ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​នេះ​ផ្តោត​លើ​បញ្ហា​ជា​ច្រើន​ រួមទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង


មេដឹកនាំអាស៊ាន​និង​លោក​ប្រធានាធិបតី​ស.រ.អា.​​នៅ​ក្នុង​កិច្ច​ប្រជុំ​​អាស៊ាន​​នៅប្រទេសភូមា​ឆ្នាំ២០១៤​

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ប្រទេស​ម៉ាឡេស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​នេះ​ នឹង​ចាប់​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ ជាមួយ​នឹង​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ជា​សំខាន់​ទៅ​លើ​បញ្ហា​ជាច្រើន ​រួមទាំង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ។​

ក្រុម​មេ​ដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១០​ប្រទេស​ហៅកាត់​ថា​អាស៊ាន ​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី២៦​របស់ខ្លួន​ ក្នុង​ប្រទេស​ម៉ាឡេស៊ី​រយៈពេល២​ថ្ងៃ​ ចាប់​ពីថ្ងៃទី​២៦​ដល់​ថ្ងៃទី២៧​ខែ​មេសា​នេះ​ ដើម្បី​ពិភាក្សា​បញ្ហា​អាស៊ាន​ បញ្ហា​តំបន់​ បញ្ហា​ពិភពលោក​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ​នយោបាយ​សន្តិសុខ​ និងផ្តោត​ទៅ​លើ​បញ្ហា​ពលរដ្ឋ​អាស៊ាន​ផង​ដែរ។​

បញ្ហា​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង​ក៏ត្រូវ​គេ​ពិភាក្សា​គ្នា​ដែរ ​ដែល​កន្លងមក​មេដឹកនាំ​អាស៊ាន​ទាំងអស់​បាន​សម្រេច​ទទូច​ឲ្យ​ចិន​ និង​សមាជិក​អាស៊ាន​ ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​ ដោះស្រាយ​ដោយ​សន្តិវិធី ​តាម​ច្បាប់​អន្តរជាតិ ​និង​គ្មាន​ការ​បង្ក​រឿង​ហើយនឹង​ការ​គម្រាម​កំហែង​ដោយ​កម្លាំង​យោធា។

នេះ​បើ​យោងតាម​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន ​ដែល​គ្រោង​នឹង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃទី​២៧​ខែ​មេសា​ឆ្នាំ​២០១៥​ ហើយ​ដែល​វីអូអេ​ខេមរភាសា​ទទួលបាន​ពី​មន្ត្រី​អាស៊ាន​ម្នាក់​នៅ​សប្តាហ៍​នេះ។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន ​ដែល​ប្រទេស​ម៉ាឡេស៊ី​ជាម្ចាស់​ផ្ទះ​នោះ​ បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«យើង​សូម​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ថែទាំ​សន្តិភាព​ ស្ថិរភាព ​សន្តិសុខ​និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ក្នុង​ផ្ទៃ​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។​ យើង​សូម​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធានា​ថា​ ខ្លួននឹង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តី​ថ្លែង​ការណ៍ទាំងស្រុង​ស្តីពី​ក្រម​ប្រតិបត្តិ​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​ការ​បង្កើត​ ការ​រក្សា​ និង​ពង្រីក​ការ​ទុកចិត្ត​ និង​ជំនឿ​ទៅវិញ​ទៅមក ​មិន​បង្ក​សកម្មភាព​នានា ​មិន​ប្រើ​កម្លាំង​គម្រាម​ ហើយភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ និង​ជម្លោះ​ ដោយ​សន្តិវិធី ​ផ្អែកតាម​ច្បាប់​អន្តរជាតិ​ និង​កតិការ​សញ្ញារបស់​អ.ស.ប.ឆ្នាំ​១៩៨២​ស្តីពីច្បាប់​សមុទ្រ​ផង​ដែរ»។​

សេចក្តី​ព្រាង​ថ្លែង​ការណ៍​ដដែល​នោះ​បានបញ្ជាក់​បន្ថែម​ថា ​មានការ​រីក​ចម្រើន​ក្នុង​ការ​ចរចា​លើ​ការ​តាក់តែង​ក្រម​ប្រតិបត្តិ ​COC ​ដែល​គេ​ជឿ​ថា ​អាច​នឹង​កាត់​បន្ថយភាព​តានតឹង។ ​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ថា៖​

«ខណៈ​ដែល​មាន​ការ​កត់​សម្គាល់ឃើញ​ពី​ការ​រីក​ចម្រើន​ផ្នែក​ការ​ពិភាក្សា ​ការ​ចរចា​ស្តីពី​ក្រម​ប្រតិបត្តិ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ​(COC) ​យើង​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ធានា​ថា ​ក្រម​ប្រតិបត្តិ​ដ៏មាន​ប្រសិទ្ធិភាព​នឹង​ត្រូវ​បង្កើត​ឡើង​ឲ្យ​បាន​ឆាប់»។​

ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​ រួមទាំងប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ​ និង​ប្រទេស​ហ្វីលីពីន​ វៀតណាម​ ហើយ​នឹង​ប៊ុ្រយណេ​នឹង​ទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។​

ប្រទេស​ហ្វីលីពីន​ និង​វៀតណាម​បាន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ប្រឆាំង​នឹង​ចិន ​ដែល​កសាង​សំណង់​ក្នុង​ដែន​សមុទ្រ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ បិទ​ផ្លូវ​នាវា​ចរ និង​គម្រាម​ដល់​ប្រទេស​អាស៊ាន​នានា​ដែល​ទាមទារ​កម្ម​សិទ្ធិ​ដែន​សមុទ្រ​នោះ។​

ស.រ.អា.​ ​ដែល​បារម្ភ​ពីបញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ជាពិសេស​ចំពោះ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន ​បាន​ទទូច​ម្តងហើយ​ម្តងទៀត​ដល់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ រួម​ទាំង​ចិន​ផង ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដែន​អធិបតេយ្យ​ក្នុង​ផ្ទៃ​សមុទ្រ​ចិន​ខាងត្បូង​នេះ ​តាម​ច្បាប់​អន្តរជាតិ ​និងដោយ​សន្តិវិធី។​

អ្នក​វិភាគ ​និង​អ្នក​ការទូត​អាស៊ាន​ខ្លះ​បាន​និយាយ​ថា​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​សំខាន់​មួយ​ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ពិភពលោក​និង​សន្តិសុខ​ក្នុង​តំបន់ ​ដែល​គេ​ត្រូវ​ធ្វើការ​ពិភាក្សា​ និង​ស្វែង​រក​ដំណោះ​ស្រាយ។​

លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យនៅ​សាកល​វិទ្យាល័យ ​Leeds ​ប្រទេស​អង់គ្លេស ​បាន​ថ្លែង​ថា​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជា​បញ្ហា​មួយ​ក្តៅ​គគុក ​ដែល​ស្ថិត​ក្រោម​ការ​រង់ចាំ​មើល​ថា ​តើ​អាស៊ាន​នឹង​សម្រេច​បាន​យ៉ាង​ណា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ហើយនឹង​ការ​តាក់តែង​ក្រម​ប្រតិបត្តិ​ COC​ នោះ។​

«ហើយ​បើ​យើង​មើល​ទៅ​បញ្ហា​សន្តិសុខ​គឺ​ជា​បញ្ហា​ចម្រូងចម្រាស​ ក៏​ដូចជា​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅតែ​ជា​ប្រធាន​បទ​មួយ​ដ៏ក្តៅ​គគុក​ដដែល។​ ប្រទេស​ហ្វីលីពីន​នឹង​លើកមក​ការ​សង់​កោះ​សប្បនិមិ្មត​ដែល​ចិន​កំពុង​តែ​ធ្វើ​នៅប្រជុំ​កោះ​ដែល​កំពុង​តែមាន​ជម្លោះ​នៅ​សមុទ្រ​ខាងត្បូង​ហ្នឹង​ មក​ដាក់​ជា​ប្រធាន​បទ​មួយ​សំខាន់​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ​ហើយ​ខ្ញុំ​គិត​ថា ​ប្រទេស​វៀតណាម​ក៏​នឹង​ជំរុញផង​ដែរ​ទាក់​ទង​នឹង​ការ​រក​ដំណោះ​ស្រាយ​បញ្ហា​សមុទ្រ​ចិនខាងត្បូង​ ជាពិសេស​គឺធ្វើ​យ៉ាងណា​ដើម្បី​សម្រេច​បាន​វិធាន​នៃ​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ COC​ស្តីពី​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង»។​

លោក​ Achmad Rizal ​Purnama ​លេខាទី១​នៃ​ស្ថានទូត​ឥណ្ឌូនេស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​បាន​ថ្លែង​ថា ​លោក​ជឿ​ថា​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មាន​ការ​ទាក់​ទាញ​អ្នក​ដឹកនាំ​ក្នុង​តំបន់​ ក៏​ដូចជា​ដឹកនាំ​ក្នុង​ពិភព​លោក​ដែរ ​ព្រោះ​បញ្ហា​នេះ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​តំបន់​និង​បញ្ហា​សកល​ដែល​នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ក្រុង​កូឡាឡាំពួរ។​

«ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។​ រឿង​នេះ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​នានា​ដែល​ត្រូវ​ពិភាក្សា​ដោយ​មេ​ដឹកនាំ​អាស៊ាន»។​

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ជាទូទៅ​ជាបញ្ហា​មួយត្រូវ​មាន​ការ​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ បន្ថែម​ពីលើ​បញ្ហា​តំបន់​និង​បញ្ហា​សកល​ផ្សេង​ទៀត។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថ្មីៗ​នេះ​ថា​ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​បញ្ហា​របស់​ប្រទេស​អ្នកទាមទារ​កម្ម​សិទ្ធិ​ និង​ប្រទេស​ចិន​ គឺ​មិនមែន​ជា​បញ្ហា​របស់​សមាគម​អាស៊ាន​ទាំងមូល​ទេ។​

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បង្ហាញ​ជំហរ​ផ្ទុយ​ពី​ប្រទេស​វៀតណាម ​ហ្វីលីពីន ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត​ដែល​ស្វះ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​អាស៊ាន​ទាំង​មូល​ដើម្បី​តវ៉ា​ជាមួយ​ប្រទេស​ចិន​ ដែលជា​ប្រទេស​ផ្តល់​ជំនួយ​ធំ​ដល់​កម្ពុជា​ និង​ជា​ប្រទេស​ផ្តល់ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រទេស​អាស៊ាន​មួយ​ចំនួន។​

ក្រៅពី​បញ្ហា​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ កិច្ច​ប្រជុំ​ប្រទេស​អាស៊ាន​ឆ្នាំ​នេះ​ក៏​ផ្តោត​ទៅ​លើ​បញ្ហា​នៃ​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិ​ច្ច​អាស៊ាន​ បញ្ហា​ចលនា​និយម​កណ្តាល​ក្នុង​ពិភពលោក​ បញ្ហា​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​របស់​អាស៊ាន​ជាដើម​ ដែល​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំនួនត្រូវ​គេ​រំពឹង​ថា​ ​នឹង​អនុម័ត​ដោយ​មេ​ដឹកនាំ​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ក្រុង​កូឡាឡាំពួរ​ស្តីពី​ការ​ផ្តោតការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ពលរដ្ឋ​អាស៊ាន​ (Kuala Lumpur ​Declaration​ on People-Centered​ ASEAN) ​ដែល​វីអូអេ​ទទួល​បាន​ បាន​បញ្ជាក់​ថា​ អាស៊ាន​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​«បង្កើត​សហគមន៍​អាស៊ាន​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពលរដ្ឋ​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ ដៃគូ ​និង​វិស័យ​ទាំង​អស់​ក្នុង​សង្គម ​អាចចូលរួម​បាន​ហើយ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​សហគមន៍​ដែល​មាន​ការ​បញ្ចូល​គ្នា ​និង​ផ្សារ​ភ្ជាប់​គ្នា​កាន់តែ​ខ្លាំង​ឡើង​ រួមទាំង​ការ​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ជា​មូលដ្ឋាន​គ្រឹះ​ ដូចជា​សន្តិសុខ​ នយោបាយ ​សេដ្ឋកិច្ច​ និង​វប្បធម៌​ ដើម្បី​ការ​អភិវឌ្ឍ​ជានិរន្ត ​និង​ចីរកាល»។​

សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​ Langkawi ​ស្តីអំពី​ចលនា​ពិភព​លោក​នៃ​ភាព​និយម​កណ្តាល​(Langkawi Declaration ​on the Global ​Movement of Moderates)​ ដែល​វីអូអេ​ទទួល​បាន​ដែរនោះ ​បានទទួល​ស្គាល់​ថា​ ភាព​និយម​កណ្តាល​គឺ​ជា​តម្លៃ​ស្នូល​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​រយៈពេល​វែង​និង​ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង ​បញ្ឈប់​ការ​ប្រឆាំង​ដាច់ខាត​និយម​ និង​ប្រឆាំង​ចំពោះភាព​ជ្រុល​និយម​ ហើយ​នឹង​ទម្រង់​ផ្សេងៗ​ទៀត។​

ក្រុម​មេដឹកនាំ​អាស៊ាន​ក៏បាន​បញ្ជាក់​ថា៖​

«អាស៊ាន​ទទួល​ស្គាល់​ជា​បន្តថា ​ភាព​និយម​កណ្តាល​គឺ​ជា​ដំណោះស្រាយ​រួម​ទាំង​អស់​ ដែល​មិនមែន​គ្រាន់តែ​ជា​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា ​និង​ការ​ប៉ះទង្គិច​គ្នា​តែ​ប៉ុណ្ណោះ​ទេ ​តែ​វា​ក៏​ជា​ការ​ធានា​អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ និង​ចីរភាព ​និងការ​រីក​ចម្រើនប្រកប​ដោយ​សមធម៌​ ក៏​ដូចជា​ការ​លើក​កម្ពស់​ភាព​សុខដុមរមនា​ក្នុង​សង្គម ​និង​ការ​យោគ​យល់​គ្នា​ក្នុង​ប្រទេស​និង​តំបន់​ផង​ដែរ»។​

លោក​បណ្ឌិត​ឈាង​ វណ្ណារិទ្ធ​បាន​បន្ថែម​ថា ​ការ​យោគ​យល់​គ្នា​ក្នុង​តំបន់​អាស៊ាន ​ជាពិសេស​រវាង​ប្រជា​ពលរដ្ឋ​ និង​ប្រជា​ពលរដ្ឋ​ជារឿង​សំខាន់​ ដែល​នឹង​ជួយ​អភិវឌ្ឍ​តំបន់​អាស៊ាន។​

«នៅ​ពេល​ដែលយើង​យល់គ្នា​ យើង​បំបាត់​ ជម្រុះ​អ្វី​ហៅ​ថា ​ជាតិ​និយម​ជ្រុល​ ការ​ស្អប់​គ្នា​ទៅវិញ​ទៅ​មក​ហ្នឹង។​ អញ្ចឹង​ទេ​ រឿង​ហ្នឹង​ក៏​វា​ស្ថិត​ក្នុង​បន្ទាត់​នៃ​ការ​យក​ប្រជាជន​អាស៊ាន​ជាមូលដ្ឋាន​ ក៏ដូចជា​ស្នូល​នៃ​ការ​កសាង​សហគមន៍​អាស៊ាន​នេះ​ដែរ»។​

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹងដល់​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​កាលពី​ថ្ងៃ​ទី១៦​ខែ​មេសា​អំពី​ក្តី​រំពឹង​ថា ​សេចក្តី​ថ្លែង​ការណ៍​ចំនួន​ពីរ​នឹង​ត្រូវ​អនុម័តនោះ​ ​លោក Muhammad​ Shahrul Ikram ​Yaakob អគ្គ​នាយក​លេខាធិការដ្ឋាន​អាស៊ាន​របស់​ក្រសួង​ការ​បរទេសម៉ាឡេស៊ី​ថ្លែង​បញ្ជាក់​ថា៖​

«ក្តីសង្ឃឹម​របស់​យើង​គឺ​ថា​ សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​ទាំង​ពីរ​នឹង​ត្រូវ​អនុម័ត​ដោយ​គ្មាន​ការ​ពិភាក្សា​បន្ថែម ​ហើយ​អនុញាត​ឲ្យ​យើង​ផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ​ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​មេ​ដឹកនាំ​របស់​យើង​ក្នុង​ក្រុង​កូឡាឡាំពួរ ​និង​ក្រុង​ឡាំងកាវី»។​

លោក​ក៏​បាន​ជូន​ដំណឹង​ពីការ​ចែក​រំលែក​សេចក្តី​ព្រាង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ទី​២៦​ដើម្បី​ឲ្យ​ពិចារណា​ផង​ដែរ។​

ប្រទេស​ទាំង​១០​នៃ​សមាគម​អាស៊ាន​មានប្រ៊ូយណេ​ ភូមា​ កម្ពុជា ​ហ្វីលីពីន​ ឥណ្ឌូនេស៊ី ​ឡាវ​ ម៉ាឡេស៊ី ​សឹង្ហបូរី​ ថៃ ​និង​វៀតណាម។ ​សមាគម​អាស៊ាន​ក៏​នឹង​ធ្វើការ​សិក្សា ​និង​ពិចារណាដាក់ប្រទេស​ទីម័រ​ជា​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ៕

XS
SM
MD
LG