ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាំ​សហសម័យឆ្លុះ​បញ្ចាំង​អំពីតថភាព​សង្គម​បច្ចុប្បន្ន


អ្នករបាំសម្តែងរបាំ«ដំណើរចាកចេញ» ត្រូវបាន​ដឹកនាំឡើងដោយ ជ័យ ចន្ទកិត្រា នាយិកាសិល្បៈនៅពេលអង្គការអម្រឹតាសិល្បៈនៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ (ផន បុប្ផា/VOA)

កញ្ញា​ ជី លីណា​ បាន​ថ្លែង​ថា៖​ «របាំ​សហ​សម័យ​គឺ​ជា​របាំ​នៅ​ក្នុង​ទម្រង់​ថ្មី​មួយ។​ វា​គឺ​ជា​របាំ​មួយ​ដែល​អ្នក​ត្រូវ​ស្វែងរក​ផ្លូវ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ក្នុង​ការ​បង្កើត​ក្បាច់​រាំ»។​

របាំ​សហ​សម័យ​គឺ​ជា​របាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពាក់​កណ្តាល​សតវត្ស​ទី២០​នេះ។ ​វា​ជា​ប្រភេទ​របាំ​ម៉្យាង​ដែល​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​សិល្បៈ។ របាំ​នេះ​អាច​បង្ហាញ​ពី​កង្វល់​ ឬ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​ដែល​អ្នក​សិល្បៈ​ចង់​បង្ហាញ​ឲ្យសង្គម​បាន​ដឹង។​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ អ្នក​រាំ​របាំ​សហ​សម័យ​បាន​និយាយ​ថា​ ពួក​គេ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទស្សនិកជន​ឲ្យ​ទស្សនា​របាំ​នេះ។​

អ្នក​របាំ​នៅ​ក្នុង​ការ​សម្តែង​ចំនួន​ពីរ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​និយាយ​ថា ​ពួក​គេ​សង្ឃឹម​ថា ​ទស្សនិកជន​អាច​យល់​ដឹង​ និង​ឲ្យ​តម្លៃ​ទៅ​លើ​ទម្រង់​សិល្បៈ​ថ្មី​មួយ​ ដែល​ប្រកប​ដោយ​ការ​លំបាក​ គឺ​របាំ​សហ​សម័យ​ដែល​ជា​ការ​សម្តែង​របាំ​ដែល​រួម​បញ្ចូល​នូវ​ចង្វាក់​រាំ​ខ្មែរ​ជាមួយ​នឹង​ចង្វាក់​រាំ​ថ្មី​ទំនើប។​

ជី​ រចនា អ្នក​បង្កើត​ក្បាច់​របាំ (ស្តាំ) និង ជ័យ ចន្ទកិត្រា (ឆ្វេង) នាយិកាសិល្បៈពីអង្គការអម្រឹតាសិល្បៈ ឆ្លើយសំណួរអ្នកទស្សនានៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ (ផន បុប្ផា/VOA)
ជី​ រចនា អ្នក​បង្កើត​ក្បាច់​របាំ (ស្តាំ) និង ជ័យ ចន្ទកិត្រា (ឆ្វេង) នាយិកាសិល្បៈពីអង្គការអម្រឹតាសិល្បៈ ឆ្លើយសំណួរអ្នកទស្សនានៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ (ផន បុប្ផា/VOA)

ការ​សម្តែង​របាំ​ដែល​មាន​ឈ្មោះ​ថា៖​«ដំណើរ​ចាកចេញ»​ ដែល​ត្រូវបាន​ដឹកនាំ​សម្តែង​ដោយ​អ្នកស្រី​ ជ័យ ចន្ទ​កិត្យា​ ដែល​ជាអ្នក​ដឹកនាំ​សិល្បៈ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អម្រឹតា​សិល្បៈ​នោះ​ ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​នៃ​ភាព​មិន​ប្រាកដប្រជា​ និង​បទ​ពិសោធន៍​ជា​ជនភៀសខ្លួន​ ការ​ធ្វើ​អន្តោប្រវេសន៍​ ការ​ព្រាត់ប្រាស់​គ្នា​ និង​ការ​ស្លាប់។​

ការ​សម្តែង​របាំ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​«កន្លែង​មួយ»​ ដែល​ត្រូវបាន​ដឹកនាំ​សម្តែង​ដោយ​លោក​ ជី រតនា​ បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​មនុស្ស ​និង​មនុស្ស ​និង​រវាង​មនុស្ស ​និង​សត្វ។ ​ការ​សម្តែង​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​បំផុស​បំផុល ​ដោយ​ការ​ជួប​ប្រទះ​ជា​លើក​ដំបូង ​និង​ប្រតិកម្ម​ពី​រាងកាយ ​និង​អារម្មណ៍​ ដែល​មនុស្ស​ម្នាក់​មាន​នៅ​ក្នុង​បរិស្ថាន​ថ្មី​មួយ។​

អ្នក​ដឹកនាំ​សម្តែង​ទាំង​ពីរ​រូប​បាន​និយាយ​អំពី​ការងារ​របស់​ពួកគាត់​នៅ​អំឡុង​ពេល​ពិភាក្សា​គ្នា​មួយ​នៅ​ឯ​ហាង​កាហ្វេ ​Java ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ពីរ​សប្តាហ៍​មុន ​ដោយ​បាន​ផ្តល់​នូវ​ការ​បកស្រាយ​មួយ​អំពី​ទម្រង់​សិល្បៈ​ ដែល​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា​ មិន​ដែល​បាន​ជួប​ប្រទះ។​

សិល្បការិនី​ ជី លីណា​ ពន្យល់​ថា ​របាំ​នេះ​បាន​នាំ​ឲ្យ​កញ្ញា​ស្គាល់​ពី​ខ្លួន​ឯង​ និង​បញ្ចេញ​គំនិត​របស់​ខ្លួន​ផ្ទាល់។​ កញ្ញា​ ជី លីណា​ បាន​ថ្លែង​ថា៖​

«របាំ​សហ​សម័យ​គឺ​ជា​របាំ​នៅ​ក្នុង​ទម្រង់​ថ្មី​មួយ។​ វា​គឺ​ជា​របាំ​មួយ​ដែល​អ្នក​ត្រូវ​ស្វែងរក​ផ្លូវ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ក្នុង​ការ​បង្កើត​ក្បាច់​រាំ»។​

ការ​ពិភាក្សា​នៅ​ហាង​កាហ្វេ​នោះ​បាន​ធ្វើ​ឡើង ក្រោយពី​ការ​សម្តែង​របាំ​ទាំង​ពីរ​នៅ​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​ ដោយ​របាំ​ទាំង​ពីរ​មាន​ការ​រួម​បញ្ចូល​របាំ​ខ្មែរ​បុរាណ​ជាមួយ​នឹង​ចង្វាក់​រាំ​ថ្មី​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។​

កញ្ញា​ លីណា​ បាន​បន្ថែម​ថា៖​

«របាំ​សហ​សម័យ​គឺ​ខុស​ប្លែក​ពី​របាំ​ប្រពៃណី​ ប៉ុន្តែ​ក៏​មាន​ចំណុច​ស្រដៀង​គ្នា​មួយ​ចំនួន​ផង​ដែរ។​ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​សម្តែង​របាំ​សហ​សម័យ ​យើង​ត្រូវ​ដឹង​ពី​មូលដ្ឋាន​គ្រឹះ ​ហើយ​យើង​ត្រូវ​ស្គាល់​ពី​ខ្លួន​យើង។ ​វា​ដូចគ្នា​ទៅ​នឹង​របាំ​ប្រពៃណី​ ដែល​យើង​ត្រូវ​ការ​មូលដ្ឋាន​គ្រឹះ​ដែរ»។​

កញ្ញា ចន្ទកិត្យា​ ដែល​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ពី​កម្មវិធី​វិចិត្រ​សិល្បៈ​ផ្នែក​របាំ ​និង​ចង្វាក់​រាំ​នៅ​មហា​វិទ្យាល័យ​ កាលីហ្វញ៉ា ​បាន​និយាយ​ថា៖​

«ប្រជា​ពលរដ្ឋ​នឹង​ទទួល​បាន​ចំណេះ​ដឹង​ពី​ការ​មើល​ការ​សម្តែង​របាំ​សហ​សម័យ​នេះ។ ​ខ្ញុំ​គិត​ថា​ ផល​ប្រយោជន៍​គឺ​យើង​បាន​ឃើញ​អ្វី​ដែល​ថ្មី។​ ​មនុស្ស​ បើ​កាលណា​មិន​ដែល​ឃើញ​អ្វី​ថ្មី​ យើង​គ្មាន​ការ​រីក​ចម្រើននោះ​ទេ។​ នេះ​ទី​មួយ។​ ​ទី​ពីរ​ទៀត​ ទស្សនិកជន​អាច​ចាប់​ផ្តើម​សួរ​សំណួរ​ ហើយ​ខ្ញុំ​ជឿ​ថា​ ជា​និច្ចកាល​ សង្គម​មួយ​ ឬ​ក្រុម​មួយ​ ឬ​មនុស្ស​ម្នាក់​អាច​អភិវឌ្ឍ​ខ្លួន​ឯង​ទៅ​បាន ​លុះត្រា​តែ​មនុស្ស​នោះ​ចេះ​សួរ​សំណួរ។ សំណួរ​ទៅ​កាន់​ខ្លួន​ឯង​ សំណួរ​ទៅ​កាន់​អ្នក​ដទៃ ​និង​បរិយាកាស​នៅ​ជុំវិញ​ខ្លួន»។​

កញ្ញា​ កិត្យា ​បាន​បន្ថែម​ថា៖​

«របាំ​សហ​សម័យ​នេះ​ គឺ​អនុញ្ញាត​ឲ្យមនុស្ស​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​បញ្ចេញ​នូវ​ទស្សនៈ​ខ្លួន​ឯង»។​

អ្នក​សម្តែង​របាំ​សហ​សម័យ​នៅ​កម្ពុជា​តែងតែ​ប្រឈម​នឹង​ការ​លំបាក​ជាមួយ​នឹង​ការ​ផ្គត់ផ្គង់​មូលនិធិ ​ទីតាំង​ហាត់សម ​និង​កន្លែង​សម្រាប់​ការ​សម្តែង។ ​ប៉ុន្តែ​ក៏​មាន​ជំនួយ​មួយ​ចំនួន​ពី​គម្រោង Trojan Women Project ​ដែល​ជា​បណ្តាញ​មួយ​នៃ​មហោស្រព​ La MaMa ​ក្នុង​ក្រុង​ញូវយ៉ក ​ដែល​ធ្វើការ​ជាមួយ​សិល្បករ​ ដែល​ធ្វើការ​សម្តែង​ជុំវិញ​ពិភពលោក។​

អ្នករបាំសម្តែងរបាំ«ដំណើរចាកចេញ» ដែល​បង្កើត​ឡើង​ដោយ ជ័យ ចន្ទកិត្រា អ្នកបង្កើត​ក្បាច់របាំ និងជានាយិកាសិល្បៈរបស់អង្គការអម្រឹតាសិល្បៈ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ (ផន បុប្ផា/VOA)
អ្នករបាំសម្តែងរបាំ«ដំណើរចាកចេញ» ដែល​បង្កើត​ឡើង​ដោយ ជ័យ ចន្ទកិត្រា អ្នកបង្កើត​ក្បាច់របាំ និងជានាយិកាសិល្បៈរបស់អង្គការអម្រឹតាសិល្បៈ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ (ផន បុប្ផា/VOA)

អ្នកស្រី​ គីម អ៊ីម៉ា (Kim Ima) សមាជិក​ម្នាក់​នៃ​សមាជិក​ប្រាំនាក់​នៃ​គម្រោង​ Trojan Women Project ​បាន​បកស្រាយ​ថា ​គម្រោង​នេះ​បាន​ចាប់​ផ្តើម​សហការ​ជាមួយ​នឹង​អង្គការ​អម្រឹតា​សិល្បៈ​ ដើម្បី​បង្កើត​ការ​សម្តែង​របាំ​មួយ​ពី​សោកនាដ​កម្ម​សម័យ​កាល​ក្រិក​បុរាណ​ស្តី​អំពី​ផលវិបាក​នៃ​ជម្លោះ​មួយ។​

«វា​គឺ​ជា​ការ​សម្តែង​សិល្បៈ​ដែល​មាន​អ្នក​រាំ ​អ្នក​ច្រៀង​ និង​អ្នក​លេង​តន្ត្រី។​ អ្នក​ទាំង​អស់​នោះ​រៀន​ជាមួយ​គ្នា ​ហើយ​យើង​នាំ​អ្នក​ទស្សនា​ឲ្យ​ចូលរួម​ជាមួយ​យើង។ ​យើង​ប្រាប់​ពួក​គាត់​អំពី​រឿង​របស់​ Trojan Women»។​

អ្នក​ស្រី​បាន​បន្ថែម​ថា ​ការ​សម្តែង​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​

កញ្ញា​ ចន្ទ​ កិត្យា ​បាន​និយាយ​ថា ​បញ្ហា​ប្រឈម​មួយ​ទៀត​គឺ​ការ​នាំ​ប្រជាជន​កម្ពុជា​ឲ្យ​ផ្តល់​តម្លៃ​ដល់​ការ​សម្តែង​ដ៏​លំបាក​នានា។ ​ប្រជាជន​ក្រុង​ភ្នំពេញ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ននេះ​ មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​ចេញ​ទៅ​ក្រៅ​ ដើម្បី​ទស្សនា​កម្មវិធី​វប្បធម៌​ផ្សេងៗ​ឡើយ។​ អ្នកស្រី​បកស្រាយ​ថា ​ក្រុម​អ្នក​រៀបចំ​បាន​ខិតខំ​រក្សា​តម្លៃ​សំបុត្រ​ឲ្យ​ទាប។​

«អញ្ចឹង​ដើម្បី​បំបែក​ឧបសគ្គ​នេះ​អញ្ជើញ​ចេញ​មក។ ទី​ក្រុង​ភ្នំពេញ​មាន​របស់​ច្រើន​មែនទែន​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ទៅ​ទស្សនា។​ មាន​សារមន្ទីរ​ មាន​ការ​តាំង​ពិពណ៏​ មាន​ការ​ប្រគុំ​តន្ត្រី។ មិន​មែន​មាន​តែ​កន្លែង​ញ៉ាំ​នោះ​ទេ។ ឧបសគ្គ​ទីពីរ​ខ្ញុំ​គិត​ថា ​យើង​មិន​ទាន់​ចេះ​មើល​ទ​ម្រង់​បែប​សហ​សម័យ​នេះ​ទេ។ អញ្ចឹង​ប្រជាជន​មាន​ការ​អល់អែក​ថា ​មិន​ដឹង​ជា​ទៅ​មើល​ធ្វើ​អ្វី​ បើ​ខ្លួន​ឯង​អត់​យល់​ផង។​ តាម​ពិត​យើង​ទៅ​មើល​មិនមែន​ដើម្បី​យល់​នោះ​ទេ​ តែ​គឺ​ដើម្បី​សួរ​ខ្លួន​ឯង​ឲ្យ​បាន​កាន់​តែ​ច្រើន»។​

ទោះបី​យ៉ាងណា​ក៏​ដោយ​ គោល​បំណង​នៃ​ការ​សម្តែង​របាំ​នេះ ​គឺ​ដើម្បី​បំផុស​នូវ​គំនិត​ថ្មីៗ​នៅ​ក្នុង​ចំណោម​ទស្សនិកជន៕

XS
SM
MD
LG