ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ធ្វើ​ឲ្យ​មាន​កំណើន​ជន​ភៀស​ខ្លួន​និង​ជន​ចំណាក​ស្រុក​​


ចំនួន​ជន​ភៀសខ្លួន​និង​ស្ថាន​ភាព​ជន​ភៀស​ខ្លួន​ (បោះពុម្ព​ក្នុង​របាយការណ៍​ Global trends ឆ្នាំ២០១៥ របស់​​ឧត្តម​ស្នងការ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​​ភៀស​ខ្លួន)។
ចំនួន​ជន​ភៀសខ្លួន​និង​ស្ថាន​ភាព​ជន​ភៀស​ខ្លួន​ (បោះពុម្ព​ក្នុង​របាយការណ៍​ Global trends ឆ្នាំ២០១៥ របស់​​ឧត្តម​ស្នងការ​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​​ភៀស​ខ្លួន)។

របាយ​ការណ៍​ថ្មី​មួយ​បាន​បញ្ជាក់​ថា ​ការ​ជម្លៀស​ដោយ​បង្ខំ​កាលពី​ឆ្នាំ​ទៅ​មានការ​កើនឡើង​លើស​កម្រិត​ដែល​ធ្លាប់​មាន​ពីមុន​មក។​ ស្រប​ពេលជាមួយ​នឹង​ការ​ប្រារព្ធ​នូវ​ទិវា​ជន​ភៀសខ្លួន​ពិភព​លោក​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​របាយ​ការណ៍​ Global Trends ​របស់​ភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ​បាន​រក​ឃើញ​ថា ​ជម្លោះ​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​បាន​ជំរុញ​ឲ្យមាន​ការកើន​ឡើងនូវ​ចំនួន​ជន​ភៀស​ខ្លួន ​និង​ជន​ចំណាក​ស្រុក​ក្នុង​ប្រទេស​នៅ​ក្នុង​ឆ្នាំ​២០១៥។

​កាលពី​ឆ្នាំ​ទៅ ​ប្រជាជន​ចំនួន​៦៥,៣​លាន​នាក់​ត្រូវបាន​ជម្លៀស​ដោយ​បង្ខំ​ ដែល​តួលេខ​នេះមាន​ការ​កើន​ឡើង​ជិត​៥​លាន​នាក់ ​បើធៀប​ជាមួយ​តួលេខ​ឆ្នាំ​ ២០១៤។​ ​

លោក Filippo Grandi ​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀស​ខ្លួន ​(UNHCR) ​មាន​ប្រសាសន៍​ថា ​ឥឡូវនេះ​មាន​ប្រជាជន​ច្រើនជាង​មុនត្រូវ​បាន​ជម្លៀស​ចេញដោយ​សារតែ​សង្រ្គាម ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។ ​ករណីនេះ​កើត​ឡើ​ងនៅពេល​ដែល​ប្រទេស​ជាច្រើន​បាន​បិទ​ព្រំដែន​របស់​ខ្លួន​មិន​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន។​

«មនុស្ស​ចំនួន​២៤​នាក់​ត្រូវបាន​ជម្លៀស​រៀលរាល់​នាទី។​ ២​ភាគ​៣​ នៃ​អ្នក​ដែល​ត្រូវ​ជម្លៀស​ដោយ​បង្ខំគឺ​ជាជន​ចំណាក​ស្រុក​នៅ​ក្នុង​ប្រទេស។ ​៩០​ ភាគ​រយនៃ​អ្នក​ដែល​ត្រូវ​ជម្លៀស​ដោយ​បង្ខំ​ត្រូវ​គេ​ជម្លៀស​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ ឬ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ​មិនមែន​នៅក្នុង​ប្រទេស​អ្នក​មាន​នោះ​ទេ‍»។​

របាយ​ការណ៍​នេះ​បង្ហាញ​ថា ​ជន​ភៀស​ខ្លួន​ក្នុង​ពិភពលោក​ទាំង​២១​លាន​នាក់ ​មាន​ពាក់​កណ្តាល​មាន​ប្រភព​មក​ពី​ប្រទេស​ស៊ីរី ​អាហ្វហ្កានីស្ថាន ​និង​សូម៉ាលី។​ របាយ​ការណ៍​នេះក៏​បាន​លើក​ឡើង​ដែរ​ថា ​ក្នុង​ចំណោម​ជន​ភៀសខ្លួន​ទាំងអស់​ មាន​៥០​ភាគរយ​គឺ​ជាកុមារ ​ដែលភាគ​ច្រើន​ត្រូវ​បាន​បែក​ខ្ញែក​ពីគ្រួសារ​ពេលដែល​ពួកគេ​កំពុង​រត់ភៀស​ខ្លួន។ ​ស្ថិតិ​បាន​បង្ហាញ​ថា ​សំណើ​សុំ​សិទ្ធិ​ជ្រកកោន​ចំនួន​៩ ម៉ឺន​៨​ពាន់​ករណី​កាលពី​ឆ្នាំទៅ​គឺ​ជាសំណើ​របស់កុមារ​ដែល​គ្មាន​អាណាព្យាបាល​ ហើយនេះ​ជាតួលេខ​ដ៏ខ្ពស់​បំផុត​មិនដែល​មាន​ពី​មុន​មក។​

លោក ​Grandi ​បាន​ប្រាប់ ​VOA​ ថា​ ប្រទេស​ស៊ីរី​នៅតែ​ជាប្រទេស​ដែល​មាន​វិបត្តិជន​ដែល​ត្រូវគេ​ជម្លៀស​ដោយ​បង្ខំ​ច្រើន​បំផុត​នៅ​ក្នុង​ពិភព​លោក។​ ប៉ុន្តែប្រទេស​ថ្មីៗ​ផ្សេង​ទៀត​ដែល​មាន​បញ្ហា​ដូចគ្នា​នេះ​ដែរ ​កំពុងតែ​កើន​ឡើង។​ ខណៈ​ពេលដែល​ប្រទេស​ប៊ូរុនឌី​ មាន​ជម្លោះមិន​ចេះចប់មិន​ចេះហើយ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ​នោះ ​ លោក​ Grandi ​បាន​និយាយ​ថា ​ កាលពី​ឆ្នាំទៅ ​មាន​ការកើន​ឡើង​យ៉ាង​ច្រើន​នូវ​ចំនួន​ជន​ចំណាក​ស្រុក​ និង​ជនភៀស​ខ្លួន​នៅក្នុង​ប្រទេស​នេះ​ផង​ដែរ។​

«កាលពី​មុន ​មាន​វិបត្តិ​ជាច្រើន​ ដូចជា​វិបត្តិ​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ជាដើម​ ដែល​ប្រទេស​នេះ​បាន​ឆ្លងកាត់​ដំណាក់​កាល​ខុសៗ​គ្នា​ជាច្រើន។ ​ជា​អកុសល​ យើង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់​កាល​នៃ​ការ​កើន​ឡើង​ដ៏ច្រើន​នៃ​ជនភៀស​ខ្លួន​ និង​ជន​ចំណាក​ស្រុក។​ យើង​ឃើញ​មាន​ចលនា​ថ្មីនៃ​ជន​ភៀសខ្លួន​ដែល​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ផង​ដែរ។​ សូម្បីតែ​ជនជាតិ​អាហ្វហ្កានីស្ថាន​ដែលធ្លាប់​ជាជន​ភៀសខ្លួន​ក្នុង​ប្រទេស​អឺរ៉ង់​អស់​រយៈពេល​ជាយូរមក​ហើយនោះ​ ក៏​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ផ្សេងៗ​ដែរ‍»។​

របាយ​ការណ៍​ដដែលនេះបាន​បញ្ជាក់​ថា ​មជ្ឈឹមបូព៌ា ​និង​អាហ្វ្រិក​ខាងជើង​ ដែល​មាន​ជន​ភៀសខ្លួន​ និង​ជន​ចំណាក​ស្រុក​ចំនួន​២៣,៦​លាន​នាក់​ ជាតំបន់​ដែលមាន​ការ​ជម្លៀស​ប្រជាជន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក។​

តំបន់​សាហារ៉ាខាង​ត្បូង​នៃ​ទ្វីបអាហ្វ្រិក​មាន​ជន​ភៀសខ្លួន​ និង​ជន​ចំណាក​ស្រុក​ច្រើន​លំដាប់​ទីពីរ​គឺ​មាន​ចំនួន​១៨,៤​លាន​នាក់ ​បើ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៥។​ ទោះបី​ជាទី្វប​អឺរ៉ុប​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពីប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ជនភៀស​ខ្លួន​ និង​ជន​ចំណាក​ស្រុក​ក៏​ដោយ​ ក៏​របាយ​ការណ៍​នេះបាន​បញ្ជាក់​ថា​ ទ្វីប​អឺរ៉ុប​ជាតំបន់​ដែល​មាន​ជន​ភៀសខ្លួន​តិច​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក៕​

XS
SM
MD
LG