ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា​រិះគន់​ជំនួប​សម្ងាត់​ជាមួយ​លោក​ស្រី Aung San Suu Kyi


រូបផ្គុំ​រវាង​រដ្ឋមន្ត្រីការបរទេស​ថៃលោក Don Pramudwinai និង​អ្នកស្រី Aung San Suu Kyi
រូបផ្គុំ​រវាង​រដ្ឋមន្ត្រីការបរទេស​ថៃលោក Don Pramudwinai និង​អ្នកស្រី Aung San Suu Kyi

រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា ដែល​ដឹកនាំ​ដោយ​ក្រុម​ប្រឆាំង​ទៅ​នឹង​ការ​ដឹកនាំ​នៃ​របប​យោធា បាន​រិះគន់​ជំនួប​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​មន្ត្រី​ការទូត​កំពូល​ថៃ ជាមួយ​លោកស្រី Aung San Suu Kyi ដោយ​ថ្លែង​ថា ជំនួប​បែប​នេះ​អាច​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេស​ថៃ ​លោក Don Pramudwinai បាន​បង្ហើប​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​ ៩ ខែ​កក្កដា លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា​ដែល​ត្រូវ​ទម្លាក់​ពី​អំណាច​ គឺ​លោកស្រី Aung San Suu Kyi។ លោក​ថា លោកស្រី​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការពិភាក្សា​ជាមួយ​លោក​បន្ត​ទៀត​លើ​បញ្ហា​នៅ​ក្នុង​ប្រទេស​របស់​លោកស្រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម។

លោកស្រី Zin Mar Aung រដ្ឋមន្ត្រី​ការបរទេស​នៃ​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា ឬ NUG បាន​បង្ហាញ​ការ​មិន​យល់​ស្រប​ដោយ​អ្នកស្រី​ថ្លែង​ថា ទង្វើ​បែប​នេះ​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ មាន​គោលបំណង​ធ្វើ​ទៅតាម​តួនាទី​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ អ្នកស្រី​និយាយ​ថា អ្វី​ដែល​មន្ត្រី​ថៃ​បាន​ធ្វើ បង្កើត​បាន​នូវ​ចម្ងល់​ទៅ​លើ​រូបមន្ត​ដែល​មាន​ស្រាប់ ដែល​មហាអំណាច​លោក​ខាងលិច និង ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ជំរុញ​ឱ្យ​អាស៊ាន​ដើរ​តួនាទី​ចម្បង​ ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ដែល​បាន​រីករាល​ដាល​កាន់​តែ​ខ្លាំង ​ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២១។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ដែល​បច្ចុប្បន្ន​ ប្រទេស​នេះ​ជា​ប្រធាន​អាស៊ាន​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​កាល​ពី​សប្ដាហ៍​មុន​ នៅ​រដ្ឋធានី​ហ្សាការតា​ ថា អាស៊ាន​នឹង​បន្ត​ផ្ដល់​អាទិភាព​ទៅ​លើ​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ​ ៥ ចំណុច។ កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០២១ ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង មាន​កិច្ច​សន្ទនា​មួយ​ដែល​មាន​ការ​សម្រប​សម្រួល ​រវាង​ភាគី​ពាក់​ព័ន្ធ​នានា។ របប​យោធា​មីយ៉ាន់ម៉ា ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បរាជ័យ​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ថៃ គឺជា​មន្ត្រី​អន្តរជាតិ​តែ​ម្នាក់​គត់​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ចូល​ជួប​លោក​ស្រី Suu Kyi ចាប់តាំង​ពី​រដ្ឋប្រហារ​មក។ លោក​បាន​អះអាង​ប្រាប់​ទៅ​មន្ត្រី​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​រដ្ឋធានី​ហ្សាការតា ​ថា លោក​ស្រី Suu Kyi មាន​សុខភាព​ល្អ​ធម្មតា​ទេ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken បាន​អំពាវនាវ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា «អនុវត្ត​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ​៥ ចំណុច‍»​របស់​អាស៊ាន និង​គាំទ្រ​ដល់​ការ​វិល​ត្រឡប់​ទៅ​កាន់​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​ឡើង​វិញ។

ដើម្បី​យល់​កាន់​តែ​ច្បាស់​អំពី​ទិដ្ឋភាព​ទូទៅ វីអូអេ បាន​ធ្វើ​កិច្ច​សម្ភាស​មួយ​ជាមួយ​លោក​ស្រី Zin Mar Aung នៃ​រដ្ឋាភិបាល​រួបរួមជាតិ​មីយ៉ាន់ម៉ា NUG តាម​ប្រព័ន្ធ Zoom កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា។

កិច្ច​សម្ភាស​នេះ​ត្រូវ​បាន​កែសម្រួលដើម្បី​បន្ថយរយៈពេល និង​បង្កើន​ភាព​ច្បាស់លាស់នៃ​អត្ថន័យ។ សូម​ប្រិយមិត្ត​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង វីអូអេ ​និង លោក​ស្រី Zin Mar Aung ដូច​តទៅ៖

វីអូអេ៖ តើ​រដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​ពិភាក្សា​អំពី​ដំណើរ​ទស្សនកិច្ច​សម្ងាត់​នេះ ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​ឬ​ទេ? យោង​តាម​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន លោក​បាន​ថ្លែង​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ នៅ​រដ្ឋធានី​ហ្សាការតា អំពី​ជំនួប​របស់​លោក​ជាមួយ​លោក​ស្រី Aung San Suu Kyi កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ តើ​រដ្ឋាភិបាល​រួបរួម​ជាតិ បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​លោក អំពី​បញ្ហា​នេះ​ទេ?

Zin Mar Aung៖ អត់ទេ យើង​មិនទទួល​បាន​ការ​ធ្វើ​ទំនាក់​ទំនង​ផ្ទាល់​ណា​មួយ​ពី​សំណាក់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ទេ ពាក់ព័ន្ធ​នឹង​ការ​ជួប​ជាមួយ​លោក​ស្រី Aung San Suu Kyi នោះ។ រដ្ឋាភិបាល​រួបរួមជាតិ បាន​ទាក់​ទង​ទៅ​កាន់​រដ្ឋមន្ត្រីការបរទេស​ថៃ និង បេសកកម្ម​ពិសេស​ថៃ​សម្រាប់​មីយ៉ាន់ម៉ា ប៉ុន្តែ យើង​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទាល់​តែសោះ។ យើង​តែងតែព្យាយាម​ធ្វើ​ទំនាក់​ទំនង​ការទូត​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លើ​បញ្ហា​ជាច្រើន ដូចជា វិបត្តិ​ជនភៀសខ្លួន​មីយ៉ាន់ម៉ា ការ​ចាប់​ខ្លួន និង​ ឃុំ​ខ្លួន ពលរដ្ឋ​ចំណាក​ស្រុក​ជាដើម។ ក្រសួងការបរទេស​ថៃ ​នៅ​មិនទាន់បាន​ឆ្លើយ​តប​ជា​ផ្លូវការ​មក​កាន់​រដ្ឋាភិបាល​រួបរួមជាតិមីយ៉ាន់ម៉ា NUG អំពី​បញ្ហា​ទាំងនោះ​ទេ ប៉ុន្តែ​ថៃ​បន្ត​ធ្វើ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​យោធាមីយ៉ាន់ម៉ា​ជា​ញឹកញាប់។

វីអូអេ៖ យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន Kyodo លោកស្រី​ Aung San Suu Kyi បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការបរទេស​ថៃ​ថា លោកស្រី​ គាំទ្រ​«កិច្ច​សន្ទនា​ដោយ​គ្មាន​ការ​ដាក់​លក្ខខណ្ឌ​ជាមុន» ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​របស់​លោក​ស្រី។ តើ​រដ្ឋាភិបាល​រួបរួម​ជាតិ​យល់​ឃើញ​យ៉ាង​ណា​ត្រង់​ចំណុច​នេះ?

