ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អ.ស.ប.​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​សន្ទនា​គ្នា​ឡើង​វិញ


រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ឺរ៉ុប នៅ​ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ឺរ៉ុប នៅ​ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

នា​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ តំណាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះជាតិ​ បាន​សារទរ​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​អំពាវនាវ​របស់​អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​បន្ត​«វប្បធម៌​សន្ទនា»​រវាង​គណបក្ស​ខ្លួន​ឡើង​វិញ។​

អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​លោក Ban Ki-moon បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បន្ត​«វប្បធម៌​សន្ទនា»​ឡើង​វិញ​ និង​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។​ ក៏​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ទំាង​ពីរ​ហាក់​ដូច​ជា​ស្រពិចស្រពិល​ចំពោះ​ការ​បន្ត​កិច្ច​សន្ទនា​នៃ​គណបក្ស​របស់​ខ្លួន។

នា​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ តំណាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​គឺ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះជាតិ​ បាន​សារទរ​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​អំពាវនាវ​របស់​អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​បន្ត​«វប្បធម៌​សន្ទនា»​រវាង​គណបក្ស​ខ្លួន​ឡើង​វិញ។​

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ តំណាង​គណបក្ស​ទំាង​ពីរ​បាន​បញ្ជាក់​ប្រាប់ ​VOA​ ថា​ ខ្លួន​មិន​ទាន់​កំណត់​ពេល​វេលា​ និង​ប្រធានបទ​នៃ​ការ​ជួប​សន្ទនា​គ្នា​នៅ​ឡើយ​នោះ​ទេ។​

​យោង​តាម​សម្រង់​ខ្លឹមសារ​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ Ban Ki-moon​ ​និង​លោក ​ប្រាក់ សុខុន​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ ​ហើយ​ចុះផ្សាយ​ក្នុង​គេហទំព័រ​ របស់​អ្នក​នាំពាក្យ​លោក​ Ban Ki-moon​ ​(បាន គីមូន)​ ​ឲ្យ​ដឹង​ថា៖ អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ លោក​ ​Ban Ki-moon​ ​បាន​អំពាវ​នាវ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បន្ត​ ​«វប្បធម៌​សន្ទនា»​ ​ឡើង​វិញ​ ​នឹង​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។​

ក្នុង​សម្រង់​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​ ដែល​បាន​ចេញផ្សាយ​ពី​ការិយាល័យ​អ្នក​នាំ​ពាក្យ​លោក​ Ban Ki-moon​ ​នា​ថ្ងៃ​ពុធ​ ​នាទីក្រុង​ញូវយ៉ក​ បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​ «អគ្គ​លេខាធិការ​ ​បាន​បង្ហាញ​សេចក្តី​សង្ឃឹម​ក្នុង​ចិត្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​ រួមទាំង​សិទ្ធិ​នៃ​ការ​បញ្ចេញមិតិ សហគមន៍​ និង​ការ​ប្រមូល​ផ្តុំ​គ្នា​ជាដើម។​ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​បន្ត​វប្បធម៌​សន្ទនា​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​តទៅ​ទៀត»។​

​ក្នុង​សម្រង់​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​ដដែល ក៏​បាន​បញ្ជាក់​ពី​ក្តី​កង្វល់​ចំពោះ​«របាយការណ៍​ទាក់ទង​នឹង​ការ​រីកសាយ​នៃ​ការ​គំរាមកំហែង​ ការ​យាយី​ និង​ការ​ឃុំឃាំង» មន្ត្រី​សង្គម​ស៊ីវីល អ្នក​សារព័ត៌មាន សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ជា​ដើម។​

រូបឯកសារ៖ លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
រូបឯកសារ៖ លោក​ ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ពិភាក្សា​គ្នាដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរនៅ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៥។ (រូបថតដកស្រង់ចេញពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)

ក្រោយ​ការ​ឡើង​កម្តៅ​នយោបាយ​ ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ គឺ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​មាន​មន្ត្រី​សង្គមស៊ីវិល​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​និង​សកម្មជន​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ជា​បន្តបន្ទាប់។​

​យ៉ាង​ហោច​ណាស់ មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្នេហា​លួចលាក់​រវាង​នាង​ ខុម ចាន់តារ៉ាទី​ ជាមួយ​នឹង​លោក ​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

​ក្រៅ​ពី​នេះ ក៏​មាន​សកម្មជន​នយោបាយ​ មន្ត្រី និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១៦​រូប​ផ្សេង​ទៀត​ ក៏​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា-វៀតណាម។​ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរ​នាក់​ផង​ដែរ​ គឺ​លោក ​មាជ សុវណ្ណារ៉ា​ និង​លោក​ អ៊ុំ សំអាន។​

បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​លោក​ Ban Ki-moon ​អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ​ ក៏​តំណាង​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​ ​បាន​លើក​ឡើង​ដោយ​ប្រយ័ត្ន​ប្រយែង​ ថា​ ជំនួប​រវាង​គណបក្ស​ទំាង​ពីរ​នឹង​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ក៏ប៉ុន្តែ​មិន​ទាន់​មាន​កាល​បរិច្ឆេទ​ និង​ការ​យល់​ព្រម​លើ​កម្មវត្ថុ​នៃ​ការ​សន្ទនា​ហាក់​ដូច​ជា​នៅ​ស្រពិច​ស្រពិល​នៅ​ឡើយ។

លោក ​សុខ​ ឥសាន្ត ​អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖​

«ការ​អំពាវនាវ​របស់​គាត់​ហ្នឹង​ វា​ល្អ​ហើយ ​ចង់​ឱ្យ​ខ្មែរ​យើង​បាន​សុខសន្តិភាព​ ​សុខដុមរមនា​ជា​មួយ​គ្នា​ អាហ្នឹង​ជា​គំនិត​រួម​របស់​គាត់។​ ក៏​ប៉ុន្តែ​ការ​វាយ​តម្លៃ​របស់​គាត់​ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​អី​នៅ​កម្ពុជា​ វា​មិន​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​តថភាព​សង្គម​កម្ពុជា​ទេ។ បច្ចុប្បន្ន​ហ្នឹង គេ​ចេះ​តែ​ចោទ​ថា ​មាន​ការ​គាបសង្កត់​គណបក្ស​ប្រឆាំង​អីអា​ហ្នឹង​ ​រឿង​ទាំង​អស់​ហ្នឹង​វា​កើត​ឡើង​ដោយ​សារ​គណបក្ស​ប្រឆាំង​ល្មើស​ច្បាប់​ហ្នឹង​ឯង​បាន​វា​កើត​ឡើង»។

​លោក​ ​សុខ ឥសាន្ត ​បញ្ជាក់​បន្ថែម​ថា ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​ជំទាស់ ដែល​បាន​បង្កើត​នាឆ្នាំ​២០១៥ នឹង​អាច​ជួយ​ជំរុញ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទំាង​ពីរ​ទៅ​មុខ​បន្ត​ទៀត។​

លោក​បន្ថែម​ថា៖

​«អីចឹង ខ្ញុំ​យល់​ថា ​យូរ​និង​ឆាប់​ វា​គង់​តែ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ហ្នឹង​ជួប​គ្នា ដើម្បី​ពិភាក្សា​លើក​កម្ពស់​វប្បធម៌​សន្ទនា​នេះ។ ​អាហ្នឹង​ វា​ស្រប​តាម​សំណូមពរ​របស់​ឯកឧត្ដម​ បាន​ គីមូន​ ហើយ​បាទ!»។​

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក​ ​យឹម សុវណ្ណ អ្នក​នាំពាក្យ ​និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ការ​ជួប​គ្នា​រវាង​គណបក្ស​ទំាង​គឺ​ត្រូវតែ​ផ្តោត​លើ​បញ្ហា​ចម្រូងចម្រាស់ ដែល​កំពុងតែ​កើត​មាន​ឡើង​រួមទំាង​ការ​ឃុំឃាំង​មន្ត្រីសង្គម​ស៊ីវិល​ និង​ការ​កើន​កម្តៅ​នយោបាយ​ជា​ដើម។​

«បាទ!​ វប្បធម៌​សន្ទនា យើង​ចង់​បាន​តាំងពី​ដើម​មក​ ​ហើយ​សន្ទនា​ឱ្យ​វា​មាន​កម្មវិធី​ច្បាស់​លាស់។​ ការ​ជួប​គ្នា​ដើម្បី​សន្ទនា ហើយ​ជាពិសេស សន្ទនា​អំពី​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ ​ហើយ​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​ហ្នឹង​ ​វា​ទាក់ទង​ទៅ​លើ​ការ​រំលោភ​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ ដែល​ធ្វើ​ឱ្យ​អ្នក​តំណាងរាស្ត្រ​នេះ ជាប់​ពន្ធនាគារ​ទាំង​អភ័យឯកសិទ្ធិ​ ​ហើយ​មាន​ទាំង​ ​សកម្មជន ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ មាន​សង្គមស៊ីវិល មាន​មន្ត្រី​ ​គ.ជ.ប.។​ គឺ​នោះ​ហើយ​ដែល​ជា​បញ្ហា​យើង​ត្រូវ​សន្ទនា»។​

​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ គល់ បញ្ញា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ហៅ​ថា​ ​ខុមហ្វ្រែល​ ​បាន​ប្រាប់​ ​VOA​ ​ថា ​ការ​ពន្យារ​នៃ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទំាង​ពីរ គឺ​ដោយ​សារ​តែ​អវត្តមាន​នៃ​ការ​សន្ទនា​រវាង​ថ្នាក់​ដឹកនាំ​កំពូល​នឹង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ទំាង​ពីរ។ លោក​បន្ត​ថា​ ការ​ពង្រឹង​វប្បធម៌​សន្ទនា​តាមរយៈ​ក្រុម​ការងារ​នៃ​គណបក្ស​ទំាង​ពីរ​នោះ ហាក់​ដូច​ជា​បាន​ផល​តិចតួច​តែ​ប៉ុណ្ណោះ។

​«វា​អវត្តមាន​ពីរ​កម្រិត​ហើយ៖ កម្រិត​កំពូល​មួយ​ ​កម្រិត​ថ្នាក់​ដឹក​នាំមួយ​ ​វា​ធ្វើ​ឱ្យ​អាក់​ខាន​នូវ​ការ​សន្ទនា​ហ្នឹង​ហើយ ព្រោះ​ធម្មតា​មន្ត្រី​ថ្នាក់​ខ្ពស់​ដែល​បាន​ជួប​គ្នា​នៅ​ថ្នាក់​ទីបី​នេះ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា លោក​ពិបាក​នឹង​សម្រេច​ចិត្តកិច្ចការ​នយោបាយ​ធំៗ​ណាស់ នៅ​ពេល​ដែល​មាន​ទំនាស់ នៅ​ពេល​ដែល​មាន​បញ្ហា ហើយ​ទំនាស់​អស់​ហ្នឹង​ ​វា​ទាក់​ទិន​នឹង​ការណ៍​ដែល​បំពាន ឬ​ក៏​មាន​កា​រប្រើ​ប្រាស់​តុលាការ ដើម្បី​ដាក់​ទោស​ដាក់​ទណ្ឌទៅ​លើ​អ្នក​តំណាង​រាស្ត្រ ឬ​ក៏​មាន​ការ​វាយ​ដំ​ទៅ​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អី​ហ្នឹង»។​

រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក គល់ បញ្ញា នាយកអង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល COMFREL នៅ​ក្នុងកម្មវិធី​ Hello VOA ពិសេស​អំពី​«ដំណើរការ​កែទម្រង់​បោះឆ្នោត​និង​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត»​ នៅ​បន្ទប់​ផ្សាយ VOA នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

​លោក គល់ បញ្ញា បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​ ​គួរ​តែ​មាន​អត់​ឱន​ ​ផ្នែក​នយោបាយ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន រួម​ទាំង​ការ​លើក​លែង​ទោស​ប្រធាន​គណបក្ស​ជំទាស់​ផង​ដែរ​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​សន្ទនា​ថ្នាក់​កំពូល​ឡើង​វិញ និង​សម្រួល​ស្ថានភាព​តាន​តឹង មុន​ពេល​ការ​បោះ​ឆ្នោត​ខាង​មុខ។​

​ប្រទេសកម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នាឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ពេល​ឆ្នាំ​២០១៨​ខាង​មុខ ​ដើម្បី​ឈាន​ទៅ​កំណត់​គណបក្ស​ដឹកនាំ​ប្រទេស។​ ក៏​ប៉ុន្តែ​ការ​អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត​អន្តជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្តែង​ក្តី​បារម្ភ​ជា​បន្តបន្ទាប់​ចំពោះ​ការ​ឡើង​កម្តៅ​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG