ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​គ.ជ.ប.​ចំពោះ​ការលួច​បន្លំ​សន្លឹក​ឆ្នោត


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.ជ.ប.​ គណបក្ស​នានា និង​បណ្តាញ​ព័ត៌មាន​ពិនិត្យ​កញ្ចប់​សន្លឹកឆ្នោត​ឃើញ​ភាព​មិន​ប្រក្រតី​ច្រើន។​
ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គ.ជ.ប.​ គណបក្ស​នានា និង​បណ្តាញ​ព័ត៌មាន​ពិនិត្យ​កញ្ចប់​សន្លឹកឆ្នោត​ឃើញ​ភាព​មិន​ប្រក្រតី​ច្រើន។​
រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ពី​កញ្ចប់​សុវត្ថិភាព​«ក»​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតីមេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់ៗ​ថា ​ភាព​មិន​ប្រក្រតី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ថា​ជា​ទង្វើ​បី​សាច។ ​នេះ​បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​អង្គសន្និសីទ​កាសែត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​ម៉ិញ​នេះ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ជា​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ចំនួន​១៣​នៅ​ឃុំស្វាយ​ជ្រះ​ នៃ​មណ្ឌល​មួយ​នៃ​ខេត្ត​ក្រចេះ​បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​ការិយាល័យ​ទាំង​១៣​មាន​៨​ការិយាល័យ​ដែល​មាន​កញ្ចប់​សុវត្ថិភាព​«ក»​ពុំបាន​បិត​កាវ​សុវត្ថិភាព​ត្រឹមត្រូវ​ទេ។​

គណបក្ស​សង្គ្រោះជាតិ​បាន​រក​ឃើញ​ថា​សន្លឹក​ឆ្នោត​មិន​បាន​ការ​សរុប​នៅ​ក្នុង​ទម្រង់​លេខ​១១០៤​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ពី​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ទាំង​១៣​ការិយាល័យ​គឺ​មាន​កំណត់​ត្រា​សន្លឹក​ឆ្នោត​មិន​បាន​ការ​ច្រើន​ជាង​តួលេខ​នៅ​ក្នុង​ទំរង់​១១០៤​នៃ​គណៈកម្មការឃុំ​ សង្កាត់​រៀបចំ​ការ​បោះឆ្នោត។​

មាន​ទម្រង់​១១០២​មិន​បំពេញ​ទិន្នន័យ​ ។​ ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់ត្រា​សំឡេង​ មាន​ការ​សរសេរ​ប្រើ​ហ្វឺត​ពណ៌​ផ្សេង​ពី​គ្នា​ មាន​ការ​កោស​លុប​តួរលេខ​និង​មាន​ការ​សរសេរ​បន្ថែម​ដទៃទៀត។​

លោក​ កួយ ប៊ុនរឿន​ បេក្ខជន​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ​ទទួល​បន្ទុក​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​សន្លឹក​ឆ្នោត​បាន​ការ​សរុប​នៅ​ក្នុង​ទម្រង់​លេខ​១១​០៤​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ទទួល​ពី​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ទាំង​១៣​គឺមាន​កត់​ត្រា​សន្លឹក​ឆ្នោត​បាន​ការ​ តិចជាង​តួលេខ​នៅ​ក្នុង​ទំរង់​១១០៤​របស់​គណៈកម្មការ​ឃុំ​ សង្កាត់​រៀប​ចំការ​បោះ​ឆ្នោត។​

លោក​និយាយថា៖«​កញ្ចប់​ហ្នឹង​ត្រូវ​បាន​បើក​ចំហរ​ពីព្រោះ​កញ្ចប់​សុវត្ថិភាព​គឺថា​សុវត្ថិ​ភាព​គឺថា​រឹង​មាំ​ណាស់​ដូច​អាច​ដឹង​ព័ត៌មាន​អ្វី​ផ្សេងៗ។​ប៉ុន្តែបើ​កញ្ចប់​សុវត្តិ​ភាព​ហ្នឹង​បើក​ចំហរ​ហើយ​គឺ​លែង​ជា​កញ្ចប់​សុវត្តិ​ភាព​ហើយ​គឺ​កញ្ចប់​អសុវត្តិ​ភាព»។​

ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឯកសារ​នៅ​តាម​ការិយាល័យ​នីមួយ​ៗ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​«ក»​រួចហើយ​បានបិតកាវ​សុវត្ថិភាពត្រឹម​ត្រូវ។​

កញ្ចប់​សុវត្ថិភាព​«ក»​មាន​ទម្រង់​បែប​បទជាច្រើន​ដែល​រួម​មាន​ទម្រង់​១១​០១​ ១១០២​ ១១០៤​និង​១១០៨។​ ត្រា​សម្ងាត់​ បញ្ជី​បោះ​ឆ្នោតសន្លឹក​ឆ្នោត​ខូច​ សន្លឹកឆ្នោត​មិន​បាន​ប្រើ​និង​គល់​បញ្ជី​ឆ្នោត​ដែល​បាន​ប្រើ​ សន្លឹក​ឆ្នោត​បាន​ការ​និង​មិន​បាន​ការ​ ព្រម​ទាំង​ផ្ទាំង​ក្រដាស​ធំ​សម្រាប់​កត់ត្រា​សំឡេង​ឆ្នោត។​

លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​បើយោង​តាម​លទ្ធផល​ក្នុងកញ្ចប់​សុវត្ថិភាព​«ក»​គណបក្ស​សង្គ្រោះជាតិ​អាច​ទទួល​បាន​១​អសនៈ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​ក្រចេះ។​

ខេត្ត​ក្រចេះ​មាន​ចំនួន​៣​អសនៈ​។បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ចេញ​ដោយ​គ.ជ.ប.គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​១​អសនៈ​ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​២​អសនៈ។​

លោក​ សម​រង្ស៊ី​បាន​និយាយ​ថា​លោក​នឹង​ទាម​ទារ​ឱ្យ​បើក​កញ្ចប់​សុវត្ថិ​ភាព«ក»​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​មិន​មែន​ត្រឹម​តែ​ខេត្ត​ក្រចេះ​មួយ​នោះ​ទេ។​លោក​បានចោទថា​ការ​រៀប​ចំលួច​បន្លំ​សន្លឹក​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ថា​ជាទង្វើ​បីសាច។​

លោក​បន្ថែម​ថា៖«ហើយ​បីសាច​គឺលាក់​ពួន​ខ្លួន​នៅ​ក្នុង​រឿង​លម្អិត​នៅក្នុង​ទិន្នន័យ​លម្អិត​ នៅ​ក្នុង​តួលេខ​លម្អិត។​បីសាច​ហ្នឹង​គឺ​ភាព​ទុច្ចរិត​របស់​គណបក្ស​ប្រជាជន​ ភាព​ទុច្ចរិត​របស់​គ.ជ.ប.ដែល​បម្រើ​ឱ្យ​គណបក្ស​ប្រជាជន​គឺភាព​ទុច្ចរិត​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ធ្វើ​ឱ្យ​លទ្ធផល​បោះ​ឆ្នោត​ក្រឡាប់​ចាក់»។​

ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែកក្កដាគណបក្ស​សង្គ្រោះជាតិ​របស់​លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ខ្លួន​បាន​ទទួល​ជ័យ​ជំនះ​រៀងៗ​ខ្លួន​ដែល​អាច​បង្កើត​រដ្ឋា​ភិបាល​តែ​ម្នាក់​ឯង​បាន។​

ក៏ប៉ុន្តែ​បើ​តាម​លទ្ធផល​ជាបណ្តោះ​អាសន្ន​របស់​គ.ជ.ប.​បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​បាន​ទទួល​៦៨​អសនៈ​ចំណែក​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​តែ​៥៥​អសនៈ​តែ​ប៉ុណ្ណោះ។​

លោក​ កឹម សុខាអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​លទ្ធផល​របស់​គ.ជ.ប.​បាន​ដោយ​ការ​លួច​បន្លំ។​លោក​បាន​ព្រមាន​ថា​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​មេដឹក​នាំ​មួយ​ចំនួន​នៅ​ក្នុង​គ.ជ.ប.​ដែល​ជា​មេគំនិត​នៅក្នុង​អំពើ​លួច​បន្លំ​សន្លឹក​ឆ្នោត។​

លោក​និយាយថា៖«​ផ្ញើ​សារ​ទៅ​គ.ជ.ប.​ជាពិសេស​មេដឹក​នាំ​គ.ជ.ប.​ប៉ុន្មាន​នាក់​ហ្នឹង​ដែល​ក្អេង​ក្អាង​ហ្នឹង​គឺ​យើង​អត់​ឈប់​ទេ។ យើង​នឹង​ប្តឹង​អស់​លោក​តទៅ​ទៀត​តាម​ផ្លូវ​តុលាការ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ»។​

លោក​ទេព​ នីថា​ អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា​ការ​និយាយ​រិះ​គន់​គឺជាសិទ្ធិ​របស់​មេដឹក​នាំ​គណបក្ស​នយោបាយ។​ក៏ប៉ុន្តែ​លោក​បាន​និយាយ​ថា​ការ​ប្តឹង​ប្តល់​មន្ត្រី​គ.ជ.ប.​គឺ​ប្តឹង​ទៅ​រដ្ឋ​សភា​មិន​មែន​ប្តឹង​ទៅ​តុលាការ​ទេ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ព្រមាន​ថា​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​តាមវិធី​សាស្រ្តមហាត្មៈ​គន្ធី​មេដឹក​នាំ​ទាម​ទារ​ឯក​រាជ្យ​របស់​ប្រទេស​ឥណ្ឌា​ពី​អាណា​និគម​នៃ​ប្រទេស​អង់គ្លេស។​

លោក​ កឹម សុខា​បាន​អះអាង​ថា​មហា​បាតុកម្ម​នេះ​ជាជម្រើស​ចុង​ក្រោយ​បើ​ការ​ទាម​ទារ​ត្រូវ​បាន​ទាត់​ចោល​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​គ.ជ.ប.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG