ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឱ្យ​បើក​កញ្ចប់​សុវត្ថិភាព​មួយ​ចំនួន​នៅ​ខេត្ត​បាត់​ដំបង


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.​ជ.​ប.​ និង​គណបក្ស​នយោបាយ​ពិនិត្យ​កញ្ចប់​សុវត្ថិភាព​ពិនិត្យ​ភាព​មិន​ប្រក្រតី​ក្នុងការ​បោះឆ្នោត។​
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.​ជ.​ប.​ និង​គណបក្ស​នយោបាយ​ពិនិត្យ​កញ្ចប់​សុវត្ថិភាព​ពិនិត្យ​ភាព​មិន​ប្រក្រតី​ក្នុងការ​បោះឆ្នោត។​
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​២៦ ​ខែ​សីហា ​បាន​បង្គាប់​ឱ្យគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​បើក​កញ្ចប់​សុវត្ថិភាព«ក» ​ចំនួន៨ការិយាល័យ​បន្ថែម​ទៀត​នៅ​ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង។

​សេចក្តីសម្រេច​ដែល​មាន​ប្រថាប់​ត្រា​ថា«​ប្រញាប់​បំផុត» ​ធ្វើ​ឡើង​ដើម្បី​ផ្ទៀង​ផ្ទាត់​សំឡេង​ឆ្នោត​ក្នុង​ទម្រង់​១១០២ និង​១១០៤ ​និង​ក្រដាស​កត់​ត្រា​សំឡេង​ឆ្នោត ​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​និង​ចោទ​ប្រកាន់​ថា​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ។

ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»នៃការិយាល័យ​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ទី​ស្នាក់ការ​គ.ជ.ប. ​នាថ្ងៃ​ពុធ ​ទី​២៨ ​ខែសីហា ​វេលាម៉ោង​៨​ព្រឹក។

សេចក្តី​សម្រេច​នេះធ្វើ​ឡើង​មួយ​ថ្ងៃប៉ុណ្ណោះ ​ក្រោយ​ពី​ខ្លួន​បាន​បង្គាប់​ឱ្យ​គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ចំនួន១៣​ការិយាល័យ​ក្នុង​ខេត្ត​ក្រចេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ដែល​ក្រោយ​មកត្រូវ​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ​ព្រោះ​លទ្ធផល​ដែល​រកឃើញ​ក្នុង​កញ្ចប់​សុវត្ថិភាព​ទាំង​១៣​នោះមាន​តួ​លេខ​ខុស​ពី​តួ​លេខ​ដែល​ទទួល​បាន​ដោយ​គណបក្ស​នយោបាយ ​ចំណែក​ឯ​កញ្ចប់​សុវត្ថិភាព​«ក»​រហូត​ដល់៨​ការិយាល័យ​ពុំ​មាន​បោះត្រា រួម​ទាំង​ការ​កោស​លុប​ និង​សរសេរ​លើ​លទ្ធផល​ចាស់​ជា​ដើម។

លោក អ៊ុត ឈន អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឱ្យដឹងថាសេចក្តី​សម្រេច​នេះជា​ផ្នែក​មួយ​នៃ​ការ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដែល​សង្ស័យ​ថា​មាន​ភាព​មិន​ប្រក្រតី មុន​នឹង​ខ្លួន​ប្រកាសសាលក្រម​លើ​បណ្តឹង​បោះឆ្នោត។

«​ឱ្យ​បើក​ដើម្បី​ឱ្យ​គេ​បានដើម្បី​ឱ្យ​គេ​បាន​ឯកសារ​ឬ​មូលដ្ឋាន ថា​តើ​បណ្តឹង​របស់​គណបក្ស​នយោបាយ​មាន​មូលដ្ឋាន​សាកសម​នឹង​ចោទ​ទេ ទើប​គេ​យក​ឯកសារ​នេះ​មក​ផ្សំ​បន្ថែម​ទៀត ដើម្បី​ជំនុំ​ជម្រះ គេ​ហៅ​ថា​តុលាការ​សាធារណៈ»។

តាម​ច្បាប់ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​២០​ថ្ងៃ​ដើម្បី​ដោះស្រាយ​បណ្តឹង​ពី​គណបក្ស​នយោបាយ ពោល​គឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៩ ​ខែកញ្ញា​ ខាង​មុខ​នេះ ​ហើយ​សេចក្តី​សម្រេច​នេះ​នឹង​បិទ​ផ្លូវ​តវ៉ា។

កញ្ចប់​សុវត្ថិភាព​«ក»​គឺ​ជា​កញ្ចប់​ផ្ទុក​ដោយ​ឯកសារនិង​ព័ត៌មានពី​ការ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ដែល​ត្រូវ​ចុះ​ហត្ថលេខា​ដឹង​ឮ​ដោយភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង។​

ទោះ​បី​ជា​យ៉ាង​ណា ​លោក យឹម សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ មិន​បាន​សាទរ​ចំពោះ​សេចក្តី​សម្រេច​នេះ​ទេ ​ដោយ​សារ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ឱ្យ​បើកការិយាល័យ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះក្នុង​ចំណោម​ការិយាល័យ​រាប់រយដែល​ខ្លួន​បានស្នើ។​

«​ជំហ​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​មិន​ចង់​ឱ្យ​មាន​ការ​បើកកញ្ចប់​សុវត្ថិភាព​តែ​២​ទៅ​៣​ការិយាល័យ​ទេ យើង​ដាក់​ពាក្យ​បណ្តឹង​ឱ្យបើក​រាប់​រយ​កញ្ចប់។ អញ្ចឹង​រឿង​នេះ​យើង​ត្រូវ​ជជែក​គ្នា​បន្ត​ទៀត ដូច្នេះ​ទើប​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​តាមដាន​និង​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់»។

លោក គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​(ខុមហ្វ្រែល) ​ថ្លែង​ថា​ករណី​កញ្ចប់​សុវត្ថិភាព​«​ក»​នៅ​ខេត្ត​ក្រចេះ​ជាភាព​មិន​ប្រក្រតីគួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​លើ​លទ្ធផល​បោះឆ្នោត។

«​យើង​ឃើញ​ថា​រឿង​ហ្នឹង​មាន​ភាព​មិន​ប្រក្រតី​គួរ​ឱ្យ​ព្រួយ​បារម្ភ ហើយ​គេ​គួរ​តែ​សិក្សា​ពី​បញ្ហា​ហ្នឹង​ដែរ ដើម្បី​សិក្សា​ថា​តើ​ទំហំនៃ​ភាព​មិន​ប្រក្រតី​អាច​ប៉ះពាល់​លើ​លទ្ធផល​បោះឆ្នោត​ឬ​យ៉ាង​ណា ដូច្នេះ​គេគួរ​មាន​ការ​សិក្សា​និងអង្កេត​បន្ថែម​ទៀត»។

លោក គល់ បញ្ញា ​ផ្តល់​អនុសាសន៍​ថា​ភាព​មិន​ប្រក្រតី​ទាំង​នេះ​គួរ​ត្រូវ​បាន​សិក្សា​និង​ដោះស្រាយ​ដោយ​គណៈកម្មការ​ឯករាជ្យ​មួយ។

យ៉ាង​ណា​ក៏​ដោយ ​លោក ទេព នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សន្និដ្ឋាន​ថា​បញ្ហា​នេះ​ជា​កំហុស​បច្ចេស​ទេស ​ព្រោះ​មន្ត្រី​មូលដ្ឋាន​របស់​ខ្លួនទទួល​បាន​ការ​បណ្តុះ​បណ្តាល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មុន​ហ្នឹង​អនុវត្ត​ការងារ ​ប៉ុន្តែ​លោក​អះអាង​ថា​កំហុស​នេះនឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG