ក្នុង​ការ​នាំ​ជន​ដែល​សង្ស័យ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​នោះ​មក​ទទួល​កាត់​ផ្ដន្ទាទោស​ ត្រូវ​តែ​បាន​ធានា​យ៉ាង​ត្រឹមត្រូវ។

លោក ​ឡាត់​ គី​ មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក​ ដែល​ឃ្លាំ​មើល​ដំណើរ​ការ​កាត់​ទោស​ខ្មែរ​ក្រហម​ប្រាប់​ VOA ថា​ ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចង់​បាន​ការ​កំណត់​វិសាលភាព​នៃ​ការ​នាំ​យក​ជន​ដែល​ត្រូវ​បានចោទ​ប្រកាន់មក​ផ្ដល់​ចម្លើយ​ ដើម្បី​បញ្ជាក់​ការ​ពិត និង​ផ្ដល់​យុត្តិធម៌​ដល់​ជន​គ្រោះ​ចំនួន​ប្រមាណ​១.៧​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​របប​នោះ។​

«ពួក​គាត់​ ក៏​ដូច​ជា​ខ្ញុំបាទ​ផ្ទាល់​ដែរ​ គឺ​យើង​ឯកភាព​ថា​ ស្នើ​សុំ​ឲ្យ​តុលាការ​នេះ​ ធ្វើ​ការ​នាំ​ជន​ទាំង​ឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ ដើម្បី​មក​ប្រឈម​មុខ​នៅ​ចំពោះ​តុលាការ។ អញ្ចឹង​ទាំង​សំណូម​រឿង​០៣​ក្ដី ទាំង​សំណុំ​រឿង​០៤ក្តី​ គួរ​តែ​ជំរុញ​រឿង​ហ្នឹង​ឲ្យ​បាន​ធ្វើការ​ជំនុំជម្រះ​ ដើម្បី​ឲ្យ​ឆ្លើយ​តប​អ្វី​ដែល​ជន​រង​គ្រោះ​ គាត់​ចង់​បាន​យុត្តិធម៌​ផង​បាទ»។

លោក​ ឡាត់​ គី​ ថ្លែង​បន្ថែម​ថា​ ទំនាស់​ក្នុង​សង្គម​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​ឲ្យ​ខូច​ស្ថិរភាព​ និង​សន្តិសុខ​ នឹង​មិន​អាច​កើត​មាន​ឡើង​នោះ​ទេ នៅ​ពេល​ដែល​តុលាការ​ខ្មែរ​ក្រហម​ បន្ត​ចាត់​ការ​សំណុំរឿង​០០​៣​ និង​សំណុំ​រឿង​០០៤​ ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ និង​នៅ​ក្នុង​តំបន់​មិន​បាន​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ។

​លោក​ ឆាំង​ យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​បាន​ផ្ដល់​ឯកសារ​ច្រើន​សន្ធឹក​សន្ធាប់​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​ដល់​សាលាក្ដី​ខ្មែរ​ក្រហម​ ប្រាប់​ VOA ​ថា​ សហ​ព្រះ​រាជ​អាជ្ញា​ និង​សហ​ចៅក្រម​ គួរ​ផ្ដោត​លើ​ភស្តុតាង​ជា​សំខាន់​ ដើម្បី​សម្រេច​លើ​ករណី​នីមួយៗ។

លោក​បន្ថែម​ថា​ គ្រប់​ភាគី​ពាក់​ព័ន្ធ​ ក៏​ត្រូវ​គោរព​នីតិ​វិធី​របស់​តុលាការ​ដែល​បាន​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ​២០០៦​មក​នោះ។

​«ខ្ញុំ​គិត​ថា​ យើង​ទាំង​អស់​គ្នា​ គួរ​តែ​បន្ត​ការ​គាំទ្រ​ដល់​ដំណើរ​ការ​របស់​តុលាការ​នៅ​ក្នុង​ន័យ​ថា ​យើង​ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ ឯករាជ្យ​ដល់​តុលាការ​ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ឲ្យ​ស័ក្ដិសម​ទៅ​នឹង​ទម្រង់​អង្គ​ហេតុ ផ្អែក​ទៅលើ​ភស្តុតាង​ ដែល​បាន​ផ្ដល់​ជូន។​ ដូច្នេះ ​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ទទួល​បាន​ថា លទ្ធ​ផល​ណា​មួយ​ចេញ​ពី​តុលាការ​នេះ​ គឺ​យើង​មាន​អារម្មណ៍​ថា​ សុទិដ្ឋិនិយម។ មាន​ទឹក​ចិត្ត​មួយ​ថា​ យើង​អាច​ទទួល​យក​បាន​បាទ​ គ្រប់ៗ​គ្នា​បាទ»។

យោង​តាម​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​ អ្នកស្រី​ អ៊ឹម​ ចែម​ កាន់​មុខ​តំណែង​ទទួល​ខុសត្រូវ ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​គាត់​ចូលរួម​ចំណែក​សំខាន់ ក្នុង​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​តំបន់​ដែល​គាត់​អនុវត្ត​សិទ្ធិ​អំណាច​របស់​គាត់។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ពន្យល់​បន្ត​ថា​ តួនាទី​នីមួយៗ​ដែល​អ្នកស្រី​ អ៊ឹម​ ចែម​ កាន់​កាប់​នៅ​ក្នុង​ភូមិ​ភាគ​និរតី​ និង​ភូមិភាគ​ពាយ័ព្យ​ ត្រូវ​បាន​តែងតាំង​ដោយ​ តា ម៉ុក​ ឬ​ ប៉ុល​ ពត។

ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​១៩៧៧​ អ្នកស្រី​ អ៊ឹម​ ចែម​ ត្រូវ​បាន​ជ្រើស​ដោយ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ឲ្យ​ដឹកនាំ​ការ​បោស​សំអាត​ក្នុង​ភូមិភាគ​ពាយ័ព្យ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ ការ​ឃុំឃាំង​ និង​ការ​សម្លាប់​កម្មាភិបាល​ខ្មែរ​ក្រហម​ និង​គ្រួសារ​របស់​ពួកគេ​ជាច្រើន។

សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ​ បាន​អះអាង​បន្ថែម​ថា​ ឧក្រិដ្ឋកម្ម​ដែល​ អ្នកស្រី​ អ៊ឹម ចែម​ ទទួល​ខុស​ត្រូវ​បង្កើត​បាន​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៃ​«ការ​ធ្វើ​មនុស្ស​ឃាត​ ការ​សម្លាប់​រង្គាល​ ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ​ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ ការ​ធ្វើ​ទារុណកម្ម​ ការ​ធ្វើ​ទុក្ខបុកម្នេញ»​ និងអំពើ​អមនុស្ស​ធម៌​ផ្សេងៗ​ទៀត​នៃ​«អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ ការ​រំលោភ​សេពសន្ថវៈ​ ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ និង​ការ​ឃុំឃាំង​ក្នុង​លក្ខខណ្ឌ​អមនុស្ស​ធម៌» ក៏​ដូច​ជា​ឧក្រិដ្ឋកម្ម​នៃ​សង្គ្រាម​ផេ្សងទៀត។

លោក សាប​ សំអាត​ ក្មួយ​ប្រុស​ អ្នកស្រី​ អ៊ឹម ចែម​ សុំ​មិន​ធ្វើការ​អធិប្បាយ​ ហើយ​បាន​អះអាង​ថា​ អ្នក​ស្រី​ អ៊ឹម​ ចែម​ ចង់​រស់​នៅ​ដោយ​សភាព​ស្ងៀម​ស្ងាត់​ និង​មិន​ចង់​គិត​ដល់​រឿង​អតីតកាលកន្លង​មក​នោះ​ទេ។

​លោក ​ប៊ិត​ ស៊ាង​លីម​ មេធាវី​តំណាង​ឲ្យ​អ្នកស្រី​ អ៊ឹម​ ចែម គាំទ្រ​ជំហរ​របស់​សហ​ព្រះរាជ​អាជ្ញា​ជាតិ។ ប៉ុន្តែ​លោក​ក៏​មិន​អាច​អធិប្បាយ​បន្ថែម​បាន​ដែរ ចំពោះ​នីតិវិធី​របស់​តុលាការ​ក្នុង​ការ​បន្ត​នីតិវិធី​ច្បាប់​ប្រឆាំង​កូន​ក្តី​លោក។

«មាន​ការ​លំបាក​ក្នុង​កា​ជម្រាប​ ដោយសារ​ថា​ឥឡូវហ្នឹង​ យើង​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ ហើយ​ខាង​ព្រះ​រាជអាជ្ញា​អន្តរជាតិ​គាត់​មាន​ជំហរ​ផ្សេង​ពី​ព្រះរាជ​អាជ្ញា​ជាតិ​ ដូច​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​អញ្ចឹង​ ហើយ​ជឿ​ថា​ ព្រះ​រាជ​អាជ្ញា​ជាតិ​ គាត់​មាន​ជំហរ​ត្រឹម​ត្រូវ​ជាង»។

​VOA ​មិន​ទាន់​អាច​ទាក់​ទង​ លោក​ នេត្រ​ ភក្រ្តា​ មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ទេ​ កាល​ពី​ថ្ងៃ​អង្គារ។

កាលពី​ពេល​កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ពី​ជំហរ​របស់​លោក​ ដែល​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បន្ថែម​ទៀត​ និង​បាន​ព្រមាន​ថា​ ការណ៍​នេះ​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ជាថ្មី​ទៀត​នៅ​កម្ពុជា។

​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ តុលាការ​ខ្មែរ​ក្រហម​បាន​សម្រេច​បំបែក​សំណុំរឿង​របស់​អ្នកស្រី​ អ៊ឹម ចែម ​ហៅ​យាយ​ចែម​ ចេញ​ពី​សំណុំរឿង​០០៤ ​ដែល​មាន​កម្មាភិបាល​ខ្មែរ​ក្រហម ​ឱ អាន ហៅ​ តា អាន​ និង យឹម ទិត​ ហៅ ​តាទិត។

សាលាក្ដី​ខ្មែរ​ក្រហម​ ដែល​មាន​អាយុ១០​ឆ្នាំ​នេះ​នៅ​មាន​សំណុំ​រឿង​០០២​ វគ្គ​ទី២​ ​ជា​វគ្គ​បញ្ចប់​និង​សំណុំ​រឿង​០០៣​ ដែល​កំពុង​បន្ត​នីតិវិធី​នៅឡើយ៕

XS
SM
MD
LG