ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបើក​កញ្ចប់​សុវត្ថិភាព​«ក»​នៅ​ខេត្ត​ក្រចេះ​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ការ​ចោទ


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.​ជ.​ប.​ និង​គណបក្ស​នយោបាយ​ពិនិត្យ​កញ្ចប់​សុវត្ថិភាព​ពិនិត្យ​ភាព​មិន​ប្រក្រតី​ក្នុងការបោះឆ្នោត។​
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.​ជ.​ប.​ និង​គណបក្ស​នយោបាយ​ពិនិត្យ​កញ្ចប់​សុវត្ថិភាព​ពិនិត្យ​ភាព​មិន​ប្រក្រតី​ក្នុងការបោះឆ្នោត។​
គ្មាន​ការិយាល័យ​បោះឆ្នោត​ណា​មួយ​ដែល​ពុំ​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ​ក្នុង​ចំណោម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​១៣​ ក្នុង​ឃុំ​ស្វាយជ្រះ ​ខេត្ត​ក្រចេះ។ ​នេះជា​លទ្ធ​ផលដែល​កត់​សម្គាល់​ដោយ​គណបក្ស​ជំទាស់​និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល​ក្រោយ​ពី​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ដើម្បី​ត្រួត​ពិនិត្យលទ្ធផល​បោះឆ្នោត​ឡើង​វិញ​នៅ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ធ្វើ​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្តាល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប) ​ក្រោយ​ពី​មាន​ការ​បង្គាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​សុក្រ ​តាម​បណ្តឹង​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ហើយ​វា​គឺ​ជា​ផ្នែក​មួយ​នៃ​ជំហាន​ផ្ទៀងផ្ទាត់​លទ្ធ​ផល​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់។

កញ្ចប់​សុវត្ថិភាព​«ក»​គឺ​ជា​កញ្ចប់​ផ្ទុក​ដោយ​ឯកសារ​ព័ត៌មាន​និង​ទិន្នន័យ​ស្តី​ពី​ការ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត​និមួយៗ ​ដែល​ត្រូវ​ចុះ​ហត្ថលេខា​ដឹងឮ​ដោយភ្នាក់ងារ​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង។

ក្រុម​មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​បាន​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ទាំង​១៣​មក​ផ្ទៀងផ្ទាត់​ចំនួន​សន្លឹកឆ្នោត​បាន​ការ​ សំឡេង​ឆ្នោត​សម្រាប់​គណបក្ស​និមួយៗ​ក្រោម​អធិបតីភាព​របស់​លោក​ព្រហ្ម ញាណវិចិត្រ​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​និង​ក្រោម​ការ​ឃ្លាំមើល​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​មន្ត្រី​មកពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គឺគណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ចប់​សុវត្ថិភាព​ស្ទើរ​តែ​ទាំង​អស់​នៅ​ចំហ ​មាន​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះមាន​ការ​បិទ​ជិត​ត្រឹមត្រូវ។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បា​ន​ផ្ទៀងផ្ទាត់​ភ្លាមៗ​រាល់​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​នេះ​មួយ​កញ្ចប់​ម្តងៗ​ ហើយ​បាន​រកឃើញ​ថាមាន​ចំនួន​គណ​បក្ស​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​កើន​ខុស​ពី​សំណៅ​ឯកសារ​ដើម​ដែល​ត្រូវ​ចែក​ជូន​គណបក្ស ​មាន​ការ​សរសេរ​ខុស​គ្នា​លើ​របាយការណ៍​នៃ​សំណៅ​ដើម និង​របាយការណ៍​ដែល​បាន​បើក​ក្នុង​កញ្ចប់​សុវត្ថិភាព​ មាន​ការប្រើប្រាស់​ប៊ិច​ពណ៌​ខុសគ្នា​សរសេរ​លើ​ផ្ទាំង​ក្រដាស់​តែ​មួយ ​មាន​ការ​សរសេរ​អក្សរ​ខុសគ្នា​លើ​ក្រដាស់​តែ​មួយ​ មាន​ការ​ផ្លាស់ប្តូរ​ទាំង​អស់​នៃ​ចំនួន​តួលេខសន្លឹក​ឆ្នោត​មិន​បាន​ការដំណាល​គ្នា​នឹង​ការ​កើន​ចំនួន​គណបក្ស​ដែល​ទទួល​បាន​សំឡេង​ខុស​ពី​របាយការណ៍​ដើម​ដែល​គណបក្ស​ជំទាស់​ទទួល​បាន។

លោក​គួយ​ ប៊ុនរឿន​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះឆ្នោតបាន​ប្រកាស​ភ្លាមៗ​ពី​ទិន្នន័យ​ខុសគ្នា​ទាំង​នេះ​គ្រប់​ការិយាល័យ​ទាំង​១៣​ក្នុងឃុំ​ស្វាយជ្រះ ​នៃ​ខេត្ត​ក្រចេះ​ក្រោយ​ពី​មន្ត្រី​គជប​ ផ្ទៀងផ្ទាត់​ឡើង​វិញ។​ ប៉ុន្តែ​លោក​ព្រហ្ម ​ញាណ​វិចិត្រ ​បាន​ព្យាយាម​ហាម​ប្រាម​ការ​បរិហារ​ជា​ចំហ​នេះ​របស់​មន្ត្រី​គណបក្ស​ជំទាស់​ជា​ច្រើន​ដង​ដោយ​លោក​ចង់​ឲ្យ​គណបក្ស​ជំទាស់​ធ្វើ​ការ​កត់​ត្រា​ទុក​តែ​ប៉ុណ្ណោះនូវ​ភាព​ខុស​គ្នា​ដែល​ត្រូវ​បាន​រក​ឃើញ។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

«មាន​គណបក្ស​តែ​បី​ទេ។​តែ​ក្រោយ​មក​មាន​គណបក្ស​ផ្សេង​ទៀត​មាន​នៅ​ទី​នេះ។​យើង​ឃើញ​សំឡេង​ដែល​បាន​ការ​ហើយ​ត្រូវ​គេ​គូស​លុប​ចោល​ទាំង​អស់។ ​ហើយ​សំឡេង​ឆ្នោត​មាន​៧៩​សំឡេង​បាន​ការ​និង​សំឡេង​មិន​បាន​ការ​មាន​១២​សំឡេង។​ តែ​ពេល​យើង​ផ្ទៀង​ផ្ទាត់​ជាមួយ​ប៉ិច​និង​សិច​។ យើង​ឃើញ​មាន​ការ​កើន​ឡើង​សំឡេង​ឆ្នោត​បាន​ការ​ពី​៧៩​មក​៩១។​ប៉ុន្តែ​សំលេង​ឆ្នោត​មិន​បាន​ការ​ពី​១២​សំឡេង​មក​សូន្យ​សំឡេង»។​

​លោក​គួយ​ ប៊ុនរឿន​ ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ចប់។​

«​ឆែក​តែ​១៣​ការិយាល័យ​យើង​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ។ ​ហ្នឹង​ហើយ​ជា​ការ​ប៉ះពាល់​មិន​គ្រាន់​តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ ​ប៉ះពាល់​ដល់​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ​ដូច្នេះ​គជប ​ក៏ដូច​ជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​(ត្រូវតែ)​អនុញ្ញាត្តិ​ឲ្យ​ដោះស្រាយ​បណ្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ទៅ ​យើង​នឹង​ឃើញ​ដូចអ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ការ​បោះឆ្នោត​លើក​នេះគឺ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ»។​

លោក​ទេព​ នីថា ​អគ្គ​លេខា​ធិកា​រគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​មាន​ប្រសាសន៍​ថា​គជប ​មិន​ស្ថិត​ក្នុង​ការសម្រេច​បែប​ណា​នោះ​ទេ​ក្រោយ​ពី​ការ​រកឃើញ​នេះ។

«ការ​បើក​កញ្ចប់​«ក»​ផ្ទៀងផ្ទាត់​នេះ​បាន​លទ្ធផល​យ៉ាង​ណា​ត្រូវ​ធ្វើ​កំណត់​ហេតុ​មួយ ​ហើយ​ភាគី​ដើម​បណ្តឹង​និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ចុះហត្ថលេខា​លើ​នេះ។​ហើយ​បន្ទាប់​មក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យក​កំណត់​ហេតុ​នេះ​ទៅ​បំពេញ​ឯកសារ​របស់​គាត់។ ​ព្រោះ​នេះ​ជា​ការ​ស្រាវជ្រាវ​របស់​គាត់​ទេ។​ការ​សម្រេច​ទៅ​មុខ​ទៀត​គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ»។​

លោក​ព្រហ្ម ​ញាណវិចិត្រ​ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញមិន​ធ្វើ​អត្ថា​ធិប្បាយ​ច្រើន​ចំពោះ​អ្នក​កាសែត​ទេ។ ​លោក​គ្រាន់​តែ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​តម្លា​ភាព។

«អ្វី​ដែល​សំខាន់​គឺ​យើង​ធ្វើ​ឲ្យ​មាន​តម្លាភាព។ ​យើង​ធ្វើ​ឲ្យ​មើល​ឃើញ​ថ្លា»។

លោ​ក​ព្រាប ​កុល ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​បាន​ចូលរួម​អង្កេត​មើល​ការបើក​កញ្ចប់​សុវត្ថិភាព​«ក»នេះ​មាន​ប្រសាសន៍​ថា​របក​គំហើយញ​ក្រោយ​ពី​ការ​បើក​កញ្ចប់​នេះ​នៅ​ពេល​នេះ​ធ្វើ​ឲ្យ​គេ​ជឿថា​ភាព​មិនប្រក្រតី​អាច​នឹង​មាន​នៅ​មណ្ឌល​បោះឆ្នោត​ដទៃ​ទៀត។

«យើង​មិន​បា្រកដ​ថា​មាន​តែ​១៣​ការិយាល័យ​នេះ​ទេ។​បើ​យើង​ពិនិត្យ​ថែម​ទៀត​យើង​ប្រហែល​ជា​អាច​ឃើញ​ទៀត។ ​យើង​មាន​ការ​សង្ស័យ​ថា​ភាព​ខុស​គ្នា​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​បោះឆ្នោត​សរុប»។​

​ប៉ុន្តែ​លោក​ព្រាប​ កុល​ ជឿ​ថា​ប្រសិន​បើ​មាន​ការ​ផ្ទៀងផ្ទាត់​ច្បាស់​លាស់​លទ្ធផល​បោះឆ្នោត​នឹង​មិន​ប្រែប្រួល​ខ្លាំង​នោះ​ទេ។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ពី​ជ័យជំនះ​រៀងៗ​ក្រោយ​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ថ្ងៃទី​២៨​ខែកក្កដា ​ឆ្នាំ​២០១៣។ ​

គណបក្ស​ជំទាស់​អះអាង​ថា​ភាព​មិន​ប្រក្រតី​បាន​នាំ​ឲ្យ​ខ្លួន​បាត់​បង់​ចំនួន​អសនៈ​ដែល​ត្រូវ​ទទួល​បាន​ជា​ច្រើន។​ហើយ​បាន​ទាមទារឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ពុំនោះទេ​ខ្លួន​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ​។គណបក្ស​ជំទាស់​ថែម​ទាំង​បាន​ព្រមាន​ពី​ការ​ដឹកនាំ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG