ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃពុធនេះ ប្រកាសដម្កល់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបញ្ជាឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួនបីរូប បង់ពិន័យពាក់ព័ន្ធនឹងករណីបង្ហោះសារម្រាមដៃស្អាតទុកជាបានការ និងប្រកាសបិទផ្លូវតវ៉ា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញចេញនៅថ្ងៃពុធនេះ បញ្ជាក់ថានៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានលោក អ៊ឹម ឈុនលឹម ជាប្រធាន បានបើកសវនាការលើបណ្តឹងជំទាស់របស់អតីតសមាជិកគណបក្សប្រឆាំងចំនួនបីរូបក្នុងខេត្តបាត់ដំបង។
អ្នកទាំងបីដែលមានឈ្មោះ ជា ជីវ ឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង តាមរយៈមេធាវីរបស់ពួកគេគឺលោក សំ សុគង់ បានប្តឹងមិនសុខចិត្តនឹងការសម្រេចរបស់ គ.ជ.ប ដែលបានបង្គាប់ឲ្យពួកគេបង់ប្រាក់ម្នាក់ៗចំនួនពី៥លានរៀល ទៅ១០លានរៀល ក្រោយពួកគេបានបង្ហោះរូបលើកម្រាមដៃស្អាតលើបណ្តាញសង្គមហ្វេសប៊ុកកាលពីមុនការបោះឆ្នោត។
ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលបណ្តឹងរបស់អ្នកទាំងបី ដោយថា ជាបណ្តឹងខុសនឹងគតិច្បាប់ និងបានប្រកាសដម្កល់ការសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ទុកជាបានការ។
សេចក្តីប្រកាសព័ត៌មានដដែលនោះបានបញ្ជាក់ពីលទ្ធផលនៃការសម្រេចថា៖
«សេចក្តីសម្រេចនេះជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច»។
លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង លោក ថោង សារឿន និងលោក គ្រុយ គឹមសាំង អតីតសមាជិកគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ បានដាក់បណ្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែសីហា។ សេចក្តីសម្រេចនោះ គ.ជ.ប បានផាកពិន័យលោក ជា ជីវ ចំនួន១០លានរៀល លោក ថោង សារឿន និង លោក គ្រុយ គឹមសាំង ម្នាក់ៗ៥លានរៀល ពាក់ព័ន្ធនឹងការថតរូបលើកម្រាមដៃស្អាតបង្ហោះលើបណ្តាញសង្គម។
លោក សំ សុគង់ មេធាវីមួយរូបដែលការពារក្តីឲ្យអតីតគណបក្សសង្គ្រោះជាតិទាំង៣ លើកឡើងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាការសម្រេចដែលមិនអាចទទួលយកបាន។ លោកបន្ថែមថា សេចក្តីសម្រេចនេះជាការបិទផ្លូវតវ៉ា។ ដូច្នេះលោក និងកូនក្តីកំពុងពិភាក្សាថានឹងត្រូវធ្វើបែបណាបន្ត ខណៈកូនក្តីរបស់លោកមិនមានលទ្ធភាពបង់នៅឡើយ។
លោកបញ្ជាក់ថា៖
«យើងអត់ទាន់បានសម្រេចថានឹងបង់ទេ ដោយសារជីវភាពរបស់គាត់ ហើយពួកគាត់ជាប្រជាពលរដ្ឋសាមញ្ញ ហើយមានជីវភាពក្រីក្រ ហើយយើងគិតថា ការផាកពិន័យចាប់ពី៥លាន ហើយនិង១០លានរៀលនេះ គឺវាមានចំនួនច្រើនធំធេងចំពោះពួកគាត់ដែលជាអ្នកក្រ ជាអ្នកស្រែចំការហ្នឹង។ អញ្ចឹងពួកគាត់ប្រហែលជាមិនមានលទ្ធភាពទេ ប៉ុន្តែយើងនឹងពិភាក្សាជាមួយពួកគាត់ជាបន្តនាពេលខាងមុខហ្នឹង»។
ក្នុងចំណោមអ្នកទាំង៣រូបដែលត្រូវបង់ពិន័យ លោក ជា ជីវ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១១៨នាក់ ដែលត្រូវបានតុលាការកំពូលព្យួរសិទ្ធិមិនឲ្យធ្វើនយោបាយ។ ក្រៅពីអតីតសមាជិកគណបក្សប្រឆាំងក្នុងខេត្តបាត់ដំបងទាំង៣នាក់ ក៏នៅមានអតីតសមាជិកគណបក្សប្រឆាំង៥នាក់ផ្សេងទៀតក្នុងខេត្តកំពត ត្រូវបានបញ្ជូនសំណុំរឿងទៅ គ.ជ.ប ដើម្បីជំនុំជម្រះពាក់ព័ន្ធនឹងការចោទថា ពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតនេះផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ករណីលោក ជា ជីវ ដែលត្រូវបានព្យួរសិទ្ធិធ្វើនយោបាយ គឺត្រូវសម្រេចដោយតុលាការកំពូល។ លោកថា សម្រាប់ដំណើរការនៃការបង់ពិន័យរបស់អ្នកទាំង៣ នឹងត្រូវសម្រេចនាពេលខាងមុខ ប៉ុន្តែលោកមិនបានបញ្ជាក់ថា គ.ជ.ប នឹងមានចំណាត់ការបែបណា ប្រសិនបើពួកគេមិនបង់ពិន័យទេនោះ។
លោកមានប្រសាសន៍ថា៖
«ប្រទេសនីមួយៗគឺមានច្បាប់ ហើយអ្នកដែលមិនគោរពច្បាប់ គឺត្រូវទទួលយ៉ាងណានោះ គឺអ្នកព័ត៌មានបានដឹងហើយ»។
អ្នកនាំពាក្យ គ.ជ.ប រូបនេះបញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានបណ្តឹងណាមួយពាក់ព័ន្ធនឹងការថតរូបបង្ហោះម្រាមដៃស្អាតនោះទេ។ លោកបន្ថែមថា សម្រាប់ករណីអតីតសមាជិកគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពតចំនួន៥នាក់ ដែលត្រូវបានប្តឹងពាក់ព័ន្ធនឹងការបង្ហោះម្រាមដៃស្អាតដែរនោះ ត្រូវបាន គ.ជ.ប លើកលែងការចោទប្រកាន់ ក្រោយរកឃើញថាពួកគេមិនមែនជាអ្នកបង្ហោះដោយផ្ទាល់។
ក្រុមអ្នកឃ្លាំមើលសង្គម និងអ្នកច្បាប់សុទ្ធតែបានលើកឡើងថា ការថតម្រាមដៃបង្ហោះដោយខ្លួនឯង មិនមែនជាបទល្មើសដែលមានចែងក្នុងច្បាប់នោះទេ។ ក្រុមអ្នកឃ្លាំមើលសង្គមទាំងនោះ ក៏បានលើកឡើងថា ការអំពាវនាវនិងការបង្ហោះជាសារទាំងនោះ គ្រាន់តែជាការបញ្ចេញមតិ មិនមែនជាការគំរាមកំហែង និងមិនមែនជាការបង្ខិតបង្ខំណាមួយឡើយ៕