ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

UNHCR ស្វះ​ស្វែង​រក​ជម្រកសម្រាប់ជនភៀសខ្លួនស៊ីរីជិតកន្លះលាននាក់

  • Lisa Schlein

រូបភាព​បង្ហាញ​ពី​ជំរុំជនភៀសខ្លួន Al Zaatari នៅ​ក្រុង Mafraq ជិតព្រំដែន​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី០៧ ខែមិនា ឆ្នាំ​២០១៦។

ទីភ្នាក់ងារ​ជនភៀស​ខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​ កំពុង​អំពាវនាវ​ដល់​ប្រទេស​ទាំងឡាយ​ឲ្យ​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន​ជាតិ​ស៊ីរី​ចំនួន​កន្លះ​លាន​នាក់​ ដែល​ងាយ​រងគ្រោះ​ជាងគេ។​ ​ទីភ្នាក់ងារ​​ អ.ស.ប. ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួន​ UNHCR ​កំពុង​ជំរុញ​ឲ្យ​អ្នកតំណាង​មក​ពី​ប្រទេស​ជាង​៩០​ ដែល​បាន​មក​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋ​មន្រ្តី​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន​ស៊ីរី​តាមរយៈ​ការតាំង​ទី​លំនៅ​ថ្មី​ និង​កម្មវិធី​ជំនួយ​មនុស្ស​ធម៌​ផ្សេង​ទៀត។

ប្រទេស​ជិត​ខាង​របស់​ប្រទេស​ស៊ីរី​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពីវិបត្តិ​ជនភៀស​ខ្លួន​ស៊ីរី។​ ពួកគេ​កំពុង​ទទួល​បន្ទុក​ជនភៀសខ្លួន​ចំនួន ​៤,៨​ លាន​នាក់។​ ទីភ្នាក់ងារ​ជនភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ប្រទេស​ដទៃ​ទៀត​ត្រូវ​តែ​ជួយ​ទទួល​បន្ទុក​នេះ។​

​លោក​ Filippo Grandi មន្រ្តី​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួន​ (U.N. High Commissioner for Refugees)​ និយាយ​ថា ទី​ភ្នាក់ងារ​របស់​លោក​បាន​គ្រោង​នឹង​តាំង​ទីលំនៅ​ថ្មី​ចំនួន​មួយ​ភាគ​ដប់​នៃ​ជនភៀសខ្លួន​ ឬប្រមាណ​ ៤៨០.០០០​នាក់​ ក្នុង​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​នេះ។​ លោក​ទទួល​ស្គាល់​ថា ​វា​មិនមែន​ជា​ការងារ​ងាយ​ស្រួល​ទេ​ ជា​ពិសេស​នៅ​ពេល​ដែល​បណ្តា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​និង​កន្លែង​ដទៃ​ទៀត​មាន​ការប្រឆាំងនឹង​ការទទួល​យក​ជនភៀស​ខ្លួន​ដែល​គេច​ខ្លួន​ពីជម្លោះ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។

លោក​និយាយ​ថា​ មាន​ជនជាតិ​ស៊ីរី​ជាច្រើន​ដែល​កំពុង​ផ្សង​នឹង​គ្រោះថ្នាក់​ក្នុង​ការធ្វើ​ដំណើរឆ្លងកាត់​សមុទ្រ​មេឌីទែរ៉ានេ​ (​(Mediterranee) ដើម្បី​ស្វែងរក​ការតាំង​ទីលំនៅ​ថ្មី​នៅ​ទី្វបអឺរ៉ុប។ លោក​បញ្ជាក់ថា​កិច្ចព្រមព្រៀង​រវាង​សហភាពអឺរ៉ុប​និង​ប្រទេស​តួកគី​ គឺ​មិនទំនង​នឹងអាច​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី​ទេ។

«ចំណុចដែលយើង​ស្នើទៅកាន់​ប្រទេស​តួកគី​ សហភាព​អឺរ៉ុប​ និង​ទៅកាន់​សហគមន៍​អន្តរជាតិ​គឺ​ ការផ្តល់​មធ្យោបាយ​ស្របច្បាប់​ជា​ដំណោះស្រាយ​ដ៏​មានឥទ្ធិពល​មួយ​ ជាជម្រើសជំនួស​ការធ្វើដំណើរ​គ្រោះថ្នាក់​ ជាពិសេស​សម្រាប់​ជនងាយរងគ្រោះ។ ដូចនេះ​ ប្រសិនបើ​បាន​អនុម័ត​កាន់តែឆាប់​ មនុស្ស​កាន់តែច្រើន​នឹង​មិនជ្រើសរើស​ការធ្វើដំណើរ​តាម​ទូក​ និង​មធ្យោបាយ​ផ្សេងទៀត​ទេ»។

ក្រៅពី​ការតាំងទីលំនៅ​ថ្មី​ អង្គការ UNHCR ​បានផ្តល់​មធ្យោបាយ​ស្របច្បាប់​ដល់​ប្រទេស​មួយចំនួន​ដើម្បីពិចារណា។ មធ្យោបាយ​ទាំងនោះ​មានដូចជា​ អាហារូបករណ៍​សម្រាប់ការសិក្សា​ ទិដ្ឋាការ​មនុស្សធម៌​ កម្មវិធី​ជួបជុំ​សាច់ញ្ញាតិ​គ្រួសារ​ដែល​ងាយស្រួល​និង​ឆាប់រហ័ស​ ព្រមទាំង​ការព្យាបាល​ផ្នែកវេជ្ជសាស្រ្ត។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Ban Ki-moon​ បាន​ជួយ​បញ្ចេញ​សំឡេង​ឲ្យ​ការអំពាវនាវ​របស់អង្គការ​ UNHCR​ ដល់ប្រទេស​នានា​ផ្តល់​ការតាំងទីលំនៅ​ថ្មី​ឲ្យ​ជនភៀសខ្លួន​ស៊ីរី។ លោក​និយាយថា​ ប្រទេសជាតិ​ទាំងនោះ​នឹងទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ពី​ជនភៀសខ្លួន​ ដែល​ពួកគេ​ពាំនាំ​ជំនាញ​ថ្មីៗ​ និង​ផ្តល់​ផលវិជ្ជមាន​ដល់​ផ្នែក​សេដ្ឋកិច្ច​ទៅកាន់​សង្គមពួកគេ។

«ការ​បង្អាប់បង្ខូច​ជនភៀសខ្លួន​ពី​ជម្លោះ​និង​បញ្ហា​ក្នុងស្រុក​ មិនត្រឹមតែ​បន្ទាប​កិត្តិយស​ វាយប្រហារ​ និង​រារាំង​ផលិតភាព​ទេ​ ជាក់ស្តែង​គឺ​ពួកគេ​ខុស​តែម្តង។ ហើយ​វិធានការ​គ្រប់គ្រង​ទៅ​លើការហូរចូល​នូវ​ជនភៀសខ្លួន​ត្រូវតែ​ប្រព្រឹត្តទៅស្របនឹង​សិទ្ធិ​មនុស្ស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្សគ្រប់រូប»។

វិបត្តិ​ជនភៀសខ្លួន​ស៊ីរី​គឺ​ជា បញ្ហាធំ​បំផុត​ ក្រោយពី​សង្គ្រាមលោក​លើកទី២។អង្គការ​ UNHCR​ រាយការណ៍​ថា​ ប្រទេស​នានាបាន​ផ្តល់​កន្លែង​លើសពី​១៧៩.០០០​សម្រាប់​ជនភៀសខ្លួន​ស៊ីរី​តាំងពីឆ្នាំ​២០១៣។ របាយការណ៍​នោះ​បានបន្តថា​ ពួកគេ​សង្ឃឹមថា​នឹង​មាន​ការ​ផ្តល់ជំនួយ​ផ្សេងៗទៀត​នៅ​សន្និសីទ​ ហើយ​នេះ​ជាវិបត្តិ​អន្តរជាតិ​ដែល​ត្រូវការ​ការឆ្លើយតប​ជា​លក្ខណៈ​សាកល៕


ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG