ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ព្រួយ​បារម្ភ​ពី​អង្ករ​ប្លាស្ទិក​បន្ត​លង​អារម្មណ៍​អ្នកប្រើ​ប្រាស់​នៅ​កម្ពុជា


រូប​ឯកសារ៖ អ្នក​លក់​អង្ករ​ម្នាក់​នៅ​​​ហាង​តាម​ដង​ផ្លូវ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០៨។
រូប​ឯកសារ៖ អ្នក​លក់​អង្ករ​ម្នាក់​នៅ​​​ហាង​តាម​ដង​ផ្លូវ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​​ក្នុង​ឆ្នាំ​២០៨។

រយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ចែក​ចាយ​​បន្ត​គ្នា​នូវ​វីដេអូ​ខ្លី​ស្តីពី​ការផលិត​អង្ករ​ប្លាស្ទិក។

រូបភាព​ដែល​ចែក​បន្ត​គ្នា​តាម​បណ្ដាញ​សង្គម​ក្នុង​មួយ​រយៈពេល​កន្លង​មក​នេះ​អំពី​វត្តមាន​អង្ករ​ប្លាស្ទិក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​នាំ​ឱ្យ​លោក​យក់ ឡាង ​ជា​មន្ត្រី​រាជការ​ម្នាក់​កាន់​តែ​ប្រយ័ត្ន​ប្រយែង​ជាង​មុន​ក្នុង​ការ​ទិញអង្ករ​មក​បរិភោគ។

កំពុង​ឈរ​ទិញ​អង្ករ​នៅ​ហាង​មួយ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក​យក់ ឡាង​មិន​បាន​លាក់​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​ទេ។ ​

លោក​បាន​បញ្ជាក់​ប្រាប់ VOA​ ថា៖ «បារម្ភ​ដែរ។ អារម្មណ៍​របស់​យើង​ដូចជា​មិន​សូវ​ស្រួល​ដែរ​ ពីព្រោះ​យើង​ធ្លាប់​ប៉ះ​ធ្លាប់​ឃើញ»។

លោក​យក់​ ឡាង​បាន​អះអាង​ថា​លោក​ធ្លាប់​បាន​ឃើញ​និង​ភ្លក់​អង្ករ​ប្លាស្ទិក​ដែល​អ្នកជិតខាង​បាន​ដាំ​ដោយ​ផ្ទាល់​ដោយ​គេ​លក់​បន្លំ​អង្ករ​ប្លាស្ទិក​លាយ​ជាមួយ​នឹង​អង្ករ​ធម្មជាតិ​ហើយ​អ្នក​ខ្លះ​សុខចិត្ត​ទទួល​ទាន​ដោយ​សារ​បញ្ហា​ជីវភាព។​

លោក​បន្ថែម​ថា៖ ​«មនុស្ស​ស្រុកខ្មែរ​មនុស្ស​ក្រ​ច្រើន​ អញ្ចឹង​ហើយ​ទៅ​រក​របស់​ណា​ដែល​ថោក​ឱ្យ​បាន​បំពេញ​ក្រពះ ​ខ្លះ​ទៅ​ទោះ​ជា​ប្លាស្ទិក។ គ្នា​អត់​ត្រូវ​តែ​ញាំ​ទៅ‍»។

រយៈពេល​ប៉ុន្មាន​ខែចុង​ក្រោយ​នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​ចែក​ចាយបន្ត​គ្នា​នូវ​វីដេអូ​ខ្លី​ស្តីពី​ការផលិត​អង្ករ​ប្លាស្ទិក។ ​បណ្តាញ​សង្គម​មួយ​នេះ​ក៏បាន​ធ្វើការ​បង្ហាញ​ឱ្យ​ដឹង​បន្ត ​គ្នា​ផង​ដែរ​ថា​អង្ករ​ប្លាស្ទិក​បាន​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កាន់​តែ​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ។

អ្នកស្រី ចេក សុថា ​ប្រធាន​ផ្នែក​គីមី​ និង​ចំណី​អាហារ ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យានៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​ឱ្យ​ដឹងថា​អង្ករ​ប្លាស្ទិក​នេះ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​អ្នក​បរិភោគ៖​ «អង្ករ​ប្លាស្ទិក​នេះ​វា​មាន​នៅ​ស្រុក​គេ​ហើយ​ពីព្រោះ​របស់​នេះ​គឺ​ជា​របស់​ដែល​គេ​អាច​សំយោគ​បាន។ ​ចឹង​ទេ​បើ​សិន​ជា​វា​មាន​មែន​នៅ​ស្រុក​ខ្មែរ​គឺ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​។ ប្លាស្ទិក​អត់​បាន​ទេ​ពុល​ខ្លាំង​ណាស់‍»។

ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​រូប​លោក​ស្រី ​យល់​ថា​ការពិនិត្យ​ភាព​ខុសគ្នា​រវាង​អង្ករ​ពិត​និង​អង្ករ​ប្លាស្ទិក​មាន​លក្ខណៈ​លំបាក៖

«ការ​បារម្ភ​របស់​គាត់​វា​មិន​ខុស​ទេ​គាត់​បារម្ភ​ត្រូវ​។ គាត់​ចេះ​តែ​សួរ​ចឹង​ហើយ​ប៉ុន្តែសូម្បី​តែ​អ្នកលក់​ក៏​មិន​ដឹង​បង្ហាញ​ថា​ដូចម្តេច​ផង​ហើយ​សូម្បី​តែ​ខ្ញុំ​ជា​អ្នកស្រាវជ្រាវ​ខ្ញុំ​មិនទាន់​ឃើញ​អង្ករ​ប្លាស្ទិក​នេះ​ដូច​ម្តេច​ផង‍»។

ក្រុម​អ្នក​ជំនាញ​ខាងផ្នែក​អង្ករ​បានឱ្យ​ដឹងថា​អង្ករ​ប្លាស្ទិក​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​អង្ករ​ធម្មជាតិដែល​អាច​ឱ្យ​ងាយ​ច្រឡំ​បាន។ ក៏​ប៉ុន្តែ​មាន​វិធី​ធ្វើ​ការពិសោធន៍​តាម​របៀប​ងាយៗ​បាន​ដូចជា ​គេ​អាច​យក​អង្ករ​ទៅ​ត្រាំ​ក្នុង​សាំង​ក្រអូប​បើ​សិន​អង្ករ​នោះ​រលាយ​មាន​ន័យ​ថា​ជា​អង្ករ​ប្លាស្ទិក។ រីឯ​ពិសោធន៍​ម្យ៉ាង​ទៀតគឺយើង​អាចដុត​ដែក​ឱ្យក្តៅ​រួច​យក​ទៅ​រុក​ចូល​ក្នុង​អង្ករ​បើសិន​ជា​មាន​អង្ករ​ជាប់​តោង​នៅ​លើ​ដែក​នោះ​វា​បញ្ជាក់​ឱ្យ​ដឹង​ថា​វា​ជា​អង្ករ​ប្លាស្ទិក​ផង​ដែរ។

ក្រុមមន្រ្តី​ជំនាញ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​អង្ករ​ប្លាស្ទិក​ផ្សំ​ឡើង​ពី​ម្សៅ​ដំឡូង​មី ​ដំឡូង​ជ្វា​ ដោយ​ យក​មក​សំយោគ​ជាមួយ​ជ័រ​ប្លាស្ទិក។ ពួកគេ​អះអាង​ថាវា​មាន​ប្រភព​ពី​ប្រទេស​ចិន​ហើយ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​កំពុង​វាយលុក​ខ្លាំង​តាម​ទីផ្សារ​ផ្លូវ​ងងឹត​ក្នុង​ទ្វីប​អាស៊ី។

ក្រុម​អ្នកជំនាញ ​និង​ក្រុម​មន្រ្តី​សុខាភិបាល​បាន​ធ្វើការ ​ព្រមាន​ថា​អង្ករ​ប្លាស្ទិក​នេះ​មាន​សារធាតុ​ម៉្យាង​ឈ្មោះ​ឌីប៊ុយទិលសាឡាត​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់ប្រព័ន្ធ​រំលាយ​អាហារ។

ក្នុង​ពេល​បច្ចុប្បន្ន​សំណួរ​ដែល​អ្នកទិញ​តែងតែសួរ​មក​អ្នកលក់​អង្ករ​គ្រប់​ពេលគឺ​ប្រភព​អង្ករ​ដែល​ពួកគេ​កំពុង​ទិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី សុខ វន់ អ្នក​លក់​ អង្ករ​នៅមុខ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​ស្រី​បន្ត​ថា៖​ «អូ៎ស! និយាយ​ពី​គ្រប់​មាត់​តែ​ម្តង​មិន​ថា​អ្នកក្រ​អ្នកមាន​អ្នកទិញ​តិច​អ្នកទិញ​ច្រើន​ទេ ​អ្នក​ទិញ​គីឡូ​ក៏​គ្នា​ខ្លាច​ដែរ​ អ្នកទិញ​១គីឡូ ​២​គីឡូ​ក៏ខ្លាច​អា​រឿង​ចំ​អង្ករ​ប្លាស្ទិក​នេះ​ដែរ‍»។​

អ្នកស្រី​បាន​ឱ្យ​ដឹង​បន្ថែម​ថា​រហូត​មក​ដល់​ពេល​នេះ​អ្នកស្រី​នៅ​មិន​ទាន់​បាន​ឃើញ​អង្ករ​ប្លាស្ទិក​នោះ​នៅឡើយ​ទេ៖ «ខ្ញុំ​ថា​វា​មិន​ដែលឃើញ​ផង​ហ្នឹង​អង្ករ​ប្លាស្ទិក​ហ្នឹង​ឮ​តែ​គេ​និយាយ​ប៉ុន្តែ​មួយៗ​មក​សួរ​តែ​ខ្លាច​ក្រែង​ប៉ះ‍»។

ដូច​គ្នា​នេះ​ដែរ​លោក សុខ ចំរើន ​ជា​អ្នកលក់​អង្ករ​ម្នាក់​ទៀត​ ក្នុង​ទីក្រុង​ភ្នំពេញ ​តែងតែ​ទទួល​បាន​ការ​សួរ​នាំ​ពី​អង្ករ​ប្លាស្ទិក​មុន​នឹង​ពួកគេ​ចំណាយ​ប្រាក់​ទិញ ​អង្ករ ​ដែល​ពីមុន​ពុំ​មាន​ការ​សួរ​នាំ​បែប​នេះ​នោះ​ទេ។

លោក​បន្ថែម​ថា៖ ​«យើង​រក​ស៊ី​យូរ​ឆ្នាំ ​ហើយ​អត់​ដែល​មាន​យក​អង្ករ​នោះ​មក​ទេ​ហើយ​ក៏​អត់​ដែល​ឃើញ​អង្ករ​រូបរាង​យ៉ាងម៉េច​ដែរ​អង្ករ‍​ហ្នឹង»។​

លោក​បាន​បន្ថែម​ថា​លោក​បាន​ឃើញ​តែ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ប៉ុណ្ណោះ​ហើយ​ជា​អ្នក​លក់​គឺ​គាត់​គិត​គូ​ដល់​សុខភាព​អ្នក​ទិញ​ផង​ដែរ៖

«អ្នក​លក់​ក៏យើង​គិតគូរ​ពី​សុខភាព​អ្នក​ញ៉ាំ​ដែរ​យើង​លក់​របស់​ញ៉ាំ​ឱ្យ​មាន​សុខភាព​បាន​គេ​មក​ជួយ​ទិញ​យើង​ទៀត‍»។

បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​មាន​ការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​ពី​អង្ករ​ប្លាស្ទិក​នេះ​សហព័ន្ធ​ស្រូវ​ អង្ករ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា​នេះ​ដោយ​បាន​ធ្វើការ​បដិសេធ​ថា​ពុំ​មាន​អង្ករ​ប្លាស្ទិក​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ។

សហព័ន្ធ​បាន​យក​អង្ករ​ដែល​ប្រជា​ពលរដ្ឋ​សង្ស័យទៅ​ធ្វើ​ពិសោធន៍​ហើយ​លទ្ធផល​បាន​បង្ហាញ​ថា​មិនមែន​ជា​អង្ករ​ប្លាស្ទិក​នោះ​ទេ​វា​គ្រាន់តែ​មាន​ការ​លាយ​បញ្ចូល​គ្នា​រវាង​អង្ករ​ស្រូវ​ចាស់ ​ស្រូវ​ថ្មី ​និង​ប្រភេទ​ពូជ​ផ្សេង​គ្នា​ដោយ​អ្នក​លក់​តែ​ប៉ុណ្ណោះ។

ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ពលរដ្ឋ​ចំពោះ​អង្ករ​ប្លាស្ទិក​មិន​មែន​មាន​នៅ​តែ​ប្រទេស​កម្ពុជា​នោះ​ទេ។​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន​ទៀត​ក៏​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ដូចគ្នា​នេះ​ដែរ​ជាពិសេស​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​ឥណ្ឌា ​វៀតណាម ​និង​ហ្វីលីពីន ​ជាដើម។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​បរទេស​នានា។​

លោក ហ៊ីម ខទៀត ​មន្រ្តី​ទំនាក់ទំនង​ព័ត៌មាន​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឱ្យ​ដឹង​ ថា​ប្រជាពលរដ្ឋ​ពុំ​មាន​ចំណេះដឹង​និង​មូលដ្ឋាន​ក្នុង​ការពិនិត្យ​អង្ករ​ច្បាស់លាស់​នោះ​ទេ ​ហេតុ​ដូច្នេះ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ជ្រុល​ចំពោះ​អង្ករ​ប្លាសិ្ទក​នេះ។

លោក​បញ្ជាក់​ថា៖​ «ការ​ធ្វើ​អង្ករ​ប្លាស្ទិក​នេះ​មិនមែន​ស្រុកខ្មែរ​យើង​អាច​ធ្វើ​បាន​ទេ ​បើសិន​ជា​គាត់​នាំ​ចូល​ ពី​ចិន​ឬ​ក៏​ប្រទេស​ណា​ផ្សេងៗ​អញ្ចឹង​ថ្លៃ​ដើម​កាន់តែ​ខ្ពស់​អញ្ចឹង​អត់មាន​ហេតុផល​ណាមួយ​ដែល​អ្នក​លក់​ដូរ​ហ្នឹង​គាត់​យក​អង្ករ​ប្លាស្ទិក​មក​លក់​ដើម្បី​ចំណេញ​នោះ​អត់​មាន​ទេ‍»។

លោក​បាន​អះអាង​ថា​នៅ​ពេល​នេះ ​និង​ថ្ងៃ​អនាគត​អង្ករ​ប្លាស្ទិក​ប្រាកដ​ជា​មិន​មាន​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ៖

«ដូច្នេះ​យើង​ថា​តាម​ជំនាញ​ការងារ​ខាង​យើង​គឺ​យើង​បញ្ជាក់​ច្បាស់​ហើយ​យើង​មាន​ជំហរ​ច្បាស់​លាស់​ថា​បច្ចុប្បន្ន​មិន​មាន​អង្ករ​ប្លាស្ទិក​ហើយ​ទៅមុខ​ក៏​យើង​ហ៊ាន​អះអាង​ថា​នឹង​មិន​មាន​អង្ករ​ប្លាស្ទិក​នៅ​ស្រុក​ខ្មែរ​យើង​ដែរ‍»។

លោក ឌិម ថេង ​អគ្គនាយករង​កាំកុង​ត្រូល​ បាន​មាន​ប្រសាសន៍​ថា​កង្វល់​របស់​ប្រជាពល រដ្ឋ​ចំពោះ​អង្ករ​ប្លាស្ទិក​ គឺ​ជា​ការត្រឹមត្រូវ​ក៏ប៉ុន្តែ​ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​មុន​នឹង​ បារម្ភ​ត្រូវ​មាន​ប្រភព​ឱ្យបាន​ច្បាស់លាស់។

លោក​បាន​បញ្ជាក់​ថា​ទោះបីជា​ពេល​នេះ​ប្រទេស​កម្ពុជា​នៅមិន​ទាន់​មាន​អង្ករ​ប្លាស្ទិក​ក៏​ដោយ​ក៏​ខាង​មន្រ្តី​មាន​សមត្ថកិច្ច​កំពុង​រឹត​បន្តឹង​ពី​ការពិនិត្យ​គុណភាព ​និង​ការនាំចូល​អង្ករ​មក​ក្នុង​ប្រទេស​កម្ពុជា។

«យើង​មាន​វិធានការ​គឺ​យើង​បាន​ណែនាំ​ទៅ​ភ្នាក់ងារ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែល​ឈរ​ជើង​នៅ​តាម​គ្រប់​ប៉ុស្តិ៍​ទាំងអស់​ ទូទាំង​ប្រទេស​និង​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​កុំ​ឱ្យ​មាន​អង្ករ​ហ្នឹង​នាំ​ចូល​ឱ្យ​សោះ‍»។

លោក​យក់ ឡាង​ សម្តែង​ការ​សាទរ​បើ​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​អង្ករ​ប្លាស្ទិក​នេះ៖

«បើសិនជា​បំបាត់​បាន​ជា​ការ​មួយ​ល្អ​ហើយ​ពីព្រោះ ​សម្រាប់​ប្រជាជន​យើង​ទូទាំង​ប្រទេស​កុំ​ឱ្យ​ថ្ងៃ​ក្រោយ​មាន​ជំងឺ​ច្រើន​ឥឡូវ​នេះ‍»។

ក្នុង​ពេល​ដែល​នៅ ​មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ពី​វត្តមាន​អង្ករ​ប្លាស្ទិក​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ​វិធានការ​ផ្ទាល់​ខ្លួន​ដែល​លោក​យក់​ ឡាង​អនុវត្ត​គឺ​លោក​មក​ទិញ​តែ​អង្ករ​នៅ ​ហាង​ម៉ូយ​ដែល​លោក​ធ្លាប់​ទិញ​ជាប្រចាំ​ដោយ​សារ​លោក​ជឿជាក់​លើ​ប្រភព​ផ្គត់ផ្គង់៕

XS
SM
MD
LG