ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​កាត់បន្ថយ​ទោស​៦ឆ្នាំ​ពី​ការជាប់​ពន្ធនាគារ​៣៣ឆ្នាំ​របស់​លោកស្រី Suu Kyi


រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​កាន់​រូបភាព​អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi ក្នុង​អំឡុងពេល​តវ៉ា​មួយ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ​កាន់​រូបភាព​អតីត​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi ក្នុង​អំឡុងពេល​តវ៉ា​មួយ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

យោធា​មីយ៉ាន់ម៉ា​បាន​កាត់​បន្ថយ​ទោសចំនួន​៦ឆ្នាំ​ពី​ការជាប់​ពន្ធនាគារ​រយៈពេល​៣៣ឆ្នាំ​របស់​លោក​ស្រី Aung San Suu Kyi ​ដែល​ជា​មេដឹកនាំ​ស៊ីវិល​នៅ​ក្នុង​ការលើកលែង​ទោស​មួយ​ផ្នែក​នៅ​ថ្ងៃ​អង្គារ​នេះ។ ការបន្ថយទោស​នេះ​ធ្វើឡើងនៅពេល​ដែល​ពួក​មេដឹកនាំ​យោធា​ខិតខំ​បង្ក្រាប​ការតស៊ូ​បង្ហូរ​ឈាម ​ប្រឆាំង​ការគ្រប់គ្រង​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រទេស​នេះ​ពោពេញ​ទៅ​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​រយៈពេល​២ឆ្នាំ​នេះ ​ចាប់តាំង​ពី​លោក​ស្រី Suu Kyi បាន​ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​មួយ​ ហើយ​លោក​ស្រី​បាន​រង​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ចំនួន​១៩​ករណី​ចាប់តាំង​ពី​អំពើ​ពុករលួយ​រហូត​ដល់​ការរំលោភ​ច្បាប់​កូវីដ១៩។

មាន​ការព្រួយ​កង្វល់​អំពី​សុខភាព​របស់​ជ័យលាភី​ណូបែល​សន្តិភាព​ដែល​មាន​អាយុ ៧៨​ឆ្នាំ​រូប​នេះ​ ហើយ​ពួក​មេដឹកនាំ​យោធា​បាន​យក​លោក​ស្រី​ចេញពី​ពន្ធនាគារ​ទៅដាក់​នៅអគារ​រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន។

«ការជាប់​ពន្ធនាគារ​៦​ឆ្នាំ​នឹង​ត្រូវ​កាត់បន្ថយ»។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​យោធា​លោក Zaw Min Tun ដែល​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់ពី​បាន​ប្រកាស​ថា ​លោក​ស្រី​ត្រូវ​បាន​លើកលែង​ទោស​ក្នុង​៥​ករណី។

លោក​ស្រី Suu Kyi នៅ​ប្រឈម​ការចោទ​ប្រកាន់​១៤​ករណី​ទៀត ​ថ្វីបើ​មាន​ការលើក​លែង​ទោស។ ក្រុម​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ការប្រយុទ្ធ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក​ស្រី​ថាជា​ការរៀបចំ​ដ៏​ខ្មាស់អៀន​ដើម្បី​ដក​មេដឹកនាំ​ប្រជាធិបតេយ្យ​ដ៏​មាន​ប្រជាប្រិយ៍ភាព​រូប​នេះ​ចេញពី​ក្រសែ​ភ្នែក​សាធារណជន។

អ្នក​នាំពាក្យ​យោធា​បាន​និយាយ​ទៀត​ថា​ អតីត​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក Win Myint ដែល​ត្រូវ​បាន​គេ​ដកចេញ​ពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ២០២១ដែរ​នោះ​បាន​ត្រូវ​កាត់​បន្ថយ​ទោស​ចំនួន​៤​ឆ្នាំ​ទាក់ទិន​នឹង​២​ករណី។

ប្រភព​ច្បាប់មួយ​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «លោក​ស្រី​មិន​អាច​មាន​សេរីភាព​ពេញលេញ​ទេ ថ្វីបើ​ការកាត់ទោស​ខ្លះ​ប្រឆាំង​នឹង​លោក​ស្រី​បាន​ត្រូវ​លើក​លែង​ទោស​ក៏ដោយ។ លោក​ស្រី​នៅ​តែ​ត្រូវតែ​ប្រឈម​១៤​ករណី​ទៀត។ ​មាន​តែ​៥ករណី​នៃ១៩ករណី​ត្រូវ​បាន​លើកលែង​ទោស»។

ការប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ជា​ផ្នែក​មួយ​នៃ​ការលើកលែងទោស​ពួក​អ្នក​ទោស​ជាង​៧ ​ពាន់​នាក់​ដើម្បី​ប្រារព្ធ​ពិធី​ចូលវស្សា ​រួមទាំង​ជន​បរទេស​១២៥​នាក់​ដែល​ត្រូវ​បាន​ដោះលែង​និង​លើកលែង​ទោស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG