ក្រុមមន្រ្តីបក្សជំទាស់សង្គ្រោះជាតិមួយចំនួនទាំងក្នុងនិងក្រៅប្រទេស បានរំឭកពីពេលវេលាមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់នឹងសារលើកឡើងថា «គណបក្សសង្គ្រោះជាតិត្រូវបានរំលាយតែរាងកាយ ប៉ុន្តែព្រលឹងនៅតែរស់រានជានិច្ច» ក្នុងចិត្តអ្នកគាំទ្រ។
គណបក្សសង្គ្រោះជាតិ ជាគូប្រជែងដ៏ធំ របស់បក្សគ្រប់គ្រងប្រទេសរបស់លោក ហ៊ុន សែន ដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ គណបក្សជំទាស់នេះបានរងការចោទថា ឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងថ្ងៃជាមួយគ្នានោះ តុលាការកំពូលក៏បានព្យួរសិទ្ធិរបស់មន្រ្តីគណបក្សប្រឆាំងចំនួន១១៨នាក់ ទាំងអ្នកដែលកំពុងស្ថិតនៅក្នុង និងក្រៅប្រទេស មិនឲ្យធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គេឃើញមន្រ្តីគណបក្សសង្គ្រោះជាតិមួយចំនួន បានបង្ហោះសារលើបណ្តាញសង្គម ដោយបង្ហាញពីការរំឭកខួបមួយឆ្នាំនៃការរំលាយគណបក្សនេះ។
លោក មុត ចន្ថា មន្រ្តីគណបក្សប្រឆាំង និងជាមនុស្សស្និទ្ធនឹងលោក កឹម សុខា ដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនាព្រឹកថ្ងៃសុក្រនេះ ដោយបានរំឭកខួបមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិថា គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយត្រឹមតែឈ្មោះ ប៉ុន្តែព្រលឹង និងឧត្តមគតិរបស់គណបក្សសង្រ្គោះជាតិ ព្រមទាំងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរជាង៣លាន ដែលបានបោះឆ្នោតឲ្យគណបក្សនេះ មិនអាចត្រូវបានរំលាយឡើយ។
លោកសរសេរក្នុងន័យដើមថា៖
«១៦ វិច្ឆិកា ២០១៧-១៦ វិច្ឆិកា ២០១៨ ខួបមួយឆ្នាំ នៃការរំលាយគណបក្សសង្រ្គោះជាតិ។ មូលហេតុធំតែមួយនៃការរំលាយគណបក្សសង្រ្គោះជាតិ គឺគណបក្សនេះត្រូវបានគេដឹងយ៉ាងច្បាស់ថា នឹងទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់ខ្លួននាំមកនៅការផ្លាស់ប្តូរជាវិជ្ជមាន»។
ចំណែកលោក អេង ឆៃអ៊ាង អតីតអ្នកតំណាងរាស្រ្ត និងជាអនុប្រធានគណបក្សសង្រ្គោះជាតិ ដែលស្និទ្ធនឹងលោក សម រង្ស៊ី ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកដោយរំឭកពីខួបមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។
មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងស្ថិតនៅក្រៅប្រទេសរូបនេះបានសរសេរក្នុងន័យដើមថា៖
«របបលោក ហ៊ុន សែន បានសម្លាប់តែរាងកាយគណបក្សសង្គ្រោះជាតិទេ តែព្រលឹងគណបក្សសង្គ្រោះជាតិនៅរស់រានជានិច្ចក្នុងឧត្តមគតិកូនខ្មែរជាងកន្លះនគរ រង់ចាំតែឱកាសមកដល់ប៉ុណ្ណោះ»។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ខែមិថុនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិមានអ្នកបោះឆ្នោតគាំទ្រជាង៤០ភាគរយនៃអ្នកទៅបោះឆ្នោតសរុប ដោយទទួលបាន សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួនជាង៥.០០០ នៅទូទាំងប្រទេស។
ការរំលាយគណបក្សសង្គ្រោះជាតិ និងការព្យួរសិទ្ធិនយោបាយរបស់មន្រ្តីជាងជាង១០០នាក់នោះ ធ្វើឡើងដោយលោក ឌិត មុន្ទី ប្រធានតុលាការកំពូល អមដោយសមាជិកក្រុមប្រឹក្សា៨រូបទៀត នៃសភាពេញអង្គតុលាការកំពូល ក្រោយទទួលបានពាក្យបណ្តឹងពីមេធាវីរបស់ក្រសួងមហាផ្ទៃ ដែលចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។
នៅថ្ងៃសុក្រនេះដែរ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងត្រូវបានតុលាការកំពូលរំលាយអស់រយៈពេលជាង១ឆ្នាំមកហើយនោះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា៖
«ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺជាខួបមួយឆ្នាំ នៃការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាថ្ងៃដែលប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងកណ្ដាប់ដៃនៃជនផ្តាច់ការទាំងស្រុង»។
ក្នុងសេចក្តីថ្លែងការណ៍នោះ គណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ជំហររបស់ខ្លួនថា រដ្ឋាភិបាលកម្ពុជាត្រូវទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងអ្នកទោសមនសិការផ្សេងទៀត គណបក្សសង្គ្រោះជាតិទាមទារដាច់ខាតឲ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ក្នុងន័យដើមថា៖
«គណបក្សសង្គ្រោះជាតិមិនទទួលស្គាល់ដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមេខ្លោង ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ»។
មុនបន្តិចនៃការរំលាយគណបក្សប្រឆាំង ដែលជាគណបក្សទទួលបានការគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំកន្លងទៅ លោក កឹម សុខា ប្រធានគណបក្សនេះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងបទក្បត់ជាតិដូចគ្នា។ បច្ចុប្បន្ន លោក កឹម សុខា កំពុងស្ថិតក្នុងការដាក់ឲ្យឃុំខ្លួនក្នុងផ្ទះ ដោយមានការឃ្លាំមើលពីតុលាការ ក្រោយលោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ។ ការរំលាយនិងផាត់បក្សជំទាស់ដ៏ធំរបស់ប្រទេសកម្ពុជាចេញពីការបោះឆ្នោតខែកក្កដា បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកន្លងមក និងគ្រប់គ្រងប្រទេសដោយឯកបក្ស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី ប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា លោកសុំមិនធ្វើការបកស្រាយ ឬពិចារណាចំពោះអង្គការនយោបាយដែលលោកចាត់ទុកថា ជាអង្គការនយោបាយក្រៅច្បាប់ ដែលត្រូវរំលាយដោយតុលាការកំពូលកម្ពុជាណាមួយនោះទេ។ លោកបន្ថែមថា សម្រាប់ការសរសេរសារបង្ហោះរបស់បុគ្គលណាម្នាក់ ឬក្រុមណាមួយ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលនោះ ប៉ុន្តែលោកថា ពួកគេត្រូវគោរពតាមច្បាប់នៅកម្ពុជា។
លោកបញ្ជាក់ថា៖
«បើសិនជាគាត់តាំងខ្លួនជាមន្រ្តីគណបក្ស អាហ្នឹងគាត់ប្រាសចាកកាតព្វកិច្ចរបស់តុលាការកំពូលដែលគេរំលាយ។ បើគាត់គ្រាន់តែជាអតីតអាហ្នឹងជារឿងធម្មតា។ ដូច្នេះបើយើងឃើញសកម្មភាពណាដែលយល់ឃើញថាជាការប្រមាថ ឬវាយប្រហារទៅលើសាលដីកា នោះប្រាកដជាមានទោសពៃរ៍ក្នុងរឿងហ្នឹងឯង។ ប៉ុន្តែបើគ្រាន់ជាការបញ្ចេញមតិ អាហ្នឹងជារឿងធម្មតា»។
ក្រោយការបោះឆ្នោតថ្នាក់ជាតិដោយមិនមានគណបក្សសង្គ្រោះជាតិ ស្ថានភាពនយោបាយនៅកម្ពុជាហាក់កំពុងស្ថិតក្នុងភាពចម្រូងចម្រាស ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងអបអរការដឹកនាំប្រទេសដោយឯកបក្ស ចំណែកអ្នកគាំទ្រគណបក្សប្រឆាំងនិងក្រុមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនចាត់ទុកថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យ។
សហរដ្ឋអាមេរិកប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា និងព្រមានចាត់វិធានការបន្ថែមលើការបង្កកទ្រព្យសម្បត្តិ និងដាក់ទណ្ឌកម្មទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ចំណែកសហភាពអឺរ៉ុប ក៏បានព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយទុកពេល១២ខែ ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ៕