Zin Mar Aung: រឿង​ដំបូង​ដែល​ខ្ញុំ​ចង់​បញ្ជាក់​គឺ​ថា មតិ​យោបល់​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ ដែល​ពាំនាំ​យក​ទស្សនៈ​របស់​លោកស្រី Aung San Suu Kyi មក​បង្ហាញ​នោះ​ គឺ​លើក​អាច​យក​ទស្សនៈ​តែ​ម្ខាងប៉ុណ្ណោះ។ លោកស្រី គឺជា​អ្នកទោស​នយោបាយ ដែល​គ្មាន​សេរីភាព​ធ្វើ​ទំនាក់ទំនង​ជាមួយ​ពិភព​លោ​ខាង​ក្រៅ​នោះ​ទេ។

មាន​មនុស្ស​តែ​ពីរ​នាក់​គត់​នៅ​ក្នុង​កិច្ចប្រជុំ​នោះ។ ដូច្នេះ​ហើយ យើង​អាច​ដឹង​តែ​ពាក្យពេចន៍​ណា​ដែល​រដ្ឋមន្ត្រី​ការបរទេស​ថៃ​បញ្ចេញ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ យើង​មាន​មន្ទិល​សង្ស័យ​ ថា​តើ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ឬ របប​យោធា ​ពិត​ជា​បាន​ពាំនាំ​សារ​ដ៏​ត្រឹម​ត្រូវ​ពី​លោក​ស្រី ដែល​មិន​បម្រើ​ឱ្យ​របៀបវារៈ​របស់​គេ​ ឬ​យ៉ាងណា។

វីអូអេ៖ តើ​ជំនួប​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​អ្វី​ខ្លះ​ដល់​រដ្ឋាភិបាល​រួបរួម​ជាតិ?

Zin Mar Aung: តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ បញ្ហា​ចម្បង​នោះ​គឺ​ថា អាស៊ាន និង​សហគមន៍​អន្តរជាតិ មាន​ភាព​ច្របូកច្របល់​កាន់​តែ​ខ្លាំង ក្នុង​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា។

ថៃ​បាន​ថ្លែង​ថា ដោយសារ​តែ​មីយ៉ាន់ម៉ា គឺជា​អ្នក​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ាន ដូច្នេះ​ហើយ​ទើប ថៃ មាន​ទំនួល​ខុសត្រូវ​កាន់​តែ​ខ្លាំង​ទៅ​លើ​បញ្ហា​នៅ​មីយ៉ាន់ម៉ា។ ប៉ុន្តែ​ តាមពិត​ពួក​គេ​ព្យាយាម​អង្អែល​ទៅលើកិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ ៥ ចំណុច ប៉ុន្តែ​មិន​អនុវត្ត​វា​ទេ។ វិធីសាស្ត្រ​របស់​ថៃ​ដែល​ធ្វើ​អមនឹង​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ ហើយ​ធ្វើឡើង​ក្រៅ​ផ្លូវការ​ទៀត​នោះ រំលោភ​ទៅលើ​កិច្ច​ព្រមព្រៀង​របស់​អាស៊ាន។

ប្រទេស​លោក​ខាង​លិច និង​ អ្នកជិតខាង​មីយ៉ាន់ម៉ា ដូចជា​ឥណ្ឌា និង​ ចិន​ជាដើម បាន​ជំរុញ​ឱ្យ​ប្រើប្រាស់​មជ្ឈភាព​អាស៊ាន​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​មីយ៉ាន់ម៉ា។ រដ្ឋាភិបាល​រួបរួមជាតិ​ ក៏បាន​បង្ហាញ​ការ​រិះ​គន់​ទៅ​លើ​អាស៊ាន​ផង​ដែរ ហើយ​យើង​មាន​អារម្មណ៍​ថា អាស៊ាន​តែ​ឯង មិន​គ្រប់​គ្រាន់​ទៀត​ទេ​សម្រាប់​រក​ដំណោះ​ស្រាយ។ តែ​យ៉ាង​ណា​ក៏​ដោយ ទង្វើ​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ ធ្វើ​ឱ្យ​ការ​ស្វែងរក​ដំណោះ​ស្រាយ កាន់តែ​ខ្សោយ​ជាង​មុន។

វីអូអេ៖ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក Anthony Blinken បាន​ថ្លែង​ថា លោក​ផ្ដោត​ទៅ​លើ​ការ​ប្រឹងប្រែង​បញ្ចប់​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា តែ​យ៉ាងណា​ក៏​ដោយ លោក​ក៏​បាន​លើក​ឡើង​ពី​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង រវាង​ចិន និង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត។ តើ​លោកស្រី​គិត​ថា សហរដ្ឋ​អាមេរិក​កំពុង​ដាក់​សម្ពាធ​ដែល​មាន​ប្រសិទ្ធភាព​ទៅ​លើ​អាស៊ាន​ដើម្បី​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ឬ​ទេ?

Zin Mar Aung: ខ្ញុំ​អាច​និយាយ​បាន​ថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ មិន​មាន​ប្រសិទ្ធភាព​ទេ។ ករណី​មីយ៉ាន់ម៉ា គឺ​មាន​គោលនយោបាយ​មជ្ឈភាព​អាស៊ាន​មួយ ដែល​ចែង​ថា មាន​តែ​អាស៊ាន​ទេ ដែល​គួរ​តែ​ដឹកនាំ​ការ​រក​ដំណោះស្រាយ​បញ្ហា​នេះ។ គោល​នយោបាយ​ត្រូវ​បាន​កំណត់​បែប​នេះ ដោយ​ហេតុថា ប្រទេស​មហាអំណាច​នានា​មិន​ចង់​មាន​ជម្លោះ​ជាមួយ​គ្នា ដោយសារ​តែ​បញ្ហា​មីយ៉ាន់ម៉ា​នោះ​ទេ។

ពួកគេ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន គឺ​ដើម្បី​តែ​បញ្ចៀស​ជម្លោះ​តែប៉ុណ្ណោះ។ បញ្ហា​មីយ៉ាន់ម៉ា តាមពិត​ទៅ គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ទៀត​របស់​ពិភពលោក និង​សម្រាប់​សមាជិក​អាស៊ាន។ ក្រៅពី​នេះ នៅ​មាន​បញ្ហា​តំបន់ ដូចជា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។ លើស​ពីនេះ​ទៀត ក៏​មាន​ការ​ព្រួយបារម្ភ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ពួក​គេ​ត្រូវ​ពិចារណា​ផងដែរ។

សម្រាប់​សហរដ្ឋ​អាមេរិក​វិញ មីយ៉ាន់ម៉ា​គឺ​គ្រាន់ជា​ផ្នែក​ដ៏​តូចមួយ​នៃ​យុទ្ធសាស្ត្រ​ទាំង​មូល​របស់​ខ្លួន ហើយ​ស្រដៀងគ្នា​នេះ អាមេរិកក៏​ដាក់​សម្ពាធ​តិច​តួច​ទៅ​លើ​អាស៊ាន​ឱ្យ​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​មួយ​ភាគ​តូច​របស់​គេ ដូច្នេះ​ដែរ។ ជា​លទ្ធផល សហរដ្ឋ​អាមេរិក​មិន​អាច​ដាក់​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​ទៅ​លើ​សមាគម​អាស៊ាន​ទេ៕


ប្រែ​សម្រួល​ដោយ លោក នៀម ឆេង

XS
SM
MD
LG